38 C
Phnom Penh

រដ្ឋាភិបាល​និង​សកម្មជន​មាន​ទស្សន​ផ្ទុយគ្នា​​​ក្នុង​ថ្ងៃ​ប្រារព្ធទិវាបរិស្ថាន​ពិភព​លោក​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅពេល​មន្ត្រី​រដ្ឋាភិបាល​ព្រួយ​បារម្ភ​​អំពី​ការ​ឡើង​កម្រិត​ទឹក​សមុទ្រ​នៅពេល​អនាគត ខណៈ​ប្រារព្ធ​ទិវា​បរិស្ថានពិភ​ពលោក​នៅក្នុង​ខេត្ត​កែប សកម្មជន​ប្រមាណ​៣០០​នាក់​មកពី​ទូទាំង​ប្រទេស​បាន​យក​ឱកាស​នេះ​ធ្វើការ​តវ៉ា​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ កាលពី​ម្សិលមិញ​ ដើម្បី​ប្រឆាំង​នឹង​ការ​កាប់​ឈើ​ខុស​ច្បាប់​ ដែលធ្វើ​ឲ្យ​ព្រៃ​ឈើ​របស់​ប្រទេស​កម្ពុជា​ហិន​ហោច​យ៉ាង​ឆាប់​រហ័ស​។ environment-photo

ដោយ​ត្រូវ​បាន​ដឹកនាំ​ដោយ​បណ្ដាញ​យុវជន​កម្ពុជា​ អ្នក​តវ៉ា​​ទាំង​នោះ​រួមមាន​​ព្រះ​សង្ឃ និស្សិត និង​អ្នក​ផ្សេងៗទៀត​ដែល​រង​ផ​ល​ប៉ះពាល់ដោយ​សារ​ការ​បាត់​បង់ព្រៃ​ឈើ​នៅ​ទូទាំង​ប្រទេស។មាន​អ្ន​ក​ខ្លះ​បាន​ស្លៀក​ពាក់​តុប​តែង​ខ្លួន​ជា​តោ និង​សត្វក្រពើ ហើយ​បាន​លាប​មុខ​របស់​ខ្លួន​ពណ៌បៃតង។ ប៉ុន្តែ​កង​សន្តិសុខ និង​កង​រាជ​អាវុធហត្ថ​បាន​រារាំង​ពួកគេ​មិន​ឲ្យ​ហែក្បួន​ទៅ​កាន់​ក្រសួង​បរិស្ថាន​ ដើម្បីដាក់​ញត្តិ​ស្នើ​សុំជំនួយ​ ដោយ​អះអាង​ថា ផែន​ការ​ហែក្បួន​របស់​ពួកគេ​នេះ​គំរាម​កំហែង​ដល់​សិទ្ធិ​របស់អ្នកដទៃ​។

ក្នុង​ចំណោម​ក្ដីព្រួយ​បារម្ភ​ចម្បងៗ​​របស់​អ្នក​តវ៉ា គឺ​គម្រោង​សាង​សង់​ទំនប់វារីអគ្គិសនី​ចំនួន​ពីរ​ ដែល​អាង​ស្តុក​ទឹក​របស់​គម្រោង​ទាំង​នេះ​នឹង​ធ្វើ​ឲ្យ​លិច​លង់​ព្រៃ​រាប់​ម៉ឺន​ហិកតា និង​បង្ខំឲ្យ​អ្នកភូមិ​រាប់​រយ​គ្រួសារ​ចាក​ចេញពី​ផ្ទះ​សំបែង​របស់​ខ្លួន​។

ញត្តិ​របស់​អ្នក​តវ៉ា​ គឺ​ស្នើ​ឲ្យ​រដ្ឋាភិបាល​លុប​ចោល​គម្រោង​ទាំង​នេះ។

លោក វ៉ែន វ៉ន ដែល​បាន​ចូលរួម​នៅ​ក្នុង​ការ​តវ៉ា​នេះ​ដែរ​នោះ​ គឺ​ជា​ជន​ជាតិ​ដើម​ភាគតិច​ជង​ម្នាក់​ក្នុង​ចំណោម​ជនជាតិ​ជង​រាប់​រយ​នាក់​ ដែល​នឹង​ត្រូវ​ចាក​ចេញ​ពី​ដី​ និង​ព្រៃ​ដូន​តា​​របស់ខ្លួន​ ដើម្បី​បើក​ផ្លូវ​ឲ្យ​គម្រោង​សាង​សង់​ទំនប់​វារីអគ្គិសនី​ស្ទឹង​ឆាយ​អារ៉ែង ដែល​នឹង​ធ្វើ​ឲ្យ​លិច​លង់​ព្រៃ​ដូន​តា​នៅ​ក្នុង​ខេត្ត​កោះកុង ហើយ​បំផ្លាញ​ជម្រក​របស់​ប្រភេទ​សត្វជិត​ផុតពូជ​មួយ​ចំនួន​ផង​ដែរ​។

លោក​បាន​និយាយ​ថា ” ខ្ញុំ​សង្ឃឹម​ថា មន្ត្រី​រដ្ឋាភិបាល​នឹង​លុប​ចោល​គម្រោង​ទំនប់​វារី​អគ្គិសនី​អារ៉ែង​នេះ ព្រោះ​វា​គំរាម​កំហែង​យ៉ាង​ខ្លាំង​ដល់​ធនធាន​ធម្មជាតិ​ និង​ជីវភាព​រស់​នៅ​របស់​អ្នកភូមិជនជាតិ​ដើម​ភាគ​តិច​ជង។

អ្នកភូមិ​នៅ​ជ្រលង​អារ៉ែង​មិនត្រូវ​ការ​ទំនប់វារីអគ្គិសនី​ទេ ប្រសិន​បើ​គេ​សាង​សង់​វា​ យើង​នឹង​បាត់​បង់​មុខ​របរ​ និង​ប្រពៃណីរបស់យើង​”។

អ្នក​ភូមិជនជាតិ​ភាគតិច​ព្នងក៏​មកពី​ខេត្ត​ស្ទឹង​ត្រែង​ ជា​ទីដែល​អ្នកភូមិ​រាប់​រយ​គ្រួសារ​កំពុង​ប្រឈម​នឹង​ការ​បណ្ដេញ​ចេញ​ដើម្បីបើក​ផ្លូវ​សម្រាប់​គម្រោង​វារីអគ្គិសនី​ទន្លេ​សេសាន​ក្រោម​២ដែរ​។

លោក ថៃ សុវណ្ណី បាន​ធ្វើ​ដំណើរ​មកពី​ខេត្ត​ព្រះវិហារ​ ជា​ទីដែល​គាត់​បានជួយ​ការ​ពារ​ព្រៃឡង់​ ដែល​រង​ការ​កាប់​បំផ្លាញ​យ៉ាង​រាល​ដាល​ ហើយ​នៅ​មិនទាន់​មាន​ការ​ការ​ពារ​នៅ​ឡើយ​។

លោក​បាន​និយាយ​ថា ” អ្នក​ជំនួញ​និង​ក្រុមហ៊ុន​ដែលទទួល​បានដីសម្បទាន​កំពុង​តែ​បំផ្លាញ​ព្រៃ​ឈើ​ ហើយ​យើង​មើល​ឃើញ​ថា រដ្ឋបា​លព្រៃឈើមិន​បានចាត់​វិធានការ​អ្វី​ដើម្បី​បញ្ឈប់​ក្រុម​ហ៊ុន​របស់​លោក ទ្រី ភាព កុំឲ្យ​បំផ្លាញ​បរិស្ថាននោះ​ទេ”។

លោក ទ្រី ភាព ដែល​ទទួល​បាន​សិទ្ធិ​កាន់​កាប់​ដី​សម្បទាន​មួយ​ចំនួន​ ទទួល​បាន​សិទ្ធិ​ផ្ដាច់​មុខ​​ក្នុង​ការ​ទិញ​ឈើ​ដែល​កាប់​រួច​ទាំង​អស់​នៅ​ក្នុង​តំបន់​ដីសម្បទាន​សេដ្ឋកិច្ច​ក្នុង​ខេត្ត​រតនគិរី​ ហើយ​ទទួល​​បាន​សិទ្ធិ​ទិញ​ឈើ​ខុស​​ច្បាប់​ដែល​អាជ្ញាធរ​រឹប​អូស​​បាន រួច​យកទៅ​ដាក់​លក់​ដេញ​ថ្លៃ​។

សហគមន៍ដែល​រង​ផល​ប៉ះពាល់​ និង​អង្គការ​សិទ្ធិមនុស្ស​បាន​លើក​ឡើង​ថា កិច្ច​សន្យា​ផ្ដល់​ដីសម្បទាន​កំពុង​ធ្វើ​ឲ្យ​មាន​ការ​កាប់​ឈើ​ខុស​ច្បាប់​ទូទាំង​ប្រទេស ប៉ុន្តែ​តំណាង​ក្រុមហ៊ុន​បាន​បដិសេធ​ថា ក្រុម​ហ៊ុន​គ្មាន​ជាប់​ពាក់ព័ន្ធ​នៅ​ក្នុង​សកម្មភាព​ខុស​ច្បាប់ណាមួយឡើយ​។

អង្គការ​សិទ្ធិមនុស្ស​បាន​ចាត់​ទុក​ការ​ផ្ដល់​ដីសម្បទា​ន​សេដ្ឋកិច្ច​ ដូច​ជា​ការ​ផ្ដល់​ទៅ​ឲ្យ​ក្រុម​ហ៊ុន​លោក​ ទ្រី ភាព និង​​ក្រុមហ៊ុន​កសិឧស្សាហកម្ម​ផ្សេង​ៗ​ទៀតជា​ដើម​ ជា​​កត្តា​​ដ៏សំខាន់​មួយ​ក្នុ​ងចំណោមកត្តា​​សំខាន់ៗ​ផ្សេងៗ​ទៀត​ ដែល​ធ្វើ​ឲ្យ​ព្រៃឈើហិន​ហោច និង​មាន​ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​នៅ​ក្នុង​ប្រទេស។ កាលពីខែ​វិច្ឆិកា ការ​វិភាគ​របស់​សាកលវិទ្យាល័យ​អាមេរិក​លើទិន្នន័យ​ផ្កាយ​រណប​របស់​សហរដ្ឋអាមេរិក​បានបង្ហាញ​ថា ប្រទេស​កម្ពុជា​គឺ​ជា​ប្រទេស​ជាប់​​ចំណាត់​ថ្នាក់​លេខ​៥ ក្នុង​ពិភព​លោក​ខាង​​កាប់​បំផ្លាញព្រៃឈើ។

រដ្ឋាភិបាល​បានអះអាង​ថា ខ្លួន​ចង់​ការ​ពារ​ព្រៃ​នៅទូទាំង​ប្រទេសដើម្បី​ទទូល​បាន​ជំនួយឥណទាន​​​កាបូន​ដោយ​លក់​កាបូន​ឲ្យ​ក្រុម​ហ៊ុន​ថែរក្សា​បរិស្ថាននៅ​ក្រៅ​ប្រទេស។​

ប៉ុន្តែ​ព្រៃ​ឈើ​នៅក្នុង​ខេត្ត​ឧត្តរមានជ័យ ជាព្រៃ​ឈើ​ដំបូង​របស់​ប្រទេស​កម្ពុជាដែល​គេ​គិត​ថា អាច​ស្រូប​កាបូន​បាន​ច្រើន​នោះ ឥឡូវ​នេះ​កំពុង​តែ​បាត់​បង់​យ៉ាង​ឆាប់​រហ័ស​ដោយ​សារ​តែ​កសិករ ដែល​មិន​ខ្វល់​​ពីភាព​ហិនហោច​ ដោយ​សារអ្នក​កាប​់ឈើ​ខុស​ច្បាប់ និង​ការ​​សាង​សង់​បន្ទាយ​ថ្មី​របស់​ទាហាន​ នេះ​បើ​យោងតាម​ការ​ឲ្យ​ដឹង​ពី​សហគមន៍ដែល​ព្យាយាម​ថែរក្សា​ព្រៃឈើ​។

អំឡុង​ការ​តវ៉ា​កាលពី​ម្សិលមិញ​ កង​រាជអាវុធហត្ថ​បាន​បញ្ឈប់​សកម្មជន​មិនឲ្យ​ហែក្បួន​ទៅ​កាន់​ក្រសួង​បរិស្ថាន ​ពី​កន្លែង​ដែលពួកគេ​បាន​ជួប​ជុំគ្នា​នៅ​ក្បែរ​ស្ថានទូត​រុស្ស៊ី ប៉ុន្តែ​បាន​អនុញ្ញាត​ឲ្យ​សកម្មជន​មួយ​ក្រុម​តូច​ក្នុង​ចំណោម​សកម្មជន​ទាំង​អស់​ដាក់​ញត្តិ​របស់​ខ្លួន​។

ស្រប​ពេល​នោះ​ដែរ មន្ត្រីក្រសួង​បរិស្ថានក៏​បាន​ប្រារព្ធទិវា​បរិស្ថាន​នេះនៅ​ខេត្ត​កែប​ផង​ដែរ​ ដោយ​ផ្តោត​លើ​ការ​ឡើង​កម្រិត​ទឹក​សមុទ្រ​នាពេល​ខាង​មុខ​ ដែល​បង្ក​ឡើង​ដោយ​ការ​ប្រែ​ប្រួល​អាកាស​ធាតុ​ពិភព​លោក​។

លោក កែន សត្ថា អភិបាល​ខេត្តកែប ដែល​បានចូលរួម​ក្នុង​ព្រឹត្តិការណ៍​នេះ​បាន​ការពារ​​ប្រធាន​បទ​នេះ​។

លោក​បានមាន​ប្រសាសន៍​ថា “វា​មិន​មែន​កើត​ចេញពី​កត្តា​តែមួយ​​​ដូច​ជា​ការ​កាប់​បំផ្លាញ​ព្រៃឈើ​នោះទេ គឺ​មាន​ការ​ពាក់​ព័ន្ធ​ទៅ​នឹ​ង​ការ​ប្រែប្រួល​អាកាស​ធាតុ។ មាន​កត្តា​ជាច្រើន​ ដូចជា​ការ​ឡើង​កម្ដៅ និង​ឧស្ម័ន​ផ្ទះកញ្ចក់​ជា​ដើម​”។

លោក​បាន​លើ​ក​ឡើង​ថា លោក សាបូ អូហ្សាណូ រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាននឹង​ថ្លែង​សុន្ទរកថា​ទៅកាន់​អ្នកភូមិ​ និស្សិត​ និង​មន្ត្រី​ប្រហែល​៥០០​នាក​់​ ស្ដីពី​ការ​ខិត​ខំ​របស់​រដ្ឋាភិបាល​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ និង​ត្រៀម​ខ្លួនទប់​ទល់​ការ​ប្រែប្រួល​អាកាស​ធាតុ។ លោក​ក៏បានជួយ​ដាំដើម​ឈើ​ថ្មី​ចំនួន​២០០​ដើម​ផង​ដែរ៕ ស៊ុយឈាង​​​​​​​​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស