33.3 C
Phnom Penh

រដ្ឋាភិបាល​កូរ៉េខាងត្បូង និង​អីុរ៉ង់​បន្តផ្តល់ជំនួយ​ដល់​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក កុយ គួង អ្នក​​​នាំពាក្យ​​​ក្រសួង​​​ការ​​​បរទេស​​​បាន​​​មាន​​​ប្រសាសន៍កាលពីម្សិលមិញ​​​ថា​​​រដ្ឋាភិបាល​​​កូរ៉េ​​​ខាង​​​ត្បូង​​​បាន​​​យល់​​​ព្រម​​​ផ្ដល់​​​ហិរញ្ញប្បទាន​​​ឥត​​​សំណង​​ដើម្បី​​​អភិវឌ្ឍ​​​ប្រទេស​​​កម្ពុជា​​​ក្នុង​​​ទឹក​​​ប្រាក់​​​២១លាន​​​ដុល្លារ រីឯ​​​រដ្ឋាភិបាល​​​អុីរ៉ង់​​​បាន​​​សន្យា​​​ផ្ដល់​​​អាហារូបករណ៍​​មួយ​ចំនួនទៅ​​​សិក្សា​​​អំពីនិ​ស្សារណ​កម្ម​​​ប្រេង​​​។

លោក កុយ គួង បានមាន​​​ប្រសាសន៍​​​ថា លោក​​​ ហោ ណាំហុង រដ្ឋមន្ត្រី​​​ក្រសួង​​​ការ​​​បរទេស​​​បានជួប​​​ជាមួយ​​​លោក គីម ហានស៊ូ (Kim Han-Soo)​ ឯកអគ្គរដ្ឋទូត​​​កូរ៉េ​​​ខាង​​​ត្បូង​​​កាលពី​​​ម្សិល​​​មិញ ហើយ​​​​​​បាន​​​ចុះ​​​ហត្ថលេខា​​​លើ​​​កិច្ច​​​ព្រមព្រៀង​​​ក្រប​​​ខណ្ឌ​​​ស្ដីពីការ​​​ផ្ដល់​​​ហិរញ្ញប្ប​ទាន​ឥត​សំណង​​​​​ដល់​​​ប្រទេស​​​កម្ពុជា​​​នៅ​​​ឆ្នាំនេះ​​​សម្រាប់​​​​​​គម្រោងអភិវឌ្ឍន៍​​​ចំនួន​​​បួន។​​​ ហិរញ្ញប្បទាន​​​ឥត​​​សំណង​​​ទី១ មាន​​​ទឹក​​​ប្រាក់​​​៨លាន​​​ដុល្លារ សម្រាប់គម្រោងមួយ​​​ក្នុង​​​ខេត្ត​​​កំពង់​​​ស្ពឺ ដែល​​​នឹង​​​អនុវត្ត​​​តាម​​​ទ្រឹស្ដី​​​ចលនា​​​ភូមិថ្មី​​​របស់​​​រដ្ឋាភិបាល​​​កូរ៉េ​​​ខាង​​​ត្បូងចំពោះសហគមន៍​​​កសិកម្មកំពុង​អភិវឌ្ឍ​​​ ដែល​​​ផ្អែក​​​លើ​​​ការ​រួម​បញ្ចូល​ប្រពៃណី​​​កូរ៉េ​​​។

លោក​​​ កុយ គួង បាន​​មាន​​​ប្រសាសន៍​​​ថា ទឹក​​​ប្រាក់​​​២,៥​​​លា​​​ន​​​ដុល្លារ​​​ទៀត​​​នឹង​​​ត្រូវ​​​ផ្ដល់​​​សម្រាប់​​​គម្រោង​​​អភិវឌ្ឍន៍​​​ផ្សារមូល​​​បត្រ​​​កម្ពុជា ដែលភាគហ៊ុន​​​៤៥​​​ភាគរយ​​​កាន់​​​កាប់​​​ដោយ​​​ផ្សារ​​​មូល​​​បត្រ​​​កូរ៉េ ដែល​​​មាន​​​មូល​​​ដ្ឋាន​​​នៅ​​​ទីក្រុង​​​សេអ៊ូល។

ផ្សារ​​​មូល​​​បត្រ​​​កម្ពុជា​​​ដែល​​​ត្រូវ​​​បាន​​​បង្កើត​​​ឡើង​​​កាលពីខែ​​​កក្កដា ឆ្នាំ​​​២០១១​​​ នៅ​​​តែ​​​ចុះ​​​បញ្ជី​​​ស្តុកនៅ​​​ក្រុមហ៊ុន​​​តែមួយ​​​។ គិត​ត្រឹម​​​ខែធ្នូ​​​ ឆ្នាំ​​​២០១២ ផ្សារមូល​​​បត្រ​​​នេះ​​​បាន​​​បិទ​​​ការ​​ជួញ​​​ដូរ ដោយ​​​សារ​​​អ្វី​​​ដែល​​​មន្ត្រី​​​ម្នាក់​​លើក​​​ឡើង​​​ថា ជាការ​​​ចំណាយ​​​​​​ប្រតិបត្តិ​​​ការ​​​ខ្ពស់។

ហិរញ្ញប្បទានទី៣ពី​ប្រទេសកូរ៉េខាងត្បូង​នឹង​មាន​ទឹកប្រាក់​៥លាន​ដុល្លារ​ដើម្បីពង្រីក​មណ្ឌលសុខភាពក្នុង​ខេត្ត​កណ្តាល។ហិរញ្ញប្បទានឥតសំណង​​​ទី៤មាន​​​ទឹក​​​ប្រាក់​​​៥,៥​​​លាន​​​ដុល្លារ ដើម្បី​​​ធ្វើ​​​ឲ្យ​​​ប្រសើរ​​​ឡើង​​​នូវ​​​ផ្លូវ​​​ទឹក​​​ទន្លេ​​​មេគង្គ​​​ ចាប់ពី​​​ភ្នំពេញ​​​ដល់​​​ខេត្ត​​​ក្រចេះ។

លោក​​​ កុយ គួង បានមាន​​​ប្រសាសន៍​​​នៅ​​​សន្និសីទ​​​កាសែត​​​ថា “ក្នុង​​​នាម​​​រដ្ឋាភិបាល​​​កម្ពុជា​​​ លោក​​​ឧបនាយក​​​រដ្ឋមន្ត្រី ហោ ណាំហុង ថ្លែងអំណរ​​​គុណ​​​យ៉ាង​​​ជ្រាល​​​ជ្រៅ​​​ដល់​​​រដ្ឋាភិបាល​​​កូរ៉េ ដែល​​​បាន​​​ផ្ដល់​​​ហិរញ្ញប្បទាន​​​ឥត​​​សំណង​​​នេះ​​​”។

លោក កុយ គួង ​​​បាន​​​បន្ថែម​​​ថា កូរ៉េ​​​ខាង​​​ត្បូង​​​កំពុង​​​ពិចារណា​​​សំណើ​​​​​​ស្តីពីកម្ចី​​​អនុគ្រោះ​​​ក្នុង​​​ទឹក​​​ប្រាក់​​​៦៣​​​លាន​​​ដុល្លារ​​​ ដើម្បី​​​ជួស​​​ជុល​​​កំណាត់​​​ផ្លូវ​​​ជាតិ​​​លេខ​​​២​​​ពីខេត្ត​​​តាកែវ​​​មក​​​ក្រុង​​​តាខ្មៅ​​​ក្នុង​​​ខេត្ត​​​កណ្ដាល​​​។ កាលពីម្សិលមិញ លោក ហោ ណាំហុង ក៏បាន​​​ជួប​​​ជាមួយ​​​លោក​​​​​​ ហ៊ូសសេន​ អាល់វ៉ានឌី បេហ៊ីណេស​ (Hossein​​​​​ Alvandi​​ Behineh) ឯកអគ្គរដ្ឋទូត​​​អុីរ៉ង់​​​ប្រចាំ​​​ប្រទេស​​​វៀតណាម ដែល​​​លោក​​​ក៏ទទួលបន្ទុក​​​​​​​ប្រទេស​​​កម្ពុជា​​​ផង​​​ដែរ​​​។

លោក​​​ កុយ គួង បាន​​​មាន​​​ប្រសាសន៍​​​បន្ទាប់ពីជំនួប​​​នោះ​​​ថា “ឯកអគ្គរដ្ឋទូត​​​អុីរ៉ង់​​​បាន​​​លើក​​​ឡើង​​​ថា រដ្ឋមន្ត្រី​​​ក្រសួង​​​ប្រេង​​​អុីរ៉ង់​​​បាន​​​សម្រេច​​​ផ្ដល​​់អាហារូបករណ៍​​​មួយ​​​ចំនួន​​​ដល់​​​មន្ត្រី​​​កម្ពុជា​​​ទៅ​​​សិក្សា​​​អំពី​​​បច្ចេកវិទ្យា​​​និស្សារណកម្ម​ប្រេង​​​ក្នុង​​​ប្រទេស​​​អុីរ៉ង់​​​”។ លោក​​​បាន​​​បន្ថែម​​​ថា “លោក​​​ឧបនាយក​​​រដ្ឋមន្ត្រី​​​បាន​​​ស្វាគមន៍​​ និង​ថ្លែង​អំណរគុណ​​​ចំពោះ​​​បញ្ហា​​​នេះ ពីព្រោះ​​​វា​​​ជាការ​​​ចាំបាច់​​​ណាស់ ដែល​​​យើង​​​ត្រូវ​​​សិក្សា​​​អំពី​​​បញ្ហា​​​នេះ​​​”។

ក្រុមហ៊ុន​ចម្រុះមួយ​ដែល​​​ដឹកនាំ​​​ដោយ​​​ក្រុម​​​ហ៊ុន​​​ឈេហ្វរ៉ុន ជាក្រុមហ៊ុន​​​ប្រេង​​​ឥន្ធនៈ​​​ដ៏ធំ​​​របស់​​​អាមេរិក​​​កាលពីឆ្នាំ​​​២០០៥​​​ បានធ្វើការ​​​រុក​​​រក​​​​​​ប្រេង​​ក្នុង​​​សមុទ្រលើក​​​ទី១​​​នៅ​​​ប្រទេស​​​កម្ពុជា​​​​​​ ប៉ុន្តែ​​​ដំណើរការ​​​ចាប់​​​ផ្ដើ​​​​​ម​​​ធ្វើ​​​និស្សារណកម្ម​​​ប្រេង​​​ត្រូវ​​​បាន​​​ជាប់​​​គាំង​​​ ដោយសារ​​​ការ​​​ខ្វែង​​​គំនិត​​​គ្នា​​​ស្តីពីការ​​​យក​​​ពន្ធនៅពេល​​​អនាគត៕ សារុន​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស