28 C
Phnom Penh

កម្មករ​រោងចក្រ​កាត់​ដេរអូសេអង់​ ត្រូវ​បាន​រារាំង​ ប៉ុន្តែ​ពួកគេ​ប្ដេជ្ញា​បន្ត​ការ​តវ៉ា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាម​តំណាង​សហជីពនិង​អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា កម្មករ​ប្រមាណ​៣០០​នាក់​មកពី​រោងចក្រ​កាត់​ដេរ​អូសេអង់ (Ocean) នៅ​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជ​ធានីភ្នំពេញ ត្រូវ​​បាន​រារាំង​ម្ដង​ទៀត​មិន​ឲ្យ​ធ្វើការ​តវ៉ានៅ​ខាង​ក្រៅ​ក្រសួង​ការ​ងារ​កាលពីម្សិលមិញ​ ខណៈ​ការ​ចរចា​រវាង​ម្ចាស់​រោងចក្រ​ និង​កម្មករ​នៅ​តែ​​ជាប់​គាំង​ទៀត​។

សង្វាក់​ផលិត​កម្ម​នៅ​រោងចក្រ​នេះ​ ដែល​ផលិត​សម្លៀក​បំពាក់​ឲ្យ​ក្រុមហ៊ុន​លក់​សម្លៀក​បំពាក់​យីហោ​ល្បីៗ​ រួម​មាន​ ក្រុម​ហ៊ុន Gap ជា​ដើម​ត្រូវ​បាន​ផ្អាក​ចន្លោះ​ពីថ្ងៃ​ទី​២៦ ខែឧសភា ដល់​ថ្ងៃទី​២៦ខែមិថុនា ដោយ​សារ​តែ​គ្មាន​​ការ​បញ្ជាទិញ​។ ថៅកែ​រោងចក្រ​បាន​ផ្ដល់​ឲ្យ​កម្មករ​ចំនួន​១៥​ដុល្លារ​សម្រាប់​ខែ​ដែល​​រោងចក្រ​ផ្អាក​សង្វាក​ផលិត​កម្ម​របស់​ខ្លួន​ រីឯ​កម្មករវិញ​បាន​ទាម​ទារ​ពាក់​កណ្ដាល​នៃ​ប្រាក់​ខែ​របស់​ពួកគេ​។

នៅ​ក្នុង​ការ​ប៉ុន​ប៉ង​ធ្វើ​ការ​តវ៉ា​ម្ដង​ទៀត​បន្ទាប់ពី​ការ​តវ៉ា​កាលពីថ្ងៃអង្គារ កម្មករ​បាន​ចាប់​ផ្ដើម​ហែក្បួន​ទៅ​កាន់​ក្រសួង​កា​រ​ងារ​នៅ​ម៉ោង​ប្រហែល​៧​និង​៣០​នាទី​ព្រឹក ប៉ុន្តែ​ត្រូវ​បាន​រារាំង​ចម្ងាយ​ប្រហែល​១គីឡូម៉ែត្រពីរោងចក្រ​ ហើយ​ការ​រារាំង​លើក​នេះ គឺ​ជា​ការ​រារាំង​ដោយ​​នគរ​បាល​នៅ​ជួរ​ទី២ បន្ទាប់ពី​ក្រុម​អ្នក​ហែក្បួន​ដែល​មាន​អ្នក​ខ្លះ​ជិះម៉ូតូផង និង​ជិះរថ​យន្ត​ផង​បាន​ទម្លុះ​របាំង​នគរ​បាល​ជួរទី១​។

បន្ទាប់ពី​ប្រឈម​មុខ​មួយ​ភ្លែត​ម្ដង​ទៀត​ជាមួយ​នគរ​បាល​ កម្មករ​ប្រមាណ​៣០០​នាក់​ ដែល​មាន​ចំនួន​មិន​ដល់​ពាក់​កណ្ដាល​នៃ​អ្នក​តវ៉ា​កាលពី​ថ្ងៃអង្គារ​ផង​នោះ បាន​ត្រឡប់​ទៅ​កាន់​រោងចក្រ​​ដែល​វិញ ជា​ទីដែល​ការ​ចរចា​គ្នា​រវាង​ម្ចាស់​រោងចក្រ​ និង​កម្មករ​នៅតែ​ជាប់​គាំង​ដដែល​​។

សមាជិក​សហជីព​នៅតែ​មាន​ភាព​មានៈ​កាលពីម្សិលមិញ ហើយ​បាន​ប្ដេជ្ញាថា​ នឹង​ធ្វើ​ដំណើរ​ទៅកាន់​ក្រសួង​ការ​ងារ​ និង​ខុទ្ទកាល័យ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ នៅ​ក្នុង​ថ្ងៃនេះ​។

លោក ហួន វណ្ណា តំណាង​​​សម្ព័ន្ធ​​​សហជីព​​​ចលនា​​​កម្ពុជា​​​ បាន​មាន​ប្រសាសន៍​ថា ” យើង​នឹង​ប្រើ​រ៉ឺម៉ក​ម៉ូតូកង់បី ម៉ូតូ ឬរថយន្ត​ដើម្បី​ធ្វើ​ដំណើរ​ទៅកាន់​ក្រសួង​ការ​ងារ​ និង​ខុទ្ទកាល័យ​របស់​លោក​នាយ​ក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ស្នើ​ឲ្យជួយ​ធ្វើ​អន្តរាគមន៍ និង​ស្វែង​រក​ដំណោះ​ស្រាយ​សម្រាប់ពួកយើង​”។

លោក វណ្ណា បាន​លើក​ឡើង​ថា លោក​ជឿជាក់​ថា សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ (GMAC) បា​ន​រារាំង​ថៅកែ​រោងចក្រ​មិន​ឲ្យ​យល់​ព្រម​ចំពោះ​ការ​ទាម​ទារ​របស់​កម្មករ។

លោក​ វណ្ណា បាន​មាន​ប្រសាសន៍​បន្ត​ថា ” រោងចក្រ​ទំនង​ជា​យល់​ព្រម​ជាមួ​យ​យើង​ហើយ ប៉ុន្តែ​នៅពេល​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ធ្វើ​អន្តរាគមន៍​ ពួកគេ​បាន​សម្រេច​បន្ត​ផ្ដល់​ប្រាក់​ចំនួន​ត្រឹម​តែ​១៥​ដុល្លារ​នេះ​សម្រាប់​រយៈពេល​ផ្អាក​ពីការ​ងារ​”។

លោក ជិន សុផាត បុគ្គលិក​រដ្ឋបាល​នៅ​រោងចក្រ​នេះ​បាន​និយាយ​ថា “កម្មករ​នៅ​តែ​ទាម​ទារ​ប្រាក់​៥០​ភាគរយ​នៃ​ប្រាក់​ខែ​របស់ពួកគាត់​ រីឯរោងចក្រ​វិញ​អាច​ផ្ដល​់​តែ​១៥​​ដុល្លារ​ប៉ុណ្ណោះ។ យើង​មិន​​អាច​ផ្ដល់ឲ្យ​ពួកគាត់​បន្ថែ​មទៀត​បានទេ ព្រោះថា យើង​នឹង​ខាត​បង់​”។

លោក កែន លូ អគ្គលេខាធិការ​សមាគមរោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នេះ ដោយ​និយាយ​ថា លោក​ ” គ្មាន​តួនាទី​អ្វី​ធ្វើ​អន្តរាគមន៍​ឡើយ”។

លោកបាន​មាន​ប្រសាសន៍​ថា ប្រសិន​បើ​រោងចក្រ​មាន​ឆន្ទៈ​ផ្ដល់​ប្រាក់​ពាក់​កណ្ដាល​នោះ​ គឺ​ជា​គោល​នយោបាយ​របស់​រោងចក្រ​”៕ ស៊ុយឈាង​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស