25 C
Phnom Penh

ពល​រដ្ឋ​ដែល​គេ​បណ្ដេញចេញ​ពីដីធ្លី​ច្រាន​ចោល​ការ​ដោះ​ស្រាយ​ចុង​ក្រោយ​របស់​ក្រុម​​​​ហ៊ុន​​​ស្ករស​គ្រប់​គ្រង​ដោយ​អង់​គ្លេស​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​​ក្រុម​​​អ្នក​​​តំណា​ង​ឲ្យ​ពល​រដ្ឋ​​​ខ្មែរ​ចំនួន​២០០​គ្រួសារ​ ដែល​ដាក់ពាក្យ​ប្ដឹង​ក្រុមហ៊ុន​ស្ករស Tate&Lyle គ្រប់​គ្រង​ដោយ​​​អង់គ្លេស​ ពីបទ​ចោ​ទថា​ បាន​ទទួល​ប្រាក់​ចំណេញ​រាប់​លាន​ដុល្លារ​ពី​ដីធ្លី​របស់​ពួកគាត់​នោះ​ បាន​និយាយ​ថា ខ្លួន​ច្រាន​ចោល​ការ​ដោះស្រាយ​ចុង​ក្រោយ​​​ទាក់​ទិន​នឹង​វិវាទ​​ដី​ធ្លី​របស់​ក្រុម​ហ៊ុន​នេះ ហើយ​កំពុង​តែ​ទន្ទឹង​រង់​ចាំ​ថ្ងៃ​បើក​សវនាការ​ដំបូង​របស់​​​ពួកគាត់​ ដែល​គ្រោង​ធ្វើ​ឡើង​នៅ​ខែតុលា។

គ្រួសារ​ទាំង​នេះ​គឺ​ស្ថិត​ក្នុង​ចំណោម​ពល​រដ្ឋ​ជាង​៤០០​គ្រួសារ​ដែល​ចោទ​ប្រកាន់​ក្រុម​ហ៊ុន​ចម្ការអំពៅ​គ្រប់​គ្រង​ដោយ​ថៃ​ចំនួន​​​ពីរ​នៅ​ក្នុង​ខេត្ត​កោះកុង ថា​បាន​រឹបអូស​ដីស្រែ​របស់ពួក​គាត់​កាលពី​ឆ្នាំ​២០០៦។ ពួកគាត់​បាន​ប្ដឹង​ក្រុមហ៊ុន​ស្ករស​ Tate&Lyle ទៅតុលាការ​នៅ​​​ទីក្រុង​ឡុងដ៍ កាល​​​ពី​​​ខែ​មីនា ឆ្នាំ​២០១៣ ដោយ​លើក​ឡើង​ថា ក្រុម​ហ៊ុន​គ្រប់​គ្រង​ដោយ​អង់​គ្លេស​មួយ​នេះ​ជំពាក់​ប្រាក់​សំណង​ពួកគាត់​ ដោយ​សារ​ទទួល​​​បានប្រាក់​ចំណេញ​​​រាប់​លាន​ដុល្លារ​ពី​ស្ករស​ដែល​ខ្លួន​បាន​ទិញ​ពី​ក្រុមហ៊ុន​ស្ករស​ Khon Kaen Sugar ​​គ្រប់​គ្រង​ដោយ​ថៃ។

ឥឡូវ​នេះ​កំពុង​តែ​មាន​ការ​ចរចាក្រៅ​ប្រព័ន្ធ​តុលាការ​ បន្ទាប់​ពី​មាន​ការ​ចរចា​ជាមួយ​ស្ថាបនិក​ក្រុម​ហ៊ុនស្ករស Tate&Lyle កាលពី​ខែ​កក្កដា រួច​មក​។​​ តែ​​​ទោះ​​​ជាយ៉ាង​ណា កាល​​​ពីម្សិល​​​មិញ តំណាង​មួយ​រូប​របស់​គ្រួសារ​ដែល​ប្ដឹង​ក្រុម​ហ៊ុន​ស្ករ​ស Tate&Lyle បាន​លើក​ឡើង​ថា ដំណោះ​ស្រាយ​ផ្ដល់​ដីថ្មី និង​ប្រាក់​ចុង​ក្រោយ​នេះ​ក៏ត្រូវ​បាន​​ច្រាន​ចោល​ដែរ​។

លោក តេង កៅ​​​ ដែល​អះអាង​ថា គាត់​បាន​បាត់បង់​ចម្ការ​ស្វាយ និង​ចម្ការ​ស្វាយ​ចន្ទី​​ទំហំ​១៤,៥​ហិក​​​តា​ដោយសារ​ក្រុមហ៊ុន​ចម្ការ​អំពៅ​កាលពីឆ្នាំ​២០០៦​បាននិយាយ​ថា “ក្រុម​ហ៊ុន​ថៃ​ដែល​ដាំ​អំពៅ​នៅ​លើ​ដី​របស់​យើង​បាន​ផ្ដល់​ដី​នៅ​តំបន់​មួយ​ផ្សេង​ចម្ងាយ​ប្រហែល​បីឬបួន​គីឡូម៉ែត្រ​ពី​ចម្ការ​របស់​យើង​ជំនួស​វិញ​ ប៉ុន្តែ​គេ​មិន​បាន​បង្ហាញ​ទីតាំង​ពិត​ប្រាកដ​របស់​ដីនោះ​ទេ​”។

គាត់​បាន​បន្ត​ថា ” មេធាវី​របស់​យើង​ក៏បាន​ប្រាប់​យើង​ដែរ​ថា ក្រុម​ហ៊ុន​ Tate&Lyle តាម​រយៈ​មេធាវី​របស់​ខ្លួននៅ​ទីក្រុង​ឡុងដ៍​ ក៏បាន​ផ្ដល់​ប្រាក់​ចំនួន​៣០៥.០០០ដុល្លារ​ទៅ​ឲ្យ​ពល​រដ្ឋទាំង​២០០​គ្រួសារ​នោះដែរ​ជាថ្នូរ​ឲ្យ​យើង​ដក​ពាក្យ​បណ្ដឹង​។ យើង​បាន​ច្រាន​ចោល​ការ​ផ្ដល់​នេះ​ ហើយ​យើង​ចង់ឲ្យ​តុលាការ​បន្ត​សំណុំរឿង​នេះ​”។

លោក​ តេង កៅ បាន​ឲ្យ​ដឹង​ថា ពេល​បើក​សវនាការ​ត្រូវ​បាន​គេ​គ្រោង​ធ្វើ​ឡើង​នៅ​ខែ​តុលា​ ប៉ុន្តែ​មិន​ដឹង​ថ្ងៃពិត​ប្រាកដ​ឡើយ។

លោក​ យិន ឈាវ តំណាង​ម្នាក់​ទៀត​ឲ្យ​គ្រួសារ​ទាំង​នេះ​បាននិយាយ​ថា ពួកគាត់​នៅ​តែ​ចង់​បាន​ការ​ផ្ដល់​ដ៏ប្រសើរ​មួយ​ ប៉ុន្តែ​គាត់​ជឿជាក់ថា ការ​បើក​សវនាការ​ជំនុំជម្រះ​ក្ដីនេះ​ គឺ​ជា​​មធ្យោបាយ​ដ៏ល្អ​​បំផុត​សម្រាប់​គ្រួសារ​ទាំង​នេះ​ទទួល​បាន​ប្រាក់​សំណង​ដែលពួកគាត់​សម​នឹង​ទទួល។

លោក​បាន​និយាយ​ថា ” ខ្ញុំ​ពិត​ជា​រីក​រាយ​ណាស់​ ដែលតុលាការ​នៅ​ក្នុង​ប្រទេស​អង់​គ្លេស​បាន​កំណត់​កាលបរិច្ឆេទ​សម្រាប់​បើក​សវនាការ​ជំនុំជម្រះ​សំណុំរឿង​របស​់យើង​ ដែល​ប្ដឹង​​ក្រុម​ហ៊ុនស្ករស​ Tate&Lyle ។ យើង​បាន​បាត់​បង់​ដីស្រែ​ និង​​ការ​ងារ​របស់​យើង​ ហើយ​ក្រុម​​ហ៊ុន​ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ធ្វើ​ឲ្យអ្នកភូមិ​ក្រីក្រ​កាន់​តែក្រទៅ​ៗ​”។

ប្រភព​មួយ​​ស្និទ្ធ​នឹង​ការ​ចរចា​នេះ​ដែល​និយាយ​ក្នុង​លក្ខខណ្ឌ​អនាមិក​ ដោយសារ​តែ​កិច្ច​ពិភាក្សា​នេះ​ជា​កិច្ច​ពិភាក្សា​ដ៏រសើប​នោះ​​បាន​លើក​ឡើង​ថា ក្រុម​ហុ៊ន​ Khon Kaen Sugar បានផ្ដល់​ដីផ្សេង​ទំហំ​ប៉ុន​គ្នា​នឹង​ដី​ដែលគ្រួសារ​ទាំង​នេះ​បាន​បាត់​បង់​ជំនួស​វិញ​។ ​គ្រួសារ​ទាំង​នោះ​បាន​​និយាយ​ថា ដីដែល​ខ្លួន​បាត់​បង់មាន​ទំហំ​១.៣៦៤​ហិកតា​។

ប្រភព​នេះ​បាន​និយាយ​ថា ” រដ្ឋាភិបាល​ តាម​រយៈ​ការ​ពាក់ព័ន្ធ​ជាមួយ​ក្រុមហ៊ុន​​ Khon Kaen Sugar បាន​យល់ព្រម​កាត់​​ដី​ស្រែ​ទំហំ​ប៉ុន​គ្នា​​ ដែល​ស្ថិត​នៅ​ក្នុង​ដីសម្បទាន​ក្នុង​ខេត្ត​កោះកុង​​ ឲ្យទៅ​អ្នក​ភូមិ​ជា​​​ច្រើនគ្រួសារ​នោះ​ជំនួស​វិញ។ ក្រុមហ៊ុ​ន​ Tate&Lyle បានឲ្យ​ដឹង​ថា ការ​ព្រួយ​បារម្ភចម្បង​របស់​ខ្លួន​ គឺ​កេរ្តិ៍​ឈ្មោះ​របស់​ខ្លួន​ ហើយ​ក្រុម​ហ៊ុន​នេះ​ត្រូវ​បាន​ជំរុញ​ឲ្យបង្ខំ​ក្រុម​ហ៊ុន Khon Kaen​ Sugar ឆ្លើយ​តប​​​ដោយ​សារ​រឿង​តែមួយគត់ គឺ​កេរ្តិ៍​ឈ្មោះ​ល្អ​របស់​ខ្លួន។ កេរ្តិ៍​ឈ្មោះ​របស់​ក្រុម​ហ៊ុន ​Tate&Lyle បានរង​ផល​ប៉ះពាល់​ចាប់​តាំង​ពី​វិវាទ​ដីធ្លី​បាន​កើត​ឡើង​មក​ម្លេ៉ះ។

ពល​រដ្ឋជាច្រើនគ្រួសារ​នេះ​បាន​បើក​យុទ្ធនាការ​ប្រឆាំង​ទៅនឹង​អ្វី​ដែល​ពួកគាត់​ហៅថា “ស្ករ​ឈាម​” ដែល​ត្រូវ​បាន​លក់​ដោយ​ក្រុម​ហ៊ុន ​Tate&Lyle និង​ក្រុម​ហ៊ុន​ផ្សេងៗ​ទៀត ដែល​ទិញ​ស្ករ​ឈាម​នេះ​ពី​ក្រុម​ហ៊ុន​ចម្ការ​អំពៅ​នៅក្នុង​ប្រទេស​កម្ពុជា​ ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ពីបទ​ប្លន់​​​ដី​ធ្លី។

កាលពីឆ្នាំមុន អង្គការ​អន្តរជាតិ​ Bunsucro ដែល​លើក​កម្ពស់​ក្រម​សីលធម៌​នៅ​ក្នុង​ការ​ទិញ​ស្ករស​សម្រាប់​ឧស្សាហកម្មស្បៀង​អាហារ និង​​ថាមពល បាន​ព្យួរ​សមាជិកភាព​របស់​ក្រុម​ហ៊ុន​ស្ករស Tate&Lyle ដោយ​សារ​មិន​បាន​ឆ្លើយ​នឹង​សំណួរ​អំពី​​​វិវាទ​​​ដីធ្លី​នៅ​ខេត្ត​កោះកុង​។

កាលពីឆ្នាំ​​​មុន​ដដែល​នោះ​ ក្រុម​ហ៊ុន​ស្ករស​ Tate&Lyle បាន​គំរាម​ប្ដឹង​កាសែត​អង់​គ្លេស​មួយ​ឈ្មោះ​ថា The Guardian ទាក់​​​ទិន​​​នឹង​រឿង​មួយ​ដែល​ចោទ​ប្រកាន់​ថា​មាន​ការ​កេង​ប្រវ័ញ្ច​ពល​កម្ម​កុមារ​នៅ​ចម្ការ​អំពៅ​ ប៉ុន្តែ​មិន​ដែល​បាន​ប្តឹងនោះទេ​​​ ហើយ​ក្រោយ​មក​បាន​លើក​ឡើង​ថា ខ្លួន​នឹង​ស៊ើប​អង្កេតពី​ការ​អះអាង​នេះ​។

តំណាង​ឲ្យ​ក្រុមហ៊ុន Khon Kaen​ Sugar មិន​​​អាច​ទាក់​ទង​បាន​ទេ​កាល​​​ពីម្សិលមិញ​។ អ្នក​នាំ​​​ពាក្យ​ឲ្យ​ក្រុមហ៊ុន​ស្ករស Tate&Lyle មិន​បាន​ឆ្លើយតប​នឹង​សំណើ​សុំធ្វើ​អត្ថាធិប្បាយ​ឡើយ​។

ក្រុមហ៊ុន​ស្ករ​ស​ Tate&Lyle បាន​​​បដិសេធ​​​មិន​​​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ចោទ​ប្រកាន់​​​ដែល​​គ្រួសារ​ទាំង​នោះ​បាន​ប្ដឹង​ក្រុម​ហ៊ុន​ចម្ការ​អំពៅ​​​ឡើយ​។ ក្រុម​​​ហ៊ុន​​​នេះ​បាន​និយាយ​ថា ភាគី​ទី៣​ ដែលជា​ភាគី​ធ្វើ​សវនកម្ម​លើ​ក្រុម​ហ៊ុន​ Khon Kaen​ Sugar បាន​ពិនិត្យ​ក្រុមហ៊ុននេះ​រួច​ហើយ​មុនពេល​ក្រុមហុ៊ុន​​នេះ​ចាប់​ផ្តើម​ប្រតិបត្តិការ​របស់​ខ្លូន ប៉ុន្តែភាគីទី៣​នេះ​​​បាន​បដិសេធ​មិន​ផ្ដល់​ច្បាប់​ចម្លង​នៃ​​​របាយការណ៍​របស់​ខ្លួន​​​នោះទេ​៕ ស៊ុយឈាង​​​​​​​​​​​​​​

 

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស