26 C
Phnom Penh

បក្ស​​​សង្គ្រោះ​​​ជាតិ​​​វាយ​​​ប្រហារ​​​បក្ស​​​ប្រជា​​​ជនកម្ពុជា​​​ក្នុង​​​ពិធី​​​ខួប​​​គម្រប់​​​៦៥​​​ឆ្នាំ​​​នៃការបាត់បង់​​​ទឹកដីខ្មែរកម្ពុជា​​​ក្រោម​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះ​​​សង្ឃ​​​ អ្នក​​​នយោបាយ​​​មក​​​ពី​​​គណបក្ស​​​ប្រឆាំង​​​ និង​​​ឧបាសក​​​ឧបាសិកា​​​រាប់​​​រយ​​​​​​អង្គ-នាក់​​​បាន​​​ជួប​​​ជុំ​​​គ្នា​​​កាល​​​ពី​​​ម្សិលមិញ​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​​​ ដើម្បី​​​ប្រារព្ធ​​​ខួប​​​គម្រប់​​​៦៥​​​ឆ្នាំ​​​នៃ​​​ថ្ងៃ​​​អាណានិគម​​​បារាំង​​​កាត់​​​ទឹក​​​ដី​​​អាណា​​​និគម​​​កូសាំង​​​សីុន​​​របស់​​​ខ្លួន​​​ ដែល​​​រួម​​​មាន​​​ទាំង​​​អតីត​​​ខេត្ត​​​​​​នានា​​​នៅ​​​កម្ពុជា​​​ក្រោម​​​ផង​​​នោះ​​​ ឲ្យ​​​ទៅ​​​ប្រទេស​​​វៀត​​​ណាម​​​ជា​​​ផ្លូវ​​​ការ​​​។ k-krom

កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទ សាលា​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​ចេញ​​​បម្រាម​​​ហាម​​​ឃាត់​​​មិន​​​ឲ្យ​​​វត្ត​​​សាមគ្គី​​​រង្សី រៀបចំ​​​វេទិកា​​​សាធារណៈ​​​នៅ​​​ក្នុង​​​ពិធី​​​នោះ​​​ឡើយ ដោយ​​​ខ្លាច​​​កើត​​​មាន​​​ស្ថាន​​​ភាព​​​តាន​​​តឹង​​​ខាង​​​ពូជ​​​សាសន៍ ប៉ុន្តែ​​​មេដឹកនាំ​​​គណបក្ស​​​ប្រឆាំង​​​ដែល​​​មាន​​​វត្តមាន​​​កាល​​​ពីម្សិលមិញ បាន​​​ឆ្លៀត​​​ឱកាស​​​នេះ​​​រិះគន់​​​រដ្ឋាភិបាល​​​ដោយសេរី​​​ថា រដ្ឋាភិបាល​​​ស្តាប់​​​បង្គាប់​​​វៀត​​​ណាម​​​។

នៅ​​​ខាង​​​ក្នុង​​​វត្ត​​​សាមគ្គី​​​រង្សី ដែល​​​ព្រះ​​​សង្ឃ​​​ប្រហែល​​​៦០​​​ភាគ​​​រយ​​​គង់​​​នៅ​​​វត្ត​​​នេះ​​​ជា​​​ខ្មែរ​​​កម្ពុជា​​​ក្រោម​​​ និង​​​ដែល​​​​​​ជា​​​ញឹក​​​ញាប់​​​គេ​​​មើល​​​ឃើញ​​​ថា ជា​​​កន្លែង​​​ជ្រក​​​កោន​​​​​​សម្រាប់​​​ខ្មែរ​​​កម្ពុជា​​​ក្រោម​​​នោះ  លោក កឹម សុខា អនុ​​​ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​បាន​​​សន្យា​​​យក​​​ថ្ងៃ​​​ទី​​​៤​​​ ខែ​​​មិថុនា​​​ ធ្វើ​​​ជា​​​ថ្ងៃ​​​បុណ្យ​​​ជាតិ​​​ ប្រសិន​​​បើ​​​គណបក្ស​​​ប្រឆាំង​​​ឡើ​​​ង​​​កាន់​​​​​​អំណាច។

បន្ទាប់​​​មក​​​លោក​​​បាន​​​ចាប់​​​ផ្តើម​​​រិះ​​​គន់​​​វៀត​​​ណាម​​​ខ្លាំង​​​ៗ។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​សំដៅ​​​ដល់​​​​​​ពិធី​​​បុណ្យ​​​អុំ​​​ទូក​​​កាល​​​ពី​​​ឆ្នាំ​​​២០១០ ដែល​​​មាន​​​​​​មនុស្ស​​​ចំនួន​​​៣៥៣​​​នាក់​​​បាន​​​ស្លាប់​​​នៅ​​​ក្នុង​​​ហេតុ​​​ការណ៍​​​ផ្អើល​​​រត់​​​ជាន់​​​គ្នា​​​នៅ​​​លើ​​​ស្ពាន​​​កោះ​​​ពេជ្រ​​​ថា ” យើង​​​​​​មើល​​​ឃើញ​​​ថា យួន​​​បាន​​​ប្រើ​​​ប្រាស់​​​គណបក្ស​​​ប្រជាជន​​​កម្ពុជា និង​​​លោក​​​ ហ៊ុន​​​ សែន​​​ ឲ្យ​​​​​​​​​លុប​​​បំបាត់​​​ពូជសាសន៍​​​ខ្មែរ​​​ និង​​​ប្រពៃ​​​ណី​​​ខ្មែរ ហើយ​​​ពេល​​​នេះ​​​ពុក​​​ម៉ែ​​​បង​​​ប្អូន​​​បាន​​​មើល​​​ឃើញ​​​ថា​​​មាន​​​អ្វី​​​កើត​​​ឡើង​​​​​​​​​ចំពោះ​​​ពិធី​​​បុណ្យ​​​អុំ​​​ទូក​​​​​​​​​​​​​​​​​​។ ពួកគេ​​​បាន​​​បង្កើត​​​ឈុត​​​ឆាក​​​ដើម្បី​​​សម្លាប់​​​ខ្មែរ​​​នៅ​​​កោះ​​​ពេជ្រ​​​ ហើយ​​​ប្រើ​​​​​​មូល​​​ហេតុ​​​នោះ​​​ដើម្បី​​​លុប​​​បំបាត់​​​ពិធី​​​​​​បុណ្យ​​​អុំ​​​ទូក​​​របស់​​​យើង​​​”។

ទឹក​​​ដី​​​អាណា​​​និគម​​​កូសាំង​​​សីុន​​​របស់​​​បារាំង​​​ដែល​​​រួម​​​បញ្ចូល​​​ទាំង​​​អតីត​​​ខេត្ត​​​មួយ​​​ចំនួន​​​របស់​​​កម្ពុជាក្រោម ឬ​​​កម្ពុជា​​​ភាគ​​​​​​ខាង​​​ត្បូង​​​ ត្រូវ​​​បាន​​​កាត់​​​​​​ឲ្យ​​​វៀត​​​ណាម​​​ជា​​​ផ្លូវ​​​ការ​​​នៅ​​​ក្នុង​​​ឆ្នាំ​​​១៩៤៩ ប៉ុន្តែ ធាតុ​​​ពិត​​​ទឹក​​​ដី​​​នេះ​​​បាន​​​ស្ថិត​​​ក្រោម​​​ការ​​​គ្រប់​​​គ្រង​​​របស់​​​វៀត​​​ណាម​​​ចាប់​​​តាំង​​​ពី​​​ពាក់​​​កណ្តាល​​​សត​​​វត្សរ៍​​​ទី​​​១៧​​​មក​​​ម្ល៉េះ ដែល​​​នៅ​​​ពេល​​​នោះ​​​មេដឹកនាំ​​​របស់​​​វៀត​​​ណាម​​​បាន​​​កេង​​​ចំណេញ​​​ពី​​​ស្ថាន​​​ភាព​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ដែល​​​ជួប​​​ការ​​​បះ​​​បោរ​​​ផ្ទៃ​​​ក្នុង។

ចាប់​​​តាំង​​​ពី​​​រដ្ឋាភិបាល​​​ក្រុង​​​ហាណូយ​​​គ្រប់​​​គ្រង​​​មក​​​ ខ្មែរ​​​ក្រោម​​​ដែល​​​រស់​​​នៅ​​​ក្នុង​​​ប្រទេស​​​វៀត​​​ណាម​​​ ដែល​​​គេ​​​ជឿ​​​ថា មាន​​​ចំនួន​​​រហូត​​​ដល់​​​ទៅ​​​ជាង​​​១​​​លាន​​​នាក់​​​នោះ បាន​​​រង​​​ការ​​​គា​​​ប​​​សង្កត់​​​យ៉ាង​​​ខ្លាំង​​​ ដោយ​​​មាន​​​ពេល​​​ខ្លះ​​​ជំនឿ​​​សាសនា​​​របស់​​​ពុទ្ធ​​​សាសនិក​​​ និ​​ង​​​អក្សរ​​​សាស្ត្រ​​​ខ្មែរ​​​ត្រូវ​​​បាន​​​ប្រកាស​​​ឲ្យ​​​នៅ​​​ក្រៅ​​​ច្បាប់​​​ទៀត​​​ផង​​​។

នៅ​​​ឯ​​​វត្ត​​​សាមគ្គី​​​រង្សី​​​កាល​​​ពីម្សិលមិញ លោក សម រង្ស៊ី ប្រធាន​​​គណបក្ស​​​សង្គ្រោះ​​​ជាតិ​​​ក៏​​​បាន​​​រិះ​​​គន់​​​ដែរ​​​ថា កម្ពុជា​​​ស្ថិត​​​ក្រោម​​​ការ​​​បង្គាប់​​​បញ្ជា​​​របស់​​​វៀត​​​ណាម​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​សំដៅ​​​ដល់​​​ការ​​​ទន្ទ្រាន​​​ចូល​​​ព្រំ​​​ដែន​​​ថា ” គណបក្ស​​​ប្រជា​​​ជន​​​កម្ពុជា​​​អនុញ្ញាត​​​ឲ្យ​​​រដ្ឋា​​​ភិ​​​បាល​​​វៀត​​​ណាម​​​រំកិល​​​ព្រំដែន​​​ចូល​​​ទឹក​​​ដី​​​កម្ពុជា​​​”។

​​​​​​​​​​​​​​​​​​​ លោក​​​ សឺន​​​ ស៊ូប៊ែរ្តិ៍ សមាជិក​​​បក្ស​​​ប្រឆាំង​​​ដ៏​​​សំខាន់​​​មួយ​​​រូប​​​​​​​​​ដែល​​​មាន​​​ប្រវត្តិ​​​ចេញ​​​ពី​​​គ្រួ​​​សារ​​​កម្ពុជា​​​ក្រោម  បាន​​​មាន​​​ប្រសាសន៍​​​ទៅ​​​កាន់​​​អ្នក​​​ចូល​​​រួម​​​ប្រហែល​​​៦០០អង្គ​​​-នាក់​​​ដោយ​​​​​​ផ្តោត​​​លើ​​​ព្រះ​​​បរម​​​រតន​​​កោដ្ឋ​​​សម្តេច​​​ឪ​​​ នរោត្តម សីហនុ ដែល​​​លោក​​​មាន​​​ប្រសាសន៍​​​ថា ជា​​​អ្នក​​​គាំទ្រ​​​ដ៏​​​មោះ​​​មុត​​​​​​ចំពោះ​​​ខ្មែរ​​​ក្រោម​​​​​​​​​​​​​​​។

លោក សឺន ស៊ូប៊ែរ្តិ៍ ដែល​​​ជា​​​កូន​​​ប្រុស​​​របស់​​​​​​លោក​​​តា សឺន​​​ សាន​​​ អតីត​​​នាយក​​​រដ្ឋ​​​មន្ត្រី​​​ និង​​​ជា​​​មេដឹកនាំ​​​ចលនា​​​ប្រឆាំង បាន​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា ” សម្តេច​​​ឪ នរោត្តម​​​ សីហនុ​​​ បាន​​​ទាម​​​ទារ​​​ឲ្យ​​​មាន​​​ការ​​​ទទួល​​​ស្គាល់​​​កម្ពុជា​​​ក្រោម​​​ជា​​​ទឹក​​​ដី​​​របស់​​​ព្រះរាជាណាចក្រ​​​កម្ពុជា​​​”។

អ្នក​​​អង្គ​​​ម្ចាស់ សីុសុវត្ថិ ពង្ស​​​នារី​​​មុនី​​​ពង្ស ព្រះ​​​រាជ​​​តំណាង​​​ព្រះ​​​បរម​​​រាជ​​​វាំង​​​ បាន​​​ឡើង​​​ថ្លែង​​​បិទ​​​​​​ពិធី​​​នេះ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ ដោយ​​​មាន​​​បន្ទូល​​​ថា អ្នក​​​អង្គ​​​ម្ចាស់​​​ “មិន​​​សរសើរ​​​ ហើយ​​​ក៏​​​មិន​​​បន្ទោស​​​ដែរ​​​” ចំពោះ​​​វាគ្មិន​​​ឡើង​​​និយាយ​​​ ឬបញ្ហា​​​នានា​​​ដែល​​​ត្រូវ​​​បាន​​​លើក​​​មក​​​ពិភាក្សា​​​។ អ្នក​​​អង្គ​​​ម្ចាស់​​​មាន​​​បន្ទូល​​​ទៀ​​​តថា  ” ខ្ញុំ​​​មិន​​​ពាក់​​​ព័ន្ធ​​​នឹង​​​នយោបាយ​​​ទេ ខ្ញុំ​​​គ្រាន់​​តែ​​​ចង់​​​រំឭក​​​ថា យើង​​​ធ្វើ​​​ពិធីបុណ្យ​​​តាម​​​ព្រះ​​​ពុទ្ធ​​​សាសនា”។

លោក ឡុង​​​ ឌីម៉ង់ អ្ន​​​ក​​​នាំ​​​ពាក្យ​​​សាលា​​​រាជធានី​​​ភ្នំពេញ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា ពិធី​​​កាល​​​ពី​​​ម្សិលមិញ​​​នេះ​​​បាន​​​បំពាន​​​នឹង​​​បម្រាម​​​មិន​​​ឲ្យ​​​មាន​​​វេទិកា​​​សាធារណៈ៕ សុខុម​​​​​​​​​​​​​​​

​​​

​​​

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស