ខណៈដែលយុវជន សន ចាន់ ជាជនរងគ្រោះដោយសារការបុកហើយរត់សម្រាកនៅលើគ្រែក្នុងមន្ទីរពេទ្យរង់ចាំយុត្តិធម៌សម្រាប់ការស្លាប់របស់បងប្រុសខ្លួន ក្រុមមន្ត្រីមកពីកងយោធពលខេមរភូមិន្ទ និងនគរបាលចរាចរ កំពុងតែចង្អុលដាក់គ្នាក្នុងការចាប់អ្នកបើកបរដែលរត់គេខ្លួន។
កាលពីមួយសប្តាហ៍មុនគិតមកទល់ពេលនេះ សន ចាន់ អាយុ១៨ឆ្នាំ កំពុងជិះម៉ូតូទៅផ្ទះជាមួយបងប្រុសរបស់ខ្លួនឈ្មោះ សន ប៉ាល់ ពេលនោះស្រាប់តែរថយន្តសង្គ្រោះបន្ទាន់មួយគ្រឿងរបស់កងយោធពលខេមរភូមិន្ទដែលដឹកទាហានម្នាក់ពីខេត្តសៀមរាប បានបុកពួកគេនៅក្នុងខណ្ឌឫស្សីកែវ។
សន ចាន់ ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរនៅមន្ទីរពេទ្យកាល់ម៉ែត ដើម្បីសម្រាកព្យាបាលរបួសបាក់ជើងនិងរបួសក្បាល។ បងប្រុសរបស់យុវជនរូបនេះឈ្មោះ សន ប៉ាល់ អាយុ១៩ឆ្នាំបានស្លាប់នៅកន្លែងកើតហេតុ។
អ្នកបើកបររថយន្តសង្គ្រោះបន្ទាន់ ដែលជាទាហានកងយោធពលខេមរភូមិន្ទ បានរត់គេចខ្លួនតាមថ្មើរជើង និងមិនទាន់ចាប់ខ្លួនបាននៅឡើយទេ។
លោក យិុន សាវុធ អធិការរងនគរបាលខណ្ឌឫស្សីកែវបានមានប្រសាសន៍កាលពីម្សិលមិញថា ផ្នែករបស់លោករវល់ណាស់គ្មានពេលស៊ើបអង្កេតករណីនេះទេ ហើយថា នគរបាលចរាចររាជធានីគួរតែដឹកនាំការស៊ើបអង្កេតនេះ។
ប៉ុន្តែមន្ត្រីនគរបាលចរាចរពីររូបដែលចាត់ការករណីនេះបានឲ្យដឹងថា ពួកគេកំពុងរង់ចាំការចាត់វិធានការពីមន្ត្រីកងយោធពលខេមរភូមិន្ទដើម្បីជួយដោះស្រាយករណីនេះ។
លោក ទិន វ៉ាន់ស៊ី មន្ត្រីនគរបាលចរាចររាជធានីបានមានប្រសាសន៍កាលពីម្សិលមិញថា ”យើងមិនទាន់ស្គាល់ថា អ្នកបើកបរជានរណានៅឡើយទេ។ យើងកំពុងរង់ចាំកងយោធពលខេមរភូមិន្ទរាយការណ៍មកវិញ”។
លោក សឿន សារឿន ជាមន្ត្រីនគរបាលចរាចររាជធានីភ្នំពេញទី២ ដែលទទួលបន្ទុកដោះស្រាយករណីនេះ បានមានប្រសាសន៍ថា លោកមិនអាចទាក់ទងទៅមន្ត្រីកងយោធពលខេមរភូមិន្ទដែលអាចបញ្ជាក់អត្តសញ្ញាណអ្នកបើកបរដែលរត់គេចខ្លួនបានទេ។
នគរបាលមានបំណងប្រគល់ការសើុបអង្កេតនេះឲ្យទៅ មន្ត្រីកងយោធពលខេមរភូមិន្ទ ហើយមិនអើពើនឹងសមាជិកគ្រួសាររបស់យុវជន សន ចាន់ ដែលសុំឲ្យមានការសើុបអង្កេតពេញលេញនោះទេ។
លោក សន គឹមសាន ដែលត្រូវជាឪពុកមារបស់យុវជន សន ចាន់ និយាយថា “យើងបានព្យាយាមទាក់ទងទៅប៉ូលិសជាច្រើនលើកមកហើយពាក់ព័ន្ធនឹងករណីនេះ។ នៅពេលយើងសុំឲ្យពួកគេសើុបអង្កេត ប៉ូលិសនិយាយថា ‘កំុទូរស័ព្ទមកពួកយើងទៀត’”។
ឧត្តមសេនីយ៍ ជា ម៉ន មេបញ្ជាការយោធភូមិភាគទី៤នៃកងយោធពលខេមរភូមិន្ទប្រចាំខេត្តសៀមរាបបានបញ្ជាក់ថា រថយន្តសង្គ្រោះបន្ទាន់មួយគ្រឿងចេញពីមូលដ្ឋានទ័ពរបស់លោក បានជួបគ្រោះថ្នាក់ចរាចរណ៍ ខណៈពេលដឹកទាហានមានជំងឺម្នាក់។
លោកបានមានប្រសាសន៍ថា លោកមិន “លម្អៀង” ទៅខាងទាហានរបស់លោកទេ ហើយលោកស្វាគមន៍ឲ្យនគរបាលតាមចាប់ខ្លួនអ្នកបើកបរយកផ្តន្ទាទោស។ ប៉ុន្តែ លោកបានបដិសេធមិនបញ្ជាក់អត្តសញ្ញាណអ្នកបើកបរទេ។
លោកបានបញ្ជាក់កាលពីម្សិលមិញថា “ខ្ញុំទើបតែទទួលបានព័ត៌មានអំពីករណីនេះនៅព្រឹកនេះប៉ុណ្ណោះ។ ប្រសិនបើអ្នកបើកបរមានកំហុសមែន គេគួរតែប្រឈមនឹងច្បាប់ចរាចរណ៍ដោយខ្លួនឯង”។
បន្ទាប់មកលោក ជា ម៉ន បានមានប្រសាសន៍ថា លោករវល់ណាស់គ្មានពេលពិភាក្សាអំពីករណីនេះទៀតទេ ហើយក៏បានផ្តាច់ការសន្ទនាតាមទូរស័ព្ទជាមួយអ្នកយកព័ត៌មាន។
លោក ហឹុម គឹមសន នាយប៉ុស្តិ៍សង្កាត់ស្វាយប៉ាក កន្លែងកើតមានគ្រោះថ្នាក់ចរាចរណ៍នេះ បានមានប្រសាសន៍ថា លោកមិនយល់ថា ហេតុអ្វីបានជាអាជ្ញាធរ “ថ្នាក់លើ” រកអ្នកបើកបរមិនឃើញនោះទេ។លោកមានប្រសាសន៍ថា “ខ្ញុំមិនដឹងថា ហេតុអ្វីបានជាថ្នាក់លើរបស់ខ្ញុំចំណាយពេលសើុបអង្កេតយូរដូច្នេះទេ។ យើងស្គាល់រថយន្តសង្គ្រោះបន្ទាន់នោះហើយ”។
លោក សុន ម៉េងលាង ដែលត្រូវជាបងថ្លៃរបស់យុវជន សន ចាន់ និយាយថា គ្រួសាររបស់គាត់អស់ប្រាក់សម្រាប់ចេញថ្លៃព្យាបាលហើយ ហើយសំណងរបស់អ្នកបើកបរដែលរត់គេចខ្លួនអាចជួយពួកគាត់បាន។ គាត់និយាយទៀតថា “យើងគ្មានប្រាក់គ្រប់គ្រាន់សម្រាប់បង់ថ្លៃមន្ទីរពេទ្យទេ។ ប៉ុន្តែ ខ្ញុំគិតថា ប៉ូលិសមិនដោះស្រាយករណីនេះទេ”៕ សុខុម
(រាយការណ៍បន្ថែមដោយ Alex Consiglio)