28 C
Phnom Penh

មន្ត្រីបដិសេធការចោទប្រកាន់ពីបទកិបកេងប្រាក់ចំនួន៧០.០០០ដុល្លារ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាម​ការ​ឆ្លើយការ​​ពារ​ខ្លួន​បង្ហោះ​តាម​គេហ​ទំព័រ​​របស់​​អង្គភាព​ប្រឆំាងអំពើ​ពុក​រលួយ​​កាល​​ពីម្សិលមិញ​​បាន​ឲ្យដឹងថា ​​អតីតប្រធាននា​យកដ្ឋាន​​ហិរញ្ញ​​វត្ថុ​ខេត្ត​ព្រះ​វិហារ​​បាន​បដិ​សេធ​ចំពោះ​ការចោទ​ប្រកាន់​​​ ថាលោកបាន​កិបកេង​ប្រាក់​​ប្រមាណ​៧២.០៤៥​ដុល្លារ​​នៅ​​ឆ្នាំ​២០១៣។

លោក មាស រ័ត្នថាវុធ ដែលត្រូវបាន​បង្គាប់​ឲ្យ​ចូល​និវត្តន៍កាល​ពីថ្ងៃទី​១ ខែ​មីនា បានមាន​ប្រសាសន៍ថា ​​ពាក្យ​បណ្តឹងមួយ​​​​​ប្តឹង​លោក​​​ទៅ​​​អង្គភាព​ប្រឆាំង​អំ​ពើ​​ពុក​​រលួយ​​កាល​​ពី​ពាក់​កណ្តាល​ខែ​មីនា ដោយ​​អះអាងថា លោក​​​បាន​​ទាម​ទារ​ប្រាក់​សគុណ​​ពី​១ភាគ​​​រយ​ទៅ​៣ភាគ​រយ​​​ពី​​ក្រុម​ហ៊ុន​នីមួយៗ​។

លោក រ័ត្នថាវុធ មានប្រសាសន៍នៅក្នុង​សេចក្តី​ថ្លែងការណ៍​ថា ​ពាក្យបណ្តឹងនេះ​​​​អាច​ចេញពី​បុគ្គលិក​ដែល​គំុកួន​ បន្ទាប់​​ពី​ការ​បង្ក្រាប​​​អំពើ​​ពុក​រលួយ​។

លោកបានមាន​ប្រសាសន៍ថា “ការ​ប្តឹង​ខ្ញុំ​បន្ទាប់​​ពី​ខ្ញុំ​ចូល​និវត្តន៍​ គឺ​ដោយ​សារតែ​​ខ្ញុំ​ទប់​ស្កាត់​សកម្មភាព​មិន​ប្រក្រតី​​របស់​មន្ត្រី​មួយ​ចំនួន​​នៅក្នុង​មន្ទីរ​ និ​ង​មន្ទីរ​ទាក់​​ទង​ផ្សេងទៀត​ ព្រម​​ទាំង​​មេធំៗ​​មួយ​ចំនួន​​ទៀត”។

លោក​​បានមាន​ប្រសាសន៍​ថា ​” ខ្ញុំ​សូម​​បញ្ជាក់​ម្តងទៀតថា តម្លៃ​លទ្ធ​កម្ម​សម្រាប់​ផលិត​ផល​​និង​សម្ភារៈសំណង់​គ្រប់​ប្រភេទ​ទាំង​​អស់​ ដែល​​មាន​នៅក្នុង​កិច្ចសន្យា​​​ក្នុង​ឆ្នាំ​​២០១៣ ត្រូវបាន​​​អនុវត្ត​​យ៉ាង​ត្រឹម​ត្រូវ​ អនុលោម​​តាម​​ច្បាប់​ស្តី​​ពី​លទ្ធ​​កម្ម​សាធារណៈ​ ហើយ​ដំណើរការ​នេះ​ត្រូវ​បាន​​អនុ​វត្ត​​ដោយត្រឹម​ត្រូវ ​ដោយ​មិនមាន​ការ​​​ធ្វើ​ឯកសារ​ក្លែង​ក្លាយ​​ណាមួយ​​​”។

​លោក រ័ត្នថាវុធ ​បាន​លើកឡើង​​​តាម​ទូរ​ស័ព្ទ​កាល​ពីម្សិល​មិញថា លោកមិនបាន​ធ្វើ​អ្វី​ខុស​​​ទេ​ ហើយ​លោក​​បាន​សុំ​ឲ្យ​​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​​បញ្ជូន​​ក្រុម​ការ​​ងារ​ឯក​រាជ្យ​មួយ​​​ស៊ើប​អង្កេត​​ការ​​អះ​​អាង​​​ប្រឆំាង​របស់​​គាត់​។

លោកបានមាន​ប្រសាសន៍ថា ” ​ខ្ញុំ​​នឹង​សហការ​​​ជាមួយ​​អង្គភាព​ប្រឆាំង​​អំ​ពើ​​​ពុក​រលួយ​ ​ពីព្រោះ​​ខ្ញុំ​​​ចង់​​ឃើញ​​អង្គភាពប្រឆាំងអំពើ​​​ពុក​រលួយបញ្ជូន​​ក្រុម​ឯក​រាជ្យ​មួយ​​មក​ធ្វើការ​ស៊ើប​អង្កេត​​​ដើម្បី​បង្ហាញ​​ពី​តម្លាភាព​​និ​ង​​ភាព​ត្រឹម​ត្រូវ”។

​លោក ឡោ ច័ន្ទ អ្នក​សម្រប​សម្រួល​​របស់​​អង្គការ​​អាដហុក​​ប្រចាំ​ខេត្តនេះ​ បានមាន​ប្រសាសន៍ថា ​អង្គការ​សិទ្ធិមនុស្ស​នេះ​ក៏បាន​ទទួល​​​ពាក្យបណ្តឹង​​​ផ្ទាល់​មាត់​​ពី​អ្នក​ស្រុក​​និង​អ្នក​ជំនួញ​ផ្សេងៗដោយ​ចោទប្រកាន់​​​អតីត​​ប្រធាន​ហិរញ្ញ​​វត្ថុ​រូបនេះ​​​ពីបទ​​​ប្រព្រឹត្តអំពើ​​​​ពុក​រលួយ​​​និង​​​ជំរិត​​​ទារ​ប្រាក់​ដែរ។

លោកបានមាន​ប្រសាសន៍ថា ” ដូច្នេះ ខ្ញុំ​​គិតថា ​​អង្គភាព​ប្រឆាំង​អំ​​ពើ​​ពុករលួយ​នឹង​បញ្ជូន​មន្ត្រី​អធិការ​កិច្ច​​​ធ្វើការ​ស៊ើប​​អង្កេត​​ការ​ចោទ​ប្រកាន់​​​ពីបទ​ប្រព្រឹត្តអំ​ពើ​​ពុក​រលួយ ​​ពីព្រោះ​​​អំ​ពើ​ពុករលួយ​​បាន​កើតឡើង​​ក្រោម​អាណត្តិ​​​របស់​គាត់​”។

​​ទាំង​លោក​ ឱម យុិនទៀង ប្រធាន​​អង្គភាព​ប្រឆាំង​​អំពើ​​ពុក​​រលួយ​ និង​លោក​ ឆាយ សាវុធ អនុប្រធាន​​​របស់​លោក ​​មិន​អាច​​ទាក់​​ទង​​​​សុំការ​អត្ថាធិប្បាយ​​បាន​ទេ​​កាល​ពីម្សិល​មិញ​៕ប៊ុននី​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស