28.4 C
Phnom Penh

ចោរប្លន់ម្នាក់ត្រូវបាន​បាញ់ស្លាប់​ បន្ទាប់ពី​ក្រុម​ចោរ​ប្រដាប់អាវុធ​នេះ ចូល​ប្លន់គ្រួសារ​ប្រជាពលរដ្ឋ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​​បានឲ្យដឹងថា ចោរប្លន់ម្នាក់​ត្រូវបា​ន​បាញ់​ស្លាប់​ និងម្នាក់​ទៀត​រងរបួស​​កាល​ពី​យប់​ថ្ងៃ​អាទិត្យ​ អំឡុង​​​ពេល​បាញ់​ត​ជាមួយ​នគរបាល​​នៅក្នុងខេត្តព្រៃ​វែង​ បន្ទាប់​​ពី​បុរស​អ្នក​លេង​ប្រដាប់​​អាវុធ​មួយក្រុម​មាន​គ្នា​ប្រាំមួយ​នាក់​​បាន​ប្លន់​​នៅផ្ទះមួយ​ក្នុងស្រុក​ព្រះស្តេច​។

លោក សេង សាវ័ន្ត អធិការរង​នគរបាល​ស្រុក​ព្រះស្តេច​បានមាន​ប្រសាសន៍​ថា ​​បន្ទាប់​ពី​អ្នក​ជិតខាងម្នាក់​​​ទូរស័ព្ទ​ប្រាប់ នគរបាល​មួយ​ចំនួន​ត្រូវបាន​បញ្ជូន​ទៅកាន់​ផ្ទះ​នោះ​​នៅក្នុងឃុំ​​ព្រះ​ស្តេច​ ចំណែក​មន្ត្រី​ផ្សេងទៀត​បាន​ឆែក​ឆេរ​​​តំបន់​នៅ​ជុំវិញ​នោះ និងបាន​ប្រទះ​​ឃើញ​បុរស​បីនាក់​ដើរ​តាម​វាល​ស្រែនៅក្នុងឃុំ​បន្ទាយ​ចក្រី ចម្ងាយ​ប្រហែល​១០គីឡូ​ម៉ែត្រ​​​ពីកន្លែង​កើតហេតុ។

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​បានហៅ​ពួកគេ​ឲ្យឈប់​​ ហើយ​សួរ​ពួកគេ​ថា ទៅ​ណា​ ប៉ុន្តែ​ម្នាក់​ក្នុង​ចំណោមពួកគេ​បាន​ដក​កំាភ្លើង​AK និង​ចាប់​ផ្ដើម​បាញ់​តែម្តង”។ ភ្លាមៗ​នោះ​ នគរ​បាល​បាន​បាញ់តបវិញ​ដោយធ្វើ​ឲ្យ​ជន​សង្ស័យ​ម្នាក់​ស្លាប់​ក្នុង​ចំណោមជន​សង្ស័យទាំង​នោះ និង​ម្នាក់​ទៀត​រង​របួស​ ប៉ុន្តែ​បុរស​​​ពីរនាក់ទៀតបាន​​រត់គេច​ខ្លួន​។

លោក​បាន​មាន​ប្រសាសន៍​ថា “យើង​បាន​​ស្គាល់​​អត្តសញ្ញាណចោរ​ប្លន់ដែល​ស្លាប់​នោះ​ ហើយ​ពេល​នេះកំពុង​តែ​ស៊ើប​អង្កេត​ដើម្បីតាម​ចាប់​ខ្លួន​ជន​សង្ស័យដែលនៅ​សល់”។ លោក​បាន​បន្ថែម​ថា បុរស​ប្រាំមួយ​នាក់​នេះ​បានបំបែកគ្នាជាពីរ​ក្រុម​ ខណៈដែលពួកគេ​បាន​គេ​ចខ្លួន​​ពីកន្លែង​ប្លន់​។

លោក​ ប៉ោ សុវណ្ណ អាយុ​៤៥​ឆ្នាំ​ បាន​ឲ្យ​ដឹង​ថា នៅ​ម៉ោង​ប្រមាណ​៧​និង២០​នាទីយប់​ ស្រាប់​តែមាន​ចោរ​ប្លន់ពីរ​នាក់​បាន​សម្រុក​ចូល​ផ្ទះ​របស់​គាត់​ ដោយ​មាន​កាំភ្លើង​មួយ​ដើម និង​របាដែក​មួយ​ ខណៈដែល​គាត់​និង​សមាជិក​ប្រាំមួយ​នាក់​ទៀត​ក្នុង​គ្រួសារ​របស់គាត់​កំពុង​តែ​មើល​​ទូរទស្សន៍​។

លោក សុវណ្ណ បាន​មាន​ប្រសាសន៍ថា “សមាជិក​គ្រួសារ​របស់​គាត់​ភាគ​ច្រើន​បាន​គេច​ខ្លួន​តាម​ក្រោយ​ ប៉ុន្តែ​ពួកចោរប្លន់​បាន​ឃាត់​ខ្លួន​កូន​ប្រុស​របស់​ខ្ញុំ និង​ខ្ញុំ​ និង​បាន​បាញ់​ភ្ជុច​ដី​ ហើយ​បន្ទាប់​មក​បាន​វាយ​យើង​ផ្ទួនៗនឹងដំបង​​ដែក”។ លោក​បាន​បន្ត​ថា សមាជិក​ក្រុម​អ្ន​ក​លេង​បួ​ន​នាក់​បាន​ឈរ​យាម​ផ្ទះ​រយៈពេល​២០​នាទី​ ចំណែកចោរ​ពីរ​នាក់​ទៀតនៅក្នុងផ្ទះ​​បាន​ប្លន់​យក​​ប្រាក់​ចំនួន​៤ម៉ឺន​រៀល​ប្រហែល​១០​ដុល្លារ​ កាត​ATM មួយ​ អត្តសញ្ញាណប័ណ្ណ​មួយ និង​ចិញ្ចៀន​មួយ​វង់។

លោក សុវណ្ណ បានមាន​ប្រសាសន៍​ថា លោក​រង​របួស​ច្រើន​កន្លែង​ ត្រូវ​ត្រង់​ក្បាល ជើង និង​ត្រគាករបស់​គាត់​ ចំណែក​កូន​ប្រុស​អាយុ​២០​ឆ្នាំ​របស់​គាត់​ឈ្មោះ ហន សារិទ្ធ ត្រូវ​បាន​វាយ​ជាច្រើន​ដងនឹង​របា​ដែក​ ត្រូវ​ក្បាល​ ស្មា និង​ដងខ្លួន​​របស់​គាត់ ហើយ​​ត្រូវ​បាន​បញ្ជូន​ទៅ​ប្រទេស​វៀតណាម​ដើម្បីព្យាបាល​។ នគរ​បាល​ជឿ​ថា ចោរ​ប្លន់​ទាំង​នេះ​មានគោល​ដៅ​ទៅលើ​ផ្ទះ​នេះ​ ពីព្រោះផ្ទះនេះមាន​ទ្រព្យសម្បត្តិ​ច្រើន​ជាង​ផ្ទះនៅ​ជុំវិញនោះ​៕ ប៊ុននី​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស