ក្រសួងធនធានទឹកនិងឧតុនិយមបានរឹបអូសនាវាចំនួនបួនគ្រឿងកាលពីថ្ងៃពុធដោយសាររំលោភបម្រាមរបស់រដ្ឋាភិបាលមិនឲ្យបូមខ្សាច់ក្នុងទន្លេ នៅរាជធានីភ្នំពេញ និងកំពុងតែតាមរកម្ចាស់នាវាទាំងនេះ។
សាលារាជធានីភ្នំពេញបានចេញបម្រាមនេះកាលពីឆ្នាំមុន ជាការឆ្លើយតបទៅនឹងការផ្គត់ផ្គង់ហួសកម្រិតរបស់នាវាបូមខ្សាច់គ្មានអាជ្ញាប័ណ្ណនៅក្នុងរាជធានីភ្នំពេញ។ សកម្មភាពរបស់នាវានេះត្រូវបានស្តីបន្ទោស ដោយសារលំនៅដ្ឋានមួយចំនួននៅតាមមាត់ទន្លេក្នុងរាជធានី បានបាក់ស្រុតចូលទៅក្នុងទឹក បើទោះជាសាលារាជធានីបានសន្មតថា ការបាក់ស្រុតនេះ ដោយសារការច្រោះតាមធម្មជាតិក៏ដោយ។
កាលពីម្សិលមិញ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹកនិងឧតុនិយម បានមានប្រសាសន៍ថា នាវាទាំងបួនគ្រឿងនេះត្រូវបានរឹបអូស និងរក្សាទុកកាលពីរសៀលថ្ងៃពុធ ដោយសាររំលោភបម្រាប។
លោកបានមានប្រសាសន៍ថា ” នាវាបួនគ្រឿងនេះ ត្រូវបានរឹបអូស ខណៈដែលកម្មករកំពុងបូមខ្សាច់ពីទន្លេ។ ការបូមខ្សាច់មិនត្រូវបានអនុញ្ញាត ចាប់តាំងពីមុនការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រកាលពីខែកក្កដាមក”។
លោក គានហោ បានមានប្រសាសន៍ថា នាវាយ៉ាងតិច២០គ្រឿងត្រូវបានរឹបអូស ចាប់តាំងពីបម្រាមនេះចូលជាធរមានមក។
លោក ច័ន្ធ យុត្ថា អ្នកនាំពាក្យរបស់ក្រសួងធនធានទឹកបានមានប្រសាសន៍ថា គ្មាននរណាម្នាក់ត្រូវបានចាប់ខ្លួន នៅអំឡុងពេលរឹបអូសនាវានោះទេ ពីព្រោះអ្នកនៅលើនាវានោះបានលោតទៅក្នុងទឹក ហើយរត់គេចខ្លួន។ លោកបានមានប្រសាសន៍ថា រដ្ឋាភិបាលមិនស្គាល់ម្ចាស់នាវាទាំងបួនគ្រឿង ដែលកំពុងប្រតិបត្តិការនៅតំបន់ផ្សេងៗនៃទន្លេនេះ ប៉ុន្តែកំពុងធ្វើការស៊ើបអង្កេត។
ទោះជាមានបម្រាមក៏ដោយ ក៏លោក យុត្ថា បានមានប្រសាសន៍ថា នាវាទាំងនេះនៅតែត្រូវបានអនុញ្ញាតឲ្យបូមខ្សាច់នៅក្នុងតំបន់ពីរក្នុងរាជធានីភ្នំពេញ នៅទល់មុខព្រះបរមរាជវាំង និងនៅក្បែរកោះឧកញ៉ាតី ដើម្បីយកដីល្បប់ ដែលអាចរាំងស្ទះរំហូរទឹកទន្លេ៕ ប៊ុននី