38 C
Phnom Penh

អ្នក​ទោស​ស្លាប់​៩នាក់​នៅ​ត្រីមាស​ទី១នៃឆ្នាំនេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​សិទ្ធិ​មនុស្ស​ និងនាយក​ដ្ឋានពន្ធនាគារ​បាន​លើក​ឡើង​ថា ចំនួនអ្នក​ទោស​ដែល​បាន​ស្លាប់​ក្នុង​ពន្ធនាគារ​នៅក្នុង​ប្រទេស​កម្ពុជា​នៅត្រីមាស​ទី១នៃ​ឆ្នាំនេះបាន​ថយ​ចុះ​មក​ត្រឹមប្រាំបួន​នាក់​ បើប្រៀប​ធៀប​ទៅនឹង​រយៈពេលដូច​គ្នា​នេះកាលពីឆ្នាំមុន​ ដែល​មាន​១៥​នាក់​។

យោងតាម​លោក អំ សំអាត អ្នក​គ្រប់​គ្រង​បច្ចេកទេស​នៅអង្គការ​សិទ្ធិមនុស្ស​លីកាដូ បាន​ឲ្យ​ដឹង​ថា ចាប់ពីខែ​មករា ដល់ខែមេសា អ្នកទោស​ប្រាំបួន​នាក់ បុរស​ប្រាំ​នាក់ និង​ស្ត្រី​បួន​នាក់​តាមព័ត៌មាន​ថា បាន​ស្លាប់​ក្នុង​ពន្ធនាគារ​។ មណ្ឌលអប់រំ​កែប្រែ​ទី២ ក្នុងរាជធានីភ្នំពេញ​មានអ្នកទោស​ស្លាប់ពី​រ​នាក់ ចំណែក​ឯពន្ធនាគារ​ខេត្ត​បន្ទាយមាន​ជ័យក៏​មានអ្នកទោស​ស្លាប់​ពីរ​នាក់ដែរ​។

លោក អំ សំអាត បាន​មាន​ប្រសាសន៍​ថា អំឡុង​រយៈពេលដូច​គ្នា​នេះកាលពី​ឆ្នាំមុន មាន​​អ្នក​ទោស​១៥​នាក់​បាន​ស្លាប់​ក្នុង​ពន្ធនាគារ​ចំនួន​១៨​ដែ​លត្រូវ​បាន​​ឃ្លាំ​មើល​ដោយ​អង្គការ​នេះ​។

លោក បេ ទៀឡេង អគ្គនាយកនៃ​អគ្គនាយក​ដ្ឋាន​ពន្ធនាគារ​បាន​បញ្ជាក់​ពី​តួលេខ​នេះ​ ដោយ​លើក​ឡើង​ថា ជំងឺ​លើ​ស​ឈាម​ ការ​ដាច់​សរសៃឈាម​ខួរក្បាល និងជំងឺ​គាំងបេះដូង​ជាមូល​ហេតុ​ចម្បងនៃការ​ស្លាប់នេះ​។

លោក​ ទៀឡេង បាន​បន្ថែមថា កង្វះ​ការ​ធ្វើ​លំហាត់ប្រាណ​ក៏ជា​ចំណែកមួយ​ចំពោះ​អត្រា​នៃ​ការ​ស្លាប់​ផង​ដែរ​ ហើយ​លោក​បាន​លើក​ឡើង​ថា នាយក​ដ្ឋាន​ពន្ធនាគារ​កំពុង​ប្រឹង​ប្រែង​​ធ្វើ​ឲ្យ​ប្រាកដ​ថា អ្នក​ទោស​ចំណាយពេល​គ្រប់គ្រាន់​ក្នុងការ​ហាត់​ប្រាណ​។

លោក​បានមាន​ប្រសា​សន៍​ថា “ការ​ស្លាប់​ភាគ​ច្រើន​បណ្ដាល​មក​ពី​ជំងឺ​រ៉ាំរ៉ៃ ដែលអ្នក​ទោស​មាន​មុនពេលពួកគេ​​ជាប់ពន្ធនាគារ​។ យើង​កំពុង​ធ្វើ​ឲ្យ​ប្រាកដ​ថា អ្នកទោស​ត្រូវ​បាន​អនុ​ញ្ញាត​ឲ្យ​ហាត់ប្រាណ​…។ ពីមុនពួកគេ​គ្រាន់តែហូប ដេក និង​នៅ​ខាងក្នុង​ពន្ធនាគារ​ ដែល​អាច​បណ្ដាល​ឲ្យ​កើត​​ជំងឺទាំង​នេះ​”។

ប៉ុន្តែ​លោក អំ សំអាត បានមាន​ប្រសាសន៍​ថា ចំនួនអ្នកទោស​​ណែនណាន់​តាន់តាប់​ក៏ជា​កត្តា​សំខាន់​បណ្ដាល​ឲ្យ​មានការ​​ស្លាប់ដែរ​។ លោក​បានមាន​ប្រសាសន៍​ថា “យើង​កត់សម្គាល់ឃើញ​ថា ពន្ធ​នាគារ​មួយ​ចំនួន​​មាន​អ្នកទោស​ណែនណាន់តាន់តាប់ ហើយ​បរិយាកាសអួអាប់​ ដែលបណ្ដាល​ឲ្យមាន​បញ្ហា​ផ្លូវ​ដង្ហើម​ ភាពតាន​តឹង​ក្នុង​អារម្មណ៍ ការ​ដាច់​សរសៃ​ឈាម​ខួរក្បាល និង​ជំងឺ​គាំបេះដូង”។លោក​កត់​សម្គាល់​ថា មូលហេតុ​នៃ​ការ​ស្លាប់​បែប​នេះមិនដែលត្រូវ​បាន​ផ្តល់ឲ្យដឹង​ទេ។ លោក​បានមាន​ប្រសាសន៍​ថា “យើង​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​រួម​ក្នុង​ដំណើរ​ការ​ធ្វើ​កោសល្យវិច័យឡើយ​”។

លោក គា សុវណ្ណា ប្រធាន​មណ្ឌលអប់រំ​កែប្រែទី៣ បាន​មាន​ប្រសាសន៍​ថា ជារឿយៗ​អ្នក​ទោស​ដែល​បាន​ស្លាប់​នោះគឺមានជំងឺរ៉ាំរ៉ៃ​។ លោក​បានមាន​ប្រសាសន៍​ថា “ពួកគេ​មាន​ជំងឺរ៉ាំរ៉ៃ​ ដូច​ជា​ជំងឺអេដស៍ និងជំងឺ​របេង​ជាដើមមុនពេលពួកគេ​ជាប់ពន្ធនាគារ​”។ លោក​បាន​បន្ថែម​ថា “នៅទីនេះ​ មានអ្នក​ទោស​ម្នាក់ទៅពីរ​នាក់​ស្លាប់​រៀង​រាល់​ឆ្នាំ។ វាជាការ​ធម្មតា​ទៅហើយ យើង​មិនអាច​ចៀស​​បាន​ឡើយ​។ សូម្បីតែ​នៅ​ក្រៅ​ពន្ធនាគារ​ក៏មានមនុស្សស្លាប់ដែរ​”៕ សារុន​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស