កាលពីម្សិលមិញ សាលាដំបូងរាជធានីភ្នំពេញបានដោះលែងបុរសម្នាក់ដែលត្រូវបានតុលាការបើកសវនាការជំនុំជម្រះក្ដីកាលពីចុងខែមុន ពាក់ព័ន្ធនឹងការសម្លាប់បុរសជនជាតិវៀតណាមម្នាក់ប្រព្រឹត្តដោយមនុស្សមួយក្រុមកាលពីខែកុម្ភៈ។
ជនរងគ្រោះ ង្វៀន វា៉ន់ចៀន អាយុ៣០ឆ្នាំ បានបើកម៉ូតូរបស់ខ្លួនបុកពីក្រោយរថយន្តមួយគ្រឿងនៅក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ នៅមុនម៉ោង១០យប់កាលពីថ្ងៃទី១៦ ខែកុម្ភៈ។ នៅពេលបុរសជនជាតិវៀតណាមរូបនេះរងរបួស មនុស្សជាច្រើនបានមកចោមរោមគាត់ ហើយចាប់ផ្ដើមវាយក្បាលគាត់តែម្តង ដោយសារតែមានសម្រែកថា “យួនវ៉ៃខ្មែរ”។ ក្រុមមនុស្សបានកើនឡើងរហូតដល់ប្រមាណ២០នាក់ ហើយជនរងគ្រោះបានស្លាប់នៅកន្លែងកើតហេតុ។
លោក ប៊ុន ចាន់វុត្ថា អាយុ៥១ឆ្នាំ ត្រូវបានចាប់ខ្លួនភ្លាមៗពីបទស្រែកពាក្យរើសអើងពូជសាសន៍ និងត្រូវបានចោទប្រកាន់ពីបទបង្កអំពើហិង្សាដែលមានស្ថានទម្ងន់ទោស។ សាក្សីចំនួនប្រាំបួននាក់បានផ្ដល់សក្ខីកម្មតំណាងឲ្យជនរងគ្រោះ និងបីនាក់ផ្សេងទៀតតំណាងឲ្យនគរបាល អំឡុងការបើកសវនាការជំនុំជម្រះក្ដីកាលពីថ្ងៃទី៣០ ខែឧសភា។ កាលពីម្សិលមិញ តុលាការបានប្រកាសថា គ្មានភ័ស្តុតាងគ្រប់គ្រាន់សម្រាប់ដាក់បន្ទុកលើជនសង្ស័យឡើយ។
លោក កោ វណ្ឌី ចៅក្រមប្រធានក្រុមប្រឹក្សាជំនុំជម្រះបានមានប្រសាសន៍ថា “តុលាការបានដោះលែងលោក ចាន់វុត្ថា ដែលត្រូវបានចោទប្រកាន់ពីបទប្រើអំពើហិង្សាទាក់ទិននឹងការស្លាប់របស់បុរសជនជាតិវៀតណាម ពីព្រោះតុលាការមិនអាចរកឃើញភ័ស្តុតាងដាក់បន្ទុកគាត់បាននោះទេ”។ លោកមិនបាននិយាយថា តើសំណុំរឿងនេះនឹងត្រូវបញ្ជូនត្រឡប់ទៅស៊ើបអង្កេតវិញឬយ៉ាងណាទេ តែទោះជាយ៉ាងណានគរបាលបានឲ្យដឹងថា ការស៊ើបអង្កេតដើម្បីស្វែងរកជនសង្ស័យបន្ថែមកំពុងតែបន្ត។
ឃាតកម្មកាលពីខែកុម្ភៈ បានកើតឡើងប៉ុន្មានសប្ដាហ៍បន្ទាប់ពីកន្លែងរកស៊ីរបស់ជនជាតិវៀតណាមមួយចំនួនត្រូវបានគេដុតនិងលួច អំឡុងការធ្វើកូដកម្មរបស់កម្មកររោងចក្រកាត់ដេរដែលបណ្តាលឲ្យផ្ទុះអំពើហិង្សាក្នុងរាជធានីភ្នំពេញ និងបន្ទាប់ពីលោក សម រង្ស៊ី និងលោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិបានប្រើពាក្យប្រឆាំងវៀតណាមនៅក្នុងការថ្លែងទៅកាន់សាធារណជនបានប៉ុន្មានខែរួចមក។
ពេលនិយាយនៅខាងក្រៅបន្ទប់សវនាការកាលពីម្សិលមិញ លោក ចាន់វុត្ថា បាននិយាយថា គាត់មានអារម្មណ៍ធូរស្រាលនៅពេលត្រូវបានគេដោះលែង ប៉ុន្តែគាត់នៅមានកំហឹងត្រង់ថា គាត់បានចំណាយពេលបួនខែនៅក្នុងពន្ធនាគារព្រៃសរង់ចាំពេលបើកសវនាការជំនុំជម្រះក្ដី។ លោកបាននិយាយថា “ខ្ញុំគួរតែត្រូវបានដោះលែងកាលពីខែកុម្ភៈ ពីព្រោះខ្ញុំមិនបានធ្វើអ្វីនោះទេ”។
គាត់បានអះអាងថា គាត់បានរត់ចេញមកផ្លូវជាតិលេខ២ កន្លែងដែលគ្រោះថ្នាក់បានកើតឡើង បន្ទាប់ពីឃើញគ្រោះថ្នាក់ពីផ្ទះរបស់គាត់មក។ គាត់បាននិយាយបន្ថែមថា ” ប្រហែល៥នាទីក្រោយមក ជនជាតិវៀតណាមប្រហែល១០នាក់ និងជនជាតិខ្មែរប្រហែល១០នាក់ដែរ បានចាប់ផ្ដើមវ៉ៃគ្នាទៅវិញទៅមក។ ខ្ញុំក៏ជាជនរងគ្រោះម្នាក់ផងដែរ ហើយខ្ញុំក៏រងការវាយដំជាច្រើនដែរ”។
តែទោះជាយ៉ាងណា ប្រពន្ធរបស់ ង្វៀន វ៉ាន់ចៀន មិនពេញចិត្តចំពោះការសម្រេចរបស់តុលាការនេះទេ។ប្រហែលបីខែកន្លងទៅនេះ នាងបានសម្រាលកូនម្នាក់ ហើយឥឡូវនេះកំពុងតែជួបការលំបាកក្នុងការចិញ្ចឹមកូនរបស់ខ្លួន។
នាងបាននិយាយថា ខ្ញុំកំពុងទាមទារប្រាក់សំណង ប៉ុន្តែខ្ញុំមិនទទួលបានអ្វីសោះពីសំណុំរឿងនេះ។ ខ្ញុំក្រ ហើយត្រូវខំប្រឹងចិញ្ចឹមកូនអាយុបីខែទាំងគ្មានឪពុកទៀត។ ខ្ញុំមិនពេញចិត្តចំពោះការសម្រេចនេះទេ”។
លោក ហួត វណ្ណា នាយប៉ុស្តិ៍នគរបាលសង្កាត់ចាក់អង្រែលើ បានមានប្រសាសន៍ថា លោក ចាន់វុត្ថា ដំបូងឡើយត្រូវបានសាកសួរជាមួយកូនប្រុសរបស់គាត់ឈ្មោះ ប៊ុន ចាន់សិទ្ធិវណ្ណ អាយុ២១ឆ្នាំ ដែលរត់គេចខ្លួនតាំងពីពេលនោះមកម្លេ៉ះ។ លោកបានមានប្រសាសន៍ថា យើងនៅមិនទាន់បញ្ចប់សំណុំរឿងនេះទេ ហើយនគរបាលកំពុងបន្តស៊ើបអង្កេតដើម្បីស្វែងរកជនសង្ស័យបន្ថែម”។
លោក អាង ចាន់រិទ្ធ នាយកប្រតិបត្តិអង្គការសិទ្ធិជនជាតិភាគតិច (MIRO) បានអំពាវនាវឲ្យអាជ្ញាធរបន្តការស៊ើបអង្កេតរបស់ខ្លួននៅក្នុងករណីឃាតកម្មនេះ។ លោកបានមានប្រសាសន៍ថា ” យើងខ្លាចក្រែងសំណុំរឿងនេះនឹងធ្វើឲ្យមាននិទណ្ឌភាពកាន់តែច្រើន។ នៅក្នុងប្រទេសកម្ពុជា ករណីនេះតែងតែកើតឡើងមិនចំពោះតែជនជាតិវៀតណាមប៉ុណ្ណោះទេ”។
លោកបានបន្ថែមថា “អង្គការសិទ្ធិជនជាតិភាគតិចចង់ផ្ញើសារដល់ពលរដ្ឋខ្មែរទាំងអស់ឲ្យគោរពគ្នាទៅវិញទៅមក។ ទោះបីជាយើងមានជាតិសាសន៍ខុសគ្នាក៏ដោយ តែសូមគោរពគ្នាទៅវិញទៅមក បើមិនដូច្នោះទេ យើងនឹងមានជម្លោះជាតិសាសន៍ជាមិនខាន”៕ ស៊ុយឈាង
(រាយការណ៍បន្ថែមដោយ Lauren Crothers)