28 C
Phnom Penh

តុលាការ​ចោទប្រកាន់ស្ត្រីម្នាក់ពីបទ​សម្លាប់គោរបស់ក្រុមហ៊ុន​មួយ​នៅ​ខេត្ត​កោះកុង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​​​ភូមិ​​​ម្នាក់​​​និង​​​អង្គការ​​​សិទ្ធិ​មនុស្ស​​​បាន​​​និយាយ​​​ថា កាលពីម្សិល​មិញ​​​សាលាដំបូង​​​ខេត្ត​​​កោះ​​​កុង​​​ បាន​​​ចោទ​​​ប្រកាន់​​​ស្ត្រីអាយុ​​​៣៨​​​ម្នាក់​​​ពីបទ​​​ប៉ុនប៉ង​​សម្លាប់​​​គោពីរ​​​ក្បាល​​​ដែលជា​​​កម្មសិទ្ធិ​​​របស់​​​ក្រុម​​​ហ៊ុន​​​កសិកម្ម​​​ហេង​​​ ហ៊ុយ អំឡុង​​ពេល​​​មាន​វិវាទ​​​ដីធ្លី​​​​​ក្នុង​​​ស្រុក​​​ស្រែ​​​អំបិល​​​។

យោងតាម​​​ឯកសារ​​​តុលាការ​​​ដែល​​​ទទួ​​​​​​ល​​​បាន​​​កាលពីម្សិលមិញ​​​បាន​​​ឲ្យ​​​ដឹង​​​ថា សាលា​​​ដំបូង​​​បាន​​​កោះ​​​ហៅ​​​ស្ត្រី​​​ឈ្មោះ ផាវ ញឿង បន្ទាប់ពី​​​ក្រុម​​​ហ៊ុន​​​បាន​​​ដាក់ពាក្យ​​​បណ្ដឹង​​​អំពីហេតុការ​​​ណ៍​​​នេះ​​​នៅ​​​ក្នុង​​​ឃុំ​​​ជីខលើ ដែលកើតឡើង​​​តាំង​​​ពី​​​ថ្ងៃ​​​ទី​​​២ ខែឧសភា ឆ្នាំមុន​​​។ ក្រោយ​មក​​​ស្ត្រីរូប​​​នេះ​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ ហើយ​​​ត្រូវ​បាន​ដោះ​​​លែង​​ក្រោម​​​​លក្ខខណ្ឌ​​ត្រួត​​​ពិនិត្យពី​​​​​​តុលាការ​​​រង់​​​ចាំ​​​បើក​​​សវនាការ។

លិខិត​​​ចុះ​​​ថ្ងៃទី៣ ខែមិថុនា ដោយ​​​ចៅក្រម​​​ស៊ើបសួរ​​​ ខាំ សុផារី មាន​​​ខ្លឹម​​​សារ​​​ថា ” ចុង​​​ចោទ​​​ ផាវ ញឿង អាយុ​​​៣៨​​​ឆ្នាំ​​​ត្រូវ​​​បាន​​​ចោទ​​​ប្រកាន់​​​ពីបទ​​​បង្ក​​​ការ​​​ខូច​​​ខាត​​​ដោយ​​​ចេតនា​​​ ប៉ុន្តែ​​​តុលាការ​​​បាន​​​សម្រេច​​​មិន​​​ឲ្យ​​​មាន​​​​​ការ​​​ឃុំខ្លួន​​​បណ្ដោះ​​​អាសន្នទេ​​​”។

ក្រុម​​​ហ៊ុននេះ​​​ទទួល​​​បានដីសម្បទានទំហំ​​​៧៧៩​​​ហិកតា​​​ដើម្បី​​​ដាំអំពៅ​​​​ក្នុង​​​ឃុំនេះ​​​កាលពីឆ្នាំ​​​២០០៨ ប៉ុន្តែ​​​វិវាទ​​​ដីធ្លី​​​បាន​​​កើត​​​ឡើង​​​បន្ទាប់ពី​​​មាន​​​ការ​​​ចោទ​​​ក្រុម​​ហ៊ុន​​​នេះ​​​ថា​​​បាន​​​រំលោភ​​​យក​​​ដី​​​នៅ​​​ក្រៅ​​​ព្រំ​​​ប្រទល់​​​ដីសម្បទាននោះ​​​ ដោយ​​​ធ្វើ​​​ឲ្យ​​​ប៉ះពាល់​​​ដល់​​​ប្រជា​​​ជន​​​២៤​​​គ្រួសារ​​​។

អ្នកភូមិជាច្រើន​គ្រួសារបាន​​​ឈាន​​​ដល់​​​កិច្ច​​​ព្រម​​​ព្រៀង​​​មួយ​​​កាលពី​​​ឆ្នាំ​​​២០១០​​​ជាមួយ​​​ក្រុម​​​ហ៊ុន​​​នេះដើម្បី​​​​ចាក​​​ចេញពីដី​​​ ប៉ុន្តែ​​​អ្នក​​​ភូមិ​​​បួន​​​គ្រួសារ​​​ រួមទាំង​​​គ្រួសារ​​​របស់​​​អ្នកស្រី ផាវ ញឿង ផង​​​បាន​​​ដាក់ពាក្យ​​​បណ្ដឹង​​​ទៅ​​​សាលា​​​ដំបូ​​​ង​​​ខេត្ត​​​កោះ​​​កុង កាលពីខែកុម្ភៈ​​​ឆ្នាំមុន ដោយ​​​ចោទ​​​ប្រកាន់​​​ថា ពួកគាត់​​​ត្រូវ​​​បាន​​​បង្ខិត​បង្ខំ​​​ឲ្យ​​​ចុះ​​​ហត្ថលេខា ហើយ​ស្នើ​​​ឲ្យ​​​ទុក​​​កិច្ច​​​សន្យា​​​របស់ពួកគាត់​​​ជា​​​មោឃៈ​​​។

អ្នក​​​ស្រី ផាវ ញឿង និង​​​អ្នកភូមិ​​​ប្រាំបីនាក់​​​ទៀត​​​មកពី​​​ភូមិព្រែក​​​ជីក កាលពី​​​ឆ្នាំមុន​​​ក៏បាន​​​គំរាម​​​ធ្វើ​​​អត្តឃាត​​​នៅមុខ​​​តុលាការ​​​កំពូលផងដែរ ​​​ប្រសិន​​​បើ​​​បញ្ហា​​​នេះ​​​មិនត្រូវ​បាន​​​​ដោះ​​​ស្រាយ​​​ទេ​​​នោះ​​​។

កាលពីម្សិលមិញ អ្នកស្រី​​​បាន​​​បដិសេធ​​​ថា គាត់មិន​​​បាន​​​សម្លាប់​​​គោ​​​ដោយការ​​​បំពុល​​​​​​ទេ ហើយ​​​បាន​​​និយាយ​​​ថា ការ​​​ចោទ​​​ប្រកាន់​​​របស់​​​តុលាការ​​​មក​​​លើ​​​អ្នកស្រី​​​ និង​ល្បឿន​ក្នុង​ការ​ចាត់ការ​ បង្ហាញ​​​ពី​​​វិសមភាព​​​នៃ​​​ប្រព័ន្ធ​​​​​តុលាការ​​​កម្ពុជា​​​។

អ្នកស្រី​​​ ផាវ ញឿង បាន​​​និយាយ​​​ថា ” ខ្ញុំ​​​មិន​​​បាន​​​សម្លាប់គោ​​​ ឬបំពុល​​​វាទេ។ ខ្ញុំមិន​​​បាន​​​នៅ​​​ទី​​​នេះ​​​ទេនៅ​​​ពេល​​​ហេតុការណ៍​​​កើត​​​ឡើង​​នោះ ពីព្រោះ​​​ខ្ញុំ​​​បាន​​​ផ្លាស់​​​ទៅ​​​ធ្វើការ​​​នៅ​​ចម្កា​​​រមួយ​​​ក្នុង​​​ស្រុក​​​កំពង់​​​សិលា”។ អ្នក​​​ស្រី​​​បាន​​​បន្ថែម​​​ថា ” វា​​​ជា​​​ការ​​​ចោទ​​​ប្រកាន់មិនពិត​​​ពីសំណាក់​​​ក្រុម​​​ហ៊ុន​​​នេះ ដែល​​​កំពុង​​​ប្រើ​​​ប្រាស់​​​ប្រព័ន្ធតុលាការ​​​ដើម្បី​​​កេង​​​ប្រវ័ញ្ច​​​ប្រជាជន​​​ក្រីក្រ​​​” ដោយអ្នកស្រី​បង្ហាញ​​​អង្គហេតុ​​​ថា ពាក្យ​​​បណ្ដឹង​​​ដែល​​​បាន​​​ដាក់​​​ជូន​​​តុលាការ​​​ដដែល​​​នេះ​​​កាលពី​​​ឆ្នាំ​​​២០១០​​​ពាក់​​​ព័ន្ធ​​​វិវាទ​​​ដីធ្លី​​​នេះមិន​​​ដែល​​​ត្រូវ​​បាន​​​ដោះស្រាយ​​​ឡើយ​​​។

លោក អុិន គង់ចិត្រ អ្នក​​​សម្រប​​​សម្រួល​​​អង្គការ​​​សិទ្ធិមនុស្ស​​​អាដហុក​​​ប្រចាំខេត្ត​​​នេះ​​​​​​បាន​​​​​យល់​​​ស្រប​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ” តុលាការ​​​ចាត់​​​ការ​​​តែ​​​ករណីតូ​​​ច​​​​​​ដែលក្រុមហ៊ុននេះ​ប្តឹងអ្នកភូមិ​​​ម្នាក់​​​ពីបទ​​​សម្លាប់​​​គោ​​​របស់​​​ក្រុម​​​ហ៊ុននេះប៉ុណ្ណោះ ប៉ុន្តែ​​​នៅពេល​​​ក្រុម​​​អ្នក​​ភូមិ​​​ដាក់ពាក្យ​​​បណ្ដឹង​​​ទៅតុលាការ​​​ប្ដឹង​​​ក្រុមហ៊ុន​​​ដដែល​​​នេះ​​​ពីបទ​​​រាន​​​ដី​​​របស់​​​ពួកគាត់វិញនោះ តុលាការ​​​មិនអើពើ​​​ឡើយ​​​”។

លោក​​​ ហ៊ុយ ជា​​​ម្ចាស់​​​ក្រុមហ៊ុន​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ការ​​​ចោទ​​​ប្រកាន់​​លើ​​​អ្នកស្រី​​​​​​គឺ​ជាការ​​​ត្រឹម​​​ត្រូវ​​​ហើយ​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ” អ្នកស្រី​​​បាន​​​បំពុល​​​គោពីរ​​​ក្បាល​​​ឲ្យ​​​ងាប់​​​ ហើយ​​​ភ័ស្តុតាង​​​ជា​​​ថ្នាំ​​​សម្លាប់​​​សត្វល្អិតដែល​​​ប្រើ​​​ក្នុង​​​ការ​​​សម្លាប់​​​នេះ​​ត្រូវ​​​បាន​​​រក​​​ឃើញ​​​នៅផ្ទះ​​​របស់​​​អ្នកស្រី”។ លោក​​​បាន​​​បដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​បន្ថែមឡើយ​​​៕ សារុន​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស