28 C
Phnom Penh

បុរសម្នាក់ត្រូវបានចាប់ខ្លួន​ពីបទព្យាយាម​បញ្ជូន​ស្ត្រី​ទៅកាន់​ប្រទេស​អូស្ត្រាលី​ ដើម្បី​រៀបការ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីថ្ងៃ​ច័ន្ទ នគរបាល​​ក្នុងខេត្តកណ្តាល​បាន​ចាប់ខ្លួន​​បុរស​ម្នាក់​​​ដែល​ដឹក​ស្ត្រី​​​​​ពីរ​នាក់​​​ទៅ​រៀបការ​​ជាមួយ​​បុរស​ដែល​​គេមិនស្គាល់​ឈ្មោះ​​នៅក្នុង​ប្រទេស​​អូស្ត្រាលី​ ​ហើយ​​ពេល​នេះ​​កំពុង​​តាម​រក​មេអណ្តើក​ ដែល​មិនទាន់​ចាប់​ខ្លួនបាន​នៅឡើយ។

លោក អុីវ ចំរើន ស្នងការ​នគរបាល​ខេត្ត​កណ្តាល​​​បានមាន​ប្រសាសន៍ថា ឈ្មោះ រឿម រុន អាយុ​៤៤ឆ្នាំ​ ត្រូវបាន​ចាប់ខ្លួន​​​ពីបទ​​​ជួញ​ដូរមនុស្ស​ ខណៈ​ដែល​ធ្វើ​ដំណើរ​​តាម​រថយន្ត​តាក់​ស៊ី​មួយគ្រឿង​​ជាមួយ​នារីពីរនាក់​​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥មកកាន់​រាជធានីភ្នំពេញ​ បន្ទាប់​ពី​ប្រភព​អនាមិកមួយឲ្យការណ៍​មកមន្ត្រី​របស់លោក​។

លោក ប៊ុន យ៉ុង អធិការ​នគរបាល​ស្រុក​ខ្សាច់​កណ្តាល​​បានមាន​ប្រសាសន៍ថា ​នារីពីរនាក់​​​អាយុ​១៧ឆ្នាំ និង​១៩ឆ្នាំ ត្រូវមានរូបថត និង​លិខិត​​ឆ្លង​ដែន​​​របស់​​ខ្លួនត្រៀមជាស្រេច មុន​​ពេល​ធ្វើ​ដំណើរ​តាម​យន្តហោះ​​​ទៅកាន់ប្រទេស​​អូស្ត្រាលី​ ​​ជាទីដែល​ត្រូវ​ជួបបុរស​ ដែល​បានសន្យា​​ឲ្យប្រាក់​ម្នាក់ៗ​ចំនួន​៦០០​ដុល្លារ​​ដើម្បី​​​ចាយ​វាយ​សម្រាប់ការ​ទៅ​ដល់​​របស់​ពួកគេ នេះបើ​យោងតាម រឿម រុន។

លោកបានមាន​ប្រសាសន៍ថា​ នារីទាំងនេះ ​​ត្រូវបាន​បញ្ចុះ​បញ្ចូល​ឲ្យរៀប​​អាពាហ៍ពិពាហ៍​ជាមួយ​បុរស​​ជនជាតិ​​អូស្ត្រាលី ដែល​ពួកគេមិន​ស្គាល់ ​​ដោយមេអណ្តើក​ម្នាក់ នៅក្នុងខេត្ត​កំពង់ចាម ដែល​​គេស្គាល់ត្រឹមតែឈ្មោះ នាង រី ​​ដែល​រឿម រុន ​ស្គាល់​តាម​រយៈ​ភរិយា​របស់​​គាត់។

លោកបានឲ្យដឹងថា ​រឿម រុន កំពុងត្រូវ​សាក​សួរ​ ហើយនឹង​​ត្រូវ​បញ្ជូន​​​ទៅកាន់​​សាលាដំបូង​ខេត្ត​​នៅថ្ងៃព្រហស្បតិ៍នេះ។ ទោះជាយ៉ាងណា នាង រី ​បាន​គេចរួច​​ពីការ​ចាប់ខ្លួន​ ហើយ​នគរបាល​មិនទាន់សម្រេចថាតើត្រូវចាប់ខ្លួន​ភរិយា​របស់​ រឿម រុន ដែល​មានជាប់​​ពាក់ព័ន្ធ​ឬ​យ៉ាង​ណាទេ។

លោក ប៊ុន យ៉ុង ​បានមានប្រសាសន៍ថា ” រឿម រុន បានប្រាប់នគរបាល​​​ថា ជនរងគ្រោះ​​បាន​យល់ព្រម​​រៀបការ​​​ជាមួយ​បុរស​​ជនជាតិ​​អូស្ត្រាលី​ ហើយគាត់ត្រូវបាន​ចាប់​​ខ្លួន​ ខណៈ​ដែល​នាំ​​ពួកគេ​​ទៅកាន់​នាយកដ្ឋាន​លិខិត​ឆ្លងដែន​ ក្នុងរាជធានីភ្នំពេញ​។ ​​​ពួកគេ​​ជា​នារីជនបទ​ ហើយ​ពួកគេត្រូវបាន​គេ​បោក​ប្រាស់​”។

លោកបានមានប្រសាសន៍ថា លោកមិនដឹង​​​អំពី​​បុរស​​ជន​​ជាតិ​អូស្ត្រាលី​ ដែល​​មាន​គម្រោង​រៀបការ​​​ជាមួយ​នារី​​​ទាំងនោះ​​ទេ ហើយថា នារី​​ទាំងនោះ​​នឹងត្រូវ​បញ្ជូន​​​ទៅ​ប្រគល់​ឲ្យ​អង្គការក្រៅរដ្ឋាភិបាល​ ដើម្បី​ផ្តល់​ដំបូន្មានមុនពេល​ត្រឡប់ទៅកាន់ស្រុកកំណើតវិញ៕​ ប៊ុននី​​

​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស