ក្រុមអ្នកតំណាងឲ្យពលរដ្ឋខ្មែរចំនួន២០០គ្រួសារ ដែលដាក់ពាក្យប្ដឹងក្រុមហ៊ុនស្ករស Tate&Lyle គ្រប់គ្រងដោយអង់គ្លេស ពីបទចោទថា បានទទួលប្រាក់ចំណេញរាប់លានដុល្លារពីដីធ្លីរបស់ពួកគាត់នោះ បាននិយាយថា ខ្លួនច្រានចោលការដោះស្រាយចុងក្រោយទាក់ទិននឹងវិវាទដីធ្លីរបស់ក្រុមហ៊ុននេះ ហើយកំពុងតែទន្ទឹងរង់ចាំថ្ងៃបើកសវនាការដំបូងរបស់ពួកគាត់ ដែលគ្រោងធ្វើឡើងនៅខែតុលា។
គ្រួសារទាំងនេះគឺស្ថិតក្នុងចំណោមពលរដ្ឋជាង៤០០គ្រួសារដែលចោទប្រកាន់ក្រុមហ៊ុនចម្ការអំពៅគ្រប់គ្រងដោយថៃចំនួនពីរនៅក្នុងខេត្តកោះកុង ថាបានរឹបអូសដីស្រែរបស់ពួកគាត់កាលពីឆ្នាំ២០០៦។ ពួកគាត់បានប្ដឹងក្រុមហ៊ុនស្ករស Tate&Lyle ទៅតុលាការនៅទីក្រុងឡុងដ៍ កាលពីខែមីនា ឆ្នាំ២០១៣ ដោយលើកឡើងថា ក្រុមហ៊ុនគ្រប់គ្រងដោយអង់គ្លេសមួយនេះជំពាក់ប្រាក់សំណងពួកគាត់ ដោយសារទទួលបានប្រាក់ចំណេញរាប់លានដុល្លារពីស្ករសដែលខ្លួនបានទិញពីក្រុមហ៊ុនស្ករស Khon Kaen Sugar គ្រប់គ្រងដោយថៃ។
ឥឡូវនេះកំពុងតែមានការចរចាក្រៅប្រព័ន្ធតុលាការ បន្ទាប់ពីមានការចរចាជាមួយស្ថាបនិកក្រុមហ៊ុនស្ករស Tate&Lyle កាលពីខែកក្កដា រួចមក។ តែទោះជាយ៉ាងណា កាលពីម្សិលមិញ តំណាងមួយរូបរបស់គ្រួសារដែលប្ដឹងក្រុមហ៊ុនស្ករស Tate&Lyle បានលើកឡើងថា ដំណោះស្រាយផ្ដល់ដីថ្មី និងប្រាក់ចុងក្រោយនេះក៏ត្រូវបានច្រានចោលដែរ។
លោក តេង កៅ ដែលអះអាងថា គាត់បានបាត់បង់ចម្ការស្វាយ និងចម្ការស្វាយចន្ទីទំហំ១៤,៥ហិកតាដោយសារក្រុមហ៊ុនចម្ការអំពៅកាលពីឆ្នាំ២០០៦បាននិយាយថា “ក្រុមហ៊ុនថៃដែលដាំអំពៅនៅលើដីរបស់យើងបានផ្ដល់ដីនៅតំបន់មួយផ្សេងចម្ងាយប្រហែលបីឬបួនគីឡូម៉ែត្រពីចម្ការរបស់យើងជំនួសវិញ ប៉ុន្តែគេមិនបានបង្ហាញទីតាំងពិតប្រាកដរបស់ដីនោះទេ”។
គាត់បានបន្តថា ” មេធាវីរបស់យើងក៏បានប្រាប់យើងដែរថា ក្រុមហ៊ុន Tate&Lyle តាមរយៈមេធាវីរបស់ខ្លួននៅទីក្រុងឡុងដ៍ ក៏បានផ្ដល់ប្រាក់ចំនួន៣០៥.០០០ដុល្លារទៅឲ្យពលរដ្ឋទាំង២០០គ្រួសារនោះដែរជាថ្នូរឲ្យយើងដកពាក្យបណ្ដឹង។ យើងបានច្រានចោលការផ្ដល់នេះ ហើយយើងចង់ឲ្យតុលាការបន្តសំណុំរឿងនេះ”។
លោក តេង កៅ បានឲ្យដឹងថា ពេលបើកសវនាការត្រូវបានគេគ្រោងធ្វើឡើងនៅខែតុលា ប៉ុន្តែមិនដឹងថ្ងៃពិតប្រាកដឡើយ។
លោក យិន ឈាវ តំណាងម្នាក់ទៀតឲ្យគ្រួសារទាំងនេះបាននិយាយថា ពួកគាត់នៅតែចង់បានការផ្ដល់ដ៏ប្រសើរមួយ ប៉ុន្តែគាត់ជឿជាក់ថា ការបើកសវនាការជំនុំជម្រះក្ដីនេះ គឺជាមធ្យោបាយដ៏ល្អបំផុតសម្រាប់គ្រួសារទាំងនេះទទួលបានប្រាក់សំណងដែលពួកគាត់សមនឹងទទួល។
លោកបាននិយាយថា ” ខ្ញុំពិតជារីករាយណាស់ ដែលតុលាការនៅក្នុងប្រទេសអង់គ្លេសបានកំណត់កាលបរិច្ឆេទសម្រាប់បើកសវនាការជំនុំជម្រះសំណុំរឿងរបស់យើង ដែលប្ដឹងក្រុមហ៊ុនស្ករស Tate&Lyle ។ យើងបានបាត់បង់ដីស្រែ និងការងាររបស់យើង ហើយក្រុមហ៊ុនត្រូវតែទទួលខុសត្រូវចំពោះការធ្វើឲ្យអ្នកភូមិក្រីក្រកាន់តែក្រទៅៗ”។
ប្រភពមួយស្និទ្ធនឹងការចរចានេះដែលនិយាយក្នុងលក្ខខណ្ឌអនាមិក ដោយសារតែកិច្ចពិភាក្សានេះជាកិច្ចពិភាក្សាដ៏រសើបនោះបានលើកឡើងថា ក្រុមហុ៊ន Khon Kaen Sugar បានផ្ដល់ដីផ្សេងទំហំប៉ុនគ្នានឹងដីដែលគ្រួសារទាំងនេះបានបាត់បង់ជំនួសវិញ។ គ្រួសារទាំងនោះបាននិយាយថា ដីដែលខ្លួនបាត់បង់មានទំហំ១.៣៦៤ហិកតា។
ប្រភពនេះបាននិយាយថា ” រដ្ឋាភិបាល តាមរយៈការពាក់ព័ន្ធជាមួយក្រុមហ៊ុន Khon Kaen Sugar បានយល់ព្រមកាត់ដីស្រែទំហំប៉ុនគ្នា ដែលស្ថិតនៅក្នុងដីសម្បទានក្នុងខេត្តកោះកុង ឲ្យទៅអ្នកភូមិជាច្រើនគ្រួសារនោះជំនួសវិញ។ ក្រុមហ៊ុន Tate&Lyle បានឲ្យដឹងថា ការព្រួយបារម្ភចម្បងរបស់ខ្លួន គឺកេរ្តិ៍ឈ្មោះរបស់ខ្លួន ហើយក្រុមហ៊ុននេះត្រូវបានជំរុញឲ្យបង្ខំក្រុមហ៊ុន Khon Kaen Sugar ឆ្លើយតបដោយសាររឿងតែមួយគត់ គឺកេរ្តិ៍ឈ្មោះល្អរបស់ខ្លួន។ កេរ្តិ៍ឈ្មោះរបស់ក្រុមហ៊ុន Tate&Lyle បានរងផលប៉ះពាល់ចាប់តាំងពីវិវាទដីធ្លីបានកើតឡើងមកម្លេ៉ះ។
ពលរដ្ឋជាច្រើនគ្រួសារនេះបានបើកយុទ្ធនាការប្រឆាំងទៅនឹងអ្វីដែលពួកគាត់ហៅថា “ស្ករឈាម” ដែលត្រូវបានលក់ដោយក្រុមហ៊ុន Tate&Lyle និងក្រុមហ៊ុនផ្សេងៗទៀត ដែលទិញស្ករឈាមនេះពីក្រុមហ៊ុនចម្ការអំពៅនៅក្នុងប្រទេសកម្ពុជា ដែលត្រូវបានចោទប្រកាន់ពីបទប្លន់ដីធ្លី។
កាលពីឆ្នាំមុន អង្គការអន្តរជាតិ Bunsucro ដែលលើកកម្ពស់ក្រមសីលធម៌នៅក្នុងការទិញស្ករសសម្រាប់ឧស្សាហកម្មស្បៀងអាហារ និងថាមពល បានព្យួរសមាជិកភាពរបស់ក្រុមហ៊ុនស្ករស Tate&Lyle ដោយសារមិនបានឆ្លើយនឹងសំណួរអំពីវិវាទដីធ្លីនៅខេត្តកោះកុង។
កាលពីឆ្នាំមុនដដែលនោះ ក្រុមហ៊ុនស្ករស Tate&Lyle បានគំរាមប្ដឹងកាសែតអង់គ្លេសមួយឈ្មោះថា The Guardian ទាក់ទិននឹងរឿងមួយដែលចោទប្រកាន់ថាមានការកេងប្រវ័ញ្ចពលកម្មកុមារនៅចម្ការអំពៅ ប៉ុន្តែមិនដែលបានប្តឹងនោះទេ ហើយក្រោយមកបានលើកឡើងថា ខ្លួននឹងស៊ើបអង្កេតពីការអះអាងនេះ។
តំណាងឲ្យក្រុមហ៊ុន Khon Kaen Sugar មិនអាចទាក់ទងបានទេកាលពីម្សិលមិញ។ អ្នកនាំពាក្យឲ្យក្រុមហ៊ុនស្ករស Tate&Lyle មិនបានឆ្លើយតបនឹងសំណើសុំធ្វើអត្ថាធិប្បាយឡើយ។
ក្រុមហ៊ុនស្ករស Tate&Lyle បានបដិសេធមិនទទួលខុសត្រូវចំពោះការចោទប្រកាន់ដែលគ្រួសារទាំងនោះបានប្ដឹងក្រុមហ៊ុនចម្ការអំពៅឡើយ។ ក្រុមហ៊ុននេះបាននិយាយថា ភាគីទី៣ ដែលជាភាគីធ្វើសវនកម្មលើក្រុមហ៊ុន Khon Kaen Sugar បានពិនិត្យក្រុមហ៊ុននេះរួចហើយមុនពេលក្រុមហុ៊ុននេះចាប់ផ្តើមប្រតិបត្តិការរបស់ខ្លូន ប៉ុន្តែភាគីទី៣នេះបានបដិសេធមិនផ្ដល់ច្បាប់ចម្លងនៃរបាយការណ៍របស់ខ្លួននោះទេ៕ ស៊ុយឈាង