កាលពីម្សិលមិញ ក្រសួងបរិស្ថានបានបើកការដ្ឋានសាងសង់អគារថ្មីរបស់ខ្លួនស្ថិតនៅលើដីមួយកន្លែងជិតកោះពេជ្រក្នុងរាជធានីភ្នំពេញ បន្ទាប់ពីរដ្ឋមន្ត្រីក្រសួងបរិស្ថានបានលុបចោលកិច្ចព្រមព្រៀងដោះដូរដីដែលពោរពេញដោយភាពអាថ៌កំបាំង។

មន្ត្រីប្រហែល២០០នាក់បានចូលរួមក្នុងពិធីធ្វើឡើងនៅក្នុងសង្កាត់ចតុមុខ ដែលលោក សៅ សុភាព ប្រធានខុទ្ទកាល័យលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានមានប្រសាសន៍ថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានផ្តល់ទីតាំងថ្មីនេះដោយផ្ទាល់។
លោក សុភាព បានមានប្រសាសន៍ថា “យើងគ្រោងចំណាយថវិកា៨លានដុល្លារក្នុងការសាងសង់អគារថ្មីនេះ។ យើងនឹងដាក់ឈ្មោះអគារនោះថា មរតកតេជោ ដើម្បីថ្លែងអំណរគុណសម្តេច ហ៊ុន សែន ពីព្រោះលោកបានផ្តល់ដីដ៏មានតម្លៃដល់ក្រសួងបរិស្ថាន”។
បន្ទាប់មកលោក សុភាព បានមានប្រសាសន៍អំពីទីតាំងថ្មីរបស់ក្រសួងថា ជាផ្នែកនៃការដោះដូរដីថ្មីមួយទៀត។ ប៉ុន្តែ លោកបានបដិសេធមិននិយាយថា តើក្រុមហ៊ុនសំណង់ ដូនពេញ ដែលទទួលបន្ទុកសាងសង់អគារថ្មីនេះ នឹងទទួលបានដីចាស់របស់ក្រសួងនេះ ឬយ៉ាងណាឡើយ។
លោក សុភាព ដែលបានបដិសេធមិននិយាយថា តើនរណានឹងចំណាយប្រាក់៨លានដុល្លារក្នុងការសាងសង់អគារថ្មីនោះបានមានប្រសាសន៍ថា ” យើងបានដោះដូរទីតាំងក្រសួងចាស់រួចហើយ ហើយយើងនឹងផ្តល់ទីតាំងនោះទៅឲ្យម្ចាស់ថ្មី បន្ទាប់ពីការសាងសង់អគារថ្មីរួចរាល់”។
លោក ជួន វិចិត្រសិលា អគ្គនាយករងក្រុមហ៊ុនសំណង់ ដូនពេញ បានមានប្រសាសន៍ថា អគារនេះនឹងសាងសង់រួចរាល់ក្នុងរយៈពេលមួយឆ្នាំកន្លះ។
ភ្លាមៗបន្ទាប់ពីលោកត្រូវបានតែងតាំងកាលពីខែកញ្ញា លោក សាយ សំអាល់ កូនប្រុសរបស់លោក សាយ ឈុំ អគ្គលេខាធិការគណបក្សប្រជាជនកម្ពុជា បានលុបចោលកិច្ចព្រមព្រៀងដោះដូរដីជាមួយក្រុមហ៊ុន រតនា ដែលបានធ្វើឡើងនៅជំនាន់លោក ម៉ុក ម៉ារ៉េត
អតីតរដ្ឋមន្ត្រីក្រសួងបរិស្ថាន។
តាមរយៈកិច្ចព្រមព្រៀងនេះ ក្រុមហ៊ុន រតនា ចាប់ផ្តើមសាងសង់អគារក្រសួងថ្មីស្ថិតក្នុងខណ្ឌមានជ័យ នៅលើដីមួយកន្លែងចម្ងាយ២០គីឡូម៉ែត្រពីអតីតទីតាំងក្រសួងចាស់ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះសីហនុ។
អ្នកស្រី អ៊ាន អេឡែន ម្ចាស់ក្រុមហ៊ុន រតនា បានមានប្រសាសន៍ថា ឥឡូវនេះក្រុមហ៊ុនរបស់អ្នកស្រីកាន់កាប់តែទីតាំងអគារនៅខណ្ឌមានជ័យដែលបច្ចុប្បន្នសាងសង់បានពាក់កណ្តាលហើយ។
អ្នកស្រីបានមានប្រសាសន៍ថា “ក្រសួងបរិស្ថានបានសុំដោះដូរដីជាមួយក្រុមហ៊ុនរបស់ខ្ញុំប៉ុន្តែក្រោយមកពួកគេបានប្តូរចិត្តវិញ។ វាមិនជាប់ពាក់ព័ន្ធជាមួយក្រសួងបរិស្ថានទៀតទេ ហើយឥឡូវនេះការដោះដូរដីចប់សព្វគ្រប់ហើយ”។
លោក សុខ ឃឿន អតីតវិស្វករនៅក្រុមហ៊ុន រតនា បានមានប្រសាសន៍កាលពីម្សិលមិញថា ក្រុមហ៊ុនជិតក្ស័យធនបន្ទាប់ពីកិច្ចព្រមព្រៀងដោះដូរដីត្រូវបានលុបចោល។ លោកបានមានប្រសាសន៍ថា “វិស្វករនិងកម្មករទាំងអស់បានចាកចេញពីក្រុមហ៊ុនដោយសារមិនមានលុយធ្វើបន្តទៀត”៕សារុន