នៅមជ្ឈមណ្ឌលចែកចាយត្រីច្រាំងចម្រេះក្នុងខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ អ្នកជួញដូរត្រីជាច្រើននាំគ្នាចាប់យកត្រីផ្ទក់ចេញពីធុងដ៏ធំមួយ ហើយយកដាក់ចូលក្នុងកញ្ឆេ។

តាំងពីបានចាប់ផ្តើមអាជីវកម្មក្នុងឆ្នាំ២០១២រហូតមក អ្នករកសីុផ្នែកចែកចាយត្រីម្នាក់ឈ្មោះ ភី វាសនា បាននិងកំពុងទិញត្រីផ្ទក់នាំចូលពីប្រទេសវៀតណាមបន្ថែមលើត្រីផ្សេងៗទៀតដែលមានទម្ងន់សរុបជិតមួយតោន ដើម្បីយកទៅលក់ជារៀងរាល់ថ្ងៃ។
លោកបាននិយាយកាលពីដើមសប្តាហ៍នេះថា ” នៅក្នុងប្រទេសកម្ពុជាយើងមិនមានត្រីទេ។ បើយើងមានត្រី ខ្ញុំមិនចាំបាច់ទិញត្រីវៀតណាមទៅលក់ទេ”។ ក៏ប៉ុន្តែ ប្រទេសកម្ពុជាពិតជាមានត្រី ហើយមានច្រើនទៀតផង។
តំបន់ត្រីទឹកសាបក្នុងប្រទេសកម្ពុជាដែលស្ថិតក្នុងចំណោមតំបន់សម្បូរត្រីច្រើនបំផុតនៅក្នុងពិភពលោកដោយសារតែមានជង្រុកត្រីនៅជុំវិញបឹងទន្លេសាប និងទន្លេជាច្រើនទៀតនៅក្នុងប្រទេសនេះ ត្រូវបានគេប្រើប្រាស់ដើម្បីទាញប្រយោជន៍យ៉ាងច្រើនពីផែនដី នេះបើយោងតាមអង្គការស្រាវជ្រាវអំពីត្រីមួយដែលមានមូលដ្ឋាននៅប្រទេសម៉ាឡេស៊ី គឺអង្គការ វើលហ្វីស(World Fish) ។
ប្រទេសកម្ពុជាឈរនៅចំណាត់ថ្នាក់ទី៤នៅក្នុងពិភពលោក បន្ទាប់ពីប្រទេសចិន ឥណ្ឌា និងប្រទេសបង់ក្លាដេស ក្នុងផ្នែកផលិតភាពនៃការចាប់ត្រីទឹកសាប នេះបើយោងតាមអង្គការ វើល ហ្វីស ។
លោក អាលែន ប្រូ៊ក នាយកអង្គការ វើល ហ្វីស ប្រចាំមហាតំបន់ទន្លេមេគង្គបានមានប្រសាសន៍ថា “ យើងមានភាពអំណោយផលផ្នែកត្រីធម្មជាតិនៅក្នុងប្រទេសកម្ពុជា។ តាមពិតទៅមានត្រីធម្មជាតិយ៉ាងច្រើន”។
យោងតាមទិន្នន័យជលផលបានបង្ហាញថា ត្រីប្រហែល៥០០ពាន់តោនកើតតាមធម្មជាតិក្នុងមួយឆ្នាំៗ ក៏ប៉ុន្តែ ត្រីធម្មជាតិភាគច្រើននៅប្រទេសកម្ពុជាត្រូវបាននាំចេញដោយគេចពន្ធទៅក្រៅប្រទេស។ នេះមានន័យថា សកម្មភាពពាណិជ្ជកម្មត្រីធម្មជាតិមិនត្រូវបានឆ្លុះបញ្ចាំងតាមរយៈតួលេខផ្លូវការរបស់រដ្ឋាភិបាលទេ នេះបើយោងតាមលោក យុត សេងឡុង ប្រធានគ្រប់គ្រងកម្មវិធីអង្គការក្រុមការងារសម្ព័ន្ធអភិរក្សជលផល។
នៅក្នុងត្រីមាសដំបូងនៃឆ្នាំនេះតម្លៃនាំចេញត្រីកើនឡើង២៦ភាគរយពី២០៣.៣០៩ដុល្លារក្នុងឆ្នាំ២០១៣ដល់២៥៦.១៧៣ដុល្លារក្នុងឆ្នាំនេះ តម្លៃនាំចេញត្រីកាលពីឆ្នាំមុនមានចំនួន៩៣៤.៨២៤ដុល្លារ ឬស្មើមួយភាគនៃទំនិញនាំចេញដែលមានតម្លៃជិត៧.០០០លានដុល្លារ។
ភាគច្រើនក្នុងចំណោមត្រីនៅក្នុងប្រទេសកម្ពុជាកំពុងត្រូវបានចាប់នៅក្នុងដែនទឹកនៃប្រទេសនេះ ហើយនាំចេញទៅទីផ្សារនៅប្រទេសវៀតណាមនេះបើយោងតាមលោក សេងឡុង។
លោកបានមានប្រសាសន៍ថា សកម្មភាពនេសាទត្រីខុសច្បាប់កំពុងកើនឡើងជាពិសេសនៅពេលយប់ និងនៅកន្លែងដែលស្ថិតនៅឆ្ងាយពីភ្នែករបស់សហគមន៍ និងសង្គមសីុវិល។ ពួកគេប្រើប្រាស់បច្ចេកទេសនេសាទត្រីស្របច្បាប់ផង និងខុសច្បាប់ផង”។ លោក សេងឡុង បានឲ្យដឹងទៀតថា ក្រុមអ្នកនេសាទត្រីដែលមានឧបករណ៍ទំនើបៗ និងថ្លៃៗ ដែលភាគច្រើនមកពីប្រទេសវៀតណាម តែងតែផ្តល់ប្រាក់សំណូកប្រហែល៥០០ដុល្លារដល់អាជ្ញាធរដើម្បីកុំឲ្យបើកភ្នែកជាហេតុបណ្តាលឲ្យសកម្មភាពនេសាទត្រីទ្រង់ទ្រាយតូចរងផលប៉ះពាល់។
អ្នកនេសាទតូចតាចពេលខ្លះប្រឈមនឹងបញ្ហាក្នុងការនេសាទរបស់ខ្លួន។ កាលពីខែឧសភា មានជនជាតិវៀតណាម១៣នាក់ត្រូវបានអ្នកនេសាទត្រីខ្មែរចាប់ខ្លួន ហើយបានសហការជាមួយទូកនេសាទតូចៗចំនួន៧០គ្រឿងដើម្បីព័ទ្ធទូកដែលមានបណ្តោយ២២ម៉ែត្រមកពីប្រទេសវៀតណាមក្នុងគោលបំណងធ្វើសកម្មភាពនេសាទត្រីពេលយប់ក្នុងប្រទេសកម្ពុជា។
នៅយប់មួយក្រុមអ្នកនេសាទត្រីមានគ្នាពីប្រាំនាក់ទៅ១០នាក់អាចចាប់ត្រីបានយ៉ាងច្រើនដោយគិតជាតម្លៃបានប្រហែល៥.០០០ដុល្លារ ហើយក៏ត្រឡប់ទៅប្រទេសវៀតណាមវិញ នេះបើយោងតាមលោក សេងឡុង ។
មន្ត្រីជាច្រើននៅរដ្ឋបាលជលផលនៃក្រសួងរុក្ខាប្រមាញ់ និងនេសាទ បានបដិសេធមិនធ្វើសេចក្តីអត្ថាធិប្បាយ ចំណែកឯជំនួយការផ្ទាល់លោក ណៅ ធួក អគ្គនាយករដ្ឋបាលជលផលបានបដិសេធសំណើរសុំធ្វើកិច្ចសម្ភាស។
ក្នុងពេលដែលត្រីខ្មែរកំពុងត្រូវបាននាំចេញទៅក្រៅប្រទេសតម្រូវការត្រីនៅក្នុងប្រទេសបានឆ្លើយតបភាគច្រើនដោយកសិដ្ឋានចិញ្ចឹមត្រីក្នុងប្រទេសវៀតណាម។
សម្រាប់អ្នកលក់ត្រី ដូចជាលោក វាសនា ជាដើមត្រីចិញ្ចឹមក្នុងប្រទេសកម្ពុជាជាទូទៅមានតម្លៃខ្ពស់ណាស់នៅពេលយកទៅលក់ក្នុងទីផ្សារក្នុងស្រុក។ លោកទិញត្រីផ្ទក់ពីកសិដ្ឋានចិញ្ចឹមត្រីរបស់វៀតណាមក្នុងតម្លៃ១,៨ដុល្លារក្នុងមួយគីឡូក្រាម ហើយលក់ចេញវិញក្នុងតម្លៃប្រហែល២,២ដុល្លារ ចំណែកឯត្រីធម្មជាតិក្នុងប្រទេសកម្ពុជាលោកត្រូវចំណាយប្រាក់២,៦ដុល្លារក្នុងមួយគីឡូក្រាមដើម្បីទិញវា។
លោកបាននិយាយថា ” ត្រីធម្មជាតិរបស់កម្ពុជាមានតម្លៃថ្លៃជាងត្រីរបស់វៀតណាម។ អ៊ីចឹងហើយបានជាខ្ញុំទិញត្រីមកពីវៀតណាមយកទៅលក់”។
រំហូរចូលត្រីចិញ្ចឹមដែលមានតម្លៃថោក មកពីទូទាំងតំបន់ព្រំដែនក៏កំពុងតែដាក់សម្ពាធទៅលើនិន្នាការពង្រីកកសិដ្ឋានចិញ្ចឹមត្រីក្នុងប្រទេសកម្ពុជាផងដែរ។
នៅកសិដ្ឋានចិញ្ចឹមត្រីមួយក្នុងខណ្ឌប្ញស្សីកែវ មានត្រីងាប់អណ្តែតលើផ្ទៃទឹកស្រះដែលមិនត្រូវបានប្រើប្រាស់មួយ។ អ្នកស្រី ស្រី ម៉ៅ ម្ចាស់កសិដ្ឋាននេះបាននិយាយថា អ្នកស្រីត្រូវតែកាត់បន្ថយសកម្មភាពអាជីវកម្មរបស់អ្នកស្រីដោយសារតែតម្រូវការធ្លាក់ចុះ។
ពីឆ្នាំ២០០៨ដល់ឆ្នាំ២០១២ អ្នកស្រីម៉ៅ អាចរកចំណូលបានប្រហែល១៧,៥ដុល្លារក្នុងមួយថ្ងៃពីការលក់កូនត្រីឲ្យទៅអ្នកចិញ្ចឹមត្រីផ្សេងៗទៀត។ ក៏ប៉ុន្តែ តាំងពីពាក់កណ្តាលឆ្នាំ២០១២មកអ្នកស្រីបានឲ្យដឹងថា ចំណូលពីការលក់របស់អ្នកស្រីបានធ្លាក់ចុះដល់២,៥ដុល្លារក្នុងមួយថ្ងៃ ហើយពេលខ្លះស្ទើរតែគ្មានទៀតផង។
ដើម្បីដោះស្រាយថ្លៃជួលស្រះចិញ្ចឹមត្រីចំនួន៣.០០០ដុល្លារក្នុងមួយឆ្នាំសម្រាប់កសិដ្ឋានដែលមានទំហំ២១៥ម៉ែត្រក្រឡារបស់អ្នកស្រី អ្នកស្រី ម៉ៅ ត្រូវតែបញ្ឈប់កម្មករចំនួនប្រាំពីរនាក់ដែលអ្នកស្រីធ្លាប់ទទួលឲ្យធ្វើការ។
អ្នកស្រីបានមានប្រសាសន៍ថា ” អាជីវកម្មរបស់យើងកំពុងតែធ្លាក់ចុះ ឯអតិថិជនរបស់ខ្ញុំក៏បានឈប់ចិញ្ចឹមត្រីផងដែរ”។
លោក ណៃ តាន់ណារិទ្ធ អាយុ៤២ឆ្នាំជាពេទ្យវះកាត់មួយរូបដែលមានកសិដ្ឋានចិញ្ចឹមត្រីទំហំពីរហិកតានៅតំបន់ជាយក្រុងរាជធានីភ្នំពេញ បានឲ្យដឹងថា ថ្លៃដើមសម្រាប់ដំណើរការកសិដ្ឋានចិញ្ចឹមត្រីកំពុងកើនឡើងចំណីត្រី៤០០តោនដែលលោកទិញជារៀងរាល់ឆ្នាំដើម្បីចិញ្ចឹមត្រីនៅកសិដ្ឋានរបស់លោកមានតម្លៃ០,២៥ដុល្លារក្នុងមួយគីឡូក្រាមក្នុងឆ្នាំនេះ ពោលគឺកើនឡើងពី០,២១ដុល្លារក្នុងមួយគីឡូក្រាមកាលពីឆ្នាំមុន។
លោក ណៃ តាន់ណារិទ្ធ បានលើកឡើងថា អ្នកចិញ្ចឹមត្រីវៀតណាមប្រើប្រាស់វិធីចិញ្ចឹមត្រីតាមបែបកែច្នៃដើម្បីចិញ្ចឹមត្រីឲ្យឆាប់ទទួលបានផលសម្រាប់នាំចេញជាហេតុបណ្តាលឲ្យអ្នកចិញ្ចឹមត្រីនៅក្នុងប្រទេសកម្ពុជាជួបការលំបាកក្នុងការទ្រទ្រង់អាជីវកម្ម។
លោកបានមានប្រសាសន៍ថា ” ត្រីវៀតណាមមិនមានគុណភាពល្អដូចត្រីខ្មែរទេពីព្រោះពួកគេប្រើចំណីមិនមែនធម្មជាតិក្នុងការចិញ្ចឹមត្រី។ អ៊ីចឹងហើយបានជាពួកគេឆាប់បានទទួលផលក្នុងរយៈពេលពីរខែ ហើយបានប្រមូលយកលក់ ក៏ប៉ុន្តែត្រីរបស់ខ្ញុំត្រូវចំណាយពេលប្រហែល២ឆ្នាំទើបអាចធំធាត់ល្អ”។
លោក ប្រ៊ូក នៅអង្គការWorldFish បានមានប្រសាសន៍ថាផលិតកម្មវារីវប្បកម្មសរុបពិតជាមានកំណើនប្រមាណពី១០ភាគរយទៅ១៥ភាគរយឬប្រមាណ៩០.០០០តោនក្នុងមួយឆ្នាំ។ក៏ប៉ុន្តែ អ្នកចិញ្ចឹមត្រីនៅប្រទេសកម្ពុជាមានការការចាញ់ប្រៀបច្រើនក្នុងការប្រកួតប្រជែងរបស់ខ្លួនជាមួយអ្នកចិញ្ចឹមត្រីឆ្លងដែន។
លោកប្រ៊ូក បានមានប្រសាសន៍ថា“ ប្រសិនបើមានចំនួនត្រីច្រើនកំពុងនាំចូលឬទម្លាក់ចោលនៅក្នុងប្រទេសកម្ពុជាពេលនោះវានឹងបំផ្លាញឧស្សាហកម្មដែលកំពុងចាប់កំណើត”។
លោកបានបន្ថែមថា” អាចនិយាយបានថាយើងគួរតែប្រកួតប្រជែងជាមួយពួកគេឲ្យមានប្រសិទ្ធភាពថែមទៀត។ប៉ុន្តែ[វៀតណាម]មានប្រព័ន្ធបច្ចេកវិទ្យាខ្ពស់ហើយប្រទេសនេះក៏នៅជិតផងដែរ។ខ្ញុំនឹងមិនផ្តល់អនុសាសន៍អំពីការយកពន្ធឆ្លងដែនទេពីព្រោះវាជាការឆ្លើយតបទៅវិញទៅមក”។
វិស័យជលផលគឺជាប្រភពសំខាន់មួយនៃប្រាក់ចំណូលនិងជាអាហារសម្រាប់ប្រជាពលរដ្ឋជាង៦លាននាក់និងចូលរួមចំណែកជាង១០ភាគរយក្នុងផលិតផលក្នុងស្រុកសរុបនេះបើយោងតាមរបាយការណ៍ឆ្នាំ២០១០របស់អង្គការ WorldFish។
របាយការណ៍មានចំណងជើងថា វារីវប្បកម្មសម្រាប់ប្រជាជនក្រីក្រក្នុងប្រទេសកម្ពុជាមានខ្លឹមសារថាប្រជាពលរដ្ឋកម្ពុជាស្ថិតក្នុងចំណោមប្រទេសប្រើប្រាស់ត្រីទឹកសាបខ្ពស់បំផុតនៅលើពិភពលោកដោយមានការប្រើប្រាស់ត្រីប្រចាំឆ្នាំប្រមាណ៥២,៤គីឡូក្រាមក្នុងម្នាក់ៗ។
របាយការណ៍នេះមានខ្លឹមសារថា“ នៅក្នុងប្រទេសកម្ពុជាជាទូទៅសន្តិសុខស្បៀងនៅក្នុងប្រទេសកម្ពុជាពឹងផ្អែកលើអង្ករ និងត្រី ហើយជាយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់ទ្រទ្រង់ជីវភាពរស់នៅតាមជនបទ។ប្រូតេអុីនសត្វសរុបជាង៨០ភាគរយក្នុងរបបអាហារកម្ពុជាត្រូវបានគេប្រមាណថាចេញពីត្រីនិងសត្វដែលរស់នៅក្នុងទឹកជាពិសេសសត្វចេញពីស្រែស្ទឹង ទន្លេ បឹងធម្មជាតិនិងត្រពាំងសហគមន៍”។
ទោះជាយ៉ាងណាលោក យ៉ង សាំងកុមារប្រធានមជ្ឈមណ្ឌលកម្ពុជាសម្រាប់ការសិក្សានិងអភិវឌ្ឍន៍កសិកម្មបានមានប្រសាសន៍ថាការបង្កើតការផ្គត់ផ្គង់ត្រីក្នុងស្រុកប្រកបដោយនិរន្តរភាពមួយគឺផ្អែកលើឧស្សាហកម្មវារីវប្បកម្មដ៏ខ្លាំងមួយ។ប៉ុន្តែការចាប់ផ្តើមនិងដំណើរការចិញ្ចឹមត្រីគឺមិនមែនងាយស្រួលឬចំណាយប្រាក់តិចនោះទេ។ការចំណាយដើមទុនដំបូងគឺប្រហែល១.០០០ដុល្លារហើយគេអាចចំណាយដល់ទៅរយៈពេលប្រាំឆ្នាំទើបអាចទទួលផលពីការវិនិយោគ។
លោកបានមានប្រសាសន៍ថា“មានកំណើនប្រជាពលរដ្ឋនៅក្នុងក្រុងយ៉ាងរហ័សដូច្នេះក៏មានតម្រូវការត្រីច្រើនផងដែរ…ការនេសាទត្រីធម្មជាតិគឺកើតឡើងតាមរដូវកាលនិងមិនអាចផ្គត់ផ្គង់ត្រីពេញមួយឆ្នាំបានទេដូច្នេះយើងចាំបាច់ត្រូវអភិវឌ្ឍវារីវប្បកម្ម។ទោះជាយ៉ាងណា វាមិនអាចផ្តល់ផលចំណេញទេពីព្រោះអ្នកត្រូវការជំនាញទុន និងទឹកសម្រាប់ប្រើប្រាស់ពេញមួយឆ្នាំ”។
ចំពោះអ្នកស្រី ស្រី ម៉ៅពេលវេលាសម្រាប់អាជីវកម្មក្នុងឧស្សាកម្មវារីវប្បកម្មកំពុងជិតអស់ហើយ។ “ប្រសិនបើអាជីវកម្មនេះនៅតែពិបាកបែបនេះមួយឆ្នាំទៀតយើងនឹងគ្មានជម្រើសក្រៅពីបិទទេហើយប្រហែលជាត្រូវប្តូរទៅធ្វើចំការវិញដូចជាដាំបន្លែជាដើម”៕ប៊ុននី