សារព័ត៌មានមួយនៅក្រុងបាងកកបានរាយការណ៍កាលពីម្សិលមិញថា កាលពីថ្ងៃអង្គាររដ្ឋាភិបាលយោធាថៃបានគំរាម ” តាមចាប់ ” លោក ចក្រភព ផែនខែ (Jakrapob Penkair)ជាមេដឹកនាំរត់គេចខ្លួននៃចលនា ” ក្រុមអាវក្រហម” ដែលបាននិរទេសខ្លួនមករស់នៅក្នុងក្រុងភ្នំពេញតាំងពីឆ្នាំ២០០៩មក។
យោងតាមកាសែតបាងកក ប៉ុស្តិ៍បានឲ្យដឹងថា លោក វីនថៃ ស៊ូវ៉ារី (Winthai Suvaree) អ្នកនាំពាក្យរដ្ឋាភិបាលយោធាដែលបានគ្រប់គ្រងប្រទេសថៃចាប់តាំងពីរដ្ឋប្រហារថ្ងៃទី២២ ខែឧសភាមក បាននិយាយថា យោធាកំពុងពិនិត្យតាមដានលោក ចក្រភព ។
អត្ថបទកាសែតនេះបានរាយការណ៍ថា ” លោក វីនថៃ ស៊ូវ៉ារី បាននិយាយថា អាជ្ញាធរកំពុងតាមដានលោក ចក្រភព និងកំពុងពិចារណាតាមចាប់គាត់ បន្ទាប់ពីមានសេចក្តីរាយការណ៍ព័ត៌មានមួយអំពីផែនការរបស់គាត់បង្កើតអង្គការប្រឆាំងរបបយោធាមួយនៅក្រៅប្រទេស” ។ កាសែតមិនបានដកស្រង់សម្តីវរសេនីយ៍ឯក វីនថៃ ដោយផ្ទាល់ទេ ប៉ុន្តែ បានកត់សម្គាល់ឃើញថា យោធាមិនអាចធ្វើការបញ្ជាក់ពីទីកន្លែងរបស់លោក ចក្រភព ដែលធ្វើដំណើរជាញឹកញាប់នោះបានទេ។
លោក ចក្រភព បានឲ្យដឹងក្នុងបទសម្ភាសមួយនៅរាជធានីភ្នំពេញកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនថា ក្រុមមេដឹកនាំអាវក្រហមសំខាន់ៗនឹងប្រកាសឲ្យដឹងនៅខែនេះអំពីការបង្កើតអង្គការតស៊ូមួយលើទឹកដីបរទេសដើម្បីប្រឆាំងរបបយោធាកាន់អំណាច។
លោកបាននិយាយថា ក្រុមតស៊ូនេះអាចឈានទៅដល់ការបង្កើតរដ្ឋាភិបាលនិរទេសមួយ។ គេមិនអាចទាក់ទងលោក ចក្រភព បានទេកាលពីម្សិលមិញ៕មានិត