31 C
Phnom Penh

រដ្ឋាភិបាល​មិនសប្បាយ​ចិត្តនឹង​កិច្ចព្រមព្រៀង​​របស់​ក្រុម​ហ៊ុន Toll Railway និង​ចង់​ឲ្យមាន​ការ​ចរចា​​ជាថ្មី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ត្រាំ អុីវតឹក ​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​​បាន​ត្អូញ​ត្អែរ​​កាល​​ពីម្សិល​មិញថា ​ក្រុមហ៊ុន​ Toll Royal Railway (TRR)​​ជាក្រុម​ហ៊ុនរកស៊ី​រួម​​​អូស្ត្រាលី-កម្ពុជា ​​ដែល​ទទួល​បាន​​សម្បទាន​រយៈពេល​៣០ឆ្នាំ ដើម្បី​​ដំណើរការ​​បណ្តាញ​ផ្លូវ​ដែក​​នៅក្នុងប្រទេស​កម្ពុជា​​​ បាន​បដិសេធ​មិនទទួល​ខុសត្រូវ​ចំពោះការ​​ថែទាំ​​​ផ្លូវដែក ឬបង់ថ្លៃ​ឈ្នួល​​សម្បទាន​ឡើយ​ ហើយ​​​​បា​នមាន​ប្រសាសន៍ថា​ ​រដ្ឋាភិបាល​​កំពុងតែ​​​ព្យាយាម​​​ឲ្យមានការ​​ចរចាអំពីកិច្ច​​​ព្រម​​​ព្រៀង​​​នេះ​ឡើង​វិញ។

ចំណុច​​​ទាំងនេះត្រូវ​បានកំណត់​ថា ជា​​បញ្ហា​ប្រឈមដ៏​​​ធំ​​​នៅ​​​ក្នុង​​​កិច្ចព្រមព្រៀង​​របស់​រដ្ឋា​ភិបាលជាមួយ​​​​ក្រុមហ៊ុន Toll នៅក្នុងការ​​​ធ្វើ​​​បទបង្ហាញមួយ​​ដោយ​លោក អុីវតឹក ដែលមាន​ការ​ចូល​រួម​​ពីសំណាក់​មន្ត្រី​កំពូលៗ​នៅ​ក្រុមប្រឹក្សា​​អភិវឌ្ឍន៍កម្ពុជា​(CDC) ដែល​​​ជា​​​បញ្ញត្តិករ​​​វិនិយោ​គ​បរទេស​​របស់​រដ្ឋាភិបាល។

លោក អូន ព័ន្ធមុនីរ័ត្ន ​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ និងលោកឧបនាយករដ្ឋមន្ត្រី​ គាត ឈន់​ក៏មាន​វត្តមាន​នៅទីនោះដែរ​ រួមជាមួយ​ក្រុមមន្ត្រីមកពី​​ក្រសួង​​ពាណិជ្ជកម្ម និង​ក្រុមប្រឹក្សា​អភិវឌ្ឍន៍កម្ពុជា​។

បទបង្ហាញ​​របស់​លោក អុីវតឹក រៀបរាប់​ជាសង្ខេប។ ប៉ុន្តែ​ក្រោម​ “បញ្ហា​​” ​ប្រឈម​​​នៅ​​​ក្នុង​​​កិច្ចសន្យា​របស់​កម្ពុជា​​ជាមួយក្រុមហ៊ុន Toll បទបង្ហាញនេះ​​រៀបរាប់ថា ” TRR មិន​យល់​ព្រមថែទាំផ្លូវដែក​​ទេ។ TRR មិនបង់​ប្រាក់​ឈ្នួល​សម្បទាន​ និង​ប្រាក់ឈ្នួល​​សម្រាប់​ការ​ចុះហត្ថលេខា​​លើកិច្ចសន្យា​។ TRR មិនមានគម្រោង​វិនិយោគ​ទេ”។

យោងតាម​បទបង្ហាញ​​នេះ​ ​រដ្ឋាភិបាល​​នឹង​​ជួបជាមួយ​ក្រុមហ៊ុន Toll ​នៅខែ​ក្រោយ​នេះ​ដើម្បី​​ពិភាក្សា​​អំពីការ​កែសម្រួល​​ប្រាក់​​ឈ្នួល​សម្បទាន​។ លោក អុីវតឹក ​បាន​មានប្រសាសន៍​បន្ថែមថា លោកនឹង​ស្វែង​​រកកិច្ចសន្យា​ថ្មីមួយ ប៉ុន្តែ​​លោកមិនបាន​បរិយាយ​ល្អិត​ល្អន់ឡើយ។

​បន្ទាប់​​ពីជំនួបប្រជុំ លោក លី បូរិន ប្រធាន​នា​យកដ្ឋាន​ផ្លូវដែក​នៃក្រសួងសាធារណការ​និងដឹកជញ្ជូន​បានមាន​ប្រសាសន៍ថា បញ្ហា​​​ជាមួយ​ក្រុមហ៊ុន Toll“កំពុងស្ថិតក្រោមការចរចា”​មុនពេល​លោកបដិសេធមិន​ធ្វើអត្ថាធិប្បាយ​ថែមទៀត។ មន្ត្រីផ្សេងទៀត​​​នៅ​ឯ​ជំនួប​នោះ​មិនអាច​​ទាក់​​ទងបាន​​ដើម្បីធ្វើ​​អត្ថាធិប្បាយ​បាន​ឡើយ។ ការ​​​ទូរស័ព្ទទៅ​​​​ក្រុមហ៊ុន Toll ​​​ដើម្បី​​​សុំ​​​ការ​​​បំភ្លឺ​​​គ្មានអ្នក​​​លើក​​​។

យោងតាម​​សវនកម្មសុវត្ថិភាពមួយ​​​ទៅ​​​ប្រតិបត្តិការ​​​​របស់​ក្រុមហ៊ុន Toll ​ដោយនាយក​ដ្ឋាន​ផ្លូវដែក​​កាលពីក្នុងខែ​វិច្ឆិកាបានឲ្យដឹងថា ​ក្រុមហ៊ុននេះ​​​បានថែទាំ​​​ផ្លូវដែក​ បើទោះ​​ជា​ក្រុមហ៊ុននេះ​មិនព្រមទទួល​ខុសត្រូវ​ជាផ្លូវការ​ក៏ដោយ។

ទោះយ៉ាងណា សវនកម្មបានរកឃើញ​កំហុស​​​ធំៗ​​​ពាក់ព័ន្ធ​​​​នឹងការខិតខំប្រឹងប្រែង​​របស់​ក្រុម​ហ៊ុន Toll។ សវនកម្មនេះ​​បាន​ឲ្យ​ដឹងថា ក្រុមហ៊ុននេះគ្មាន​ប្រព័ន្ធ​សម្រាប់​​​​ពិនិត្យតាម​​ដាន​កំណាត់​ផ្លូវដែក​ទេ ហើយ​​​ខ្វះ​​​មន្ត្រីអធិការកិច្ច​ដែល​មាន​លក្ខណៈសម្បត្តិ​​​គ្រប់​​​គ្រាន់​​​សម្រាប់​​​​ពិនិត្យ​​តាមដានស្ថានភាព​កំណាត់ផ្លូវដែកនិងស្ពានជា​​​ប្រចាំ។

របាយការណ៍ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន Toll ដែល​ទទួល​បាន​​កាល​​ពីដើមឆ្នាំមុន ​រួម​​ជាមួយ​នឹង​តួលេខ​​គិត​ត្រឹមពាក់​កណ្តាល​ឆ្នាំ​២០១១ ក៏បាន​បង្ហាញ​ឲ្យឃើញដែរថា មកទល់​ពេលនេះ ក្រុម​ហ៊ុននេះ​​​បាន​​​ចំណាយតែ​៣,៣៥លាដុល្លារ​ប៉ុណ្ណោះ នៃទឹកប្រាក់​ជិត​៨៦លានដុល្លារ​ ដែល​ក្រុមហ៊ុននេះ​​បាន​សន្យាចំណាយ​នៅក្នុងប្រទេស​កម្ពុជា​​​ នៅក្នុងកិច្ចព្រមព្រៀង​ឆ្នាំ​២០១១​​ជា​មួយ​ក្រុមប្រឹក្សា​​អភិវឌ្ឍន៍កម្ពុជា។

របាការណ៍​​​នេះ​បានឲ្យដឹងថា ប្រាក់​​ជាច្រើន​ ដែលក្រុមហ៊ុនបានចំណាយ​ គឺ​​ចំណាយ​លើ​ប្រាក់​ខែ ប្រាក់​រង្វាន់ និងការចំណាយ​ទៅលើការធ្វើ​ដំណើរសម្រាប់បុគ្គលិក​របស់​ខ្លួន​។ ប្រាក់​ជិត​៣១លានដុល្លារ ដែលក្រុមហ៊ុន​​រំពឹងនឹង​ចំណាយទៅលើ​ការ​​ទិញ​ក្បាល​​រទេះភ្លើងថ្មី ទូរ​រថ​​​ភ្លើង និងការ​ងារ​​​ស្ថាបនា​​​ក្នុងឆ្នាំដំបូង​​​នោះ​​​មិន​​​ត្រូវ​​​បាន​​​ចំណាយ​​​មួួ​​យ​​​កាក់​​​មួយ​​​សែន​​​ឡើយ​​​។

លទ្ធភាព​​របស់​ក្រុមហ៊ុន Toll ​ដើម្បីដំណើរការ​បណ្តាញ​ផ្លូវដែក​ ផ្អែកលើ​ការ​ស្តារកំណាត់​ផ្លូវដែក​សម័យ​​​អាណានិគមន៍​ដែលត្រូវចំណាយ​ប្រាក់​ចំនួន​១៤៣លានដុល្លារ​ ដែល​ផុត​ពីដៃ​​​របស់ក្រុមហ៊ុន និង​មានពន្យារសំខាន់ៗពេល​យូរ​​​។

ផ្លូវ​​​រថភ្លើង​នៅភាគ​ខាងត្បូង​ ចាប់ពី​រាជធានីភ្នំពេញ​​ទៅកាន់​ខេត្តព្រះសីហនុ ចប់​ហើយ​​និងកំពុង​តែ​ដំណើរការ ប៉ុន្តែ​ផ្លូវ​​​រថភ្លើង​នៅភាគខាងជើងដែលមានប្រវែង​វែងជាងនេះ​​ឆ្ងាយ​​​ពី​​​រាជ​ធានីភ្នំពេញ​ឆ្ពោះ​​ទៅកាន់​ក្រុងប៉ោយ​ប៉ែត ​ជាប់ព្រំដែនថៃ មិន​ទាប់​បញ្ចប់​ទេ ​​​ពោល​​​គឺ​​​នៅ​​​សល់​​​ច្រើនណាស់​​​ហើយ​អស់​​ប្រាក់។ រដ្ឋាភិបាល​មិនទាន់​រកបានមូលនិធិ​​ដើម្បី​​​បញ្ចាប់​ការ​​ងា​រស្តារផ្លូវ​នេះ​នៅ​ឡើយ​ទេ​៕​ ប៊ុននី​​​​​

​​​

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស