40.9 C
Phnom Penh

រដ្ឋាភិបាល​បដិសេធពាក្យចចាមអារ៉ាមដែលថា លោក​ ហ៊ុន សែន ដាច់​សរសៃ​ឈាម​​ខួរក្បាល

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុម​មន្ត្រីជាន់​ខ្ពស់​ និង​ប្រភព​នៅ​កៀក​នឹង​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​បដិ​សេធ​យ៉ាង​ខ្លាំង​ទៅ​នឹង​ពាក្យ​ចចាមអារ៉ាម​​កាលពី​ម្សិលមិញ​ដែល​ថា លោក​ ហ៊ុន សែន ​​ដាច់​សរសៃ​ឈាម​​ខួរក្បាល​ធ្ងន់​ធ្ងរ​ ហើយ​ត្រូវ​បាន​ប្រញាប់​ប្រញាល់​បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស​សិង្ហបុរី​។

ពាក្យ​ចចាមអារ៉ាម​ទាំងនេះ​បាន​លេច​ឡើង​ទូទាំង​បណ្ដាញ​ទំនាក់​ទំនង​សង្គម​កាលពី​ម្សិល​មិញ ដោយ​អ្នក​ប្រើ​ប្រាស់​បណ្ដាញ​ទំនាក់​ទំនង​សង្គមបាន​បញ្ជូន​ព័ត៌មានតគ្នា​​ថា លោក ហ៊ុន សែន បាន​ដាច់​សរសៃ​ឈាម​​ខួរក្បាល​ធ្ងន់ធ្ងរ​កាលពី​រសៀល​ថ្ងៃសុក្រ ហើយ​ត្រូវ​បាន​ប្រញាប់​ប្រញាល់​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត មុនពេល​ត្រូវ​បាន​បញ្ជូនទៅ​ប្រទេស​សិង្ហបុរី​ដើម្បី​ព្យាបាល​បន្ថែម​។

លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី បាន​មាន​ប្រសាសន៍​ថា “​វា​មិន​មែន​ជាការ​ពិត​ទេ ហើយ​លោក​កំពុង​សម្រាក​លំហែកាយ​ក្នុង​រាជធានីភ្នំពេញ។ វា​គ្រាន់​តែ​ជា​ពាក្យ​ចចាម​អារ៉ាម​តែប៉ុណ្ណោះ។ លោក​មិន​មាន​បញ្ហា​អ្វីឡើយ​ ហើយ​លោក​បន្ត​ធ្វើ​ការ​ដូច​ធម្មតា​អ៊ីចឹង”។

នៅ​ពេល​ត្រូវ​បាន​សួរថា​ ហេតុអ្វី​បាន​ជាទីស្តីការ​​គណៈរដ្ឋមន្ត្រី​មិន​បាន​កោះប្រជុំ​គណៈ​រដ្ឋម​ន្ត្រីប្រចាំ​សប្ដាហ៍​កាល​ពី​ថ្ងៃសុក្រ លោក​ ផៃ ស៊ីផាន បាន​មាន​ប្រសាសន៍​ថា រដ្ឋមន្ត្រី​ទាំង​អស់​មិន​មាន​អ្វី​ត្រូវ​ពិភាក្សា​ឡើយ​។ លោក​បាន​មាន​ប្រសាសន៍​ថា “យើង​គ្មាន​អ្វី​ត្រូវ​ពិនិត្យ​មើល​ទេ។ ច្បាប់​ដែល​ស្នើឡើងនោះត្រូវ​បាន​ពិនិត្យហើយ​​”។

លោក ឈួ គឹមនី នាយ​នគរ​បាល​ព្រំដែនប្រចាំ​នៅ​អាកាស​យាន​ដ្ឋាន​អន្តរជាតិ​ភ្នំពេញ បាន​មាន​ប្រសាសន៍​ថា លោក​នាយក​រដ្ឋមន្ត្រី​មិន​បាន​ធ្វើ​ដំណើរ​តាម​ច្រក​ទ្វារ​អាកាស​យាន​ដ្ឋាន​នៅ​ចុង​សប្ដាហ៍ទេ។

លោក​បាន​មាន​ប្រសាសន៍​ថា “គ្មាន​មន្ត្រី​ជាន់​ខ្ពស់​ណាម្នាក់​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​សិង្ហបុរី​ដើម្បីព្យាបាល​ជំងឺទេ” ។ សមាជិក​មួយ​ចំនួន​នៅ​កង​អង្គរក្ស​លោក​នាយក​រដ្ឋមន្ត្រី ដែល​បាន​បដិសេធ​មិន​ប្រាប់​ឈ្មោះ ដោយ​សារ​ពួកគេ​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​និយាយ​ទៅ​កាន់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន ​បាន​បដិសេធ​ស្រដៀង​គ្នា​ចំពោះ​ពាក្យ​ចចាម​អារ៉ាម​នេះ​។

ទោះ​ជា​យ៉ាង​ណា លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​ប្រឆាំង​បាន​អះអាង​ថា ព័ត៌មាន​នេះ​ចេញមក​ពី​ប្រភព​គួរ​ឲ្យ​ទុក​ចិត្ត​​។ លោក​បាន​មាន​ប្រសាសន៍​ថា “មាន​ព័ត៌មាន​ថា គាត់​ឈឺ​ធ្ងន់​ណាស់​ ហើយ​បាន​ធ្វើ​ដំណើរ​ទៅព្យាបាល​នៅ​ប្រទេស​សិង្ហបុរី​។ គាត់​​មាន​ជំងឺ​ដាច់​សរសៃ​ឈាម​ខួរ​ក្បាល​ធ្ងន់ធ្ងរ​។ គាត់​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​កាលពី​ថ្ងៃ​សុក្រ​ ហើយ​បន្ទាប់មក​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​សិង្ហបុរី”។

នៅពេល​ត្រូវ​បាន​សួរ​អំពី​ប្រភព​ព័ត៌មានរបស់លោក លោក​ សម រង្ស៊ី បាន​មាន​ប្រសា​សន៍​ថា “ប្រភព​ផ្ទៃ​ក្នុង​ក្នុង​គណបក្ស​ប្រជា​ជន​កម្ពុជា​។ ហើយ​ឥឡូវ​នេះ​ ព័ត៌មាន​នេះ​កំពុង​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​តាម​ប្រព័ន្ធ​អុីនធើណិត​”៕សារុន

(រាយការណ៍​បន្ថែម​ដោយ​ AlexWillemyns)​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស