កាលពីម្សិលមិញ លោក គីម ហាន ស៊ូ (Kim Han-soo)ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងប្រចាំប្រទេសកម្ពុជា បានបដិសេធថាមិនបានសុំឲ្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈបញ្ឈប់កូដកម្មមួយនៅឯរោងចក្រកាត់ដេរ ជារបស់ជនជាតិកូរ៉េខាងត្បូងកាលពីសប្ដាហ៍មុនទេ ក៏ប៉ុន្តែបានលើកឡើងថា ជម្លោះនេះបានធ្វើឲ្យការវិនិយោគមានទឹកប្រាក់៤០លានដុល្លារពីក្រុមហ៊ុនធំ ត្រូវផ្អាក។
កាលពីថ្ងៃអាទិត្យ លោក ហេង សួ អ្នកនាំពាក្យរបស់ក្រសួងការងារបានមានប្រសាសន៍ថា ឯកអគ្គរដ្ឋទូតរូបនេះបានជួបជាមួយលោក អុិត សំហេង រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈកាលពីថ្ងៃពុធសប្តាហ៍មុន ដោយស្នើឲ្យរដ្ឋាភិបាល “ធ្វើអន្តរាគមន៍” ក្នុងកូដកម្មមួយនៅឯរោងចក្រកាត់ដេរ Cambo Handsome ក្នុងរាជធានីភ្នំពេញ។ លោក ហេង សួ បានមានប្រសាសន៍ថា “ពួកគេចង់ឲ្យក្រសួងអនុវត្តតាមច្បាប់…ដើម្បីបញ្ជាពួកគេ[និយោជិតរោងចក្រ] ឲ្យវិលត្រឡប់ទៅធ្វើការវិញ”។
ក៏ប៉ុន្តែ កាលពីម្សិលមិញ លោកឯកអគ្គរដ្ឋទូត គីម បានបញ្ជាក់ថា លោកមិនបានស្នើឲ្យក្រសួងនេះបញ្ឈប់កូដកម្មទេ គ្រាន់តែបានស្នើឲ្យជូនដំណឹងប្រាប់កូដករថា ការទាមទារប្រាក់អតីតភាពរបស់ពួកគាត់ គឺរំលោភច្បាប់ការងារ ពីព្រោះពួកគាត់មិនមានកិច្ចសន្យាកំណត់ពេល។
លោក គីម បានមានប្រសាសន៍ថា “ខ្ញុំបាននិយាយថា ជម្លោះការងារត្រូវតែដោះស្រាយតាមរយៈការចរចា អនុលោមតាមនីតិវិធីច្បាប់”។ លោកបានមានប្រសាសន៍ថា ប៉ុន្តែដោយសារកូដករបានស្នើសុំអ្វីដែលរោងចក្រមិនអាចផ្តល់ឲ្យពួកគាត់ដោយស្របច្បាប់បាននោះ រោងចក្រនិងស្ថានទូតគិតថា រដ្ឋាភិបាលត្រូវតែធ្វើអន្តរាគមន៍។ លោក គីម បានឲ្យដឹងទៀតថា “វាស្ថិតនៅក្រៅច្បាប់ការងារ ដូច្នេះវាមិនអាចដោះស្រាយដោយនិយោ ជកបាន ឡើយ នោះហើយជាមូលហេតុដែលខ្ញុំបានស្នើឲ្យក្រសួងការងារចូលរួមពាក់ព័ន្ធដែរ”។ លោកបានមានប្រសាសន៍ថា លោកបានស្នើរដ្ឋមន្ត្រី “សូមបញ្ជូនមន្ត្រីលោកឬអនុរដ្ឋមន្ត្រីរបស់លោក ទៅពន្យល់អំពីលក្ខខណ្ឌគោលនៃច្បាប់ការងារ”។
លោក គីម បានមានប្រសាសន៍ថា កូដកម្មចប់ហើយ។ លោកបានមានប្រសាសន៍ថា កូដករបានយល់ព្រមលប់ចោលការទាមទារប្រាក់អតីតភាពរបស់ខ្លួន ហើយត្រឡប់ទៅធ្វើការវិញនៅថ្ងៃនេះ ជាមួយនឹងការសន្យាថា រោងចក្រនឹងបន្តចរចាអំពីការបង្កើនផលប្រយោជន៍ និងប្រាក់ឧបត្ថម្ភសម្រាប់កម្មករ។
លោក ឡូយ លន់ ប្រធានសម្ព័ន្ធសហជីពខ្មែរ បានមានប្រសាសន៍ថា កូដកម្មនេះនឹងចាប់ផ្តើមវិញ ប្រសិនបើការចរចាមិនបានទទួលលទ្ធផលជាផ្លែផ្កាក្នុងរយៈពេលពីរសប្តាហ៍ទេ។
លោកក៏បានបញ្ជាក់ផងដែរថា លោក ខៀវ សាវុធ អនុប្រធាននាយកដ្ឋានដោះស្រាយវិវាទការងារនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះទៅដល់រោងចក្រនេះដើម្បីពន្យល់អំពីច្បាប់ការងារប្រាប់កម្មករ។ ប៉ុន្តែលោកបានមានប្រសាសន៍ថា បានចុះទៅទីនោះកាលពីថ្ងៃច័ន្ទ ឬថ្ងៃអង្គារ មុនពេលជំនួបរបស់លោក គីម ជាមួយលោក សំហេង។
លោក សាវុធ បានបដិសេធមិនព្រមធ្វើអត្ថាធិប្បាយឡើយ ហើយបានបង្វែរសំណួរទៅលើក ហេង សួ អ្នកនាំពាក្យរបស់ក្រសួងការងារ ដែលមិនអាចទាក់ទងបាន។ Cambo Handsome មិនបានតបនឹងសំណើសុំការអត្ថាធិប្បាយទេ។ Cambo Handsome ជារោងចក្រមួយក្នុងចំណោមរោងចក្រចំនួនប្រាំពីរនៅក្នុងប្រទេសកម្ពុជាដែលជារបស់ក្រុមហ៊ុន Hansoll ជាក្រុមហ៊ុនធំរបស់កូរ៉េខាងត្បូង ដែលមានរោងចក្រជាច្រើននៅអាស៊ីអាគ្នេយ៍ អាមេរិកកណ្តាល និងសហរដ្ឋអាមេរិក។
លោក គីម បានមានប្រសាសន៍ថា ក្រុមហ៊ុន Hansoll កំពុងត្រៀមវិនិយោគទឹកប្រាក់៤០លានដុល្លារទៀត ដើម្បីសាងសង់រោងចក្រកាត់ដេរបន្ថែមទៀតនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែបានសម្រេចផ្អាក ដោយសារកូដកម្មនៅឯរោងចក្រនេះ។ លោកបានឲ្យដឹងថា ការវិនិយោគអាចបង្កើនកម្លាំងការងារប្រមាណ១២.០០០នាក់នេះទ្វេដង ដែលរោងចក្ររបស់ខ្លួននៅទីនេះជួល ហើយថា ការខាតបង់របស់ខ្លួននឹងជា”ផលប៉ះពាល់ធំបំផុតដល់សេដ្ឋកិច្ចកម្ពុជា”៕ ប៊ុននី