កាលពីម្សិលមិញ ជនជាតិដើមភាគតិចមួយក្រុមមានគ្នាប្រហែល៣០នាក់ដែលមកពីខេត្តផ្សេងៗគ្នាចំនួនប្រាំពីរ បានមកជួបជុំគ្នាដើម្បីចូលរួមសិក្ខាសាលាមួយនៅមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-កូរ៉េ (CKCC) ដើម្បីពិភាក្សាអំពីបញ្ហាដែលស្ត្រីនៅក្នុងសហគមន៍របស់ពួកគេកំពុងជួបប្រទះ។
ជាងមួយទសវត្សរ៍កន្លងមកហើយ សហគមន៍ជនជាតិដើមភាគតិចមួយចំនួនបានបាត់បង់ឱកាសប្រើប្រាស់ធនធានធម្មជាតិ ត្រូវបានគេបណ្ដេញចេញពីដីស្រែហើយឱកាសរកប្រាក់ចំណូលរបស់ពួកគាត់ក៏បាត់បង់ដែរ ដោយសារការកាប់បំផ្លាញព្រៃឈើយ៉ាងឆាប់រហ័ស ការផ្ដល់ដីសម្បទានសេដ្ឋកិច្ច និងដោយសារការសាងសង់ទំនប់វារីអគ្គិសនី។
អ្នកស្រី បេ ដេង អាយុ៤៦ឆ្នាំជាអ្នកភូមិជនជាតិដើមភាគតិចព្នងមកពីឃុំប៊ូស្រា ខេត្តមណ្ឌលគិរី បាននិយាយថា គាត់បានមកចូលរួមសិក្ខាសាលានេះ ព្រោះសព្វថ្ងៃគាត់កំពុងជាប់ពាក់ព័ន្ធនឹងជម្លោះដីធ្លីជាមួយក្រុមហ៊ុន Socfin-KCD ជាក្រុមហ៊ុនចម្ការកៅស៊ូគ្រប់គ្រងដោយបារំាង។ គាត់មានកូនចំនួនប្រាំពីរនាក់ ដែលមានអាយុចន្លោះពី៧ឆ្នាំដល់២៣ឆ្នាំ ប៉ុន្តែគាត់មានលទ្ធភាពបញ្ជូនកូនទៅរៀនបានតែបួននាក់ប៉ុណ្ណោះ។
អ្នកស្រី ដេង បាននិយាយថា ” ខ្ញុំគ្មានដីដើម្បីធ្វើស្រែទៀតឡើយ។ បន្ទាប់ពីបាត់បង់ដីធ្លី ខ្ញុំចេះតែក្រទៅៗ”។
ចំណែកឯអ្នកភូមិជនជាតិកួយម្នាក់ទៀតឈ្មោះ នួន ម៉ុញ អាយុ៦៣ឆ្នាំមកពីឃុំព្រះមេរុ ខេត្តព្រះវិហារ បានលើកឡើងថា គ្រួសាររបស់គាត់បានបាត់បង់ដីស្រែដោយសារការទន្ទ្រានយកដីពីសំណាក់ក្រុមហ៊ុនចិន Rui Feng និងក្រុមហ៊ុន Lan Feng ដែលរដ្ឋាភិបាលបានផ្ដល់ដីសម្បទានសេដ្ឋកិច្ចឲ្យនៅក្នុងតំបន់នោះ។
អ្នកស្រី ម៉ុញ បាននិយាយថា ” ក្រុមហ៊ុនបានបង្ហាញឯកសារដល់ពួកយើង ហើយនិយាយថា ពួកគេអាចប្រើប្រាស់ដីនេះ។ ពួកគេបាននិយាយថា ពួកគេនឹងមិនឈប់ដាំដុះ ឬជីកគាស់កាយឡើយ លុះត្រាតែអាជ្ញាធរឃុំ ស្រុក និងខេត្តបញ្ឈប់ពួកគេ”។
កាលពីខែមករា អ្នកស្រី ម៉ុញ និងអ្នកផ្សេងៗទៀតនៅក្នុងសហគមន៍បានដាក់ញត្តិសុំដីពួកគាត់ត្រឡប់មកវិញទៅកាន់ស្ថាប័នចំនួនប្រាំបី រួមទាំង ក្រសួងមហាផ្ទៃ ព្រះបរមរាជវាំង និងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីផងដែរ។ អ្នកស្រី ម៉ុញ បានឲ្យដឹងថា គ្រួសារទាំងនេះមិនទាន់ទទួលបានការឆ្លើយតបណាមួយនៅឡើយទេ។
យោងតាមសេចក្ដីប្រកាសព័ត៌មានមួយ ដែលត្រូវបានធ្វើឡើងមុនពេលបើកសិក្ខាសាលាបានឲ្យដឹងថា កាលពីម្សិលមិញ គឺជាថ្ងៃដំបូងនៃសន្និសីទចំនួនបីថ្ងៃ ដែលជួយធ្វើឲ្យសហគមន៍ជនជាតិដើមភាគតិចបានមកជួបជុំគ្នា ដើម្បីពិភាក្សាអំពីបញ្ហាដែលពួកគេបានជួបប្រទះដូចៗគ្នា និង ” ដើម្បីពង្រឹងសមត្ថភាពស្ត្រីជនជាតិដើមភាគតិចឲ្យមានភាពកាន់តែល្អប្រសើរនៅក្នុងការតស៊ូមតិដើម្បីសិទ្ធិរបស់ខ្លួន និងការទទួលស្គាល់អំពីតួនាទីដ៏សំខាន់របស់ពួកគាត់នៅក្នុងសហគមន៍ខ្លួន”។
ក្រុមជនជាតិដើមភាគតិចទាំងនេះនឹងលើកឡើងនៅបញ្ហាលំបាករបស់ខ្លួននៅថ្ងៃស្អែក ហើយដាក់ជូនទៅកាន់ស្ថាប័នរដ្ឋាភិបាលពាក់ព័ន្ធនៅសប្ដាហ៍នេះ៕ ស៊ុយឈាង