លោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេសបានមានប្រសាសន៍កាលពីម្សិលមិញថារដ្ឋាភិបាលកូរ៉េខាងត្បូងបានយល់ព្រមផ្ដល់ហិរញ្ញប្បទានឥតសំណងដើម្បីអភិវឌ្ឍប្រទេសកម្ពុជាក្នុងទឹកប្រាក់២១លានដុល្លារ រីឯរដ្ឋាភិបាលអុីរ៉ង់បានសន្យាផ្ដល់អាហារូបករណ៍មួយចំនួនទៅសិក្សាអំពីនិស្សារណកម្មប្រេង។
លោក កុយ គួង បានមានប្រសាសន៍ថា លោក ហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសបានជួបជាមួយលោក គីម ហានស៊ូ (Kim Han-Soo) ឯកអគ្គរដ្ឋទូតកូរ៉េខាងត្បូងកាលពីម្សិលមិញ ហើយបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្របខណ្ឌស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងដល់ប្រទេសកម្ពុជានៅឆ្នាំនេះសម្រាប់គម្រោងអភិវឌ្ឍន៍ចំនួនបួន។ ហិរញ្ញប្បទានឥតសំណងទី១ មានទឹកប្រាក់៨លានដុល្លារ សម្រាប់គម្រោងមួយក្នុងខេត្តកំពង់ស្ពឺ ដែលនឹងអនុវត្តតាមទ្រឹស្ដីចលនាភូមិថ្មីរបស់រដ្ឋាភិបាលកូរ៉េខាងត្បូងចំពោះសហគមន៍កសិកម្មកំពុងអភិវឌ្ឍ ដែលផ្អែកលើការរួមបញ្ចូលប្រពៃណីកូរ៉េ។
លោក កុយ គួង បានមានប្រសាសន៍ថា ទឹកប្រាក់២,៥លានដុល្លារទៀតនឹងត្រូវផ្ដល់សម្រាប់គម្រោងអភិវឌ្ឍន៍ផ្សារមូលបត្រកម្ពុជា ដែលភាគហ៊ុន៤៥ភាគរយកាន់កាប់ដោយផ្សារមូលបត្រកូរ៉េ ដែលមានមូលដ្ឋាននៅទីក្រុងសេអ៊ូល។
ផ្សារមូលបត្រកម្ពុជាដែលត្រូវបានបង្កើតឡើងកាលពីខែកក្កដា ឆ្នាំ២០១១ នៅតែចុះបញ្ជីស្តុកនៅក្រុមហ៊ុនតែមួយ។ គិតត្រឹមខែធ្នូ ឆ្នាំ២០១២ ផ្សារមូលបត្រនេះបានបិទការជួញដូរ ដោយសារអ្វីដែលមន្ត្រីម្នាក់លើកឡើងថា ជាការចំណាយប្រតិបត្តិការខ្ពស់។
ហិរញ្ញប្បទានទី៣ពីប្រទេសកូរ៉េខាងត្បូងនឹងមានទឹកប្រាក់៥លានដុល្លារដើម្បីពង្រីកមណ្ឌលសុខភាពក្នុងខេត្តកណ្តាល។ហិរញ្ញប្បទានឥតសំណងទី៤មានទឹកប្រាក់៥,៥លានដុល្លារ ដើម្បីធ្វើឲ្យប្រសើរឡើងនូវផ្លូវទឹកទន្លេមេគង្គ ចាប់ពីភ្នំពេញដល់ខេត្តក្រចេះ។
លោក កុយ គួង បានមានប្រសាសន៍នៅសន្និសីទកាសែតថា “ក្នុងនាមរដ្ឋាភិបាលកម្ពុជា លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់រដ្ឋាភិបាលកូរ៉េ ដែលបានផ្ដល់ហិរញ្ញប្បទានឥតសំណងនេះ”។
លោក កុយ គួង បានបន្ថែមថា កូរ៉េខាងត្បូងកំពុងពិចារណាសំណើស្តីពីកម្ចីអនុគ្រោះក្នុងទឹកប្រាក់៦៣លានដុល្លារ ដើម្បីជួសជុលកំណាត់ផ្លូវជាតិលេខ២ពីខេត្តតាកែវមកក្រុងតាខ្មៅក្នុងខេត្តកណ្ដាល។ កាលពីម្សិលមិញ លោក ហោ ណាំហុង ក៏បានជួបជាមួយលោក ហ៊ូសសេន អាល់វ៉ានឌី បេហ៊ីណេស (Hossein Alvandi Behineh) ឯកអគ្គរដ្ឋទូតអុីរ៉ង់ប្រចាំប្រទេសវៀតណាម ដែលលោកក៏ទទួលបន្ទុកប្រទេសកម្ពុជាផងដែរ។
លោក កុយ គួង បានមានប្រសាសន៍បន្ទាប់ពីជំនួបនោះថា “ឯកអគ្គរដ្ឋទូតអុីរ៉ង់បានលើកឡើងថា រដ្ឋមន្ត្រីក្រសួងប្រេងអុីរ៉ង់បានសម្រេចផ្ដល់អាហារូបករណ៍មួយចំនួនដល់មន្ត្រីកម្ពុជាទៅសិក្សាអំពីបច្ចេកវិទ្យានិស្សារណកម្មប្រេងក្នុងប្រទេសអុីរ៉ង់”។ លោកបានបន្ថែមថា “លោកឧបនាយករដ្ឋមន្ត្រីបានស្វាគមន៍ និងថ្លែងអំណរគុណចំពោះបញ្ហានេះ ពីព្រោះវាជាការចាំបាច់ណាស់ ដែលយើងត្រូវសិក្សាអំពីបញ្ហានេះ”។
ក្រុមហ៊ុនចម្រុះមួយដែលដឹកនាំដោយក្រុមហ៊ុនឈេហ្វរ៉ុន ជាក្រុមហ៊ុនប្រេងឥន្ធនៈដ៏ធំរបស់អាមេរិកកាលពីឆ្នាំ២០០៥ បានធ្វើការរុករកប្រេងក្នុងសមុទ្រលើកទី១នៅប្រទេសកម្ពុជា ប៉ុន្តែដំណើរការចាប់ផ្ដើមធ្វើនិស្សារណកម្មប្រេងត្រូវបានជាប់គាំង ដោយសារការខ្វែងគំនិតគ្នាស្តីពីការយកពន្ធនៅពេលអនាគត៕ សារុន