28 C
Phnom Penh

អ្នកចំណូលថ្មី​រាប់រយ​គ្រួសារ​មក​ចុះឈ្មោះ​យកដីសម្បទាននៅខេត្ត​ក្រចេះ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោងតាម​លោក​អភិបាល​រង​ខេត្ត​បាន​ឲ្យដឹង​ថា ចំនួន​គ្រួសារ​ដែល​បាន​ចុះឈ្មោះ​ដើម្បីទទួលបាន​ដីសម្បទាន​សង្គមកិច្ច​សម្រាប់​អ្នកភូមិដែលត្រូវ​បាន​បណ្តេញ​ចេញ​ពី​ដីធ្លី​ក្នុង​ខេត្ត​ក្រចេះ​ ហើយ​ដែលបាន​ធ្វើការ​ត​វ៉ា​ជា​ច្រើន​លើក​ច្រើន​សា​កាលពី​ខែ​មុន​ក្នុង​រាជ​ធានី​ភ្នំពេញនោះ​ បាន​កើនឡើងជាង​ទ្វេដង ដោយមាន​​អ្នក​ចំណូលថ្មី​រាប់រយគ្រួសារ​​មក​ចុះឈ្មោះដែរ។

លោក ខាន់​ ចំណាន អភិបាល​រង​ខេត្ត​បាន​មាន​ប្រសាសន៍ថា ដីសម្បទាន​ទំហំ​៧៥០​ហិកតា​ដែលត្រូវ​បាន​លៃទុក​សម្រាប់​អ្នកភូមិ​៣០១គ្រួសារ​ ដែលផ្ទះសំបែង​របស់ពួកគាត់​​ត្រូវ​​អាជ្ញាធរ​ដុតបំផ្លាញ​បន្ទាប់ពី​ពួកគាត់មិន​ព្រម​ចាកចេញពីដីដែលមាន​វិ​វាទ​ នៅពេល​ដីនេះត្រូវ​បានប្រគល់​ទៅ​ឲ្យ​ក្រុមហ៊ុន​ប៊ិញភួក២ (Binh Phuoc 2)នោះ​ ឥឡូវនេះ​មាន​អ្នក​សុំ​ចុះ​ឈ្មោះ​​៧៥០គ្រួសារហើយ​។

លោក ចំណាន ដែលក្រុមការ​ងារ​ថ្នាក់ខេត្ត​របស់លោកបាន​ធ្វើការ​បូកសរុបតួលេខ​បាន​មាន​ប្រសាសន៍ថា “​យើង​បាន​បញ្ចប់​ដំណើរការ​ចុះ​ឈ្មោះ​ហើយ​កាលពី​រសៀល​ថ្ងៃព្រហស្បតិ៍ ហើយ​មាន​អ្នកភូមិ​៧៥០គ្រួសារ​មាន​ឈ្មោះ​នៅក្នុង​បញ្ជី”។

លោក ចំណាន បាន​បន្ថែមថា អាជ្ញាធរ​របស់លោក​ទំនង​ជា​មិន​អនុញ្ញាត​ឲ្យ​អ្នក​ចំណូល​ថ្មី​៤៤៩គ្រួសារ​ ដែលលោក​មាន​ប្រសាសន៍ថា ភាគច្រើន​មកពី​ស្រុក​ក្រែក​ ខេត្ត​តង្បូងឃ្មុំ​ចូល​មក​រស់នៅ​លើដីនេះឡើយ។

អ្នកភូមិ​ឈ្មោះ លឹម ចាន់ឌី អាយុ​៥៦ឆ្នាំ ដែល​ស្ថិត​ក្នុងចំណោម​អ្នកភូមិ​ដែលត្រូវ​បាន​បណ្តេញចេញ​ចំនួន​៣០១គ្រួសារ​​ដំបូង​ បាន​សម្តែង​ការ​ខក​ចិត្ត​នៅពេល​មាន​ការ​សម្រុក​ចូលមក​នៃអ្នក​ចំណូលថ្មីដែលព្យាយាម​ចុះឈ្មោះ​ចង់​បាន​​ដីស្ថិតនៅក្នុង​ស្រុក​ស្នួលនេះ។

លោក​បាន​មាន​ប្រសាសន៍​កាលពី​ម្សិលមិញថា “​គ្រួសារ​ជាច្រើន​មិន​សប្បាយចិត្ត​ដែល​​​ចំនួន​គ្រួសារ​បាន​ចុះឈ្មោះ​មាន​ច្រើន​ហួសលើស​​៣០១គ្រួសារ​ ដែលត្រូវ​ទទួលបាន​ដី​ទំហំ​៧៥០ហិកតានោះ​។លោក​បាន​បន្ថែមថា អាជ្ញាធរ​មិន​បាន​ទប់ស្កាត់​កុំឲ្យ​អ្នក​ចំណូលថ្មី​ចុះ​ឈ្មោះ​ឡើយ។

លោក ចាន់ឌី បាន​និយាយថា អ្នកចំណូលថ្មី​ក៏ជា​អ្នក​ត្រូវ​គេ​បណ្តេញចេញដែរ។ អ្នកភូមិ​៣០១គ្រួសារ​ដែលត្រូវ​ទទួលបាន​ដីសម្បទាន​សង្គមកិច្ចនោះ​ បាន​​ជាប់ពាក់ព័ន្ធ​នឹង​វិវាទ​ដីធ្លី​ចាប់តាំងពីត្រូវ​បាន​បណ្តេញចេញកាលពី​ថ្ងៃទី​២ ខែឧសភាមក។

អ្នកភូមិ​ជាច្រើន​បានធ្វើ​ដំណើរ​មកកាន់​រាជ​ធានី​ភ្នំពេញ ហើយបាន​​ទៅស្នាក់នៅក្នុង​វត្ត​សាមគ្គីរង្សី ខណៈពេលពួកគាត​់​មកដាក់ញត្ត​ិ​នៅ​តាម​ការិយាល័យ​រដ្ឋាភិបាល​ដើម្បី​ទាមទារ​ឲ្យ​ប្រគល់​ដី​ជូន​ពួកគាត់វិញ។

ទីបំផុត​មាន​ដំណោះស្រាយ​ចំពោះ​រឿង​នេះ ហើយ​ក្រុមអ្នកភូមិ​បាន​វិល​ត្រឡប់​ទៅ​កាន់​ដី​ទំហំ​៧៥០ហិកតា​នៅ​ជិត​ដី​ដែលពួកគាត​់​រស់នៅ​ដំបូង​នៅក្នុង​ឃុំឃ្សឹមវិញ​។

លោក កែវ ម៉ាលីឡែន ប្រធាន​មន្ទីរ​រៀប​ចំដែនដី​ខេត្ត​​បាន​មាន​ប្រសាសន៍ថា ក្រុមការ​ងារ​របស់លោក​បាន​ត្រៀម​ដី​ស្រែទំហំ២ហិកតា​ និង​ដីសម្រាប់​សង់លំនៅដ្ឋាន​ទំហំ​២០ម៉ែត្រគុណនឹង​៣០ម៉ែត្រសម្រាប់​ចែក​ជូន​អ្នកភូមិ​ក្នុង​មួយ​គ្រួសារ​ៗ​ក្នុង​ចំណោមអ្នក​ភូមិ​ទាំង​៣០១គ្រួសារ​។ លោក​បាន​មាន​ប្រសាសន៍កាលពី​ម្សិលមិញថា “​យើង​នឹង​ដក​ឈ្មោះ​គ្រួសារ​ណាដែលមិន​​ត្រូវ​បាន​ទទួលស្គាល់​ចេញពី​​បញ្ជី”៕សារុន

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស