ទោះបីជាមានការដឹងច្បាស់អំពីជម្រៅនៃការភ័យរន្ធត់ដែលមានមកលើប្រជាពលរដ្ឋខ្មែរចន្លោះពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩ក៏ដោយ ក៏បទល្មើសផ្លូវភេទដែលគេបានប្រព្រឹត្ត ជាពិសេសចំពោះសហគមន៍ជនជាតិភាគតិចនៅក្នុងប្រទេសនេះ ភាគច្រើនត្រូវបានលាក់បាំងយ៉ាងជិត។
ទោះជាយ៉ាងណា កាលពីម្សិលមិញ ក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជាបានបញ្ចេញរឿងជាបន្តបន្ទាប់របស់មនុស្សជាង១០០នាក់ដែលជាជនជាតិភាគតិចវៀតណាម ខ្មែរក្រោម ខ្មែរអុីស្លាម និងចាមមូស្លីមនៅក្នុងខេត្តចំនួនប្រាំមួយដែលសុទ្ធតែបានរៀបរាប់យ៉ាងច្បាស់លាស់អំពីការខិតខំប្រឹងប្រែងរបស់របបខ្មែរក្រហមដើម្បីធ្វើឲ្យពួកគេទន់ខ្សោយ បណ្តេញចេញនិងចុងក្រោយលុបបំបាត់វិធីរស់នៅរបស់ពួកគេ។
អ្នកស្រាវជ្រាវឈ្មោះ រ៉ូហ្ស៊ែល ប្រាហ្វ បានរកឃើញថា សម្រាប់សហគមន៍ជនជាតិភាគតិចនៅក្នុងខេត្តចំនួនប្រាំមួយនេះ ប៉ុន្មានឆ្នាំនៅចន្លោះការឡើងកាន់អំណាច និងការដួលរលំនៃរបបនេះបានដិតដាមដោយអំពើហិង្សាផ្លូវភេទដែលបានគ្រោងទុក មានជាប់ជានិច្ច និងជួនកាលអាចនាំឲ្យមានមនុស្សស្លាប់ក្នុងទម្រង់ជាការចាប់រំលោភ ការបង្ខំឲ្យរៀបការ និងទាសករផ្លូវភេទ។ របាយការណ៍នេះលើកឡើងថា “អំពើហិង្សាផ្លូវភេទហាក់ដូចជាវិធីសាស្ត្រមួយទៀតរបស់ខ្មែរក្រហមដើម្បីសម្លាប់ជនជាតិភាគតិច”។
របាយការណ៍នេះលើកឡើងទៀតថា “ជនជាតិភាគតិចជួនកាល និងនៅកន្លែងមួយចំនួនគឺជាគោលដៅសម្រាប់ការកម្ទេច។ នៅក្នុងកាលៈទេសៈខ្លះដែលមានការសម្លាប់ស្ត្រីជនជាតិភាគតិច អ្នកឆ្លើយបង្ហាញថា ស្ត្រីរងការរំលោភជាញឹកញាប់”។ អ្នកស្រីបាននិយាយកាលពីម្សិលមិញថា ការបង្ខំឲ្យរៀបការជាមួយប្ដីប្រពន្ធជាខ្មែរត្រូវគេប្រើជាអាវុធផងដែរ ដោយសារថា ខ្មែរក្រហមបានព្យាយាមយ៉ាងខ្លាំងដើម្បីបំបាត់សហគមន៍ទាំងនេះ”។
រឿងមួយបង្ហាញពីការរំលោភ និងការកាត់ដោះស្ត្រីខ្មែរក្រោម។ ក្នុងករណីមួយទៀត ដៃនិងជើងរបស់ជនរងគ្រោះត្រូវបានកាត់ផ្ដាច់បន្ទាប់ពីការរំលោភរួចហើយ។
អ្នកឆ្លើយសំណួរជាខ្មែរអុីស្លាមម្នាក់បាននិយាយពីស្ត្រី១០នាក់មកពីសហគមន៍របស់គាត់ ដោយត្រូវគេឃុំខ្លួនសម្រាប់ធ្វើជាទាសករផ្លូវភេទ ហើយក៏ត្រូវបានសម្លាប់ចោលប្រាំពីរថ្ងៃក្រោយមក។
កាលពីខែមេសា សហព្រះរាជអាជ្ញាអន្តរជាតិនៅសាលាក្ដីខ្មែរក្រហម លោក នីកូឡាស គំជៀន បានស្នើឲ្យសហចៅក្រមស៊ើបសួរពិចារណាលើការចោទប្រកាន់ពីបទរំលោភ ការបង្ខំឲ្យរៀបការ និងអំពើហិង្សាផ្លូវភេទនៅក្នុងការស៊ើបអង្កេតរបស់ ខ្លួនលើសំណុំរឿង០០៤ដែលត្រូវបានរដ្ឋាភិបាលជំទាស់។
ក្រោយមកនៅឆ្នាំនេះ ដំណាក់កាលទី២នៃសំណុះរឿង០០២គ្រោងបើកសវនាការលើកទី២ តាមការចោទប្រកាន់នានា ដូចជាអំពើប្រល័យពូជសាសន៍ ការចាប់រំលោភ និងការបង្ខំឲ្យរៀបការ។
ប៉ុន្តែខណៈដែលរឿងផ្ទាល់ខ្លួនមួយចំនួនតូចនឹងត្រូវបង្ហាញប្រាប់នៅតុលាការនោះ សក្ខីកម្មដែលទើបបញ្ចេញថ្មីទាំងនេះបង្ហាញពីសារៈសំខាន់នៃប្រវត្តិសាស្ត្រផ្ទាល់មាត់នៅក្នុងការស្វែងយល់អំពីទស្សនរបស់អ្នករងគ្រោះក្នុងរបបខ្មែរក្រហម។ នេះក៏ជាការជំរុញឲ្យមានរបាយការណ៍លើកទី២ដែលអង្គការក្ដីការ៉ុន (Kdei Karun) បានបញ្ចេញកាលពីម្សិលមិញ។
ឃុំប្រឡាយមាស នៅក្នុងស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បច្ចុប្បន្ននេះគឺជាទីតាំងរបស់សហគមន៍ខ្មែរជាច្រើន ប៉ុន្តែវាធ្លាប់ជាកន្លែងដែលជនជាតិភាគតិចវៀតណាមជាច្រើនជំនាន់រស់នៅរហូតដល់ពួកគេត្រូវបានបណ្តេញចេញឬត្រូវបានបោសសម្អាតទាំងស្រុង ដែលជាគោលដៅសម្លាប់របស់កណ្ដាប់ដៃខ្មែរក្រហម។
ជម្រៅនៃទំនាក់ទំនងច្រើនជំនាន់និងទំនាក់ទំនងផ្លូវចិត្តរវាងមនុស្សទាំងនេះ និងលំនៅដ្ឋានដូនតារបស់ពួកគេអាចបាត់បង់ ប្រសិនបើវាមិនមែនសម្រាប់ពណ៌នាអំពីជនរងគ្រោះ ដូចជា ផាម យ៉ាងធឿង ដែលនៅក្នុងរបាយការណ៍នេះបានក្រឡេកមើលការរស់នៅរបស់ជនជាតិភាគតិចដែលធ្លាប់តែរឹងមាំ។
របាយការណ៍នេះលើកឡើងអំពីបទពិសោធរបស់គាត់ថា “នៅទសវត្សរ៍ឆ្នាំ១៩៤០ ព្រៃនៅជុំវិញឃុំប្រឡាយមាសនៅក្រាស់នៅឡើយ។ ពេលដើរស្ងាត់ៗកាត់តាមដើមឈើទាំងនោះគាត់ឃើញសត្វព្រៃ និងបក្សី”។
បីទសវត្សរ៍ក្រោយមក បទពិសោធដូចជាបទពិសោធរបស់លោក ចាង យ៉ាងអាង ក្លាយជាទម្លាប់។ បើតាមក្រុមអ្នកស្រាវជ្រាវទាំងនេះ គាត់បានរៀបរាប់អំពីការបណ្ដេញមនុស្សចេញពីឃុំប្រឡាយមាស ដោយការភ្ជង់កាំភ្លើងនៅពេលខ្មែរក្រហមកាន់អំណាច។ “ពេលបង្ខំឲ្យចាកចេញពីឃុំប្រឡាយមាស ដោយគ្មានហេតុផលនោះ គ្មាននរណាម្នាក់ត្រូវបានអនុញ្ញាតឲ្យយករបស់របរណាមួយឡើយ។ ចាង យ៉ាងអាង បានសង្កេតឃើញមនុស្សដែលយកអីវ៉ាន់ដាក់ចូលក្នុងទូករបស់ពួកគេត្រូវបានគេសម្លាប់នៅនឹងកន្លែង”។
សក្ខីកម្មរបស់ពួកគេមានសារៈសំខាន់ដោយសារមានជនជាតិភាគតិចវៀតណាមជាច្រើនដែលត្រូវបានបង្ខំឲ្យចាកចេញពីប្រទេសនេះ ដែលមានចំនួនរហូតដល់១៧០.០០០នាក់ហើយគេប៉ាន់ប្រមាណថា មានចំនួន២០.០០០នាក់ដែលត្រូវបានគេសម្លាប់។ របាយការណ៍នេះលើកឡើងថា “នៅចុងឆ្នាំ១៩៧៨ ជនជាតិភាគតិចវៀតណាមបានបាត់អស់ពីប្រទេសកម្ពុជា”។
លោក ឆាំង យុ នាយកប្រតិបត្តិមជ្ឈមណ្ឌលឯកសារកម្ពុជាបានមានប្រសាសន៍ថា ប្រវត្តិសាស្ត្រផ្ទាល់មាត់ និងទស្សនរបស់បុគ្គលទី១មានប្រយោជន៍សម្រាប់ការរំឭកពីប្រវត្តិសាស្ត្រដែលជាមូលហេតុគាត់ជំរុញឲ្យប្រធានភូមិនៅទូទាំងប្រទេសចាប់ផ្ដើមប្រមូលព័ត៌មានតាមមូលដ្ឋាន។ លោកបានមានប្រសាសន៍ថា “យើងបានបាត់បង់ទម្លាប់ក្នុងការកត់ត្រាអ្វីដែលបានកើតឡើង ដូច្នេះវាមានសារៈសំខាន់ណាស់ក្នុងការដឹងថា យើងជានរណា”៕ គឹមហឿន