30 C
Phnom Penh

បន្ទាប់ពី​ការ​លាលែង​ពីតំណែង​របស់​លោកស្រី ម៉ម សូម៉ាលី អង្គការ​ក្រៅ​រដ្ឋាភិបាល​ព្រួយ​បារម្ភអំពីអនាគត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅពេល​រឿង​​​រ៉ាវ​​​បាន​​​ស្ងប់​​​​ បន្ទាប់ពី​លោកស្រី ម៉ម សូម៉ាលី ​លាលែង​ពី​​​តំណែង​ជា​ប្រធាន​នៃ​​​មូល​​​និធិ​សង្គ្រោះ​ស្ត្រី​រងគ្រោះ​​​​កាលពី​សប្ដាហ៍​មុន​ អង្គការ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​កំពុង​ព្រួយ​បារម្ភ​ខ្លាច​ក្រែង​រឿង​អាស្រូវ​របស់​លោកស្រី​​អាច​ជះឥទ្ធិពល​ដល់​កេរ្តិ៍​ឈ្មោះ​​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​ នៅ​ក្នុង​​វិស័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្សនេះ​។

ការ​លាលែង​ពី​តំណែង​របស់​លោកស្រី ម៉ម សូម៉ាលី បាន​កើតឡើង​បន្ទាប់ពី​​អត្ថបទ​មួយ​នៅ​ក្នុង​ទស្សនាវដ្ដី​ញូវស៍វីក (Newsweek) បាន​ទម្លាយ​ការ​ភូត​កុហក​​​ទាក់​ទិន​នឹង​ប្រវត្តិ​ផ្ទាល់​ខ្លួន​របស់​​លោកស្រី​ ម៉ម សូមាលី ក៏ដូច​ជា​ប្រវត្តិ​របស់​ស្ត្រីវ័យ​ក្មេង​ដែល​មូលនិធិ​របស់​លោកស្រី​បាន​ជួយ​សង្គ្រោះ​ផង​ដែរ។ មុន​ពេល​ទស្សនាវដ្ដី​ញូវស៍វីក បាន​ចេញ​ផ្សាយ​អត្ថបទ​ដែល​សរសេរ​ដោយ​លោក Simon Marks អតីត​និពន្ធនាយក​​របស់​កាសែត​ ខេមបូឌា ដេលី មូល​និធិ​ ម៉ម សូម៉ាលី បាន​ស្នើ​ឲ្យ​មាន​ការ​​ស៊ើប​អង្កេត​ឯករាជ្យ​​មួយ​លើ​សេចក្ដីរាយការណ៍​​​ដែល​ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​ទំព័រ​កាសែត​នេះ​ទាក់ទិន​នឹង​រឿង​ដែល​ថា លោកស្រី ម៉ម សូម៉ាលី បាន​ជួយ​ប្រឌិត​រឿង​ទុក្ខវេទនា​របស់​ក្មេង​ស្រី​ដែល​ស្ថិត​ក្រោម​ការ​មើល​ថែទាំពី​មូល​និធិ​របស់​លោកស្រី។

ប៉ុន្តែ​នៅ​ពេល​អង្គការ​នេះ​នៅ​តែ​មិន​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​​​ឯក​រាជ្យ​ និង​ទន្ទឹម​នឹង​មាន​ការ​លាលែង​ពី​​​តំណែង​របស់​លោកស្រី ម៉ម សូម៉ាលី​ ផង​នោះ អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​​​ដែល​មាន​មូល​ដ្ឋាន​នៅ​ក្នុង​ប្រទេស​កម្ពុជា​​បាន​លើក​ឡើង​​​នៅ​ក្នុង​សប្ដាហ៍​នេះ​ថា ពួកគេ​កំពុង​តែ​ព្រួយ​បារម្ភ​អំពី​ផល​ប៉ះ​​​ពាល់​​​ដល់​ការ​ងារ​របស់​ខ្លួន​។

លោក សំលៀង សិលា នាយក​ប្រចាំ​ប្រទេស​នៃ​អង្គការ​សកម្មភាព​ដើម្បី​កុមារ​ (APLE) ជា​អង្គការ​ដែល​​​ធ្វើការ​ដើម្បី​​ទប់​ស្កាត់​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​លើ​កុមារ​ បាន​ឲ្យ​ដឹង​ថា លោក​កំពុង​ព្រួយ​​បារម្ភ​ខ្លាច​ក្រែង​បញ្ហា​នេះ​អាច​ប៉ះពាល់​ដល​់​កេរ្តិ៍ឈ្មោះ​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល ដែល​កំពុង​ធ្វើការ​នៅ​ក្នុង​វិស័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​។

លោក​បានមាន​ប្រសាសន៍​ថា ” វា​អាច​ជា​សារ​មួយ​ដែល​​ធ្វើ​ឲ្យ​មាន​ការ​យល់​ច្រឡំយ៉ាង​ខ្លាំង​ចំពោះ​ការ​ជួញ​ដូរ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ចំនួន​នៃ​ជន​រង​គ្រោះ​ ហើយ​ថា​តើ​នរណា​ជា​ជន​រង​គ្រោះ​។ វា​អាច​បង្កើត​ឲ្យ​មាន​ការ​យល់​ច្រឡំអំពី​ការ​ជួយ​ដល់​ជន​រង​គ្រោះ​ទាំង​នោះ ពីព្រោះ​​គេ​នឹង​គិត​ម្ដង​ទៀត​ថា តើ​ជន​រងគ្រោះ​មួយ​​ចំនួន​ដែល​អង្គការ​ និង​មូលនិធិ​បានជួយ​ពិត​ជា​ជន​រង​គ្រោះ​ពិត​ប្រាកដ​មែន​ឬក៏អត់​ ហើយ​វា​អាច​នឹង​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​ការ​ជួយ​សង្គ្រោះ​ចំពោះ​ជន​រង​គ្រោះពិត​ប្រាកដ​ ពីព្រោះ​ម្ចាស់​ជំនួយ​អាច​នឹង​ដក​ទំនុក​ចិត្ត​របស់​ខ្លួន​”។

លោក គង់ សុឃឿន នាយក​​ប្រតិបត្តិ​នៃ​អង្គការប្រឆាំង​អំពី​​អនាចារ និង​ការ​ជួញដូរ​កុមារ (Ecpat) ក៏មាន​ការ​ព្រួយ​បារម្ភ​ដូច​នេះ​ដែរ​ ហើយ​លោក​បាន​លើក​ឡើង​ថា ទំនុក​ចិត្ត​របស់​ម្ចាស់​ជំនួយ​អាច​នឹង​បាត់​បង់ទៅ​ ដោយ​មិន​​អាច​ទាក់ទាញ​ត្រឡប់​មក​វិញ​បានឡើយ​។

លោក​បាន​មាន​ប្រសាសន៍​ថា ទាក់​ទិន​នឹង​មូល​និធិ​គឺ​ពីដើម​ឡើយ​យើង​ធ្លាប់​ទទួល​បាន​មូល​និធិ​ពី​មូល​និធិ​ ម៉ម សូម៉ាលី។ ប៉ុន្តែ​ចំពោះ​យោបល់​ផ្ទាល់​ខ្លួន​របស់​ខ្ញុំវិញ​ ខ្ញុំគិត​ថា ម្ចាស់​ជំនួយ​មួយ​ចំនួន​នឹង​លែង​មាន​ទំនុក​ចិត្ត​ក្នុង​ការ​ផ្ដល​់​ប្រាក់​ដល់​មូលនិធិ​ ម៉ម សូម៉ាលី ទៀត​ហើយ​ ហើយ​បន្ទាប់​មក​គេ​មិន​អាច​ផ្ដល់​ជំនួយ​មក​ឲ្យ​យើង​បាន​ទេ”។

បញ្ហា​ទាក់ទិន​នឹង​ការ​ជួញដូរ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ក៏​ធ្លាប់​ត្រូវ​បាន​គេ​លើក​ឡើង​ជា​ច្រើន​ឆ្នាំ​មក​ហើយ​ផង​ដែរ​។ ចំនួន​នៃ​មនុស្ស​ដែល​រង​ផល​ប៉ះពាល់​ដោយ​សារ​ការ​ជួញដូរ​មនុស្ស​មាន​ការ​ប្រែ​ប្រួល​ចន្លោះពី​រាប់​ពាន់​នាក់​ទៅ​រាប់​រយ​ពាន់​នាក់​។

ទិន្នន័យ​ដែល​ប្រមូល​នៅ​ក្នុង​ឆ្នាំ​២០០៨ ដោយ​លោក​ ថូម៉ាស ស្តេន​ហ្វេត (Thomas Steinfatt) សាស្ត្រាចារ្យ​ផ្នែក​ស្ថិតិ​នៅ​សាកល​វិទ្យាល័យ​ម៉ាយអាមី (Miami) បាន​ប៉ាន់​ប្រមាណ​​​​ថា ចំនួន​នៃ​ជន​រង​គ្រោះ​ដោយ​សារ​ការ​ជួញដូរ​មនុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​​មាន​ចំនួន​១.០៥៨​នាក់​។

នៅពេល​និយាយ​តាម​ទូរស័ព្ទ​ពី​សហរដ្ឋអាមេរិក​មក​កាលពីម្សិលមិញ លោកបាន​លើក​ឡើង​ថា ចំនួន​នៃ​ជន​រង​គ្រោះ​ទាំង​នោះ​នៅ​តែ​មិន​ប្រែ​ប្រួល​។ ​លោក​បាន​លើក​ឡើង​បន្ត​ថា បញ្ហា​ទាក់​ទិន​នឹង​ការ​ជួញដូរ​មនុស្ស​គួរតែ​ត្រូវ​បាន​ដោះ​ស្រាយ​ឲ្យ​បាន​ខ្លាំង​ក្លា ហើយ​វា​ជា​បញ្ហា​ដែល​សំខាន់​ជាង​កា​រវិភាគ​ដែល​ចង់​ដឹង​​ថា តើ​មូលនិធិ​ចំនួន​ប៉ុន្មាន​ឲ្យ​ពិត​ប្រាកដ​ដែល​ត្រូវ​បាន​​ប្រើ​ប្រាស់​ដើម្បី​ជួយ​ជន​រងគ្រោះនោះ​​​។

លោក​បាន​មាន​ប្រសាសន៍​ថា “វាពិត​ជា​មាន​បញ្ហា​មែន​ទាក់​ទិន​នឹង​ការ​ជួញដូរ​មនុស្ស​។ ប្រសិន​បើ​អ្នក​ឬក៏ខ្ញុំ​ក្បត់​នឹង​ឆន្ទៈ​របស់​យើង​ចំពោះ​ការ​ជួញដូរ​មនុស្ស​ នោះ​គឺ​ជា​បញ្ហា​ដ៏ធំ។ វា​មិន​អាស្រ័យ​លើ​ចំនួន​នៃ​ជន​រងគ្រោះ​នោះទេ ឲ្យ​តែ​មាន​ជន​រងគ្រោះ​គឺ​យើង​ត្រូវ​តែ​ជួយ”។

ទាក់ទិន​នឹង​អនាគត​នៃ​ការ​ប្រឆាំង​នឹង​ការ​ជួញដូរ​មនុស្ស លោកសាស្ត្រាចារ្យ​ ស្តេហ្វេត ដែលរៀប​រាប់​​ថា លោកស្រី ម៉ម សូម៉ាលី គឺ​ជា​​​បុគ្គល​ពុក​រលួយ​ដូច​ដែល​យើង​អាច​បាន​ឃើញ​ហើយ​នោះ បាន​មាន​ប្រសាសន៍​ថា លោក​សង្ឃឹម​ថា ” មនុស្ស​ដែល​និយាយ​ថា ខ្លួន​ចាប់​អារម្មណ៍​នៅ​ក្នុង​ការ​ជួយ​សង្គ្រោះ​​​មនុស្ស​ប្រាកដ​ជា​​នឹង​​​ធ្វើ​រឿង​នេះ​​”។

លោក ប៉ែន ឈុន​ហេង ឪពុក​មា​​​របស់​លោកស្រី ម៉ម សូម៉ាលី បាន​ឲ្យ​ដឹង​កាលពី​សប្ដាហ៍​មុន​ថា គាត់​សោក​ស្ដាយ​ណាស់​ដែល​តំណែង​របស់​លោកស្រី​នៅ​មូលនិធិ​ ម៉ម សូម៉ាលី ត្រូវ​បាន​បញ្ចប់​ ហើយ​គាត់​ជឿជាក់​ថា ប្រហែល​ជាមាន​ ” នរណា​ម្នាក់​ច្រណែន​នឹង​លោក​ស្រី” ហើយ​ចង់​ធ្វើ​ឲ្យ​ “ខូច​កេរ្តិ៍​ឈ្មោះ​របស់​​លោកស្រី”។

ប៉ុន្តែ​រឿងអាស្រូវ​ដែល​​ពាក​់ព័ន្ធ​ដោយ​ផ្ទាល់​ចំពោះ​​លោកស្រី ម៉ម សូម៉ាលី ​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​យ៉ាង​សុស​​​សាយ​ទៅហើយ​ឥឡូវ​នេះ​ ហើយ​រឿង​អាស្រូវ​នេះ​វា​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ពីការ​អនុវត្ត​គ្មាន​ក្រម​សីលធម៌ ដែល​ជួន​កាល​​ត្រូវ​បាន​គេ​ប្រើ​ប្រាស់​ដើម្បី​ទទួល​បាន​មូល​និធិ​សម្រាប់​វិស័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​។

នៅក្នុង​ករណី​របស់​លោកស្រី ម៉ម សូម៉ាលី នេះ​ លោកស្រី​ត្រូ​វ​បាន​គេ​ចោទ​ប្រកាន់​ថា បាន​ប្រឌិត​អំពី​រឿង​រា៉វ​របស់​ស្ត្រី​វ័យ​ក្មេង​យ៉ាង​តិច​ចំនួន​ពីរ​នាក់ ហើយ​បង្រៀន​ពួកគេ​ឲ្យ​ចេះ​ភូត​កុហក​ប្រព័ន្ធផ្សាព្វផ្សាយ​អន្តរជាតិ​ថែម​ទៀត​។ រឿង​លម្អិត​ជាច្រើន​នៅ​ក្នុង​ប្រវត្តិ​របស់​លោកស្រី​​ក្នុង​រឿង​មួយ​​​មាន​​​ចំណង​​​ជើង​​​ថា “The Road of Lost Innocence” ក៏​ត្រូវ​បាន​គេ​រក​ឃើញ​ថា មាន​ការ​​ប្រឌិត​ ជាមួយ​នឹង​ការ​អះអាង​ដែល​លោក​ស្រី​បាន​​ធ្វើ​ឡើង​អំឡុង​ការ​ថ្លែង​សុន្ទរកថា​ចំពោះ​មុខ​មហាសន្និបាត​អង្គការ​សហ​ប្រជាជាតិ​ផង​ដែរ​។

នៅពេល​ភាព​ល្បីល្បាញ​របស់​លោកស្រី​បាន​កើន​ឡើង​ ជំនួយ​សម្រាប់​មូលនិធិ​ ម៉ម សូម៉ាលី ក៏ត្រូវ​បាន​គេ​ឃើញ​ថា មាន​ការ​កើន​ឡើង​ដូច​គ្នា​។ យោងតាម​របាយការណ៍​ហិរញ្ញ​វត្ថុ​ដែល​​ត្រូវ​បាន​ដាក់ជូន​​ទៅ​កាន់​ទីភ្នាក់​ងារ​ប្រាក់ចំណូល​ផ្ទៃ​ក្នុង​សហរដ្ឋអាមេរិក​ (US International Revenue Service)បាន​ឲ្យ​ដឹង​ថា កាល​ពី​​ឆ្នាំ​២០០៨ ការ​ចំណាយ​របស់​មូលនិធិ​ ម៉ម សូម៉ាលី មាន​ចំនួន​៣៤៨.២៨៣​ដុល្លារ​។ហើយ​បើ​គិត​មក​ត្រឹម​ឆ្នាំ​២០១១​ ការ​ចំណាយ​នេះ​បាន​កើន​ឡើង​ដល់​៣,៥៣​លាន​ដុល្លារ​។ លោកស្រី ម៉ម សូម៉ាលី ដែល​មិនទទួ​ល​បាន​អ្វី​សោះពី​មូលនិធិ​របស់​លោកស្រី​នៅក្នុង​ឆ្នាំ​២០០៨​ រក​បាន​ប្រាក់​ចំនួន​៨៥.០០០​ដុល្លារ​នៅ​ក្នុង​ឆ្នាំ​២០០៩ និង​​៩៦.០០០​ដុល្លារ​នៅ​ក្នុង​ឆ្នាំ​២០១០​ ហើយ១២៥.៦៤២​ដុល្លារ​ក្នុង​ឆ្នាំ​២០១១​។

លោកស្រី ហេលេន ស្វន (Helen Sworn) ស្ថាបនិក​អង្គការ​ចាប់​ដៃ​ (Chab Dai)ជា​សម្ព័ន្ធ​នៃ​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចំនួន​៥៨ ​ដែល​ធ្វើការ​ដើម្បី​បញ្ចប់​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​ និង​ការ​ជួញដូរ​មនុស្ស បាន​លើក​ឡើ​ង​ថា បន្ទាប់ពី​ភាព​ល្បី​ល្បាញ​របស់​លោកស្រី ម៉ម សូម៉ាលី បាន​ធ្លាក់​ចុះ​ អង្គការ​ដែល​ធ្វើការ​នៅ​ក្នុង​ផ្នែក​កា​រ​ជួញដូរ​មនុស្ស​គួរ​តែ​ខិត​ខំ​ចាត់វិធានការ​ដើម្បី​សិក្សា​ខ្លួន​ឯង​ឲ្យ​បាន​ច្បាស់​​។

លោកស្រី​បានមាន​ប្រសាសន៍​កាលពីម្សិលមិញ​ថា “​វា​ក្លាយ​ទៅ​ជា​ចលនា​នៃ​ភាព​ល្បី​ល្បាញ​ ពោល​គឺ​ភ្លេច​ពី​សារៈសំខាន់​នៃ​ចលនា​ទៅហើយ​។ យើង​បាន​ដើរ​ចេញ​ឆ្ងាយ​ពី​ក្រប​ខណ្ឌ​សិទ្ធិមនុស្ស​ ហើយ​ធ្លាក់​ចូល​ក្នុង​ក្របខណ្ឌ​នៃ​ភាព​អស្ចារ្យ​ទៅវិញ​។ នេះ​គឺ​ជា​ការ​សោក​ស្ដាយ​យ៉ាង​ខ្លាំង​បំផុត​របស់​ខ្ញុំ​ វា​មិនមែន​ជា​រឿង​ត្រឹម​ត្រូវ​ដែល​ត្រូវ​ធ្វើ​នោះទេ”។

លោកស្រី​បាន​លើ​ក​ឡើង​ទៀត​ថា ការ​ផ្ដោត​ក្នុង​ពេល​ឥឡូវ​នេះ​គួរតែ​ផ្ដោត​ទៅ​លើការ​វាយ​តម្លៃ​សេចក្តី​​​សុចរិត​​​នៃ​កម្មវិធី​ និង​ផ្ដោត​លើ​ការ​ទទួល​ស្គាល់​ការ​យល់ឃើញ​ខុស​ដែល​លើក​តម្កើង​លោកស្រី​ ម៉ម សូម៉ាលី ឲ្យ​ក្លាយ​ជា​បុគ្គល​ល្បី​។

លោកស្រី​បានមាន​ប្រសាសន៍​ថា ” វា​គឺ​ជា​រឿង​ស្មុគ​ស្មាញ​របស់​បុគ្គល​ធ្វើ​ការ​ផ្នែក​សង្គ្រោះ។ យើង​ត្រូវ​តែ​ចេញ​ឲ្យ​ឆ្ងាយ​ពី​បញ្ហា​នេះ​”៕ ស៊ុយ​​​ឈាង​​​​​​​​​​​​​​

 

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស