បុរសជនជាតិវៀតណាមពីរនាក់បានបង្ហាញមុខនៅក្នុងសាលាដំបូងខេត្តកំពង់ឆ្នាំងកាលពីម្សិលមិញ ពីបទលក់សាប៊ូដបដុសខ្លួនក្លែងក្លាយជាច្រើនដប។
នគរបាលបានឲ្យដឹងថា ឈ្មោះ ង្វៀន យ៉ាងញិក (Nguyen Yang Nhik)អាយុ២៤ឆ្នាំ និងឈ្មោះ ឡាំ ថៃជូ (Lam Thai Chou) អាយុ៣៦ឆ្នាំត្រូវបានចាប់ខ្លួនជាមួយនឹងសាប៊ូដុសខ្លួនក្លែងក្លាយចំនួន៣១កេសនៅផ្សារស្រុកកំពង់ត្រឡាចកាលពីថ្ងៃសៅរ៍ បន្ទាប់ពីមានពាក្យបណ្តឹងមួយទទួលបានពីក្រុមហ៊ុន ដែលផលិតផលរបស់ខ្លួន ត្រូវបានបុរសទាំងនេះកំពុងតែផលិតក្លែងក្លាយ។
លោក ជុន តារា នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តបានមានប្រសាសន៍ថា “យើងរឹបអូសបានសាប៊ូដុសខ្លួនម៉ាក Feiraចំនួន២០កេសនិងម៉ាក Siutouch ចំនួន១១កេសពីអ្នកលក់ជនជាតិវៀតណាមពីរនាក់ ដែលជាឈ្មួញកណ្តាល”។
លោកបានមានប្រសាសន៍ថា “សាប៊ូដុសខ្លួនម៉ាក Feira ក្លែងក្លាយ ថ្លៃ១០.០០០រៀលក្នុងមួយដបនៅទីផ្សារ ប៉ុន្តែអាសុទ្ធរបស់វាថ្លៃ១៥.០០០រៀលក្នុងមួយដប”។
អ្នកទាំងពីរត្រូវបានសង្ស័យថាជាឈ្មួញកណ្តាលដែលទិញផលិតផលនេះពីអ្នកលក់ដុំម្នាក់នៅក្នុងប្រទេសវៀតណាម ហើយចែកចាយតាមទីផ្សារ។
លោក យូ សុខ ម្ចាស់ក្រុមហ៊ុន Pich Beauty Company ដែលផលិតសាប៊ូដុសខ្លួនម៉ាក Feira បានដាក់ពាក្យប្តឹងថា មានអ្នកក្លែងក្លាយផលិតផលរបស់ខ្លួន បន្ទាប់ពីកត់សម្គាល់ឃើញថា ការលក់ផលិតផលនេះមានការធ្លាក់ចុះខ្លាំងក្នុងប៉ុន្មានឆ្នាំនេះ។
លោកបានមានប្រសាសន៍កាលពីម្សិលមិញថា “មានជាង២០ករណីដែលមានមនុស្សលក់ផលិតផលក្លែងក្លាយរបស់យើងនៅក្នុងរាជធានីភ្នំពេញនិងស្ទើរតែគ្រប់ខេត្តទាំងអស់”។
លោក យូ សុខ បានមានប្រសាសន៍បន្ថែមថា ការលក់ផលិតផលបានធ្លាក់ចុះរវាង៣០ទៅ៥០ភាគរយ ចាប់តាំងពីឆ្នាំ២០១០មក ហើយដំបូងលោកបានប្តឹងទៅនគរបាលអំពីការក្លែងក្លាយផលិតផលរបស់លោកគួរឲ្យសង្ស័យក្នុងឆ្នាំ២០០៨។ លោកបានមានប្រសាសន៍ថា ដំបូងលោកបានឃើញម៉ាកផលិតផលក្លែងក្លាយលក់នៅផ្សារក្នុងឆ្នាំ២០០៤។
ដោយសារតម្លៃថោកជាង លោក សុខ ក៏ជឿជាក់ដែរថា អតិថិជនលែងជឿជាក់លើផលិតផលរបស់លោក ដោយសារគុណភាពអន់របស់ផលិតផលក្លែងក្លាយនៅលើទីផ្សារ។
លោកបានមានប្រសាសន៍ថា “អតិថិជននឹងលែងទុកចិត្តលើផលិតផលរបស់ខ្ញុំ ហើយផលិតផលក្លែងក្លាយនឹងប៉ះពាល់ដល់សុខភាពរបស់អតិថិជន ធ្វើឲ្យកើតមហារីកស្បែកនិងមហារីកសួត”។
ការចាប់ខ្លួននេះបានធ្វើឡើងបន្ទាប់ពីការឆ្មក់ចូលចាប់ក្នុងហាង២.៥០០រៀលមួយកន្លែងក្នុងរាជធានីភ្នំពេញកាលពីម្សិលមិញ នៅពេលនគរបាលរឹបអូសបានផលិតផលសម្អាងក្លែងក្លាយ និង សាប៊ូដុសខ្លួនរាប់រយដបក្នុងឡាំងដែលមានយីហោ Leivy ដែលជារបស់ហាង Pich Beauty របស់លោក សុខ ដែរ៕ប៊ុុននី