កាលពីម្សិលមិញ សាលារាជធានីភ្នំពេញ បានហាមប្រាមវត្តសាមគ្គីរង្សី មិនឲ្យរៀបចំវេទិកាសាធារណៈនៅថ្ងៃពុធ ដើម្បីរំឭកដល់ខួបលើកទី៦៥នៃការប្រគល់កម្ពុជាក្រោមទៅឲ្យប្រទេសវៀតណាម។
សហគមន៍ខ្មែរកម្ពុជាក្រោម ដែលតស៊ូមតិសម្រាប់ជនជាតិភាគតិចពីអ្វីដែលឥឡូវនេះគឺប្រទេសវៀតណាមភាគខាងត្បូងនោះ មានគម្រោងឲ្យក្រុមអ្នកជំនាញផ្នែកច្បាប់ និងអង្គការសិទ្ធិមនុស្សថ្លែងនៅវេទិកានោះ។ ប៉ុន្តែសាលារាជធានីបានហាមប្រាម ដោយលើកឡើងថា ខ្លាចមានការញុះញង់រើសអើងជាតិសាសន៍។
លោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីបានមានប្រសាសន៍បន្ទាប់ពីជួបជាមួយលោក ថាច់ សេដ្ឋា ប្រធានសហគមន៍ខ្មែរកម្ពុជាក្រោមថា ” បញ្ហាខ្មែរកម្ពុជាក្រោមគឺជាបញ្ហារសើបបំផុត។ ប្រសិនបើយើងមិនអាចគ្រប់គ្រងប្រធានបទនៃការពិភាក្សាបានទេនោះ វេទិកានេះនឹងត្រូវគេប្រើប្រាស់ដើម្បីញុះញង់ឲ្យមានការស្អប់ខ្ពើមប្រទេសជិតខាង ឬរើសអើងជាតិសាសន៍។ ហេតុដូច្នោះហើយ យើងមិនអាចអនុញ្ញាតឲ្យរៀបចំវេទិកានេះបានទេ”។
ពិធីសាសនាមួយនឹងនៅតែធ្វើឡើងនៅវត្តសាមគ្គីរង្សី ដែលមានព្រះសង្ឃប្រហែល៦០ភាគរយជាព្រះសង្ឃខ្មែរក្រោម ប៉ុន្តែសាលារាជធានីបានកំណត់ចំនួនអ្នកចូលរួមតែ១.០០០នាក់ប៉ុណ្ណោះ ហើយបានព្រមានថា ពិធីនេះត្រូវធ្វើនៅក្្នុងបរិវេណវត្ត ហើយមិនឲ្យវិវឌ្ឍទៅជាបាតុកម្មឡើយ។
លោក ឡុង ឌីម៉ង់ បានមានប្រសាសន៍ថា សាលារាជធានីក៏បានផ្ញើលិខិតមួយច្បាប់ទៅក្រសួងមហាផ្ទៃសុំការគាំទ្រចំពោះការហាមឃាត់នេះផងដែរ។
ខ្មែរក្រោមនៅប្រទេសវៀតណាមប្រឈមនឹងការធ្វើទុក្ខបុកម្នេញ និងការគាបសង្កត់ចំណែកអ្នកដែលត្រឡប់មកប្រទេសកម្ពុជាវិញ ជារឿយៗក៏ត្រូវគេចាត់ទុកថា ជាអ្នកក្រៅផងដែរ។
ក្នុងពេលកន្លងមក វត្តសាមគ្គីរង្សីតែងតែត្រូវប្រើប្រាស់ដោយសំឡេងប្រឆាំងរដ្ឋាភិបាល ជាពិសេសខ្មែរក្រោម ជាកន្លែងនៃការជួបជុំគ្នា និងជាកន្លែងសុវត្ថិភាព ប៉ុន្តែលោក សេដ្ឋា បានមានប្រសាសន៍កាលពីម្សិលមិញថា បញ្ហាដែលលើកឡើងនៅវេទិកាសាធារណៈនេះ ជាបញ្ហាស្របច្បាប់សម្រាប់ការពិភាក្សា។
លោក សេដ្ឋា ដែលក៏ជាសមាជិកម្នាក់នៃគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សសង្គ្រោះជាតិដែរនោះបានមានប្រសាសន៍ថា ” យើងបានអញ្ជើញលោក សុក សំអឿន មកជជែកអំពីរឿងច្បាប់ និងលោកស្រី ពុង ឈីវកេក ថ្លែងអំពីសិទ្ធិខ្មែរក្រោម។
លោក សុក សំអឿន ជាមេធាវីម្នាក់ និងជានាយកប្រតិបត្តិក្រុមអ្នកច្បាប់ការពារសិទ្ធិកម្ពុជា បានមានប្រសាសន៍ថា លោកមានគម្រោងធ្វើការថ្លែងអំពីសិទ្ធិខ្មែរក្រោមនៅកម្ពុជាតាមច្បាប់រដ្ឋធម្មនុញ្ញ និងច្បាប់នានាក្នុងប្រទេសកម្ពុជា៕ សារុន