នគរបាលបានឲ្យដឹងកាលពីម្សិលមិញថា មនុស្សបួននាក់ រួមទាំងសន្តិសុខពន្ធនាគារពីរនាក់ផងត្រូវបានចាប់ខ្លួននៅក្នុងប្រតិបត្តិការសម្ងាត់នៅមណ្ឌលអប់រំកែប្រែទី៤ក្នុងខេត្តពោធិ៍សាត់ និងត្រូវបានចោទប្រកាន់ចំពោះការជាប់ពាក់ព័ន្ធរបស់ពួកគេនៅក្នុងការនាំគ្រឿងញៀនទៅឲ្យអ្នកទោស។
អ្នកឃ្លាំមើលសិទ្ធិមនុស្សបាននិយាយថា ការចាប់ខ្លួនមនុស្សទាំងនេះគឺជាករណីថ្មីបន្ទាប់ពីមានការចាប់ខ្លួនស្រដៀងគ្នានេះនៅមណ្ឌលអប់រំកែប្រែទី៤ ដែលមានការចាប់ខ្លួនជនសង្ស័យ១១នាក់ផ្សេងទៀតក្នុងរយៈពេលមួយឆ្នាំមកនេះ។ ប្រតិបត្តិការឆ្មក់ចាប់នេះក៏បង្ហាញពីនិន្នាការប្រើប្រាស់គ្រឿងញៀនច្រើននៅក្នុងពន្ធនាគារដែរ។
ក្រៅពីសន្តិសុខពន្ធនាគារទាំងពីរនាក់នេះ ស្ត្រីពីរនាក់ទៀតក៏ត្រូវបានចាប់ខ្លួនផងដែរនៅក្នុងប្រតិបត្តិការជាមួយគ្នានេះ ដោយជនសង្ស័យព្យាយាមនាំមេតំហ្វេតាមីនទឹកកកដែលគេហៅជាទូទៅថាម៉ាទឹកកកនោះ ចូលទៅក្នុងពន្ធនាគារនៅពេលទៅសួរសុខទុក្ខមិត្តប្រុសរបស់ពួកគេ។
យោងតាមសេចក្ដីប្រកាសនៅតាមគេហទំព័ររបស់នគរបាលជាតិកាលពីម្សិលមិញ ដែលបានបញ្ជាក់ពីការឃុំខ្លួនសន្តិសុខពន្ធនាគារទាំងនោះឲ្យដឹងថា ការចាប់ខ្លួនមនុស្សទាំងនេះធ្វើឡើងកាលពីថ្ងៃទី២៦ ខែឧសភា។
យោងតាមលោក វង្ស សាវ៉េត អធិការនគរបាលស្រុកភ្នំក្រវ៉ាញ បានឲ្យដឹងថា មនុស្សទាំងបួននាក់ត្រូវបាននាំទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តមួយថ្ងៃក្រោយមក។
លោកបានមានប្រសាសន៍ថា ” យើងដកហូតបានមេតំហ្វេតាមីនទឹកកកចំនួន៥៤,៤៣ក្រាម ដែលគេដាក់នៅក្នុងកញ្ចប់តូចៗចំនួន១៤កញ្ចប់”។
លោក សាវ៉េត បានមានប្រសាសន៍ថា នគរបាលខេត្តពោធិ៍សាត់ ដែលបានសហការជាមួយនគរបាលប្រឆាំងគ្រឿងញៀនខេត្តបានចាប់ខ្លួនឈ្មោះ វ៉ា ម៉ូរ៉ា អាយុ២៥ឆ្នាំ និងឈ្មោះ ឡាយ សារិទ្ធ អាយុ២៣ឆ្នាំ ែដលអ្នកទាំងពីរមានតួនាទីជាសន្តិសុខនៅមណ្ឌលអប់រំកែប្រែទី៤។ មនុស្សដែលត្រូវបានចាប់ខ្លួនផងដែរនោះ គឺស្ត្រីឈ្មោះ ពុំ ម៉ានី នៅទីក្រុងភ្នំពេញ និង លី កែមលីម មកពីខេត្តកំពង់ឆ្នាំង។
ទោះបីជាគេមិនអាចទាក់ទងមន្ត្រីតុលាការបានក៏ដោយ ក៏លោក សាវ៉េត បានមានប្រសាសន៍ថា មនុស្សទាំងបួននាក់ត្រូវបានចោទប្រកាន់កាលពីថ្ងៃទី២៨ ខែឧសភា ពីបទចែកចាយគ្រឿងញៀន ជាបទល្មើសដែលអាចមានទោសជាប់ពន្ធនាគាររហូតដល់១០ឆ្នាំនិងពិន័យជាប្រាក់រហូតដល់៥០លានរៀល ប្រសិនបើរកឃើញពិរុទ្ធភាព នេះបើយោងតាមមាត្រា៥០នៃច្បាប់ប្រឆាំងគ្រឿងញៀន។
លោក សាវ៉េត បានមានប្រសាសន៍ថា នគរបាលបានធ្វើប្រតិបត្តិការចាប់ក្រុមនាំ និងផ្គត់ផ្គង់គ្រឿងញៀនបានបួនលើកនៅក្នុងមណ្ឌលអប់រំកែប្រែទី៤ ក្នុងរយៈពេលមួយឆ្នាំមកនេះ។ លោកបានមានប្រសាសន៍ថា ក្នុងចំណោមជនសង្ស័យទាំង១១នាក់ដែលត្រូវបានចាប់ខ្លួននៅក្នុងករណីទាំងនេះ មានសន្តិសុខពន្ធនាគារបីនាក់។
លោក យឹម ពៅ ប្រធានមណ្ឌលអប់រំកែប្រែទី៤ បានបដិសេធមិនធ្វើអត្ថាធិប្បាយ។
លោក ចាន់ សុវ៉េត អ្នកស៊ើបអង្កេតជាន់ខ្ពស់នៅអង្គការសិទ្ធិមនុស្សអាដហុក បានមានប្រសាសន៍ថា ការប៉ុនប៉ងនាំថ្នាំញៀនចូលក្នុងពន្ធនាគារមិនមែនជាបញ្ហាដែលកើតឡើងតែមួយដងនោះទេ។
លោកបានមានប្រសាសន៍ថា ” យើងបានទទួលព័ត៌មានជាច្រើនអំពីការប៉ុនប៉ងយកគ្រឿងញៀនចូលពន្ធនាគារ…មានករណីចែកចាយគ្រឿងញៀននៅក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យដែរ”។
លោក ភួង សុធា អ្នកសម្របសម្រួលរបស់អង្គការអាដហុកប្រចាំខេត្តពោធិ៍សាត់ បាននិយាយថា ការប្រើប្រាស់គ្រឿងញៀននៅក្នុងពន្ធនាគារ ដែលជារឿយៗកើតឡើងដោយសារតែអំពើពុករលួយរបស់បុគ្គលិកពន្ធនាគារនោះ កំពុងមានការកើនឡើង។
លោក សូ គឹមហៃ ប្រធានមណ្ឌលបន្សាបគ្រឿងញៀនរបស់អង្គការKhana បានមានប្រសាសន៍ថា នៅពេលថ្មីៗនេះ លោកបានធ្វើការជាមួយមនុស្សម្នាក់ដែលត្រូវបានដោះលែងចេញពីពន្ធនាគារនៅទីក្រុងភ្នំពេញ។
លោក គឹមហៃ បាននិយាយថា ” គាត់បានរាយការណ៍ថា មនុស្សប្រហែលពី៥០ទៅ១០០នាក់កំពុងប្រើប្រាស់ហេរ៉ូអុីននៅក្នុងពន្ធនាគារ។
គាត់បាននិយាយថា មេតំហ្វេតាមីនក៏ពេញនិយមផងដែរនៅក្នុងពន្ធនាគារ។ ” មនុស្សនៅក្នុងពន្ធនាគារអាចមានថ្នាំញៀនប្រើប្រាស់ ដែលមានន័យថា ប្រហែលជាពួកគេមានបណ្ដាញផ្ដល់គ្រឿងញៀនទៅពន្ធនាគារ។
ខ្ញុំមិនដឹងច្បាស់ថា តើវាកើតឡើងដោយសារតែសន្តិសុខពន្ធនាគារ ឬយ៉ាងណានោះទេ ប៉ុន្តែថ្នាំញៀនមាននៅក្នុងពន្ធនាគារ”។
ទោះជាយ៉ាងណាមន្ត្រីពន្ធនាគារជាតិអះអាងថា ការចាប់ខ្លួនមនុស្សទាំងនេះមិនបង្ហាញថា មានបញ្ហាគ្រឿងញៀនច្រើននោះទេ។
លោក គុយ ប៊ុនសន អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ បាននិយាយថា កំណើនក្នុងការបង្ក្រាបគ្រឿងញៀនមិនឆ្លុះបញ្ចាំងពីការរីករាលដាលទីផ្សារគ្រឿងញៀននៅក្នុងពន្ធនាគារទេ។
លោកបាននិយាយថា ” ពិតជាមានកំណើននៃការចាប់ខ្លួនមនុស្សពាក់ព័ន្ធគ្រឿងញៀននៅពន្ធនាគារមែន ប៉ុន្តែវាដោយសារតែមានការរឹតបន្តឹងក្នុងការឆែកឆេររបស់របរដែលភ្ញៀវយកចូលពន្ធនាគារពេលទៅសួរសុខទុក្ខអ្នកទោស”។
នៅពេលសួរថា តើមានសន្តិសុខពន្ធនាគារប៉ុន្មាននាក់ត្រូវបានចាប់ខ្លួនពីបទសង្ស័យថា បានចែកចាយគ្រឿងញៀននៅក្នុងពន្ធនាគារនោះ លោក ប៊ុនសន បាននិយាយថា លោកមិនចាំចំនួនច្បាស់លាស់ទេ។
ទោះជាយ៉ាងណា លោកបានទទួលស្គាល់ថា មានសន្តិសុខពន្ធនាគារជាច្រើន ” ត្រូវបានផ្ដន្ទាទោស ហើយអ្នកខ្លះកំពុងត្រូវឃុំខ្លួនបណ្ដោះអាសន្នរង់ចាំសវនាការ”៕ គឹមហឿន
(រាយការណ៍បន្ថែមដោយ LaurenCrothers)