កាលពីម្សិលមិញ អ្នកភូមិប្រហែល៦០នាក់ក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បានរារាំងត្រាក់ទ័រធុនធំពីរគ្រឿង ដែលត្រូវបានបញ្ជូនមករានព្រំដីមានវិវាទដែលពួកគាត់អះអាងថា ត្រូវបានដណ្តើមយកដោយខុសច្បាប់ដោយក្រុមហ៊ុនដែលកាន់កាប់ដោយភរិយាលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។
លោក ជួប ចាន់ធឿន នាយប៉ុស្តិ៍ឃុំតាជេស បានមានប្រសាសន៍ថា ក្រុមហ៊ុន KDC Inter-national ដែលកាន់កាប់ដោយអ្នកស្រី ជា ខេង បានដកត្រាក់ទ័រកាយដីនិងត្រាក់ទ័រឈូសឆាយដីរបស់ខ្លួនទៅវិញ បន្ទាប់ពីអ្នកភូមិនៅភូមិឡពាង បានគំរាមដុតគ្រឿងចក្រទាំងនោះ។ លោកបានមានប្រសាសន៍ថា “ដោយបារម្ភខ្លាចមានការប្រឈមមុខដាក់គ្នាដោយហិង្សា ខ្ញុំបានសុំឲ្យម្ចាស់គ្រឿងចក្រផ្អាកការរានដីនេះបណ្ដោះអាសន្នសិន។
លោក រាជ សីមា តំណាងគ្រួសារអ្នកភូមិដែលបានពាក់ព័ន្ធក្នុងវិវាទដីធ្លីទំហំជាង១៤៥ហិកតាបាននិយាយថា ក្រុមអ្នកភូមិបានធ្វើរបាំងការពារជាមនុស្ស ដើម្បីរារាំងការជីកកាយដីនោះ។ លោក សីមា បានបដិសេធថា អ្នកភូមិមិនបានគំរាមដុតគ្រឿងចក្រនោះទេ ដោយលើកឡើងថា ពួកគាត់គ្រាន់តែ”ត្រៀមស្លាប់ដើម្បីការពារដីចម្ការរបស់ខ្លួនប៉ុណ្ណោះ”។
ក្រុមអ្នកភូមិបាននិងកំពុងតស៊ូជាមួយក្រុមហ៊ុននេះចាប់តាំងពីឆ្នាំ២០០៧មក ប៉ុន្តែតុលាការមិនចាត់ការរឿងក្តីនេះម្ដងហើយម្ដងទៀត។ អ្នកភូមិ៣៥គ្រួសារបានទទួលយកសំណងកាលពីដើមឆ្នាំនេះ ប៉ុន្តែតាំងពីពេលនោះមក អ្នកភូមិមួយចំនួនបានទៅចូលរួមជាមួយអ្នកភូមិដែលនៅសេសសល់១៧គ្រួសារ ដោយលើកឡើងថា ពួកគាត់ទទួលយកសំណងដោយសារការបង្ខិតបង្ខំតែប៉ុណ្ណោះ៕ សារុន