33 C
Phnom Penh

ការ​​​វិនិ​​​យោគ​​​របស់​​​ចិន​​​ក្នុង​​​វិស័យ​​​​សំណង់​​​​​​​កើន​​​ឡើង​​​ក្នុង​​​រយៈ​​​ពេល​​​បួន​​​ខែ​​​ដើម​​​ឆ្នាំ​​​២០១៤

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​ទី​​​ភ្នាក់​​​ងារ​​​សារព័ត៌មាន​​​រដ្ឋ​​​បាន​​​ឲ្យដឹង​​​ថា ការ​​​វិនិយោគ​​​របស់​ចិន​​​ក្នុង​​​គម្រោង​​​សាង​​​សង់​​​នៅ​​​ក្នុង​​​រយៈ​​​ពេល​​​បួន​​​ខែ​​​ដើម​​​ឆ្នាំ​​​នេះ​​​បាន​​​កើន​​លើស​​​ពាក់​​​កណ្តាល​​​រួច​​​ទៅ​​​ហើយ​​​នៃ​​​ចំនួន​​​សរុប​​​ក្នុង​​​ឆ្នាំ​​​២០១៣​​​ នៅ​​​ពេល​​​ដែល​​​វិនិយោគ​​​ទុន​​​ចិន​​​ក្នុង​​​គម្រោង​​​សាងសង់​​​មាន​​​តម្លៃ​​​ជា​​​ទឹក​​​ប្រាក់​​​២,៧​​ពាន់​​​លាន​​​ដុល្លារ​​​។

​​​យោង​​​តាម​​​ទី​​​ភ្នាក់ងារ​​​សារ​​​ព័ត៌​​​មាន​​​ អាកាប៉េ​​​ បាន​​​ឲ្យដឹង​​​ថា លោក​​​ ទេព​​​ ថុន អនុរដ្ឋ​​​លេ​ខា​ធិការ​​​នៃ​​​ក្រសួង​​​ដែន​​​ដី​​​ នគរូប​​​នីយកម្ម​​​ និង​​​សំណង់​​​បាន​​​មាន​​​ប្រសាសន៍​​​នៅ​​​ឯ​​​ពិធី​​​បើក​​​ការ​​​ដ្ឋាន​​​​​​អភិវឌ្ឍ​​​ខុន​​​ដូ​​​មួយ​​​របស់​​​ចិន​​​នៅ​​​កោះ​​​ពេជ្រ​​​ ក្នុងរាជ​​​ធានីភ្នំ​​​ពេញ​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍​​​​ថា តម្លៃ​​​សរុប​​​នៃ​​​ការ​​​វិនិយោគ​​​របស់​​​ចិន​​​ក្នុង​​​វិស័យ​​​សំណង់​​​កើនឡើងដល់​១,៤​​​ពាន់​​​លាន​​​ដុល្លារ​​​នៅ​​​ឆ្នាំ​​​នេះ​​​។

លោក បេង ហុង សុជាតិ​​​ខេមរ៉ូ អ្នក​​​នាំ​​​ពាក្យ​​​របស់​​​ក្រសួង​​​រៀប​​​ចំដែន​​​ដី​​​ នគរូបនីយ​​​កម្ម​​​ និង​​​សំណង់​​​បាន​​​បញ្ជាក់​​​ពី​​​ភាព​​​ត្រឹម​​​ត្រូវ​​​នៃ​​​តួលេខ​​​របស់​​​លោក ទេព ថុន និង​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ក្រុម​​​ហ៊ុន​​​​​​អភិវឌ្ឍន៍​​​ចិន​​​កំពុង​​​តែ​​​បោះ​​​ទុន​​​​​​កាន់​​​តែ​​​ច្រើន​​​ក្នុង​​​គម្រោង​​​សាងសង់​​​ធំ​​​ៗ​​​ទាំង​​​​​​គម្រោង​​​ពាណិជ្ជកម្ម​​​ និង​​​ទាំង​​​គម្រោង​​​សាង​​​សង់​​​លំនៅដ្ឋាន​។

ដោយ​​​គម្រោង​​​ធំៗ​​​ជាច្រើន​​​​​​ដែល​​​បាន​​​កើន​​​ឡើង​​​នៅ​​​ក្នុង​​​ប្រទេស​​​ចិន​​​ អំឡុង​​​ពេល​​​វិស័យ​​​សំណង់​​​រីក​​​ចម្រើន​​​ខ្លាំង​​​នៅ​​​ទសវត្សរ៍​​​មុន ប៉ុន្តែ​បាន​​​ធ្លាក់​​ដល់​​​កម្រិត​​​ទាប​​​ខ្លាំង​​​​​​ លោក សុជាតិ​​​ខេមរ៉ូ បាន​​​មាន​​​ប្រសាសន៍​​​ថា រដ្ឋាភិបាល​​​កម្ពុជា​​​កំពុង​​​តែ​​​ធានា​​​ថា  សំណង់​​​របស់​​​ចិន​​​នៅ​​​ទី​​​នេះ​​​មិន​​​ជួប​​​វាសនា​​​ដូច​​​នោះ​​​ទេ​​​។

លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ” ​​​[ក្រុម​​​ហ៊ុន​​​​​​អភិវឌ្ឍន៍​​​ចិន] ​​​បាន​​​ស្នើ​​​សុំ​​​ការអនុញ្ញាត​​​ពី​​​ក្រសួង​​​នេះ​​​ដើម្បី​​​អភិវឌ្ឍគម្រោង​​​សាង​​​សង់​​​របស់​​​ខ្លួន​​​ឲ្យ​​​បាន​​​ត្រឹម​​​ត្រូវ​​​។ យើង​​​មាន​​​មន្ត្រី​​​ជំនាញ​​​និង​​​អ្ន​​​ក​​​ពិគ្រោះ​​​យោ​​​បល់​​​របស់​​​យើង​​​ដើម្បី​​​ពិនិត្យ​​​គម្រោង​​​របស់​​​ពួក​​​គេ​​​ឲ្យ​​​បាន​​​ត្រឹម​​​ត្រូវ”​​​។

ការ​​​សន្យា​​​វិនិ​​​យោគ​​​សរុប​​​ក្នុង​​​គម្រោង​​​សំណង់​​​បាន​​​កើន​​​ឡើង​​​៤១៣​​​ភាគ​​​រយ​​​ អំឡុង​​​រយៈ​​​ពេល​​​បី​​​ខែ​​​ដើម​​ឆ្នាំ​​​នេះ បើ​​​ប្រៀបធៀប​​​រយៈ​​​ពេល​​​ដូច​​​គ្នា​​​កាល​​​ពី​​​ឆ្នាំ​​មុន​​​ ជា​​​មួយ​​​នឹង​​​គម្រោង​​​ដែល​​​ត្រូវ​​​បាន​​​អនុម័ត​​​​​​ចំនួន​​​៥០​​​មាន​​​តម្លៃ​​​៨៥១​​​លាន​​​ដុល្លារ​​​ចាប់​​​ពី​​​ខែ​​​មករា ដល់​​​ខែ​​​មីនា​​​ បើ​​​ប្រៀប​​​ធៀប​​​​​​នឹង​​​គម្រោង​​​ចំនួន​​​៣៦​​​មាន​​​តម្លៃ​​​២០៦​​​លាន​​​ដុល្លារ​​​ក្នុង​​​ត្រី​​​មាស​​​ដំបូង​​​កាល​​​ពី​​​​​​ឆ្នាំ​​​ទៅ​​​ នេះ​​​បើ​​​យោង​​​តាម​​​​​​តួ​​​លេខ​​​ចុង​​​ក្រោយ​​​ពី​​​ក្រសួង​​​រៀប​​​ចំ​​​ដែន​​​ដី នគរ​​​ូប​​​នីយ​​​កម្ម និង​​​សំណង់។

យោង​​​តាម​​​សេចក្តី​​​រាយការណ៍​​​របស់​​​ទី​​​ភ្នាក់​​​ងារ​​​សារព័ត៌មាន​​​ អាកាប៉េ បាន​​​ឲ្យ​​​ដឹង​​​ថា លោក ទេព ថុន បាន​​​មាន​​​ប្រសាសន៍​​​នៅ​​​ឯ​​​ពិធី​​​បើក​​​ការ​​​ដ្ឋាន​​​អភិវឌ្ឍ​​​ កាសា មេរីឌាន ខុន​​​ដូ (CasaMeridianCondo)ថា ការ​​​វិនិយោគ​​​របស់​​​ចិន​​​ក្នុង​​​វិស័យ​​​សំណង់​​​បាន​​​កើ​​​ន​​​ឡើ​​​ង​​​ជាបន្ត​​​បន្ទាប់​​​ពី​​​ចំនួន​ទឹក​ប្រាក់​១,៧ ពាន់​​​លាន​​​ដុល្លារ​​​ក្នុង​​​ឆ្នាំ​​​២០១១​​​ដល់​​​២,២ពាន់​​​លាន​​​ដុល្លារ​​​ក្នុង​​​ឆ្នាំ​​​២០១២​​​ រហូត​​​ដល់​​​២,៧​​​ពាន់​​​លាន​​​ដុល្លារ​​​កាល​​​ពី​​​ឆ្នាំ​​​មុន​​​។

លោក នួន​​​ រិទ្ធី នាយក​​​ប្រតិបត្តិ​​​នៃ​​​ក្រុម​​​ហ៊ុន ប៊ុន​​​ណា រៀល​​​ធី គ្រុប បាន​​​មាន​​​ប្រសាសន៍​​​ថា វិនិ​​​យោគ​​​ិន​​​ចិន​​​កំពុង​​​សាង​​​សង់​​​លំនៅ​​​ដ្ឋាន​​​គំរូ​​​ ដែល​​​ភាគ​​​ច្រើន​​​សម្រាប់​​​ជន​​​បរទេស​​​ ខណៈ​​​ដែល​​​​​​កម្ពុជា​​​ត្រៀម​​​ខ្លួន​​​ក្លាយ​​​ជា​​​គោល​​​ដៅ​​​ទំនាក់​​​ទំនង​​​ធុរៈ​​​កិច្ច​​​​​​កាន់​​​តែ​​​កើន​​​ឡើង​​​ក្នុង​​​រយៈ​​​ពេល​​​ប៉ុន្មាន​​​ឆ្នាំ​​​នេះ​​​។

លោក​​​បាន​​​បន្ថែម​​​ថា ច្បាប់​​​ដែល​​​អនុញ្ញាត​​​ឲ្យ​​​ជន​​​បរទេស​​​មាន​​​សិទ្ធិ​​​កាន់​​​កាប់​​​​​​អចលនទ្រព្យ​​​ចាប់​​​ពី​​​ជាន់​​​ទី​​​១​​​នៃ​​​អគារ​​​ ក៏​​​កំពុង​​​លើក​​​ទឹក​​​ចិត្ត​​​ការ​​​វិនិយោគ​​​​​​ក្នុង​​​គម្រោង​​​សាង​​​សង់​​​ដែល​​​ផ្តោត​​​លើ​​​អ្នក​​​ទិញ​​​ជា​​​ជន​​​បរទេស​​​ផង​​​ដែរ​​​។

លោក រិទ្ធី​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ” វិនិយោគិន​​​ចិន​​​កំពុង​​​តែ​​​សម្លឹង​​​មើល​​​ទាំ​​​ង​​​ទី​​​ផ្សារ​​​ក្នុង​​​ស្រុក​​​ និង​​​ទីផ្សារ​​​តំបន់​​​របស់​​​ខ្លួន​​​ ដូច្នេះ​​​នៅ​​​ពេល​​​ដែល​​​ប្រទេស​​​អាស៊ាន​​​ក្លាយ​​​ជា​​​សហគមន៍​​​មួយ​​​នឹង​​​មិន​​​មាន​​​ឧបសគ្គ​​​ឡើយ”៕ ប៊ុន​​​នី

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស