33 C
Phnom Penh

កម្មករ​​​ធ្វើ​​​កូដកម្ម​​​បន្ទាប់​​​ពី​​​មាន​​​កម្មករ​​​ដួល​​​សន្លប់​នៅ​​​ក្នុង​​​រោង​​​ចក្រ និងមិនទទួល​​​បាន​​​ដំណោះ​​​ស្រាយ​​​តាម​​​ការ​​​ទាម​​​ទារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​សហជីព​​​ម្នាក់​​​បាន​​​និយាយ​​​ថា បុគ្គលិក​​​នៅ​​​រោងចក្រ​​​កាត់​​​ដេរ​​​មួយ​​​ក្នុង​​​ខេត្ត​​​កំពង់​​​ឆ្នាំង បាន​​​ធ្វើ​​​កូដ​​​កម្ម​​​កាលពី​​​ម្សិលមិញ ដើម្បីទាម​​​ទារ​​​ឲ្យ​​​មាន​​​ការ​​​ធានា​​​លើ​​​ការ​​​បើក​​​ប្រាក់​​​ឲ្យ​​​សហការី​​​ចំនួន​​​៣៦​​​នាក់​​​ ដែល​​​បាន​​​ដួ​​​ល​​​សន្លប់​​​កាលពី​​​ថ្ងៃច័ន្ទ។​

យោង​​​តាម​​​លោក​​​ និន​​​ សារ៉ន មន្ត្រី​​​សហជីព​​​សេរីកម្មករ​​​បាន​​​ឲ្យ​​​ដឹង​​​ថា បុគ្គលិក​​​ទាំង​​​អស់​​​នៅ​​​រោងចក្រ​​​ជួន​​​យ៉េ​​ (Jiun Ye) របស់​​​តៃវ៉ាន់​​​ដែល​​​ផលិត​​​សម្លៀក​​​បំពាក់​​​កុមារ​​​ បាន​​​ទៅ​​​ដល់​​​រោងចក្រ​​​នៅ​​​ក្នុង​​​ស្រុក​​​សាមគ្គីមានជ័យ ប៉ុន្តែ​​​មិន​​​ព្រម​​​ធ្វើការ​​​ទេ​​​រហូត​​​ទាល់​​​តែ​​​មាន​​​ការ​​​ឆ្លើយ​​​តប​​​តាម​​​ការ​​​ទាម​​​ទារ​​​របស់​​​ខ្លួន​​​។

ដោយ​​​សារ​​​កម្មករ​​​មិន​​​ធ្វើការ ម្ចាស់​​​រោងចក្រ​​​បាន​​​ព្រមព្រៀង​​​តាម​​​ការ​​​ទាម​​​ទារ​​​ គឺបើក​​​ប្រាក់​​​ឲ្យ​​​​​​កម្មករ​​​ដែល​​​ដួល​​​សន្លប់​សម្រាប់​​​ម៉ោងដែល​​​ពួក​​​គេ​​​មិន​​​បាន​​​ធ្វើ​​​ការ និងត្រូវ​​​មាន​​​ការ​​​ស៊ើប​​​អង្កេត​​​រក​​​មូល​​ហេតុ​​​នៃការ​​​ដួល​​​សន្លប់​​​នេះ ហើយ​​​រោងចក្រ​​​ត្រូវ​​​ឈប់​​​រារាំង​​​សកម្មភាព​​​របស់សហជីព​​​។

លោក សារ៉ន បាន​​​និយាយ​​​ថា កូដ​​​កម្មនេះ​​​ត្រូវ​​​បាន​​​ប្រកាស​​​ធ្វើ​​​បន្ទាប់ពី​​​បេឡា​​​របប​​​សន្តិ​​​សុខ​​​សង្គមមិន​​​ព្រម​​​ចេញ​​​ថ្លៃ​​​ព្យាបាល​​​ឲ្យ​​​អ្នក​​​ដួល​​​សន្លប់ទាំង​​​៣៦​​​នាក់​​​។

លោក សារ៉ន បាន​​​និយាយ​​​ថា “​​​បេឡារបប​​​សន្តិសុខ​​​សង្គម​​​គិត​​​ថា កម្មករ​​​ដួល​​​សន្លប់​​​ដោយ​​​សារ​​​តែ​​​សុខភាព​​​របស់ពួកគេ​​​មិន​​​ល្អ”។កាលពីម្សិលមិញ គេ​​​មិន​​​អាច​​​ទាក់​​​ទង​​​តំណាង​​​រោងចក្រ​​​ជួនយ៉េ និង​​​តំណាង​​​បេឡារបប​​​សន្តិសុខ​​​សង្គម​​​បាន​​​ទេ​​​។

កម្មការិនី ហម រ៉ុន អាយុ​​​២៦​​​ឆ្នាំ​​​ជាបុគ្គលិក​​​នៅ​​​រោងចក្រ​​​ជួ​​​ន​​​យ៉េ បាន​​​និយាយ​​​ថា កម្មករ​​​ធុញ​​​ទ្រាន់​​​នឹង​​​លក្ខខណ្ឌ​​​មិន​​​ល្អ​​​នៅ​​​រោងចក្រ​​​នេះ ហើយ​​​នឹង​​​​​​ធ្វើ​​​កូដ​​​កម្ម​​​ម្ដង​​​ទៀត​​​។

កម្មការិនីរូបនេះ​​​បាន​​​និយាយទៀត​​​​ថា ” ប្រសិន​​​បើ​​​រោង​ចក្រ​​​ព្យាយាម​​​កាត់​​​ប្រាក់​​​ខែ​​​របស់​​​យើង​​​​ម្ដង​​​​​​ទៀត​​​ ឬមិន​​​បើក​​​ប្រាក់​​​ឲ្យ​​​កម្មករ​​​ដែល​​​ដួល​​​សន្លប់​​​ទេ យើង​​​នឹ​​​ង​​​ធ្វើការ​​​តវ៉ា​​​ម្ដង​​​ទៀត​​​”៕ គឹមហឿន​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស