យោងតាមតំណាងសហជីពបានឲ្យដឹងថា កម្មករដែលធ្វើកូដកម្មប្រហែល៨០០នាក់ មកពីរោងចក្រកាត់ដេរអូសេអង់ (Ocean) ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញត្រូវបានរារាំងមិនឲ្យធ្វើការតវ៉ានៅខាងក្រៅក្រសួងការងារកាលពីម្សិលមិញ ហើយក្រោយមកមានការពិភាក្សារវាងកម្មករ និងថៅកែរោងចក្រ តែមិនទទួលបានលទ្ធផលទេ។
រោងចក្រកាត់ដេរនេះបានផ្អាកការងារពីថ្ងៃទី២៦ ខែឧសភា ដល់ថ្ងៃទី២៦ ខែមិថុនាបន្ទាប់ពីលែងមានការបញ្ជាទិញពីក្រុមហ៊ុនមួយចំនួន រួមមានក្រុមហ៊ុន Gap ជាដើម ហើយកម្មករទាមទារប្រាក់ខែពាក់កណ្ដាលអំឡុងរយៈពេលនោះ។ ថៅកែរោងចក្របានផ្ដល់ឲ្យតែ១៥ដុល្លារប៉ុណ្ណោះសម្រាប់ខែផ្អាកការងារនោះ។
ក្រុមកម្មករបានចាប់ផ្តើមចេញដំណើរពីរោងចក្រកាលពីម្សិលមិញនៅម៉ោងប្រហែល៧និង៣០នាទីព្រឹក មុនពេលត្រូវនគរបាលរារាំងចម្ងាយតែ១គីឡូម៉ែត្រប៉ុណ្ណោះ។
លោក ហែម ដារិទ្ធ អភិបាលខណ្ឌពោធិ៍សែនជ័យ បានប្រាប់ក្រុមអ្នកតវ៉ាថា ” មិនឲ្យមានការហែក្បួនទេ ដោយសារបញ្ហាសន្តិសុខនិងចរាចរណ៍។ ហេតុដូច្នេះហើយ យើងសូមឲ្យបងប្អូនត្រឡប់ទៅរោងចក្ររបស់ខ្លួនវិញ”។
បន្ទាប់ពីការប្រឈមមុខជាមួយនគរបាលរយៈពេលកន្លះម៉ោង ក្រុមកម្មករបានត្រឡប់ទៅរោងចក្រវិញ ខណៈដែលអ្នកតំណាងបានធ្វើការពិភាក្សាជាមួយថៅកែរោងចក្រ ប៉ុន្តែមិនទទួលបានលទ្ធផលឡើយ។
លោក ហួន វណ្ណា តំណាងសម្ព័ន្ធសហជីពចលនាកម្ពុជាបានមានប្រសាសន៍ថា ” យើងកំពុងរង់ចាំការឆ្លើយតបពីរោងចក្រក្នុងការសម្រេច ថាតើត្រូវបើកប្រាក់ខែឲ្យពួកគេប៉ុន្មានអំឡុងការផ្អាកការងារនោះ។ ថៅកែរោងចក្រនិយាយថា ពួកគេកំពុងរង់ចាំចម្លើយពីចៅហ្វាយរបស់ខ្លួននៅប្រទេសបង់ក្លាដែសដែរ”។
លោក វណ្ណា បានបញ្ជាក់ថា នឹងមានកិច្ចប្រជុំមួយលើកទៀតនៅម៉ោង៩ព្រឹកថ្ងៃនេះ៕ សារុន