អង្គភាពប្រឆាំងអំពើពុករលួយបានឲ្យដឹងកាលពីម្សិលមិញថា ប្រធានភូមិម្នាក់និងសន្តិសុខម្នាក់នៅក្នុងខេត្តកំពង់ឆ្នាំងបានបដិសេធចំពោះការចោទប្រកាន់ដែលថា ពួកគាត់បានបោកប្រាស់អ្នកភូមិឲ្យចេញដីសម្បទានសង្គមកិច្ចទំហំ២៧០ហិកតា។
អង្គភាពប្រឆាំងអំពើពុករលួយបានលើកឡើងថា អ្នកទាំងពីរក៏បានបដិសេធដែរថា មិនបានកាប់ឈូសឆាយដីព្រៃទំហំ៦០០ហិកតាដោយឡែកមួយនៅក្នុងខេត្តនេះ ដើម្បីលក់ឲ្យអ្នកមកពីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដើម្បីធ្វើជាចម្ការស្វាយនិងចម្ការដើមកៅស៊ូនោះទេ។
នៅក្នុងសេចក្តីប្រកាសមួយបង្ហោះលើគេហទំព័ររបស់អង្គភាពប្រឆាំងអំពើពុករលួយកាលពីម្សិលមិញ អង្គភាពនេះបានឲ្យដឹងថា ខ្លួនបានសាកសួរ លោក យឹម ឌឿន ប្រធានភូមិដំណាក់អម្ពិល និងសន្តិសុខ ឈ្មោះ នង វណ្ណៈ កាលពីក្នុងខែមេសា បន្ទាប់ពីមានពាក្យបណ្តឹងកាលពីក្នុងខែកុម្ភៈ ពីអ្នកភូមិនៅក្នុងឃុំក្រាំងស្កៀ ស្រុកទឹកផុស។
អ្នកភូមិបានចោទប្រកាន់ថា អ្នកទាំងពីរបានឲ្យពួកគាត់ផ្តិតមេដៃលើឯកសារ ដើម្បីទទួលបានសម្បទានដីសង្គមកិច្ច២៧០ហិកតាពីរដ្ឋាភិបាល និងក្រោយមកលក់ដីនោះដោយខុសច្បាប់។ ពួកគាត់ក៏បានឲ្យដឹងដែរថា អ្នកទាំងពីរបានកាប់ឈូសឆាយដីព្រៃទំហំ៦០០ហិកតានៅក្នុងជម្រកសត្វព្រៃដែលនៅក្បែរនោះ។
លោក ឆាយ សាវុធ អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានមានប្រសាសន៍ថា “គោលបំណងនៃការបង្ហោះសេក្តីប្រកាសនេះ គឺដើម្បីជូនដំណឹងដល់ដើមចោទថា អង្គភាពរបស់យើងបានចាត់វិធានការសាកសួរជនចាប់ចោទរួចហើយ។ វាជាឱកាសសម្រាប់ដើមចោទផ្តល់ភ័ស្តុតាងជាក់លាក់មកអង្គភាពប្រឆាំងអំពើពុករលួយ នៅពេលមានការឆ្លើយតបនេះពីចុងចោទប្រសិនបើពួកគាត់មិនអាចទទួលចម្លើយផ្តល់ដោយចុងចោទទាំងពីរ”។
លោក សាវុធ បានមានប្រសាសន៍ថា ” វិធានការបន្ទាប់របស់អង្គភាពប្រឆាំងអំពើពុករលួយ នឹងផ្អែកលើថាតើអ្នកភូមិ”ពេញចិត្តនឹងចម្លើយពីមន្ត្រីទាំងពីររូបនេះដែរឬអត់”។
លោកប្រធានភូមិ យឹម ឌឿន បានបដិសេធតាមទូរស័ព្ទកាលពីម្សិលមិញថា លោកគ្មានចំណែកណាមួយក្នុងការកាន់កាប់ដីសម្បទានដោយអ្នកជំនួញទេ។
លោកបានមានប្រសាសន៍ថា “ដីដែលអ្នកភូមិបានស្នើសុំ និងផ្តល់ឲ្យយើង ត្រូវបានអ្នកជំនួញកាន់កាប់ ប៉ុន្តែខ្ញុំមិនពាក់ព័ន្ធក្នុងការលក់ដីឲ្យពួកគេទេ។វាជាការរំលោភយកដី”។
លោក គង់ សំអុឹម មេឃុំក្រាំងស្កៀ បានបញ្ជាក់ថា សម្បទានដីត្រូវបានអ្នកភូមិធ្វើញត្តិ ប៉ុន្តែលោកបានបដិសេធថា លោកមិនបានពាក់ព័ន្ធទេ។
លោកបានមានប្រសាសន៍ថា ” អ្នកភូមិខ្លះបានផ្តិតមេដៃស្នើសុំសម្បទានដីសង្គមកិច្ចពីរដ្ឋាភិបាល ប៉ុន្តែខ្ញុំបានបដិសេធមិនចុះហត្ថលេខាលើឯកសារស្នើសុំរបស់ពួកគេទេ នៅពេលពួកគេមករកខ្ញុំរយៈពេលពីរបីឆ្នាំមុន”៕ ប៊ុននី