យោងតាមសេចក្តីប្រកាសមួយចេញពីអង្គភាពប្រឆាំងអំពើពុករលួយបានឲ្យដឹងថា អង្គភាពប្រឆាំងអំពើពុករលួយបានបញ្ចេញឲ្យដឹងកាលពីម្សិលមិញថា លោកស្រី កុល ធារិន ប្រធានមន្ទីររតនាគារខេត្តកំពង់ចាម និងមន្ត្រីក្រោមឱវាទលោកស្រី កំពុងត្រូវបានស៊ើបអង្កេតពីបទកិបកេងប្រាក់ពីគម្រោងអភិវឌ្ឍន៍ក្នុងស្រុក និងពីបទគំរាមទារសំណូកពីក្រុមហ៊ុនអភិវឌ្ឍន៍។
លោក ឱម យុិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានផ្ញើលិខិតជូនលោកស្រី ធារិន កាលពីថ្ងៃទី១៤ ខែមីនា ដោយជូនដំណឹងប្រាប់លោកស្រីថា អង្គភាពនេះបានទទួលពាក្យបណ្តឹងមួយកាលពីក្នុងខែធ្នូ ដែលអះអាងថា លោកស្រីនិងមន្ត្រីមន្ទីររតនាគារខេត្ត បានទាមទារប្រាក់សគុណពីក្រុមហ៊ុនអភិវឌ្ឍន៍គម្រោង នេះបើយោងតាមសេចក្តីប្រកាសបង្ហោះនៅលើគេហទំព័ររបស់អង្គភាពប្រឆាំងអំពើពុករលួយកាលពីថ្ងៃច័ន្ទ។
ចំណោមភាពមិនប្រក្រតីផ្សេងៗ គឺថា មន្ទីរនេះបានបង្កើតក្រុមការងារផ្ទាល់ខ្លួនដើម្បីចូលរួមដំណើរការដេញថ្លៃទទួលបានកិច្ចសន្យាសម្រាប់ការអភិវឌ្ឍ។ សេចក្តីប្រកាសនេះមានខ្លឹមសារថា “រតនាគារខេត្តកំពង់ចាម[ត្រូវបានចោទថាបាន]បង្កើតក្រុមការងាររបស់ខ្លួនផ្ទាល់ដើម្បីចូលរួមដំណើរការដេញថ្លៃស្ទើរតែទាំងអស់សម្រាប់គម្រោងអភិវឌ្ឍន៍សម្រាប់ភូមិ ឃុំ និងស្រុក ដោយមានបំណងទាមទារប្រាក់ទឹកតែចាប់ពី២.០០០ដុល្លារទៅ៣.០០០ដុល្លារ[ក្នុងគម្រោងនីមួយៗ]”។
ដោយមិនបញ្ជាក់អំពីគម្រោងណាមួយ សេចក្តីប្រកាសនេះបន្ថែមថា “ប្រសិនបើម្ចាស់គម្រោងបដិសេធ ពួកគេត្រូវប្រឈមនឹងផលពិបាកពីមន្ទីររតនាគារ(ជាពិសេសពីលោក ស៊ី ថន) “។ នៅក្នុងសេចក្តីប្រកាសដោយឡែកមួយទៀត លោក ស៊ី ថន ត្រូវបានគេស្គាល់ថាជាអនុប្រធានមន្ទីររតនាគារខេត្ត។
ក្រុមមន្ត្រីមន្ទីររតនាគារនេះក៏ត្រូវបានចោទប្រកាន់ផងដែរពីបទ”ដកប្រាក់សម្រាប់ថ្លៃឈ្នួលរដ្ឋបាលជាមុនសម្រាប់ការចាប់ផ្តើមការងារនៅតាមឃុំនិងស្រុក” ដោយទាមទារប្រាក់ពី១០០ដុល្លារទៅ១៥០ដុល្លារសម្រាប់គម្រោងជួសជុលនិងសាងសង់នៅមូលដ្ឋាន។
បង្ហោះនៅលើគេហទំព័ររបស់អង្គភាពប្រឆាំងអំពើពុករលួយផងដែរ គឺលិខិតការពារខ្លួនមួយច្បាប់ពីលោកស្រី ធារិទ្ធ ដែលបានបដិសេធថាលោកស្រីមិនបានធ្វើអ្វីខុសទេ ហើយបានលើកឡើងថា ការចោទប្រកាន់នេះ គឺដើម្បីយកចំណេញនយោបាយ។
លិខិតរបស់លោកស្រីចុះថ្ងៃទី២១ខែមីនា មានខ្លឹមសារថា “ជួសមុខឲ្យថ្នាក់ដឹកនាំផ្នែកគ្រប់គ្រង ខ្ញុំសូមបញ្ជាក់ចំណុចទី១ថា មន្ទីររតនាគារខេត្តមិនបានបង្កើតក្រុមការងារណាមួយដើម្បីចូលរួមការដេញថ្លៃទេ”។ លោកស្រីបានមានប្រសាសន៍ថា “ការចោទប្រកាន់ពីបទគំរាមទារប្រាក់ពី២.០០០ដុល្លារទៅ៣.០០០ដុល្លារ គឺគ្រាន់តែជាវិធីមួយដើម្បីបង្ខូចឈ្មោះថ្នាក់ដឹកនាំនិងមន្ត្រីរតនាគារប៉ុណ្ណោះ”។
លោក ឆាយ សាវុធ អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយបានមានប្រសាសន៍ថា ការបង្ហោះចម្លើយតបរបស់ជនជាប់ចោទមិនមែនជាការបញ្ជាក់ណាមួយថា ករណីនេះត្រូវបានបិទនោះទេ ប៉ុន្តែដើម្បីបង្ហាញប្រាប់សាធារណជនថា ករណីនេះកំពុងដំណើរការដោយមានការអញ្ជើញដើមចោទ និងចុងចោទដើម្បីបង្ហាញភ័ស្តុតាង។
លិខិតទី២ចុះហត្ថលេខាដោយលោក ឱម យិុនទៀង ចុះថ្ងៃទី៣ ខែកុម្ភៈត្រូវបានបង្ហោះនៅលើគេហទំព័ររបស់អង្គភាពប្រឆាំងអំពើពុករលួយ ដោយស្នើឲ្យលោក ម៉ៅ សុចិត្រា ប្រធាននាយកដ្ឋានបុគ្គលិករបស់ក្រសួងទេសចរណ៍ ឲ្យឆ្លើយតបទៅនឹងការចោទប្រកាន់ថា លោកបានគំរាមទារប្រាក់ពី៣០០ដុល្លារទៅ៥០០ដុល្លារពីប្រធាននិងអនុប្រធានមន្ទីរទេសចរណ៍តាមតំបន់មុនពេលរុះរើមន្ត្រីរាជការក្នុងខែមិថុនា ឆ្នាំ២០១៣។ លោក សុចិត្រា បានឆ្លើយតបយ៉ាងខ្លីដោយប្រកាសថា ការចោទប្រកាន់នេះ “មិនពិត” និង “មិនត្រឹមត្រូវ” ទេ៕ ប៊ុននី