38.1 C
Phnom Penh

អ្នកបង្កើត​ប៉ុស្តិ៍ត្រួត​​ពិនិត្យ​​​ខុស​ច្បាប់​ត្រូវបាន​ដោះ​លែង​ បន្ទាប់​​ពីសន្យា​​​ឈប់​​បង្កើត​ប៉ុស្តិ៍​​ខុសច្បាប់ទៀត​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​ពីម្សិល​មិញ ព្រះរាជអាជ្ញា​​អម​សាលា​ដំបូង​ខេត្តកំពង់ធំ​​​បាន​ដោះលែង​បុរស​ប្រាំពីរ​នាក់​ ​​​ដែល​​​​បាន​បង្កើត​​ប៉ុស្តិ៍​ត្រួត​​ពិនិត្យ​​ខុស​ច្បាប់​មួយកន្លែង​បន្ទាប់​​ពី​​ពួកគេ​​បាន​ចុះ​ហត្ថ​លេខា​លើ​​កិច្ចសន្យា​​មួយ​ ​ឈប់​​ប្រព្រឹត្តខុសទៀត​។​

​បុរស​ប្រាំពីរនាក់​ មាន​មន្ត្រីកងរាជ​អាវុធ​ហត្ថ​បួន​នាក់ អ្នកកាសែតម្នាក់​ បុគ្គលិក​​​អង្គការ​ក្រៅ​រដ្ឋាភិបាល​ម្នាក់ និងមន្ត្រី​​បរិស្ថាន​ស្រុក​ម្នាក់​ ត្រូវ​បាន​ចាប់​​ខ្លួន​​ក្នុងប្រតិបត្តិការ​ទារ​យក​ប្រាក់​នៅ​ឯប៉ុស្តិ៍​ត្រួត​​​ពិនិត្យ​​ខុស​ច្បាប់​ តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​​៦២​ ក្នុង​ស្រុក​កំពង់​ស្វាយ។

លោក សាយ ណូរ៉ា ព្រះរាជអាជ្ញារងអម​សាលាដំបូង​ខេត្ត​​បានមាន​​ប្រសាសន៍​​កាល​ពីម្សិល​មិញថា ​នគរបាល​កំពុងតាម​រក​​​អ្នក​សម​​គំនិត​​ចំនួន​១០នាក់​​ទៀត។ លោកមិន​បង្ហាញ​​អត្តសញ្ញាណ​​​ជនសង្ស័យទាំង​១០​​នាក់​នេះ​​ទេ គ្រាន់​​តែ​​​ឲ្យដឹងថា​​ជាមន្ត្រី។

លោក ណូរ៉ា បាន​បន្ថែមថា ” យើងបាន​ចាប់​ខ្លួន​​អ្នកកាសែត​ ​ពីព្រោះ​​​ជានិច្ចកាល​​ពួកគេ​​​ទារ​យកប្រាក់​​​ពីអ្នកបើក​បររថយន្ត​​ដឹក​​​ឈើ​ប្រណីត​ គំរាម​​អ្នកបើកបរ​ដោយ​យក​លេស​រាយ​ការណ៍​​ប្រាប់​​នគរបាល ​ឬព្រះ​​រាជអាជ្ញា​ ប្រសិន​បើ​​ពួកគេ​​មិន​ឲ្យប្រាក់។ ខ្ញុំ​​​ជា​ព្រះ​​រាជអាជ្ញា​រង​​ប៉ុន្តែ​​ខ្ញុំ​បើកឡាន​ចាស់​ ប៉ុន្តែ​អ្នកកាសែត​​ទាំង​នោះ​ បើកឡាន​ទំនើប​។ ​​តើពួកគេ​បាន​លុយ​ពីណាមក​?”។

លោក ណូរ៉ា ​បានមាន​ប្រសាសន៍ថា ​អ្នកកាសែត​​ជានិច្ចកាល​​គំរាម​​ទារប្រាក់​​​ពីអ្នក​កាប់​​ឈើ​ខុស​ច្បាប់​ គំរាម​​​ពួកគេ​ចុះក្នុង​​ទំព័រ​កាសែត​រៀបរាប់​​​​អំពីសកម្មភាព​​​របស់​​ពួកគេ​។

ទោះ​យ៉ាងណា លោក ណូរ៉ា ​បានមាន​ប្រសាសន៍ថា អ្នកកាសែត​​​ទាំង​នេះ​​និង​អ្នក​ផ្សេង​ទៀត​ក្នុងក្រុមនេះ​ ត្រូវបាន​​ព្រមាន​ និ​ង​ដោះលែង​ ​ពីព្រោះ​​​ពួកគេ​​​​​ប្រព្រឹត្តល្មើស​លើក​​ទី១ ​ហើយ​បានយល់ព្រម​​​បិទ​​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​​ខុស​ច្បាប់​​នេះ។

លោក ​ជា ពឿន នាយការិយាល័យ​នគរបាល​ព្រហ្មទណ្ឌកម្រិតធ្ងន់​​ខេត្ត​​បានឲ្យដឹង​​ថា ការ​​ស៊ើបអង្កេតក្រុមនេះ បាន​ប្រើ​ពេល​​​ពីរ​ខែ។

លោក ​ជា ពឿន ​បានមាន​ប្រសាសន៍ថា ” មុនយើងចាប់​​ខ្លួនពួកគេ ​​យើងក៏បាន​​និយាយ​ទៅកាន់​អ្នក​បើកបរ​និងអ្នកដំណើរ​នៃ​រថយន្តទាំងនោះ​ផងដែរ​​​។ អ្នកទាំងនោះ​​បាន​ប្រាប់​យើងថា ​​ជន​សង្ស័យទារយកប្រាក់​​៥.០០០​រៀល​[១.២៥ដុល្លារ] ទៅ១០.០០០រៀល​[ប្រហែល​២.៥០​ដុល្លារ​] នៅតាម​ប៉ុស្តិ៍​​ត្រួត​​ពិនិត្យ​ខុស​ច្បាប់នីមួយៗ​”។

លោក ជា ពឿន បាន​បន្ថែមថា ​ការ​​ស៊ើបអង្កេត​​​របស់លោក​កំពុង​ដំណើរការ​ ហើយថា លោកសង្ឃឹមថា​​​នឹង​ចាប់​ខ្លួន​​អ្នកសម​គំនិត​ចំនួន​១០នាក់​​ទៀត​ឆាប់ៗ​នេះ។

លោកបាន​មាន​ប្រសាសន៍ថា “យើងនឹងធ្វើរឿងនេះ​រហូត​។ យើងមិនខ្លាច​មន្ត្រី​​ទាំងនោះ​​ឡើយ​[បុរស១០នាក់ដែលមិនទាន់​ចាប់​ខ្លួនបាន​នៅឡើយ]។

លោក ​ញ៉ែម សារ៉ាត់ ​​អ្នក​សង្កេតការណ៍​​​របស់​​អង្គការ​សិទ្ធិមនុស្ស​​​អាដ​ហុក​​ប្រចាំ​ខេត្ត​នេះ​​បាន​រិះគន់​​ការ​ងារ​​​​របស់​នគរបាល​​​និងព្រះ​រាជ​​អាជ្ញា ដោយ​​ចាត់ទុកថា​​វាជាការ​​រាលដាល។

លោក សារ៉ាត់ ​បានមាន​ប្រសាសន៍ថា “ប្រសិនបើ​​​ពួកគេ​រកឃើញ​មន្ត្រីទាំង​នោះ [បុរស​១០នាក់​នោះ] អាជ្ញាធរ​គួរតែ​​អនុវត្ត​​ច្បាប់​ មិនត្រឹម​តែ​​ចាប់​ខ្លួន​​និងដោះលែង​ពួកគេ​​ដោយ​គ្មាន​​ការ​​​ដាក់​​ពិន័យ​នោះទេ។ មាន​​​រឿងក្តី​ច្រើន​បំផុត​នៅក្នុងខេត្ត​នេះ ជាទីដែល​ក្រុម​មន្ត្រី​ប្រើ​​តួនាទី​​​របស់​​ខ្លួន​ដើម្បី​បង្កើត​​ប៉ុស្តិ៍ត្រួត​ពិនិត្យ​​ខុស​ច្បាប់​”៕ ប៊ុននី​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស