29.3 C
Phnom Penh

ការ​ប្រមូល​ជនអនាថា​ចាប់​ផ្ដើម​តែមិន​បញ្ចេញ​ឲ្យ​ដឹង​ចំនួន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពីម្សិលមិញ សាលា​រាជធានី​ភ្នំពេញ​បាន​ចាប់​ផ្ដើម​យុទ្ធនាការ​ចុង​ក្រោយ​របស់​ខ្លួន​ដើម្បី​ធ្វើ​ឲ្យ​ដង​ផ្លូវ​នានា​នៅ​ទីក្រុង​លែង​មាន​ជនអនាថា​ ដោយ​ប្រមូល​អ្នក​សុំទាន​ និង​អ្នក​លក់​ដូរ​​​បាន​ជាច្រើនរថយន្ត​​​នៅ​តាម​ភ្លើង​ស្តុប​ ហើយ​បាន​ឃាត់ពួកគេ​ទុក​​​នៅ​ការិយាល័យ​ខណ្ឌ​ និង​មន្ទីរ​សង្គម​កិច្ច​រាជធានី​។front

គេ​បាន​មើល​ឃើញ​ជន​អនាថា​នៅ​ក្នុង​រាជធានី​ត្រូវ​គេ​ចាប់​ដាក់​ចូល​រថយន្ត​ទ្រុង​ ប៉ុន្តែ​សាលា​រាជធានី​ និង​មន្ទីរ​សង្គម​កិច្ច​បាន​បដិសេធ​មិន​ឲ្យ​ដឹង​ថា មនុស្ស​ប៉ុន្មាន​នាក់​ត្រូវបាន​ប្រមូល​នោះទេ​។

លោក ឡុង ឌីម៉ង់ អ្នក​នាំពាក្យ​សាលា​រាជធានី​ភ្នំពេញ បាន​មាន​ប្រសាសន៍ថា “យើង​បាន​ចាប់​ផ្ដើម​ប្រមូល​[ជនអនាថា​] នៅ​គ្រប់​ខណ្ឌ​ទាំង​អស់ទូទាំង​រាជធានី​ ហើយ​យើង​នឹង​បន្ត​នៅ​ថ្ងៃស្អែក​ និង​ថ្ងៃ​ទៅមុខ​ទៀត​”។ “យើង​បាន​ចាប់​ផ្ដើម​យុទ្ធនាការ​នេះ​ ដើម្បី​ប្រមូល​ជន​អនាថា​ពីព្រោះ​យើង​ចង់​បញ្ជូន​ពួកគេ​ទៅ​អង្គការ​ដៃគូ​នានា​ ដូច​ជា​ អង្គការ​មិត្ត​សំឡាញ់ ដែល​មាន​កម្មវិធី​បណ្ដុះ​បណ្ដាល​វិជ្ជា​ជីវៈ​នៅ​ទីនោះ​ស្រាប់​ឲ្យ​ជួយពួកគេ​”។

អង្គការ​មិត្ត​សំឡាញ់ និង​អង្គការ​ដើម្បី​ភាព​ញញឹម​នៃ​កុមារ​ ​ជា​អង្គការ​ពីរ​មិន​រក​កម្រៃ​ហើយ​ជាដៃគូ​របស់​សាលា​ក្រុង​ក្នុង​កម្មវិធី​នេះ​។ អង្គការ​ទាំង​ពីរ​ផ្ដល់​ម្ហូប​អាហារ​ដល់​ក្មេង​អនាថា​ និង​បាន​ព្រមព្រៀង​ទទួល​យក​មនុស្ស​​​ដែល​សាលា​រាជធានី​ប្រមូល​​​បាន​ ហើយ​ផ្ដល់​ការ​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ​ដល់ពួកគេ​។

នៅ​ម៉ោង​៥​និង​៣០​នាទី​ល្ងាច​ម្សិលមិញ អង្គការ​ (Friends) ជា​អង្គការ​មួយផ្សេង​ទៀត​​ដែលជា​ដៃគូ​ជិត​ស្និទ្ធ​ជាមួយអង្គការ​មិត្ត​សំឡាញ់​ មិន​បាន​ទទួល​កុមារ​ពី​យុទ្ធនាការ​របស់​សាលារាជធានី​នេះទេ។ អង្គការ​ដើម្បី​ភាព​ញញឹម​នៃកុមារ នឹ​ងមិ​ន​ចូល​រួម​កិច្ចប្រឹង​ប្រែង​នេះ​ទេ រហូត​ដល់​ខែ​កក្កដា។ តំបន់ជាច្រើន​ដែល​ធ្លាប់​តែ​មាន​អ្នក​សុំទាន និង​ក្មេង​ៗ​លក់​ផ្កា​ម្លិះ​ និង​កាសែត​នោះ​ បាន​ស្ងប់​ស្ងាត់​ប្លែក​ពីធម្មតា​កាលពីម្សិលមិញ​។

បុរស​អាយុ​២៣​ឆ្នាំ​ម្នាក់​​ដែល​ប្រាប់​ថា ខ្លួន​ឈ្មោះ​ ដាវុធ បាន​លាក់​ខ្លួន​ពេល​អាជ្ញាធរ​មក​ជិត​។ “ខ្ញុំ​ខ្លាច​ត្រូវ​គេ​ប្រមូលចាប់​…​ខ្ញុំបាន​ឃើញ​គ្នីគ្នា​របស់​ខ្ញុំ​ និង​អ្នក​ផ្សេង​ទៀត​ដែល​លក់​កម្រង​ផ្កា​ម្លិះ​ និង​អ្នក​សុំទាន​ត្រូវ​បាន​មនុស្ស​ពីរ​បីនាក់​អូស​យក​​​ទៅ​​​ដាក់​ចូល​រថយន្ត​មាន​របាដែក​”។

លោក​ សាបាស្ទៀន ម៉ារ៉ុត នាយក​ប្រតិបត្តិ​អង្គការ​ (Friends) បាន​មាន​ប្រសាសន៍​ថា ការ​មិនមាន​ជន​អនាថា​នៅ​តាម​កន្លែង​នានា​ជាធម្មតា​ ដោយ​​​សារតែ​យុទ្ធនាការ​ធ្វើ​ឡើង​ដោយ​អង្គការ​របស់​លោក​មុន​ការ​​​ប្រមូល​​​ចាប់​​​នេះ​។ លោក​បានមាន​ប្រសាសន៍ថា មុន​សាលា​រាជធានី​ចុះ​តាម​ដង​ផ្លូវ​នានា​មាន​ទាំង​រថយន្ត​ទ្រុង​ផង​នោះ​ ក្រុ​ម​ជួយ​ណែនាំមួយ​មក​ពី​អង្គការ​របស់​លោក​បាន​ស្វែ​ង​រក​ពេញ​ក្រុង​ដើម្បី​រំឭក​ក្មេង​ៗ​ ដែល​ធ្វើការ​ រស់​នៅ ឬ​សុំទាន​នៅទីនោះ​ថា អង្គការ​ (Friends) ជា​ជម្រើស​មួយ​សម្រាប់ពួកគេ​។

លោក ម៉ារ៉ុត បាន​មាន​ប្រសាសន៍បន្ថែម​ថា អង្គការ​របស់​លោក​មិន​ជឿ​ថា ការ​ប្រមូល​​​ចាប់​​​​ជនអនាថា​នឹង​អាច​ជួយ​ដល់​ស្ថាន​ភាព​រស់​នៅ​របស់​ពួកគេ​ ឬ​លើក​មុខ​មាត់​សោភ័ណ​ភាព​រាជធានី​ក្នុ​ង​រយៈពេល​យូរអង្វែង​ទេ​ ព្រោះថា​​​ភាគច្រើន​បំផុត​នៃ​កុមារ​ទាំង​នោះ​ទំនង​ជា​​​នឹង​ត្រឡប់​ទៅតាម​ដង​ផ្លូវ​វិញ​​ ក្រោយ​ពីពួកគេ​ត្រូ​វ​បាន​ដោះ​លែង។

លោក​បាន​ឲ្យ​ដឹង​ទៀត​ថា “យើង​យល់​ថា សាលា​រាជធានី​ចង់​បាន​លទ្ធផល​រយៈ​ពេល​ខ្លី​ ប៉ុន្តែ​វា​ជា​បញ្ហា​យូរ​អង្វែង​ដែល​ចាំបាច់​ត្រូវ​មាន​ដំណោះ​ស្រាយ​រយៈពេល​វែង​”។

យោងតាម​ ស៊ូ សុធាវី សកម្មជន​សិទ្ធិ​មនុស្ស​ខ្ទើយ​ អ្នក​រក​ស៊ី​ផ្លូវ​ភេទ​ច្រើនជាង​២០​នាក់​ត្រូវ​បាន​បុគ្គលិក​សង្គម​កិច្ច​រាជធានី​ប្រមូលចាប់​កាល​ពីយប់​ថ្ងៃច័ន្ទ និង​ព្រឹក​ថ្ងៃ​អង្គារ ហើយ​ឃាត់​ទុក​នៅ​មជ្ឈមណ្ឌល​ស្ដារនីតិ​សម្បទា​ ឱកាស​របស់​ខ្ញុំ​៕ មា​និត​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស