40.6 C
Phnom Penh

​​​រូប​​​ចម្លាក់​​មុនសម័យ​​​អង្គរ​​​ចំនួន​​​បីបាន​​​មក​​​ដល់​​​ទឹក​​​ដី​​​កម្ពុជា​​​វិញ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រូប​​​ចម្លាក់​​​មុន​​​សម័យ​​​អង្គរ​​​ចំនួន​​​បី​​​បាន​​​ក្លាយ​​​ជា​​​តួអង្គ​​​ដ៏សំខាន់​​​នៅ​​​ក្នុង​​​ពិធី​​​​​​​​​មួយ​​​កាល​​​ពីម្សិល​​​មិញ​​​នៅឯទី​​​ស្តីការ​​​គណៈ​​​រដ្ឋ​​​មន្ត្រី​​​ ដោយ​​​បញ្ចប់​​​នូវ​រឿង​​​រ៉ាវ​​​ស្មុគស្មាញ​​​មួយ​​​ដែល​​​បាន​​​ចាប់​​​ផ្តើមកើត​​​ឡើង​​​ ​​​នៅ​​​ពេល​​​រូប​​​ចម្លាក់​​​ទាំង​​​នេះ​​​ត្រូវ​​​បានចោរ​​​​​​កាត់​​​​​​ផ្តាច់​​​ចេញ​​​ពី​​​ជើង​​​ទម្រ​​​នៅ​​​ប្រាសាទ​​​ចិន ​​​អំឡុង​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៧០​​​។

បដិមា​​​ពល​​​រាម​​​ បដិមា​​​ទុរ​​​យោ​​​ធន៍​​​ និងបដិមា​​​​​ភីម​​​ ដែល​កាល​​​ពី​​​ដើម​​​ឡើ​​​យ​​​ត្រូវ​​​បាន​​​ដាក់​​​តាំង​​​ជា​​​មួយ​​​បដិមា​​​ប្រាំ​​​មួយ​​​ផ្សេងទៀត​​​​​​ដើម្បី​​​ពណ៌នា​​​ពីឈុត​​​ឆាក​​​ច្បាំង​​​គ្នា​​​នៅ​​​ក្នុង​​​រឿង​​​ព្រេង​​​ទេវកថា​​​មហា​​​ភារតៈ បាន​​​ជួប​​​ជុំ​​​គ្នា​​​ជា​​​លើក​​​ដំបូង​​​​​​ចាប់​​​តាំង​​​ពី​​​ត្រូ​​​វ​​​ចោរ​​​លួច​​​ចេញ​​​ពី​​​ប្រាសាទ​​​នេះ​​​មក​​​។ បដិមា​​​ទាំង​​​បី​​​នេះ​​​បាន​​​​​​វិល​​​ត្រឡប់​​​មក​​​ប្រទេស​​​កម្ពុជា​​​ វិញ​​​ដាច់​​​ដោយ​​​ឡែក​​​ពី​​​គ្នា​​​កាល​​​ពី​​​សប្តាហ៍​​​មុន​​​។

លោក​​​ឧប​​​នា​​​យក​​​រដ្ឋ​​​មន្ត្រី សុខ អាន បាន​​​សរសើរ​​​ចំពោះ​​​ការ​​​វិល​​​ត្រឡប់​​​របស់​​​ ” វីរ​​​បុរស​​​ទាំង​​​បី​​​មក​​​កាន់​​​ទឹក​​​ដី​​​កំណើត​​​របស់​​​យើង​​​វិញ​​​” អំឡុង​​​ពិធី​​​មួយ​​​ដែល​​​មាន​​​ការ​​​ចូល​​​រួម​​​ពី​​​សំណាក់​​​មន្ត្រី​​​រដ្ឋាភិបាល ​​​លោក​​​ស្រី អាន​​​ ឡឺ​​​ម៉េស (Anne Lemaistre) តំណាង​​​អង្គការ​​​យូណេស្កូ​​​ ប្រ​​​ចាំ​​​ប្រទេស​​​កម្ពុជា និង​​​តំណាង​​​​​ក្រុម​​​ហ៊ុន​​​រៀប​​​ចំ​​​ការ​​​ដាក់ដេញ​​​ថ្លែ​​​គ្រីស្ទី​​​ (Christie’s) ក្រុម​​​ហ៊ុន​​​រៀប​​​ចំ​​​ការ​​​ដាក់ដេញ​​​ថ្លៃ​​​ សូថេប៊ី (Sotheby’s) និង​​​សារ​​​មន្ទីរ​​​ ន័រ​​​តុន​​​ សាយ​​​ម៉ុន (Norton Simon Museum) ដែល​​​បាន​​​ប្រគល់​​​​​​វត្ថុ​​​បុរាណ​​​ទាំង​​​នេះ​​មក​​​ឲ្យកម្ពុជា វិញ​​​។

លោក​​​ សុខ អាន បាន​​​មាន​​​ប្រសាសន៍​​​ថា ” បន្ទាប់​​​ពី​​​ធ្វើដំណើរ​​អស់​​​រយៈ​​​ពេល​​​ជាង​​​៤០​​​ឆ្នាំ​​គេច​​​ផុត​​​ពី​​​សង្គ្រាម​​​ស៊ីវិល ការ​​​លួច​​​ ការ​​​រត់​​​ពន្ធ​​​ និ​ង​​​ការ​​​ធ្វើ​​​ដំណើរ​​​ជុំ​​​វិញ​​​ពិភពលោក​​​ ពេល​​​នេះ​​​រូប​​​ចម្លាក់​​​ទាំង​​​បី​​​នេះ​​​ទទួល​​​បាន​​​សេរីភាព​​​ និង​​​វិល​​​មក​​​មាតុភូមិ​​​វិញ​​​ហើយ​​​”។

រូប​​​ចម្លាក់​​​ទាំង​​​នេះ​​​ស្ថិត​​​ក្នុង​​​ចំណោម​​​រូ​​​ប​​​ចម្លាក់​​​មួយ​​​ចំនួន​​​ដែល​​​ត្រូវ​​​បាន​​​ចោរ​​​លួច​​​ចេញ​​​ពី​​​ប្រា​​​សាទ​​​កោះ​​​កេរ​​​ក្នុង​​​ខេត្ត​​​ព្រះ​​​វិហារ។

លោកស្រី អាន ឡឺ​​​ម៉េស បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​វិល​​​ត្រឡប់​​​មក​​​វិញ​​​របស់​​​​​​រូប​​​ចម្លាក់​​​ទាំង​​​បី​​​នេះ​​​គឺ​​​មាន​​​សារៈសំខាន់​​​ខ្លាំង​​​ណាស់​​​ផ្នែក​​​វប្បធម៌​​​ ប្រសិន​​​បើ​​​គិត​​​ដល់​​​ការ​​​បំផ្លិច​​​បំផ្លាញ​​​វត្ថុ​​​បុរាណ​​​​​​ដោយ​​​សារ​​​សង្គ្រាម​​​នៅ​​​ក្នុង​​​ប្រទេស​​​មួយ​​​ចំនួន​​​ដូច​​​ជា​​​ ប្រទេស​​​ស៊ីរី​​​ និង​​​ប្រទេស​​​អ៊ីរ៉ាក់​​​ជា​​​ដើម​​​។

លោកស្រី​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា ” ខ្ញុំ​​​ពេញ​​​ចិត្ត​​ខ្លាំងណាស់​​​​ដែល​​​បាន​​​ឃើញ​​​វា​​​ត្រឡប់​​​មក​​​វិញ​​​ ហើយ​​​ស​​​ម្រាប់​​​រូប​​​ខ្ញុំ​​​នៅ​​​ពេល​​​នេះ​​​ វា​​​គឺ​​​ជា​​​ព្រឹត្តិការណ៍​​​ប្រវត្តិសាស្ត្រ។ យើង​​​បាន​​ធ្វើ​​​ការ​​​ពាក់​​​ព័ន្ធ​​​នឹង​​​រឿង​​​នេះ​​​អស់​​​រយៈ​​​ពេល​​​បី​​​ឆ្នាំ​​​ ហើយ​​​ពេល​​​នេះ​​​​​​ខ្ញុំ​​​ឃើញ​​​វា​​​មក​​​វិញ​​​ហើយ​​​ វា​​​ដូច​​​ជា​​​សុបិន​​​អ៊ី​​​ចឹង​​​ ខ្ញុំ​​​ស្ទើរ​​​តែ​​​មិន​​​ជឿ”។

នៅ​​​ទី​​​បំផុត ​​​រូប​​​ចម្លាក់​​​ទាំង​​​នេះ​​​នឹង​​​ត្រូវ​​​ដាក់​​​តាំង​​​ជា​​​អចិន្ត្រៃយ៍​​​នៅ​​​សារ​​​មន្ទីរ​​​ជាតិ​​​ ដែល​​​លោក​​​​​​ស្រី អាន​​​ ឡឺ​​​ម៉េស បាន​​​​​​មាន​​​ប្រសាសន៍​​​ថា នឹ​​​ងធ្វើ​​​ឲ្យ​​​ប្រជា​​​ពល​​​រដ្ឋ​​​កម្ពុជា ​​​បាន​​​ស្គាល់​​​វត្ថុ​​​បុរាណ​​​ដ៏​​​មាន​​​សារៈសំខាន់​​​ដែល​​​ឆ្លុះ​​​បញ្ចាំង​​​ពី​​​វប្បធម៌​​​របស់​​​ខ្លួន​​​។

លោក​​​ស្រីមាន​​​ប្រសាសន៍​​​ថា “ពេល​​​នេះ​​​ប្រជា​​​ពល​​​រដ្ឋ​​​កម្ពុជា​​​វ័យ​​​ក្មេង​​​ៗ​​​នឹង​​​​​​​​មាន​​​ឱ​​​កាស​​​បាន​​​​​​ឃើញ​​​​​​​កេរ​​​ដំណែល​​​​​​ថ្មី​​​ៗ​​​ទាំង​​​នេះ ហើយ​​​យើង​​​មិន​​​និយាយ​​​អំពី​កេរ​​​ដំណែល​​​តូច​​​ៗ​​​ទេ យើង​​​និយាយ​​​អំពី​​​កេរ​​​ដំណែល​​​ធំៗ”។

ក្រុម​​​ហ៊ុន​​​ដេញ​​​ថ្លៃ​​​សូថេប៊ី ដែល​​​​​ពាក់​​​ព័ន្ធ​​​​​​នឹង​​​សង្គ្រាម​​​​​​ផ្លូវ​​​ច្បាប់​​​ជុំ​​​វិញ​​​​​​បដិមា​​​ទុរយោ​​​ធន៍ ​​​មិន​​​បាន​​​បង្ហាញ​​​​​​វត្ត​​​មាន​​​នៅ​​​ក្នុង​​​ពិធី​​​កាល​​​ពី​​​ម្សិលមិញ​​​នេះ​​​ទេ ដោយ​​​មិន​​​ដូច​​​​​​ក្រុមហ៊ុន​​​​​​រៀប​​​ចំ​​​ការ​​​​​​ដេញ​​​ថ្លៃ​​​ គ្រីស្ទី និង​​​សារមន្ទីរ​​​ ន័រតុន​​​ សាយ​​​ម៉ុន ដែល​​​​​បាន​​​​​​​​​​​​ប្រគល់​​​រូប​​​បដិមា​​​ពីរ​​​ក្នុង​​​ចំណោម​​​នេះ​​​ដោយ​​​ស្ម័គ្រ​​​ចិត្តឡើយ​។

ប៉ុន្តែ លោក​​​ ម៉ាទីន វិល​​​សុន (Martin Wilson) តំណាង​​​​​ក្រុម​​​ហ៊ុន​​គ្រីស្ទី​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​ក្រុម​​​ហ៊ុន​​​គ្រីស្ទី ” ​​​មាន​​​​​​ក្តី​​​សោមនស្ស​​​រីករាយ​​​យ៉ាង​​​ខ្លាំង​​​ដែល​​​ដឹង​​​ថា យើង​​​បាន​​​ជួយ​​​ឲ្យ​​​រូប​​​បដិមា​​​​​​ពល​​​រាម​​​ ដ៏​​​​​​មាន​​​សារៈ​​​សំខាន់​​​នេះ​​​​​ត្រឡប់​​​មក​​​កន្លែង​​​របស់​​​វា​​​វិញ​​​”។

លោក វ៉លធើ ធីម៉ូ​​​ស្សាក់ (Walter Timoshuck) ប្រធាន​​​សារ​​​មន្ទីរ​​​ ន័រតុន​​​ សាយ​​​ម៉ុន បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មាន​​​សេចក្តី​​​​​​រីករាយ​​​​ និង​​​មាន​​​កិត្តិយស​​​ដែល​​​​​​ទទួល​​​បាន ​​​”សំណើរ​​​” ពី​​​កម្ពុជា​​​​​​ សុំ​​​យក​​​រូប​​​បដិមា​​​ ភីម​​​ ត្រឡប់មក​​​វិញ​​​។

លោក​​​ ជុច ភឿន រដ្ឋ​​​លេខាធិការ​​​ក្រសួង​​​វប្បធម៌​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា រដ្ឋាភិបាល​​​មាន​​​បំណង​​​បន្ត​​​ជំរុញ​​​ផែន​​​ការ​​​នាំ​​​យក​​​រូប​​​ចម្លាក់​​​​​​បន្ថែម​​​ទៀតដែល​​​ចោរ​​​លួច​​​​​ទៅ​​​ត្រឡប់​​​មក​​​វិញ។​​​

លោក​​​មាន​​​ប្រសាសន៍​​​ថា ” ឲ្យ​​​តែ​​​​​​យើង​​​ទទួល​​​ដំណឹង​​​អំពី​​​តម្រុយ​​​រូប​​​ចម្លាក់​​​ដែល​​​នៅ​​​សេសសល់ យើង​​​នឹង​​​ទាក​​់ទង​​​ទៅ​​​ [ ម្ចាស់] ហើយ​​​​​​ចាប់​​​ផ្តើម​​​ធ្វើ​​​ការ​​​ងារ​​​​​​។ ទោះ​​​បី​​​ជា​​​ពួកគេ​​​ប្រគល់​​​ឲ្យ​​​យើង ឬ​​​អត់​​​ក៏​​​ដោយ ​​ក៏​​​យើង​​​នៅ​​​តែ​​​បន្ត​​​ការងារ​​​​​​នេះ​​​ដែរ​​​ ពី​​​ព្រោះ​​​វា​​​ជា​​​គោល​​​នយោបាយ​​​របស់​​​យើង​​​”៕សុខុម​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស