38 C
Phnom Penh

ថែកែរោង​ចក្រ​បិទរោងចក្រកាត់ដេរ​ហើយ​មិន​បើក​ប្រាក់ខែឲ្យ​កម្មករ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

តំណាង​កម្មករ​បាន​និយាយ​ថា កម្មករ​រោងចក្រ​កាត់​ដេរ​ប្រហែល​៤០០​នាក់​បាន​មកធ្វើការ​តាមវេន​របស់​ខ្លួន​ និង​មក​បើក​ប្រាក់​ខែ​នៅ​រោងចក្រ​កាត់​ដេរ​ Hongkong Yufeng ក្នុងរាជធានី​ភ្នំពេញ​កាលពីម្សិលមិញ ស្រាប់តែឃើញរោងចក្រ​បិទ​ទ្វារ​ ហើយមិនឃើញ​ថៅកែ​រោងចក្រ​។

លោក លីវ ថារីន ប្រធានសហព័ន្ធសហជីព​យុវជន​ឯករាជ្យ បាន​មាន​ប្រសាសន៍​ថា ” ថ្ងៃ​នេះ​គឺ​ជាថ្ងៃបើក​ប្រាក់​ខែ​របស់​កម្មករ​ ហើយ​ដោយ​សារ​និយោជក​មិន​មាន​លុយ​បើក​ឲ្យ​កម្មករ​ ដូច្នេះ គាត់​បាន​រត់​បាត់​កាលពីល្ងាច​ម្សិលមិញ”។ លោក​បាន​មាន​ប្រសា​សន៍​ថា “កម្មករ​ប្រហែល​៤០០​នាក់​ត្រូវ​បង់​ថ្លៃ​ឈ្នួល​ផ្ទះ និង​ចំណាយ​ថ្លៃ​ម្ហូប​អាហារ​”។ លោក​បាន​បន្ថែម​ថា រោចក្រ​កាត់​ដេរ​នេះ​ផលិត​សម្លៀក​បំពាក់​ឲ្យ​ក្រុម​ហ៊ុនយីហោ​ល្បីៗ រួម​មាន​ក្រុម​ហ៊ុន Gap និង Adidas ជាដើម​។

លោក​ ថារីន បាន​មាន​ប្រសាសន៍​ថា កម្មករ​ដែល​រោងចក្រ​របស់ពួកគេ​​ស្ថិត​ក្នុង​សួន​ឧស្សា​ហកម្ម​កាណាឌីយ៉ា កន្លែង​ដែល​កង​រាជអាវុធ​បាញ់​អ្នក​តវ៉ា​ដែល​ជា​កម្មករ​រោង​ចក្រ​កាត់​ដេរ​ស្លាប់​យ៉ាង​ហោច​ណាស់​ប្រាំនាក់​កាលពី​ខែមករា​នោះ បាន​ចាប់​ផ្ដើម​ធ្វើការ​តវ៉ា​នៅ​ខាង​ក្រៅ​រោង​ចក្រ​នេះ​ទាម​ទារ​បើក​ប្រាក់​ខែ​ពេញសម្រាប់​ខែ​ឧសភា​។ “ យើង​មិន​ដឹង​អំពី​មូល​ហេតុ​នៅ​ពីក្រោយ​ការរត់​របស់​ថៅកែ​រោងចក្រ​ទេ ឬថាតើ​ក្រុម​ហ៊ុន​ Gap ឬ Adidas ឈប់បញ្ជាទិញ ឬក៏បញ្ហា​អ្វី​ឡើយ?”។ អ្នក​​គ្រប់​គ្រង​នៅ​រោងចក្រ​ Hongkong Yufeng មិន​អាច​ទាក​់​ទង​សុំអត្ថាធិប្បាយ​បានទេ។

កម្មករ​នៅ​រោងចក្រ​កាត់​ដេរ​អូសេអង់ក្នុង​រាជធានី​ភ្នំពេញ​ក៏បាន​ធ្វើការ​តវ៉ា​កាលពីខែ​មុន​ផង​ដែរ​បន្ទាប់ពី​ត្រូវ​បាន​ជូន​​ដំណឹង​ថា រោង​ចក្រ​ត្រូវ​​បិទ​រយៈពេល​មួ​យ​ខែ​ ហើយ​នឹង​បើក​​ឲ្យ​កម្មករ​តែ​១៥​ដុល្លារ​ប៉ុណ្ណោះ​អំឡុង​ពេល​នោះ​ ដោ​យ​សារ​​មិ​ន​មាន​ការ​បញ្ជាទិញ​ពី​ក្រុមហ៊ុន​​បញ្ជាទិញនានា​ ​រួម​មាន​ក្រុម​ហ៊ុន Gap ជាដើម។

ក្រុម​ហ៊ុនយីហោ​​សម្លៀក​បំពាក់​ល្បីៗ​ប្រហែល​៣០​ និង​សហជីព​ពិភព​លោក​បាន​ជួប​ប្រជុំ​ជាមួយក្រុម​មន្ត្រី​រដ្ឋាភិ​បាល​កាលពី​ចុង​ខែ​ឧសភា ហើយ​បាន​លើក​ឡើង​ថា អនាគត​នៃ​ឧស្សាហកម្ម​កាត់​ដេរ​គឺ​ពឹងផ្អែកលើ​ការ​បញ្ចប់ការ​ប្រើ​អំពើ​ហិង្សា​ទៅ​លើ​កម្មករ​ និង​ការ​អាក់​ខាន​ការ​ផ្គត់​ផ្គង់​​ដោយ​សារ​តែ​ភាព​ចលាចល​ការ​ងារ​។ សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុជា​លើក​ឡើង​ថា ក្រុម​ហ៊ុន​មួយ​ចំនួន​បាន​ចាប់​ផ្ដើម​កាត់បន្ថយ​ការ​បញ្ជា​ទិញ​។

នៅកន្លែងផ្សេងទៀត​កាលពីម្សិលមិញ កម្មករ​បាន​និយាយ​ថា កូដ​កម្ម​នៅ​រោងចក្រ​កាត់ដេរ​ T&K ដែល​បាន​ចាប់​ផ្ដើម​កាលពី​ថ្ងៃទី​៤ ខែមិថុនា បាន​បញ្ចប់​ហើយ​កាល​ពីម្សិលមិញ​ បន្ទាប់ពី​រោងចក្រ​កាត់​ដេរ​នេះ​បាន​គំរាម​កាត់​ប្រាក់​ខែ​កម្មករ។

កម្មករ​បានទាម​ទារ​ប្រាក់​ឧបត្ថម្ភថ្លៃអាហារ​ថ្ងៃត្រង់​ប្រចាំ​ថ្ងៃ​ចំនួន​២.០០០​រៀល។ ជី សុខន ជាកម្មករ​ម្នាក់នៅ​រោងចក្រ​កាត់​ដេរ​នេះ​បាន​និយាយ​ថា ” កម្មករ​៩០​ភាគរយ​នឹង​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ​ពីព្រោះ​ពួកគេ​ខ្លាច​បាត់​បង់​ប្រាក់​ខែ​របស់​ខ្លួន​។ ថៅកែ​រោងចក្រ​បាន​បំបាក់​ស្មារតី​កម្មករ​ដែល​បន្ត​ធ្វើកូដ​កម្ម​”។ គេមិនអាច​ទាក់​ទង​បុគ្គលិក​នៅ​រោងចក្រ​កាត់​ដេរ T&K ដើម្បី​សុំអត្ថាធិប្បាយ​បានទេ​៕ សារុន​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស