យោងតាមទិន្នន័យដែលស្ថានទូតថៃប្រចាំកម្ពុជាបានចេញផ្សាយកាលពីថ្ងៃសុក្រ បង្ហាញថា តម្លៃសរុបនៃទំនិញនាំចូលពីប្រទេសថៃ បានកើនឡើងជាង១៤ភាគរយក្នុងរយៈពេលបួនខែដើមឆ្នាំនេះ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
តម្លៃសរុបនៃការនាំចេញរបស់ប្រទេសថៃ មកកាន់កម្ពុជា បានកើនឡើង១៤,១៤ភាគរយមកដល់ប្រហែល១,៥៥ពាន់លានដុល្លារពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៣០ខែមេសា គឺកើនឡើងពីចំនួន១,៣៥ពាន់លានដុល្លារក្នុងរយៈពេលដូចគ្នាក្នុងឆ្នាំ២០១៣។
ប្រេងឥន្ធនៈ (២៦២,៧លានដុល្លារ) ភេសជ្ជៈ (៧៨លានដុល្លារ) ស្ករស (៧២,៤លានដុល្លារ) និងសីុម៉ងត៍ (៦២,៩លានដុល្លារ) នៅតែស្ថិតក្នុងចំណោមទំនិញកំពូលៗដែលកម្ពុជានាំចូលពីប្រទេសថៃ ចំណែកឯត្បូង និងគ្រឿងអលង្ការ (២១៧,១លានដុល្លារ) បានកើនឡើង១.១៨៧ភាគរយ ដោយជំនួសតំណែងផលិតផលសម្អាង (៤៩,៤លានដុល្លារ) ជាប់ឈ្មោះក្នុងមុខទំនិញកំពូលទាំងប្រាំ។
ទោះបីជា ប្រេងឥន្ធនៈនៅតែជាទំនិញនាំចូលច្រើនជាងគេបំផុតបើគិតពីតម្លៃក្តី ក៏តម្លៃសរុបរបស់វាបានធ្លាក់ចុះ៨ភាគរយពីចំនួន២៨៥,៦លានដុល្លារសម្រាប់រយៈពេលបួនខែដើមឆ្នាំនេះ។
ទិន្នន័យនេះក៏បង្ហាញដែរថា ការនាំចូលសីុម៉ង់ត៍បានកើនឡើង២៣,២២ភាគរយពីចំនួន៥១លានដុល្លារដល់៦២,៩លានដុល្លារ ហើយការនាំចូលបន្ទះអេឡិចត្រូនិកបានកើនឡើងលើសទ្វេដងពីចំនួន៨,៦លានដុល្លារដល់១៨,៦លានដុល្លារ។
កាលពីថ្ងៃសុក្រ មន្ត្រី និងអ្នកវិភាគខាងឧស្សាហកម្មថៃបានកោតសរសើរចំពោះកំណើនសរុបនៃសេដ្ឋកិច្ចរបស់កម្ពុជា និងការរីកចម្រើនយ៉ាងឆាប់រហ័សក្នុងវិស័យសំណង់ ដោយនៅក្នុងត្រីមាសទី១ដើមឆ្នាំនេះ គម្រោងនានា ដែលទទួលបានការអនុម័ត បានកើនឡើងជិតទ្វេដង។
លោក ស៊ូរ៉ាចេត ម៉ានីពង្ស (Surachet Maneepong) អ្នកឯកទេសខាងទ្រទង់អាជីវកម្មនៅការិយាល័យកិច្ចការពាណិជ្ជកម្មនៃស្ថានទូតថៃ បានមានប្រសាសន៍ថា “ កំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា និងកំណើនចំណូលក្នុងមនុស្សម្នាក់ៗរបស់ប្រជាពលរដ្ឋកម្ពុជា បានធ្វើឲ្យតម្រូវការ និងការនាំចេញផលិតផលប្រើប្រាស់មកកាន់កម្ពុជា កើនឡើង”។
លោកបានមានប្រសាសន៍ទៀតថា ” ការផ្លាស់ប្តូរទីតាំងនិងការពង្រីកអាជីវកម្មដែលរួមមានការភ្ជាប់សង្វាក់ផ្គត់ផ្គង់ បានធ្វើឲ្យការនាំចេញសម្ភារសំណង់ និងវត្ថុធាតុដើមពីប្រទេសថៃមកកាន់កម្ពុជា កើនឡើង និង [មាន] គម្រោងសាងសង់កាន់តែច្រើន [នៅកម្ពុជា]”។
លោកបានបន្តថា ខណៈដែលអស្ថិរភាពនយោបាយនៅក្នុងប្រទេសថៃនាពេលបច្ចុប្បន្នបានធ្វើឲ្យប៉ះពាល់ដល់ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ប្រជាជនថៃទំនងជាសម្លឹងរកឱកាសឆ្លងដែនមកវិនិយោគនៅកម្ពុជា ដោយសារតែពេលនេះប្រជាជនក្នុងស្រុកកំពុងរឹតត្បិតការចំណាយរបស់ខ្លួន។
លោកមានប្រសាសន៍ថា ” គិតជារួម ពាណិជ្ជកម្មនៅតែកើនឡើង។ប្រជាជន [កម្ពុជា និងថៃ] អាចយល់ដឹងពីភាពខុសគ្នារវាងនយោបាយ និងពាណិជ្ជកម្ម”។
ប៉ុន្តែ លោក ស្រី ចាន់ធី អ្នកសេដ្ឋកិច្ចឯករាជ្យបានមានប្រសាសន៍ថា អស្ថិរភាពនយោបាយនៅក្នុងប្រទេសថៃ ទំនងជាមូលហេតុដែលធ្វើឲ្យតម្លៃសរុបនៃការនាំចូលប្រេងឥន្ធនៈមកកាន់កម្ពុជា ធ្លាក់ចុះ។ លោកបានបន្តថា ” ប្រេងឥន្ធនៈត្រូវបាននាំចូលមកកាន់កម្ពុជាតាមផ្លូវគោក និងផ្លូវទឹក ប៉ុន្តែ ខ្ញុំយល់ឃើញថា បាតុកម្មនៅក្នុងប្រទេសថៃបានធ្វើឲ្យប៉ះពាល់ដល់ការនាំចូលទំនិញនេះ [តាមផ្លូវគោក] ចំណែកឯការនាំចូលប្រេងឥន្ធនៈតាមផ្លូវទឹកមិនបានរងការប៉ះពាល់ទេ”៕ សុខុម