38.1 C
Phnom Penh

មាន​ការ​ចោទ​សួរ​​​​ជុំ​វិញ​ភាព​មិនអើ​​ពើ​​​របស់​នគរបាល​​​​​ក្នុងករណី​បុក​​​ហើយ​រត់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​ពីម្សិល​មិញ យោធា​បាន​​​បង្ហាញ​​អត្ត​សញ្ញាណ​​​ទាហាន​​​ដែល​​​បាន​ធ្វើ​ឲ្យ​បុរស​ម្នាក់​ស្លាប់​​​និ​ងម្នាក់​​ទៀត​រងរបួស​ធ្ងន់​​ក្នុងគ្រោះថ្នាក់​ចរាចរណ៍​​បុក​ហើយ​រត់​​កាល​ពីសប្តាហ៍​មុន​ហើយ ប៉ុន្តែ​​នគរ​បាល​​បាន​ឲ្យដឹងថា ​​ពួកគេ​​​នឹង​​​ធ្វើការ​​ចោទប្រកាន់​​​ពីបទ​ព្រហ្ម​​ទណ្ឌ​​ ​បើទោះ​ជា​គ្រួសារ​​​របស់​ជនរងគ្រោះ​​មិន​ដាក់​ពាក្យបណ្ដឹង​ក៏ដោយ។

កាល​ពី​សប្តាហ៍មុន ​រថ​យន្តសង្គ្រោះ​បន្ទាន់​​មួយ​គ្រឿង​​របស់​កងយោធ​​​ពល​ខេមរភូមិន្ទ​បាន​បុក​​ម៉ូ​​តូមួយ​គ្រឿង​​​នៅក្នុងខណ្ឌ​​​ឫស្សីកែវ​ រាជធានីភ្នំពេញ​ ដោយ​ធ្វើ​ឲ្យ​​យុវជន​ម្នាក់​​​ឈ្មោះ​ សន ប៉ាល់​ ​អាយុ​​១៩ឆ្នាំ ស្លាប់ និងប្អូន​​ប្រុស​​​​​ឈ្មោះ​ សន ច័ន្ទ ​​​អាយុ​១៨ឆ្នាំ​​រង​របួស​​ធ្ងន់​។

លោកអនុសេនីយ៍ត្រី មុយ សុភាព ​អាយុ​​៤៥ឆ្នាំ ជាអ្នក​បើក​បរ​រថយន្ត​សង្គ្រោះ​បន្ទាន់​​​​​ដែល​បាន​រត់​គេចខ្លួន​​​ពី​កន្លែង​កើតហេតុ​ ត្រូវបាន​បង្ហាញ​​អត្ត​សញ្ញាណ​​កាល​ពី​​ម្សិល​មិញ ​​​ដោយ​​លោកវរសេនីយ៍ត្រី​ ឡេង ថុន ​​ជា​​អនុប្រធាន​ពេទ្យទាហាន​​យោធភូមិ​​ភាគ​៤​របស់​កងយោធ​ពល​ខេមរ​ភូមិន្ទ​មាន​មូល​ដ្ឋាន​នៅ​ខេត្តសៀមរាប​ ជា​​កន្លែង​​​ដែល​​រថយន្ត​សង្គ្រោះ​បន្ទាន់​ចេញ​​ពី​ទី​នោះ។

​ប៉ុន្តែ​នគរ​​បាល​ចរាចររាជធា​នីភ្នំពេញ​​បាន​ឲ្យដឹងថា អាច​ធ្វើ​ការ​ចោទ​ប្រកាន់​បាន​ លុះ​ត្រា​​​​ក្រុម​គ្រួសារ​​​របស់​ជន​រងគ្រោះ​​ប្តឹង។

លោក សុខ នួន មន្ត្រីនគរបាល​​ចរាចរខណ្ឌ​​បានមាន​ប្រសាសន៍ថា ” ​យើង​មិន​ទាន់​ចាប់​ខ្លួន​​​អ្នកបើកបរ​​​នៅឡើយទេ​។ វា​​អាស្រ័យ​​លើ​ក្រុម​គ្រួសារ​​​ជនរង​គ្រោះ​ថាតើ​ពួកគេ​ចង់​ប្តឹង​​ទៅ​តុលាការ​​ឬ​គ្រាន់​តែ​ចង់បានសំណង​​”។

មន្ត្រី​ថ្នាក់​លើ​​​ដែល​ទទួល​បន្ទុក​​រឿង​ក្តីនេះក៏បាន​លើក​ឡើង​ដូច​​លោក សុខ នួន ដែរ​។

លោក សេង ចាន់​ថុន នាយ​រងការិយាល័យ​នគរបាល​ចរាចរណ៍រាជធានី​​បានមាន​ប្រសា​សន៍​ថា ” យើងកំពុង​រង់​ចាំ​មើល​គ្រួសារ​ជន​​រងគ្រោះ​​​ថាតើ​​​ពួក​គេ​ប្តឹង​​​ទៅតុលាការ​ឬអត់​”។​

ក៏ប៉ុន្តែ​ លោក សុក សំអឿន ជា​អ្នក​​ជំនាញ​ផ្នែក​ច្បាប់ ​​នាយក​​អង្គការ​ក្រុមអ្នក​ច្បាប់ការ​​ពារ​សិទ្ធិកម្ពុជា ​បានមាន​ប្រសាសន៍ថា ​​នគរបាល​ចរាចរណ៍​​មាន​ភារកិច្ច​ធ្វើការ​​ចោទប្រកាន់​​ពី​បទ​ព្រហ្មទណ្ឌ​​ ដោយ​មិនគិត​ថា តើ​ជន​រង​គ្រោះ​ត្រូវ​បាន​ផ្ដល់​សំណង ឬធ្វើ​ពាក្យ​បណ្ដឹង​យ៉ាង​ណា​នោះទេ។

លោក​បាន​មាន​ប្រសាសន៍​ថា ” នេះគឺ​ជា​បញ្ហានៃការ​យល់​ដឹង​​ និង​ការ​អប់​រំ​របស់​ពួកគេ​ ពាក់​ព័ន្ធ​នឹង​សមត្ថកិច្ចរបស់ពួកគេ​។ គ្មាន​បញ្ញត្តិ​ណាមួយ​នៅ​ក្នុង​ច្បាប់​ចរាចរណ៍​​ទេ។ ពួកគេ​ត្រូវ​តែ​តាម​ដាន​រឿង​ក្ដីនេះ​”។

កង​យោធពល​ខេមរភូមិន្ទ​បាន​បញ្ជូន​អ្នក​តំណាង​ឲ្យ​អ្នក​បើក​បរ​រូប​នេះ​ដើម្បីពិភាក្សា​អំពី​ការ​សង​ជំងឺចិត្ត​ជាមួយ​ជន​រងគ្រោះកាលពីថ្ងៃពុធ ដែលពេល​នោះ​ក្រុមគ្រួសារ​ជន​រង​គ្រោះ​បាន​ទារសំណង​៦.០០០​ដុល្លារ។

លោក សាន​ សែត ត្រូវ​ជា​ឪពុក​របស់ជន​រងគ្រោះ​បាន​មាន​ប្រសាសន៍កាលពី​ម្សិលមិញ​ថា គាត់​បាន​នាំ​កូន​ប្រុស​ដែល​នៅ​រស់​របស់​គាត់​មក​ផ្ទះ​នៅក្នុងខេត្ត​កណ្ដាល​កាលពី​ថ្ងៃពុធ ពីព្រោះ​ពួកគេ​គ្មាន​លទ្ធភាព​បង់​ថ្លៃ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ក្នុង​រាជធានីភ្នំពេញ​ទេ។

លោក​ សាន សែត បានមាន​ប្រសាសន៍​ថា ” ប្រសិន​បើ​​មន្ត្រី​កង​យោធពល​ខេមរភូមិន្ទ​ផ្ដល់​សំណង​ឲ្យ​យើង យើង​នឹង​បញ្ចប់រឿង​ក្ដីនេះ​”។ លោក​ពន្យល់​ថា​ លោក​នឹង​មិន​ប្ដឹង​ទេ ព្រោះ​​បើលោកប្តឹង​ លោកត្រូវធ្វើដំណើរឡើងចុះ​ពី​ខេត្តកណ្ដាល មករាជធានី​។

លោក​បានមាន​​ប្រសាសន៍​ថា ” យើង​មិនអាច​តតាំង​ជាមួយ​មន្ត្រី​កង​យោធពល​ខេម​រ​ភូមិន្ទ​​ឡើយ”។

លោកឧត្តម​សេនីយ៍​ទោ ពៅ ហេង នាយ​សេនាធិការ​យោធភូមិភាគ​៤​របស់​កង​យោធ​ពល​ខេមរភូមិន្ទ​ បានមាន​​​ប្រសាសន៍​ថា លោក លោកអនុសេនីយ៍ត្រី សុភាព ត្រូវ​បាន​រក​ឃើញ​ពិរុទ្ធភាព លោក​នឹង​ប្រឈម​នឹង​ការ​ដាក់​ទោស​ទៅ​តាម​ច្បាប់​យោធា​។

ពេលសុំ​ឲ្យ​បរិយាយ​ល្អិត​ល្អន់​អំពី​ ថាតើ​លោក​ សុភាព នឹង​ទទួល​ទោស​បែប​ណានោះ លោក​បាន​បិទ​ទូរស័ព្ទ​មិននិយាយជាមួយ​អ្នក​យកព័ត៌មានឡើយ​៕ ប៊ុននី​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស