38 C
Phnom Penh

ប្រជា​ជន​១២គ្រួសារ​​ដែល​មាន​​វិវាទ​ដីធ្លី​នៅខេត្ត​កំពត​អះអាង​ថា ក្រុមហ៊ុន​សំណង់​មួយ​បំភិត​បំភ័យ​ខ្លួន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិលមិញ អ្នក​ភូមិ​ និង​សកម្មជន​ការ​ពារ​សិទ្ធិមនុស្ស​បាន​ឲ្យ​ដឹង​ថា អ្នកភូមិ​ចំនួន​១២​គ្រួសារ​ដែលមាន​​វិវាទ​ដីធ្លី​ក្នុង​ខេត្ត​កំពត បាន​នាំគ្នា​រារាំង​ក្រុម​ហ៊ុន​សំណង់​មួយកាលពី​ថ្ងៃពុធ​​មិន​ឲ្យ​ចាក់​ដី​បំពេញទីវាល​ដែល​ពួកគាត់​​អះអាង​ថា ជា​កម្មសិទ្ធិ​របស់​ខ្លួន។​

អ្នក​ភូមិ​ជា​ច្រើន​គ្រួសារ​នេះ​បាន​លើក​ឡើង​ថា ក្រុម​ហ៊ុន​បាន​ចាប់​ផ្ដើម​ទន្ទ្រាន​យកដី​របស់​ពួកគាត់​នៅ​ក្នុង​ឆ្នាំ​២០១១​នៅពេល​ពួកគេ​បាន​ទិញ​ដី​នៅ​ក្បែរ​ៗ​នោះ​។

ចាប់​តាំង​ពី​ពេល​នោះ​មក អ្នក​ភូមិ​ទាំង​១២​គ្រួសារ​នេះ​ដែល​បដិសេធ​មិនព្រម​លក់​ដី​របស់​ខ្លួន​ទៅ​ឲ្យ​ក្រុម​ហ៊ុន​ វណ្ណ វណ្ណា នៅ​ក្នុង​ស្រុក​កំពង់​ត្រឡាច​ បាន​និយាយ​ថា ពួកគាត់បាន​ជួប​ការ​លំបាក​នៅ​ក្នុង​ការ​ផ្ដល់​ភ័ស្តុ​តាង​ដែល​បញ្ជាក់​ថា ដីនេះជា​របស់​ពួកគាត់​ដោយ​ស្រប​ច្បាប់​។

អ្នក​ភូមិ​ម្នាក់​ឈ្មោះ កង ហាវ អាយុ​៦៨​ឆ្នាំ​បាន​និយាយ​ថា ” យើង​បាន​រស់​នៅ​ ហើយ​រង់​ចាំ​មន្ទីរ​សុរិយោដី​ផ្ដល់​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​មក​ឲ្យ​យើង​ ប៉ុន្តែ​ឥឡូវ​នេះ​ខ្ញុំឮថា ក្រុម​ហ៊ុន​បានក្លាយ​ជា​ម្ចាស់​កម្មសិទ្ធិ​លើ​​ដី​របស់​ខ្ញុំ​ហើយ។ក្រុម​ហ៊ុន​បាន​ព្យាយាម​យក​ដី​របស់​ខ្ញុំជាយូរ​មក​ហើយ។ ហើយ​នៅពេល​ណា​ដែល​ខ្ញុំ​ដាំ​ដើម​ដូង​ ពួកគេ​បាន​មកដក​ចេញ​ភ្លាម​”។

លោក យន់​ ផល្លី អ្នក​ស៊ើប​អង្កេត​នៅ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ បាន​ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃ​ពុធ រថយន្ត​ដឹក​ដី​មួយ​ចំនួន​របស់​ក្រុម​ហ៊ុន​បានទៅ​ដល់​ ប៉ុន្តែបាន​ត្រឡប់​ទៅវិញ បន្ទាប់ពី​អ្នក​ភូមិបាន​នាំគ្នា​បិទ​ផ្លូវ​។

លោក​បាន​មាន​ប្រសាសន៍​ថា ” ខ្ញុំ​បាន​ទៅ​សួរ​មេឃុំ​ ប៉ុន្តែ​គាត់​​បាន​មាន​ប្រសាសន៍​ថា គាត់​មិនដឹង​ទេ ថា​តើ​ហេតុអ្វី​បាន​ជា​ក្រុម​ហ៊ុន​ព្យាយាម​បង្ហាញ​ប្រាប់​ពល​រដ្ឋ​ថា ខ្លួន​មាន​ប័ណ្ណ​កម្ម​សិទ្ធិដីធ្លីនោះ​”។

យោងតាម​លោក ផល្លី បាន​ឲ្យ​ដឹង​ថា ក្រុម​ហ៊ុន​ វណ្ណ វណ្ណា បានព្យាយាម​ទិញ​ដីទំហំ​មួយ​ហិកតាពីអ្នក​ភូមិ​ទាំង​១២​គ្រួសារ​នេះ​ក្នុង​តម្លៃ​៤០.០០០​​ដុល្លារ ប៉ុន្តែ​ពួកគាត់​បាន​បដិសេធ​មិន​លក់​ឲ្យ​ទេ​។

លោក វុធ វឌ្ឍាណា ប្រធាន​ការិយាល័យ​​អន្តរវិស័យ​ខេត្ត​កំពត បាន​លើក​ឡើង​ថា ក្រុម​ហ៊ុន​ទទួល​បាន​សិទ្ធិ​អភិវឌ្ឍ​ផ្នែក​ខ្លះ​នៃ​តំបន់​នោះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

លោក​បាន​មាន​ប្រសាសន៍​ថា ក្រុម​ហ៊ុន វណ្ណ វណ្ណា ទទួល​បាន​ការ​អនុញ្ញាតឲ្យ​អភិវឌ្ឍ​ជា​យូរ​មក​ហើយ ប៉ុន្តែ​ទាក់​ទិន​នឹ​ង​វិវាទ​ដីធ្លី​រវាង​ក្រុម​ហ៊ុន​ និ​ង​អ្នក​ភូមិ​ទាំង​១២​គ្រួសារ​នោះវិញ ខ្ញុំ​មិនដឹង​ទេ ថាតើ​ក្រុម​ហ៊ុន​មាន​ប័ណ្ណ​កម្មសិទ្ធិ​ដីធ្លី​ឬអត់នោះ​”។

យោងតាម​អង្គការ​សិទ្ធិមនុស្ស​ក្នុង​ស្រុក​លីកាដូ បាន​ឲ្យ​ដឹង​ថា កាលពីខែ​មីនា ក្រុម​ហ៊ុន វណ្ណ វណ្ណា បាន​ដាក់​ពាក្យ​ប្ដឹង​ដោយ​អះអាង​ថា គ្រួសារ​ទាំង​នេះ​មាន​អាកប្បកិរិយា​​ហិង្សា​ ហើយ​បាន​រារាំង​មិន​ឲ្យ​ខ្លួន​ធ្វើការ​អភិវឌ្ឍ។ កាលពីខែ​មេសា គ្រួសារ​ទាំង​នេះ​បាន​ដាក់ពាក្យ​ប្ដឹង​បក​វិញ ដោយ​លើក​ឡើង​ថា ក្រុម​ហ៊ុន​បានទន្ទ្រាន​យក​ដី​របស់​ពួក​គាត់​ដោយ​ខុស​ច្បាប់​។

លោក ហាវ បាន​និយាយ​ថា ” ក្រុម​ហ៊ុន​កំពុង​តែ​គំរាម​កំហែង​យើង ដោយ​និយាយ​ថា ប្រសិន​បើ​យើង​មិន​ផ្ដល់​ដីទៅ​ឲ្យ​គេ​ទេ​ គេ​នឹង​ចាក់​ដី​លើ​ដី​របស់​យើង​ ទោះបីជា​យើង​រស់​នៅ​ទីនេះ​ជាយូរ​មក​ហើយ​ក៏ដោយ​”៕ ស៊ុយឈាង​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស