27 C
Phnom Penh

ច្បាប់​​អាជ្ញាសឹក​នៅ​​​ក្នុង​​​ប្រទេស​ថៃ នាំឲ្យ​​​ពល​​​ករ​​​ចំណាក​​​ស្រុក​​​ខ្មែរ​​​​​​ខ្លះ​ត្រឡប់​មក​​ស្រុក​​​កំណើត​​​វិញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ពលករ​​​​ចំណាកស្រុក​ខ្មែរ​រាប់​​​រយ​​​នាក់​​​បាន​វិល​មក​កាន់​ស្រុក​កំណើត​វិញ​​ ដោយ​​​ឆ្លង​​​កាត់តាម​​ប៉ុស្តិ៍​​​ត្រួត​ពិនិត្យ​​ប៉ោយ​ប៉ែត​ ខេត្ត​​​បន្ទាយ​​​មាន​ជ័យ​​ក្នុងរយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​ បន្ទាប់​​ពី​​មាន​​​រដ្ឋ​ប្រហារ​យោធា​​​នៅ​​​ក្នុង​ប្រទេស​​ថៃ​ ដែល​​កងទ័ព​​គ្រប់​​​គ្រង​​​យ៉ាង​​​តឹង​​​រឹុង​​​​លើ​​​ជីវភាព​ប្រចាំថ្ងៃ។

លោក អេង​ ឡេងអុំ នាយ​​​ការិយាល័យ​​​ប្រឆាំង​​ការ​ជួញដូរ​មនុស្ស​​ខេត្ត​បន្ទាយ​មាន​ជ័យ​បាន​​​មាន​ប្រសាសន៍​​​ថា ប្រជាជន​ខ្មែរ​មក​​​ពី​​​ខេត្ត​បាត់​ដំបង បន្ទាយ​​​មាន​ជ័យ សៀមរាប ព្រៃវែង និង​​​ខេត្ត​​​កំពង់​ចាម​​​ដែល​ទៅ​​​ធ្វើការ​នៅ​​​តាម​កសិដ្ឋាន​ និង​​​គម្រោង​​​សាងសង់​​នៅ​ក្នុង​ប្រទេស​ថៃ​ បាន​ចាប់​ផ្តើម​​វិល​ត្រឡប់​មក​កាន់​ស្រុក​​​កំណើត​​​វិញ​រយៈពេល​ពីរ​បី​ថ្ងៃ​ចុងក្រោយ​នេះ​។

លោក​​​បាន​​​មាន​ប្រសាសន៍​​​ថា ​រៀង​​​រាល់ថ្ងៃ មាន​មនុស្ស​រាប់​រយ​​​នាក់​​​ឆ្លងកាត់​តាម​ប៉ុស្តិ៍​ត្រួត​ពិនិត្យ​ មាន​​ទាំង​អ្នក​មក​​​ដោយ​​​ស្ម័គ្រ​​​​​​ចិត្ត​​​ទំាង​អ្នក​​ដែល​ត្រូវ​​​អាជ្ញាធរ​​ថៃ​បញ្ជូន​មកផង។ លោក​​​បាន​​​មាន​ប្រសាសន៍​​​ថា “ពលករ​​​ប្រហែល​​ពី២០០ទៅ​៣០០​នាក់​​កំពុង​វិល​ត្រឡប់​​​មក​វិញ​​​រាល់​ថ្ងៃ​”។ ​មាន​​រថយន្ត​​​ច្រើន​​​ណាស់​​ដឹក​កម្មករ​​​និង​​​អីវ៉ាន់​​របស់​​ពួក​​​គេ​​​មក​”។

លោក​​​បាន​ឲ្យ​​​ដឹង​​​ថា ​ប្រជា​ជន​ខ្មែរ​​ដែល​មក​កាន់​​​ស្រុក​​​កំណើត​​ បាន​លើក​​​ហេតុផល​ផ្សេងៗ​​​​គ្នា​អំពី​​​ការ​វិល​ត្រឡប់​របស់​​ខ្លួន ប៉ុន្តែ​​​អ្នក​​​ទាំង​​អស់​នោះ​សុទ្ធ​​​តែ​​​លើកឡើង​សំដៅ​កងទ័ព​ថៃ​​​​ដែល​​​កាន់​តែ​រឹត​បន្តឹង​ខ្លាំង​​​ឡើង​​​ៗ​​​លើ​​​ពល​​​ករ​​​ចំណាកស្រុក​។

លោក​​​បាន​​​មាន​ប្រសាសន៍​​​ថា “ពលករ​​​ខ្លះ​​​ស្លន់​​​ស្លោ ដោយសារ​ស្ថានភាព​បច្ចុប្បន្ន​នៅ​​​ក្នុង​ប្រទេស​ថៃ​ ហើយ​ពល​​​ករ​​​ខ្លះ​​ត្រូវ​​​បា​ន​ទាហាន​ឈុត​ខ្មៅ​ចាប់​ខ្លួន​ និង​​​បញ្ជូន​មក​វិញ​​។ ខ្លះ​ក្នុងចំណោម​​ពួកគេ ​​បាន​និយាយ​​​ថា លិខិត​​​ឆ្លង​ដែន​​របស់​​ខ្លួន​ត្រូវ​​​បាន​ហែក​ចោល នៅ​​​ពេល​​​ពួក​​​គេ​​​បង្ហាញ​ពួក​​ទាហាន​”។

អ្នកស្រី​ សូ អាន អាយុ​​៦២ឆ្នាំ ​បាន​មាន​ប្រសាសន៍​​​ថា ​កូនស្រី​​របស់​អ្នកស្រី​ ដែល​​​បាន​​ធ្វើការ​ងារ​​​សំណង់​នៅ​​​ក្នុង​​​ប្រទេស​ថៃ​​​អស់​រយៈ​ពេល​​​ជាង​​បី​​​ឆ្នាំ​​​​មក​​​ហើយ​​​ បាន​ប្រាប់​​អ្នក​​​ស្រីថា ពល​​​ករ​​​នៅ​​​ក្នុង​ប្រទេស​​ថៃ​​កំពុង​ភ័យ​ស្លន់​ស្លោ និង​​​កំពុង​រត់គេច​ខ្លួន ហើយ​​​ថា​​គាត់​​​​​[កូនស្រី​​​]​ ក៏​​​ចង់​វិល​មក​ស្រុកកំណើត​វិញ​ដែរ។

អ្នកស្រី​បាន​​​មាន​ប្រសាសន៍​​​ថា “ខ្ញុំ​បាន​និយាយ​​ជា​​​មួយ​​​កូនស្រី​​របស់​ខ្ញុំ​ ហើយ​​​នាង​​បាន​និយាយ​​​ថា ពល​​​ករ​​​ខ្លះ​​ខ្លាច​ត្រូវ​គេ​ចាប់ខ្លួន ហើយ​​​កំពុង​លាក់​ខ្លួន​នៅ​​​ក្នុង​ព្រៃ ហើយ​អ្នក​ខ្លះ​លោត​ចូល​ទៅ​​​ក្នុង​​​លូទឹក​ស្អុយ​ ដើម្បី​រត់​គេច​ពី​អាជ្ញាធរ”។

លោក កុយ គួង អ្នកនាំពាក្យ​​​ក្រសួង​​​ការ​បរទេស​​​និង​​​សហប្រតិបត្តិការអន្តរជាតិ​​​​បាន​​​មាន​ប្រសាសន៍​​​ថា ក្រុម​​​មន្ត្រី​​​ក្រសួង​​បាន​ជួប​​​ជាមួយ​​​សម​​​ភាគីថៃ​​​របស់​​ខ្លួន​នៅ​​​ក្នុង​​ទីក្រុង​​​បាងកក​កាល​​​ពី​​​ចុង​សប្តាហ៍​​ និង​​​ដោយសារ​​​តែ​ច្បាប់​​អាជ្ញា​សឹក​ចូល​ជាធរមាន​នៅ​​​ទីនោះ ​លោក​​បាន​ស្នើ​ឲ្យ​​​ប្រទេស​​ថៃ​​​បញ្ជូន​​​ពល​​​ករ​​​ខ្មែរ​ខុស​ច្បាប់​​​ដែល​​ពួកគេ​រក​​​ឃើញ​ត្រឡប់​មក​វិញ។ លោក​​​បាន​​​មាន​ប្រសាសន៍​​​ថា “យើង​​​បាន​ស្នើ​​​ឲ្យ​ពួកគេ​យោគ​យល់ និង​​​បញ្ជូន​ពលករ​​​​ខុស​ច្បាប់​ត្រឡប់​​​មក​វិញ​។ ​មនុស្ស​ភាគ​ច្រើន​​ដែល​ត្រូវ​​​បានចាប់​​​ខ្លួន​ ជា​ពលករ​​​ខុស​ច្បាប់​​​​​​​ នេះ​​​បើ​​​ផ្អែក​លើ​​​ព័ត៌​មាន​​ដែល​ខ្ញុំ​​​ទទួល​​​បាន​​​​​​”៕ ប៊ុននី​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស