29 C
Phnom Penh

នគរ​បាល​ជាតិ​មាន​គម្រោង​បើក​កាសែត​ផ្ទាល់ខ្លួន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នកនាំពាក្យ​នគរបាល​ជាតិ​បាន​ឲ្យ​ដឹង​កាលពី​ម្សិល​មិញ​ថា នគរ​បាល​ជាតិ​​មាន​ផែន​ការ​បង្កើត​កាសែត​ជាភាសា​ខ្មែរ​ផ្ទាល់​ខ្លួន ដើម្បី​ផ្ដល់​ព័ត៌មាន​ច្បាស់​ការ​ស្ដីពី​សន្តិសុខ​ និង​បទ​ល្មើស​ផ្សេង​ៗ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទៅ​ឲ្យ​សាធារណជន និង​ដើម្បី​លើក​កម្ពស់ការ​យល់​ដឹង​អំពី​ច្បាប់​ចរាចរណ៍ និងគ្រោះ​ថ្នាក់​នៃគ្រឿង​ញៀន​។

លោកឧត្តម​សេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ បាន​លើក​ឡើង​ថា វា​លឿនពេកហើយ​ដែល​និយាយ​ថា ពេល​ណា​ដែល​កាសែត​គ្រប់​គ្រង​ដោយ​រដ្ឋាភិបាល​នេះ​​នឹង​ត្រូវ​បើក​ឲ្យ​ដំណើរ​ការ​​នោះ ព្រោះ​វា​ចាំបាច់​ត្រូវ​តែ​ទទួល​បាន​ភ្លើង​ខៀវ​ពីលោក​ ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ជាមុន​សិន​។

លោក​បាន​មាន​ប្រសាសន៍​ថា “អង្គភាព​របស់​យើងមាន​គម្រោង​បង្កើត​កាសែត​ផ្ទាល់​ខ្លួន ប៉ុន្តែ​យើង​ចាំាបាច់​ត្រូវ​តែ​មាន​ការ​អនុញ្ញាត​ជាមុន​”។ លោក​បាន​បន្ថែម​ថា ការ​ស្នើ​ជាផ្លូវ​ការ​នឹង​ត្រូវ​ធ្វើ​ឡើង​ក្នុងពេល​ឆាប់ៗ ហើយ​លោក​សង្ឃឹម​ថា កាសែត​នេះ​នឹង​ចេញ​ប្រឡូក​ក្នុង​ពេល​ឆាប់​ៗ​នេះ​។

កាសែត​របស់​នគរ​បាលជាតិ​​ដែល​រាយការណ៍​អំពី​បទ​ល្មើស​ផ្សេងៗ​​ និង​ស្ថិតិ​គ្រោះ​ថ្នាក់​ចរាចរណ៍​ ព្រម​ទាំង​ផ្ដល់​ការ​ណែនាំ​អំពី​របៀប​ទប់​ស្កាត់​បទ​ល្មើស​នេះ​ ជាធម្មតា​មិនសូវ​មាន​នោះទេ នៅ​ក្នុង​ប្រទេស​ជាច្រើន​ ។​

ឧត្តម​សេនីយ៍ឯក​ គៀត ច័ន្ទថារិទ្ធ បាន​មាន​ប្រសាសន៍​បន្ថែម​ថា “ទេ​ វា​មិន​មែន​ឥត​គិត​ថ្លៃ​នោះទេ កាសែត​នេះនឹង​លក់ដូច​កាសែត​ផ្សេងៗ​ដែរ​ ព្រោះ​យើង​ត្រូវ​ការ​រក​ប្រាក់​ចំណេញ​ដើម្បី​ដំណើរ​ការ​​កាសែត”។ លោក​បាន​បន្ត​ថា តម្លៃ​សម្រាប់​កាសែត​មួយ​ច្បាប់​ និង​ថវិកា​ដើម្បី​បង្កើត​កាសែត​ទាំង​មូល​នៅ​មិនទាន់​កំណត​នៅឡើយ​ទេ។ នគរ​បាល​ជាតិ​នឹង​ជ្រើស​រើស​អ្នក​កាសែត​អាជីព​​ដើម្បី​គ្រប់​គ្រង​កាសែត​នេះ​ ហើយ​រាយការណ៍​ព័ត៌មាន​ជាមួយ​លោក អាត ប៊ុននី អ្នកយកព័ត៌មាន​ជាន់​ខ្ពស់​នៅ​ស្ថានីយ​ទូរទស្សន៍​បាយ័ន និង​ជា​អតីត​អ្នក​យក​ព័ត៌មានឲ្យ​វិទ្យុអាស៊ីសេរី​។

ឧត្តម​សេនីយ៍ឯក គៀត ច័ន្ទថារិទ្ធ បាន​លើកឡើង​ថា ប្រាក់​ខែ​គោល​សម្រាប់​អ្នក​យក​ព័ត៌មាន​នឹង​មាន​កម្រិត​ស្មើ​នឹង​ប្រាក់​ខែ​របស់​មន្ត្រីរាជការ​ដែរ​ ប៉ុន្តែ​គេ​រំពឹង​ថា ​នឹង​មាន​ប្រាក់​ឧបត្ថម្ភផ្សេងៗ​ដើម្បី​ឲ្យ​ប្រាក់​ខែ​មាន​កម្រិត​ប្រហាក់​ប្រហែល​នឹង​ប្រាក់​ខែ​របស់​អ្នក​យកព័ត៌មាន​សម្រាប់​កាសែត​ប្រកួត​ប្រជែង​ផ្សេងៗ។ ឧត្តម​សេនីយ៍​ឯក​ គៀត ច័ន្ទថារិទ្ធ បាន​ឲ្យ​ដឹង​បន្ត​ថា ការ​ទទួល​បានព័ត៌មាន​ពីនគ​រ​បាល​មិន​ដែល​ធ្លាប់​មាននេះ​ នឹង​ទំនង​ជា​ធ្វើ​ឲ្យ​កាសែត​នេះទទួល​បាន​ជោគ​ជ័យ​លើ​គូប្រកួត​ប្រជែង​ខ្លាំង​ៗ​​ផ្សេង​ទៀត​។

លោក​បានមាន​ប្រសាសន៍ថា “ខ្ញុំគិត​ថា ពលរដ្ឋ​នឹង​ជឿជាក់​លើ​យើង​ច្រើន​ជាង​កាសែត​ផ្សេងៗ​ ព្រោះយើង​ជាអ្នក​ជំនាញ​។ យើង​បង្កើត​កាសែត​នេះ​ ពីព្រោះ​ពល​រដ្ឋភាគ​ច្រើនចង់​ដឹង​អំពី​សន្តិសុខ​ គ្រោះថ្នាក់​ផ្សេងៗ និង​ចង់​ដឹង​ឲ្យ​បានច្រើន​អំពី​ច្បាប់​ចរាចរណ៍​”។ មាន​កាសែត​ភាសា​ខ្មែរ និង​ស្ថានីយ​ទូរទស្សន៍​ជាច្រើន​ដែល​គ្រប់​គ្រង​ដោយ​រដ្ឋាភិបាល​ ឬ​ក្រុមហ៊ុន​ឯក​ជន​។ នៅ​ក្នុង​ចំណោម​ប្រទេស​ចំនួន​១៨០​ដែល​ត្រូវ​បានវិភាគ​ដោយអង្គ​ការសិទ្ធិ​សារព័ត៌មាន​ឈ្មោះ​ថា ​Reporterswithout Bordersfortheannual WorldPress FreedomIndex ប្រទេស​កម្ពុជា​ទទួល​បានចំណាត់​ថ្នាក់​អន់​ដោយ​ទទួល​បាន​ចំណាត់​ថ្នាក់​ទី១៤៣​កាលពី​ឆ្នាំមុន ហើយ​ធ្លាក់​មក​ចំណាត់​ថ្នាក់​ទី១៤៤​ក្នុង​ឆ្នាំ​២០១៤​នេះ។

កាសែត​​ ខ្មែរថែមស៍ (Khmer Times) ដែល​ផ្សាយ​ជា​ភាសា​ខ្មែរ និង​អង់គ្លេស​ បាន​បើក​ដំណើរ​ការ​កាលពីខែ​មុន ដោយទទួល​បានមូលនិធិពី​អ្នក​ជំនួញម្នាក់​ឈ្មោះ ធី ម៉ូហាន (TMohan) ​ដែល​មាន​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល និង​អតីត​អ្នក​នាំពាក្យ​រដ្ឋាភិបាល​ ដើម្បី​បើក​ប្រាក់​ខែ​ឲ្យ​បុគ្គលិក​​របស់​ខ្លួន​។ ទោះបីជាមាន​ទំនាក់​ទំនង​ជាមួយ​រដ្ឋាភិបាល​ក៏ដោយ ប៉ុន្តែ​គោល​ការណ៍​របស់​កាសែត​នេះ​គឺ​ផ្ដោត​លើ​ភាព​មិន​លម្អៀងផ្នែក​​នយោបាយ។

លោក មឿន ឈានណារិទ្ធ នាយក​​វិទ្យាស្ថាន​កម្ពុជា​សម្រាប់​ការ​សិក្សា​ផ្នែកសារ​​ព័ត៌មាន​ បាន​ស្វាគមន៍​នគរ​បាលជាតិ​ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​សន្តិសុខ​ដល់​សាធារណជន​ ប៉ុន្តែ​លោក​មាន​ចម្ងល់​អំពី​មូល​ហេតុ​ដែល​បើក​កាសែត​នេះ​។ លោក​បានមាន​ប្រសាសន៍​ថា “កាសែត​នេះនឹង​មិនទទួល​បាន​ប្រជា​ប្រិយភាព​ទេ ប្រសិន​បើ​វា​ត្រូវ​បាន​បង្កើត​ឡើង​សម្រាប់​បម្រើ​​នយោបាយ​នោះ​៕ ស៊ុយឈាង​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស