32 C
Phnom Penh

នគរបាលចាប់ខ្លួនមនុស្សប្រាំពីរនាក់​ក្នុងការ​បង្កើត​​ប៉ុស្តិ៍ត្រួតពិនិត្យ​​ខុស​ច្បាប់​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្ស្លិលមិញ នគរបាល​នៅក្នុងខេត្តកំពង់ធំ​បាន​ចាប់ខ្លួន​​មនុស្ស​ប្រាំពីរនាក់​​ ដែល​តាម​ចោទថា​ជាប់ពាក់ព័ន្ធ​​ក្នុងការ​បង្កើត​ប៉ុស្តិ៍ត្រួត​​ពិនិត្យ​ខុស​ច្បាប់​ ចំណែក​​​អ្នក​​ទី៨​​ដែល​​រត់គេច​ខ្លួនទាំង​​​ជាប់​​​ខ្នោះ​ដៃ នៅមិនទាន់​ចាប់ខ្លួនបាន​នៅឡើយទេ។

លោក កែ ខាន់ណារ៉ា ស្នងការរង​នគរបាល​ខេត្ត​​បានឲ្យដឹងថា មុនម៉ោង​៧ព្រឹក​បន្តិច កម្លាំង​ចម្រុះ​មួយក្រុម ​មាន​នគរបាល​និង​កងរាជ​អាវុធហត្ថ ​បាន​ចុះ​ទៅ​ដល់​​ប៉ុស្តិ៍ត្រួត​ពិនិត្យ​ខុស​ច្បាប់​មួយ​កន្លែង​​ ដែល​មាន​កម្លាំងកង​រាជអាវុធ​ហត្ថ​​​បួននាក់ អ្នក​កាសែត​​ម្នាក់ បុគ្គលិក​អង្គការ​ក្រៅរដ្ឋាភិបាល​ម្នាក់ និង​មន្ត្រីបរិស្ថានស្រុក​ម្នាក់​ ​ដោយ​​ធ្វើការ​​ចាប់​ខ្លួន​ដោយ​ជោគ​ជ័យ លើកលែងតែ​​​អ្នកកាសែត​។

​​លោក ខាន់​ណា​រ៉ា ​បាន​បន្ថែមថា នៅពេល​​ជិតថ្ងៃត្រង់ ​​អ្នកកាសែតទី២ម្នាក់ទៀតត្រូវបា​ន​ចាប់​​ខ្លួន​​នៅ​​ទីតាំង​ដោយ​ឡែក​មួយទៀត។

លោកបានមានប្រសាសន៍ថា ” យើងបាន​បង្ក្រាប​មនុស្សទាំងនេះ​ ពីព្រោះ​​​ពួកគេ​​​បាន​បង្កើត​ប៉ុស្តិ៍ត្រួតពិនិត្យ​ និងទារប្រាក់​​​ពីអ្នក​បើកបរ​ និងអ្នក​ដំណើរ​​​ ​ដោយគ្មានការ​​អនុញ្ញាត”។

“ជានិច្ចកាល អាជ្ញាធរ​តែង​​តែ​​អប់រំអង្គភាព​​ទាំង​​អស់​នេះ​[កងរាជអាវុធហត្ថ​ ​អង្គការ​ក្រៅ​រដ្ឋាភិបាល ក្រុមមន្ត្រី] អំ​ពី​របៀប​ឃ្លាំមើលប៉ុស្តិ៍ត្រួតពិនិត្យ​ខុស​ច្បាប់​ ប៉ុន្តែ​មន្ត្រីទាំង​នេះ​មិនគោរពបទ​បញ្ជា បែរជាបង្កើត​​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​​ដោយខ្លួន​ឯង​ទៅវិញ”។

លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារង​​អម​សាលាដំបូងខេត្ត​​​បានមានប្រសាសន៍ថា លោក​កំពុង​សាកសួរ​ជនសង្ស័យ​ប្រាំពីរនាក់​នេះកាលពីយប់មិញនៅឡើយ។ លោក​បានពន្យល់​ថា ពួកគេ​នឹង​​អាច​ដោះលែង បន្ទាប់​​ពី​មានការព្រមព្រៀង​​ជាលាយ​លក្ខណ៍អក្សរ​ថា ខ្លួន​ឈប់​បង្កើត​ប៉ុស្តិ៍ខុស​ច្បាប់​ទៀត​ហើយ។

លោកបានមានប្រសាសន៍ថា ” បន្ទាប់​​ពី​​សាកសួរ ​ជនសង្ស័យ​ទាំង​នោះ ​ត្រូវ​​ធ្វើ​កិច្ចសន្យា​ឈប់​ប្រព្រឹត្ត​សកម្មភាព​​ខុស​ច្បាប់​​​នៅ​ពេល​អនាគត។ យើងនឹង​កោះហៅ​មេ​​របស់​ពួកគេ​ដើម្បី​​​ឲ្យពួកគេដឹង​”។

​ជនសង្ស័យ​ទាំង​ប្រាំពីរនាក់​ដែលត្រូវបាន​ឃាត់ខ្លួន​នោះ គឺ​ឈ្មោះ សាន ថា និងឈ្មោះ​ ព្រឿង ឈុំ ជាមន្ត្រីកងរាជអាវុធហត្ថខេត្ត ឈ្មោះ ឡេ ចាន់ដែន និង ខៀវ ថេង ​ជាកងរាជអាវុធ​ហត្ថ​ស្រុក​កំពង់ស្វាយ​ ឈ្មោះ កែវ សំណាង ​​ជា​បុគ្គលិកអប្សរាណិត និងមន្ត្រីបរិស្ថានស្រុក​ម្នាក់​​​​ដែលគេគ្រាន់តែស្គាល់ថាឈ្មោះ ពុច និង​​បុគ្គលិក​ដែលមិនស្គាល់​ឈ្មោះម្នាក់​ទៀត​ធ្វើការ​នៅអង្គការ​ក្រៅរដ្ឋាភិបាល​ក្នុងស្រុកមួយ។

លោក ​គង់ សុវណ្ណ ​​អ្នកឆ្លើយឆ្លង​​ព័ត៌មាន​​របស់​ ​អប្សរាណិត ប្រចាំខេត្ត​កំពង់ធំ កំពុង​​រត់​គេចខ្លួន។ ​នគរបាលក៏កំពុងតាមរកជនសង្ស័យ​​ទី៩​ម្នាក់​​ទៀតដែរ។

នគរបាលបានឲ្យដឹងថា ​​អ្នកកាសែត​ទាំងនេះត្រូវបានប្រើ​ឲ្យ​គំរាម​អ្នកដឹកឈើ​ដោយ​ខុស​ច្បាប់ ហើយថា ពួកគេ​ស៊ើបអង្កេត​ក្រុម​នេះ​អស់​រយៈពេល​ជាច្រើន​ខែ​ មុនពេល​ចាប់ខ្លួន។

លោក ម៉ា យ៉ារិទ្ធ និពន្ធនាយក​​ព័ត៌មាន​​​អប្សរាណិត ​នៅទូរទស្ស​​ន៍អប្សរា ​បាន​បដិសេធ​មិន​ធ្វើ​អត្ថាធិប្បាយ​​​អំពីការ​ចាប់​​ខ្លួននេះ​​ទេ។

លោក ​ណូរ៉ា ​ព្រះរាជ​​​អាជ្ញា​​​រង​​បានមាន​ប្រសាសន៍ថា នឹងគ្មាន​ប៉ុស្តិ៍ត្រួត​​ពិនិត្យ​​​​ខុស​ច្បាប់​នៅក្នុងខេត្តកំពង់ធំ​ទៀតឡើយ។

លោកបានមានប្រសាសន៍ថា ” យើងធានាថា ​ចាប់ពីថ្ងៃនេះតទៅ ​ខេត្តកំពង់ធំ​នឹងមិនមាន​ប៉ុស្តិ៍ត្រួតពិនិត្យ​ខុសច្បាប់​ទៀតឡើយ ដោយអនុវត្តតាម​សុន្ទរកថា​របស់​​សម្តេច ហ៊ុន សែន​”៕ ប៊ុននី​​​​

​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស