ក្រុមមន្ត្រីតុលាការ និងកងរាជអាវុធហត្ថបាននិយាយកាលពីម្សិលមិញថា អ្នកកាសែតម្នាក់ដែលបានដាក់ពាក្យបណ្តឹងទៅសាលាដំបូងខេត្តពោធិ៍សាត់ដោយចោទប្រកាន់ថា ទាហានម្នាក់បានគំរាមសម្លាប់លោកពាក់ព័ន្ធនឹងការធ្វើសេចក្តីរាយការណ៍ពីការកាប់ឈើខុសច្បាប់នោះបានដកពាក្យបណ្តឹងវិញហើយ បន្ទាប់ពីទាហានរូបនេះត្រូវបានដាក់ពិន័យផ្ទៃក្នុង។
លោក សាក់ រុំ អ្នកយកព័ត៌មានឲ្យកាសែតការពិត មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេ។ លោក សឹុម ឈុនលាង ចាងហ្វាងកាសែតនេះបានមានប្រសាសន៍ថា លោកមិនដឹងពីការដកពាក្យបណ្តឹងនោះទេ។
លោក នាក់ សុវណ្ណ ក្រឡាបញ្ជីរបស់លោក តន់ សីហតេជះ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបានមានប្រសាសន៍កាលពីម្សិលមិញថា លោក សាក់ រុំ បានដកពាក្យបណ្តឹងវិញហើយកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានការចរចាជាមួយទាហានរូបនេះក្រៅប្រព័ន្ធតុលាការ។
លោក សុវណ្ណ បានមានប្រសាសន៍ថា “កាលពីថ្ងៃព្រហស្បតិ៍ ជនរងគ្រោះបានដកពាក្យបណ្តឹងវិញហើយ បន្ទាប់ពីអះអាងថា មានការចរចារវាងភាគីទាំងពីរក្រៅប្រព័ន្ធតុលាការ។ យើងបានសម្រេចដកពាក្យបណ្តឹង បន្ទាប់ពីមានសំណើពីអ្នកកាសែតរូបនេះមុនពេលពាក្យបណ្តឹងទៅដល់ដៃព្រះរាជអាជ្ញា”។
លោក សាក់ រុំ បានអះអាងថា លោក សួស ទូច ដែលជាទាហានកងយោធពលខេមរភូមិន្ទបានមកផ្ទះរបស់លោកដោយមានកាន់កាំភ្លើងក្នុងដៃប្រាប់លោកឲ្យប្រយ័ត្នខ្លួនចំពោះសេចក្តីរាយការណ៍របស់ខ្លួន។ ការមកផ្ទះរបស់លោកនេះធ្វើឡើងបន្ទាប់ពីលោកបានសរសេរអត្ថបទជាច្រើនភ្ជាប់លោក សួស ទូច ទៅនឹងការជួញដូរឈើប្រណីតខុសច្បាប់។
លោក សួស ទូច មិនអាចទាក់ទងសុំអត្ថាធិប្បាយបានទេកាលពីម្សិលមិញ។ លោកឧត្តមសេនីយ៍ត្រី ឈុំ សេងហន នាយសេនាធិការកងពលតូចអន្តរាគមន៍លេខ១៤នៃកងយោធពលខេមរភូមិន្ទដែលជាចៅហ្វាយនាយរបស់លោកបានមានប្រសាសន៍ថា លោកសួស ទូច បានចុះហត្ថលេខាយល់ព្រមកែឥរិយាបថរបស់ខ្លួន។
លោកបានមានប្រសាសន៍ថា “កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន យើងបានហៅលោក សួស ទូច ឲ្យមកកាន់អង្គភាពដើម្បីផ្តិតមេដៃ និងធ្វើកិច្ចសន្យាជាមួយអង្គភាពថា ឈប់ធ្វើអ្វីៗដែលពាក់ព័ន្ធបញ្ហាដែលលោកត្រូវបានគេចោទប្រកាន់នេះ។ លោក សួស ទូច បានទទួលស្គាល់ថា លោកបានជួញដូរឈើប្រណីតមែនក្នុងពេលកន្លងមក ហើយលោកបានទៅផ្ទះអ្នកកាសែតរូបនោះ មែន បន្ទាប់មកពួកគេបានវាយតប់គ្នានៅយប់នោះ ប៉ុន្តែ លោកបានបដិសេធថា លោកមិនមានអាវុធទេ”។
លោកឧត្តមសេនីយ៍ត្រី សេងហន បានមានប្រសាសន៍ថា កិច្ចសន្យានោះសរសេរថាលោក សួស ទូច ត្រូវឈប់គំរាមកំហែងអ្នកកាសែត ហើយឈប់ជួញដូរឈើប្រណីតខុសច្បាប់ទៀត។ លោកបានមានប្រសាសន៍ថា “យើងនឹងដាក់ទោសគាត់ដោយមិនអនុញ្ញាតឲ្យគាត់ចេញក្រៅអង្គភាពឡើយ។ គាត់បានផ្តិតមេដៃឲ្យយើង ហើយប្រសិនបើគាត់ចេញក្រៅអង្គភាព …ដោយគ្មានការអនុញ្ញាត យើងនឹងបណ្តេញគាត់ចេញ”៕ សារុន