31 C
Phnom Penh

លោក ស ខេង ចូលរួមជាអធិបតីក្នុងពិធីប្រកាស​​ស្តីពី​​​ការ​​​បង្កើត​និង​ដាក់ឲ្យដំណើរការ​​​រដ្ឋបាល​​ខេត្ត​ត្បូងឃ្មុំ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ខេត្ត​​​ត្បូង​​​ឃ្មុំ​​​ជា​​​ខេត្ត​​​ថ្មី​​​ដែល​​​បាន​​​បំបែក​​​ចេញពី​​​ខេត្ត​​​កំពង់ចាម ត្រូវ​​​បាន​​​ធ្វើពិធី​ប្រកាស​ស្តីពី​ការ​បង្កើតនិង​ដាក់​ឲ្យ​​ដំណើរការ​​​កាលពីម្សិលមិញ ក្រោម​​​​អធិបតី​​​ភាព​​​លោក​ ​​​ស ខេង ​​​រដ្ឋមន្ត្រី​​​ក្រសួង​​​មហាផ្ទៃ។

ពិធី​​​នេះ​​​ត្រូវ​​​បាន​ប្រារព្ធធ្វើ​​​នៅ​​​ក្រុង​​​សួងនៃ​​​ខេត្ត​​​ថ្មីនេះ ហើយ​​​ក៏​​​បាន​​​ប្រកាស​​​តែង​​​តាំង​សមា​ជិកជាន់​​​ខ្ពស់​​​ចំនួន​​​៣០​​​រូបឲ្យ​​​កាន់​​​តួនាទី​​​ថ្មី​​​ក្នុង​​​ខេត្ត​​​នេះ​​​ រួម​​​មាន​​​ស្នង​​​ការ​​​នគរ​​​បាល​​​ មេ​បញ្ជា​ការ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ និង​សមាជិក​​ជាច្រើន​​​រូប​​​ទៀត។

កាលពីខែ​​​មករា លោក ប្រាជ្ញ ចន្ទ ដែលពេល​​​នោះ​​​ជា​​​អភិបាល​​​ខេត្ត​​​បាត់​​​ដំបង ត្រូវ​​​បាន​​​តែង​​​តាំង​​​ជា​​​អភិបាល​​​ខេត្ត​​​នេះ​​​។

លោក ម៉ៅ ពៅ ស្នង​​​ការ​​​នគរ​​​បាល​​​ខេត្ត​​​ថ្មី​​​នេះ​​​បាន​​​មាន​​​ប្រសាសន៍​​​តាម​​​ទូរស័ព្ទ​​​បន្ទាប់ពី​​​ពិធី​​​កាលពីម្សិលមិញ​​​ថា “ឯកឧត្តម ស ខេង បានណែនាំ​​​​​​មន្ត្រី​​​របស់​​​យើងដែល​​​មកបម្រើការ​​​នៅ​​​ខេត្ត​​​ត្បូងឃ្មុំថ្មី​​​នេះ​​​ការ​​​ពារ​​​ផល​​​ប្រយោជន៍​​​សាធារណៈ​​​ និង​ធានាសុវត្ថិភាព​​​ជូន​​​ប្រជា​​​ពល​​​រដ្ឋ​​​ដែលផ្ទេរមក​​ពី​​​ខេត្ត​​​កំពង់ចាម”។

ក្នុង​​​ចំណោម​​​អ្ន​​​ក​​​ដែល​​​មាន​​​វត្តមានចូលរួមក្នុង​​​​ពិធីនោះ​​​ មានមន្ត្រីជាន់​​​ខ្ពស់​​​មួយ​​​ចំនួន​​​ រួម​​​មាន​​​លោក​​​ឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន  លោក ជា  សុផារ៉ា  រដ្ឋមន្ត្រី​​​ក្រសួង​​​អភិវឌ្ឍន៍ជន​​​បទ​​​និងឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការ​​​កង​​​រាជ​​​អាវុធ​​​ហត្ថ​​​លើ​​​ផ្ទៃ​​​​​​ប្រទេស​​​។

ខេត្ត​​​ដែល​​​ស្ថិត​​​នៅ​​​ប៉ែក​​​ខាង​​​កើត​​​ខេត្ត​​​កំពង់​​​ចាម​​​នេះ ត្រូវ​​​បាន​​​អនុម័ត​​​យល់​​​ព្រមបង្កើត​​​​កាលពី​​​ខែ​​​ធ្នូ។ ខេត្ត​​​នេះ​​​មាន​​​ប្រាំមួយ​​​ស្រុក និង​​​ក្រុង​​​មួយ​​​ស្ថិត​​​នៅ​​​ខាង​​​កើត​​​ទន្លេ​​​មេគង្គ ហើយ​​​ស្រុក​​​ចំនួនប្រាំ​​​គឺ​​​ជា​​​ស្រុក​​​ដែល​​​កាត់​​​ចេញ​​​ពី​ស្រុកទាំង​​​១៨​​​ក្នុង​​​ខេត្ត​​​កំពង់​​​ចាម ដែល​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ឈ្នះ​​​សំឡេង​​​ឆ្នោត​​​ភាគ​​​ច្រើន​​​នៅ​​​ការ​​​បោះ​​​ឆ្នោត​​​ជាតិ​​​កាលពី​​​ឆ្នាំ​​​មុន​​​។ ស្រុក​​​នៅ​​​សេសសល់​​​១២​​​ទៀត​​​ក្នុង​​​ខេត្ត​​​កំពង់​​​ចាម គឺ​​​គណបក្ស​​​សង្គ្រោះជាតិ​​​ជា​​​អ្នក​​​ឈ្នះ។

ការ​​​ប្រកាស​​​បង្កើត​​​ខេត្ត​​​នេះ​​​ស្ថិត​​​ក្នុង​​​មន្ទិល​​​សង្ស័យ​​​ពី​​​ក្រុមអ្នក​​​ឃ្លាំ​​​មើល​​​ការ​​​បោះ​​​ឆ្នោតនិង​​​​គណបក្ស​​​សង្គ្រោះជាតិ ដែល​​​លើក​​​ឡើង​​​ថា ការ​​​បំបែកចេញ​​​នេះ​​​គឺ​​​ដើម្បីផល​​​ប្រយោជន៍​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​។ ប្រសិន​​​បើ​​​លទ្ធផល​​​ការ​​​បោះ​​​ឆ្នោត​​​កាលពី​​​ឆ្នាំមុន ត្រូវ​​​​​​រាប់​​​បញ្ចូល​​​ទាំង​​​ខេត្ត​​​ថ្មីនេះ​​​​​​ គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​ប្រហែល​​​ជាទទួល​​​បាន​​​សំឡេង​​​ឆ្នោត​​​៥១​​​,៧៥​​​ភាគរយ​​​ ហើយ​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ទទួល​​​បាន​​​៤២​​​,១០​​​ភាគរយ​​​។

ការ​​​ចោទ​​​ប្រកាន់​​​នេះ​​​ត្រូវ​​​បាន​​​បដិសេធ​យ៉ាង​​ដាច់អហង្ការ​ពី​​​មន្ត្រី​​​​​​គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​​​​ដែល​​​បាន​​​លើកឡើង​​​ថា គោល​​​បំណង​​​នៃ​​​ការ​​​បង្កើត​​​ខេត្ត​​​នេះគឺ​​​ដើម្បី​​​បំបែក​​​ខេត្ត​​​ដែល​​​មាន​​​ប្រជា​​​ជន​​​ច្រើននេះ​​​ដើម្បី​​​ធ្វើ​​​ឲ្យសេវា​​​សាធារណៈ​​​​​​ប្រសើរ​​​ឡើង​​​តែប៉ុណ្ណោះ៕ សារុន​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស