អាជ្ញាធរខេត្តកំពង់ឆ្នាំងត្រូវបានចោទប្រកាន់ថា បានចាក់សោមិនឲ្យក្រុមអ្នកភូមិចូលក្នុងសាលាខេត្តបន្ទាប់ពីពួកគាត់ជាច្រើននាក់បានមកដាក់ពាក្យប្តឹងភរិយាលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល មុនពេលចាក់សោទ្វារមិនឲ្យសមាជិកក្រុមប្រឹក្សាដែលត្រូវបានតែងតាំងថ្មីនិងដែលបានចាកចេញពីអគារទៅនិយាយជាមួយពួកគាត់ចូលដែរ។
ក្រុមអ្នកភូមិដែលមកពីឃុំតាជេស បានជាប់ពាក់ព័ន្ធនឹងវិវាទដីធ្លីជាមួុយក្រុមហ៊ុន ខេឌីស៊ី របស់អ្នកស្រី ជា ខេង ចាប់តាំងពីឆ្នាំ២០០៧មកជុំវិញដីទំហំ១៤៥ហិកតា។ លោក រាជ សីមា តំណាងអ្នកភូមិបាននិយាយថា អ្នកភូមិមួយក្រុមមានគ្នា៤០នាក់បានប្រមូលផ្តុំគ្នានៅសាលាខេត្តដើម្បីដាក់ពាក្យបណ្តឹង ខណៈដែលក្រុមមន្ត្រីជាន់ខ្ពស់បានជួបជុំគ្នាក្នុងពិធីតែងតាំងសមាជិកក្រុមប្រឹក្សាខេត្តដែលទើបជាប់ឆ្នោតថ្មីចំនួន១៥រូប។
លោកបាននិយាយថា “ក្រុមអ្នកភូមិបានជួបជុំគ្នាដោយសន្តិវិធីនៅមុខសាលាខេត្ត ប៉ុន្តែ នៅពេលនោះទ្វាររបងត្រូវបានចាក់សោ ហើយនគរបាលនិងកងរាជអាវុធហត្ថជាង២០នាក់នៅក្នុងបរិវេណនោះ មិនព្រមបើកសោឲ្យពួកយើងទេ ដោយនិយាយថា មានបញ្ជាពីថ្នាក់លើរបស់ខ្លួន”។
ក្រុមអ្នកភូមិ រួមទាំងអ្នកដែលបានទទួលសំណងរួចហើយពីក្រុមហ៊ុននេះកាលពីខែមុន បានកាន់បដាអំពាវនាវឲ្យលោកអភិបាលខេត្តជួយអន្តរាគមន៍ចំពោះវិវាទដីធ្លីដែលអូសបន្លាយនេះ។
លោក ដួង ចាន់ត្រា សមាជិកក្រុមប្រឹក្សាខេត្តគណបក្សសង្គ្រោះជាតិដែលទើបជាប់ឆ្នោតថ្មីបានមានប្រសាសន៍ថា លោកបានចាកចេញពីពិធីនេះមួយភ្លែតទៅនិយាយជាមួយក្រុមអ្នកភូមិបន្ទាប់ពីលោកឮពួកគាត់ស្រែកតាមឧគ្ឃោសនសព្ទ។ លោកបានមានប្រសាសន៍ថា “ខ្ញុំបានប្រាប់ក្រុមអ្នកភូមិថា ខ្ញុំនឹងជួយឲ្យតំណាងបីនាក់បានទៅជួបជាមួយលោកអភិបាលនិងដាក់ពាក្យបណ្តឹងនៅពេលចប់ពិធីផ្លូវការនេះ”។
បន្ទាប់ពីចប់ពិធី លោកបានត្រឡប់មកនិយាយជាមួយពួកគាត់ ហើយនៅពេលនោះ ”នគរបាល និងសន្តិសុខក៏បានរារាំងខ្ញុំមិនឲ្យចូលក្នុងបរិវេណដែរ បើទោះណាជាខ្ញុំទទួលបានការតែងតាំងផ្លូវការសម្រាប់តួនាទីរបស់ខ្ញុំក៏ដោយ”។
យោងតាមលោក ចាន់ត្រា បានឲ្យដឹងថា ក្រុមមន្ត្រីខេត្តដែលនៅសេសសល់បានចាកចេញតាមទ្វារក្រោយដើម្បីចៀសវាងដើរកាត់ក្រុមអ្នកភូមិ។
ទាំងលោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងកសិកម្មដែលបានចូលរួមជាអធិបតីក្នុងពិធីនោះ និងលោក ឈួន ចាន់ឌឿន អភិបាលខេត្តមិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ។
លោក ជួប ចាន់ធឿន នាយប៉ុស្តិ៍ឃុំតាជេសបានបញ្ជាក់ថា ក្រុមអ្នកភូមិបានទៅដាក់ពាក្យបណ្តឹងមែន ប៉ុន្តែ លោកបានមានប្រសាសន៍ថា លោកមិនដឹងពីការចាក់សោទ្វារទេ។ លោកបានបន្ថែមថា “ខ្ញុំគិតថាវាមិនមែនជារឿងពិតទេ។ ពួកគាត់ប្រហែលជាបានទៅអំឡុងពេលបរិភោគអាហារថ្ងៃត្រង់ ដែលនៅពេលនោះគ្មាននរណាម្នាក់នៅកន្លែងធ្វើការទេ”៕ សារុន