38 C
Phnom Penh

សាសនទូត​​​អាមេរិក​​​មាន​​​ទោស​​​ជាប់​​​ពន្ធនាគារ​​​ពី​​​បទ​​​រំលោភ​​​បំពាន​​​ផ្លូវ​​​ភេទ​​​ក្មេង​​​ប្រុស​​​នៅ​​​មណ្ឌល​​​កុមារ​​​កំព្រា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពីម្សិលមិញ សាលា​​​ដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​​​ផ្តន្ទា​​​ទោស​​​​​​លោក ដានី​​​ញ៉ែល ចន​​​សុន អាយុ​​​៣៥​​​ឆ្នាំ ​​​​​​ជា​​​សាសនទូត​​​អាមេរិក​​​​​​ឲ្យ​​​ជាប់​​​ពន្ធ​​​នាគារ​​​មួយ​​​ឆ្នាំ​​​ពី​​​បទ​​​បៀត​​​បៀន​​​ផ្លូវ​​​ភេទ​​​ក្មេង​​​ប្រុស​​​អាយុ​​​ក្រោម​​​​​​៥​​​ឆ្នាំ​​​​​​នៅ​​​​​​មណ្ឌល​​​កុមារ​​​កំព្រា​​​ HopeTransitions របស់​​​គាត់​​​ដែល​​​មិន​​ចុះ​​​បញ្ជី​។

លោក​​​ គឹម រ័ត្ន​​​ណារិន ​​​ចៅ​​​ក្រម​​​ប្រធាន​​​​​​​​​​​ក្រុម​​​ប្រឹក្សា​​​ជំនុំ​​​ជម្រះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា ​​​លោក ចន​​​សុន ក៏​​​ត្រូវ​​​បាន​​​បង្គាប់​​​ឲ្យ​​​បង់​​​ប្រាក់​​​ពិន័យ​​​ចំនួន​​​៤លាន​​​រៀល​​​ផង​​​ដែរ​​​តាម​​​មាត្រា​​​៤៣​​​នៃ​​​ច្បាប់​​​ប្រឆាំង​​​ការ​​លក់​​​ដូរ​​​មនុស្ស និងអំពើ​​​ធ្វើ​​​អាជីវកម្ម​​​លើ​​​មនុស្ស​​​។ លោកចៅ​​​ក្រម រ័ត្ន​​​ណារិន បានមាន​​​ប្រសាសន៍​​​ថា ” តុលាការ​​​បាន​​​ផ្តន្ទា​​​ទោស​​​លោក ដានីញែ៉ល ស្ទីហ្វេន ចនសុន ដាក់​​​ពន្ធនាគារ​​​មួយ​​​ឆ្នាំ​​​ បន្ទាប់​​​ពី​​​រក​​​ឃើញ​​​ថា គាត់​​​បាន​​​ប្រព្រឹត្ត​​​អំពើ​​​អនាចា​​រលើ​​​ក្មេង​​​ប្រុស​​​ក្រោម​​​អាយុ​​​១៥​​​ឆ្នាំ”។

លោក ជា ណារ៉ា មេធាវី​​​ការ​​​ពារ​​​ជន​​​រង​​​គ្រោះ​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មាន​​​ការ​​​ខក​​​​​​ចិត្ត​​​ចំពោះ​​​សាល​​​ក្រម​​​នេះ​​​ ព្រោះ​លោក​​​បាន​​​​​​ទាម​​​ទារ​​​ឲ្យ​​​ផ្តន្ទា​​​ទោស​​​​​​៣​​​ឆ្នាំ​​​ដោយសារ​​​តែ​​​ស្ថាន​​​ទម្ងន់​​​នៃ​​​បទ​​​ល្មើស​។ ផ្ទុយ​​​ទៅ​​​វិញ​​​លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “តុលាការ​​​បាន​​​ដាក់​​​ទោស​​​ស្រាល​​​ពេក​​​”។

លោក ប៉ុល​​​ ពិធេយ្យ​​​​​​ ប្រធាន​​​នាយក​​​ដ្ឋាន​​​​​​ប្រឆាំង​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស​​​ និង​​​ការ​​​ពារ​​​អនីតិ​​​ជន​​​នៃ​​​ក្រសួ​​​ង​​​មហាផ្ទៃ​​​បាន​​​មាន​​​ប្រសាសន៍​​​នៅ​​​ពេល​​​នោះ​​​ថា ប្រតិបត្តិការ​​​ដំបូង​​​ដែល​​​នាំ​​​ឲ្យ​​​មានការ​​​ចាប់​​​ខ្លួន​​​លោក ចន​​​សុន កាល​​​ពី​​​ខែ​​​ធ្នូ​​​ ត្រូវ​​​បាន​​​ដឹក​​​នាំ​​​ដោយ​​​ FBI របស់​​​អាមេរិក​​ ដែល​​​កំពុង​​​ស្វះ​​​ស្វែង​​​ឲ្យ​​​មាន​​​ការ​​​ធ្វើ​​​បត្យា​​​ប័ន​​​ជន​​​នេះ​​​ចំពោះ​​​បទ​​​ល្មើស​​​ដាច់​​​​​​ដោយ​​​ឡែក​​​ផ្សេង​​​ទៀត​​​ដែល​​​បាន​​​ប្រព្រឹត្ត​​​នៅ​​​សហ​​​រដ្ឋ​​​អាមេរិក​​​។ ទាំង​​​លោក​​​ ប៉ុល ពិធេយ្យ និង​​​លោក ឡារ៉ូ តាន មន្ត្រី​​​ស្ថានទូត​​​អាមេរិក​​​​​​ប្រចាំ​​​ទី​​​ក្រុង​​​ភ្នំពេញ​​​មិន​​​អាច​​​ទាក់​​​ទង​​​សុំ​​​ការ​​​អត្ថាធិប្បាយ​​​បាន​​​ទេ​​​។

លោក យី ម៉ូ​​​ដេន អនុ​​​ប្រធាន​​​ប្រតិបត្តិការ​​​​​​​​​ចុះ​​​ផ្ទាល់​​​របស់​​​អង្គការ​​​សកម្ម​​​ភាព​​​ដើម្បី​​​កុមារ​​​​​​បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មានការ​​​ភ្ញាក់​​​ផ្អើល​​​ដោយសារ​​​តុលាការ​​​មិន​​​បាន​​​ចេញ​បង្គាប់​​​ឲ្យ​​​និរទេស​​​ជន​​​នេះ​​​។ លោក​​​បាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​មិន​​​អាច​​​ធ្វើ​​​អត្ថាធិប្បាយ​​​អំពី​​​តួនាទី​​​របស់​​​ FBI ​​​នៅ​​​ក្នុង​​​រឿង​​​ក្តី​​​នេះ​​​បាន​​​ទេ។ខ្ញុំ​​​គ្រាន់​​​តែ​​​អាច​​​និយាយ​​ថា យើង​​​មិន​​​ពេញ​​​ចិត្ត​​នឹង​​​ការ​​​ផ្តន្ទា​​​ទោស​​​ស្រាល​​​ចំពោះ​​​ការ​​​រំលោភ​​​បំពាន​​​ផ្លូវ​​​​​​ភេទ​​​កុមារ​​​ប្រាំ​​​នាក់​​​ និង​​​ការ​​​មិន​​​និរទេស​​​ខ្លួន​​​ជន​​​ល្មើស​​​ទេ​​​”។ នៅ​​​ក្នុង​​​សេចក្តី​​​ប្រកាស​​​មួយ​​​ដែល​​​ចែក​​​ឲ្យ​​​អ្នក​​​យក​​​ព័ត៌មាន​​​នៅ​​​ពេល​​​ចាក​​​ចេញ​​​ពីសវនា​​​ការ​​​បិទ​​​ទ្វារ​​​ជិត លោក ចន​​​សុន បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មាន​​​បំណង​​​ប្តឹង​​​ជំទាស់​​​សាល​​​ក្រម​​​នេះ​​​ និង​​​បាន​​​រិះ​​​គន់​​​​​​​​ការ​​​ជាប់​​​ពាក់​​​ព័ន្ធ​​​របស់​​​អង្គការ​​​សកម្មភាព​​​ដើម្បី​​​កុមារ​​​ចំពោះ​​​ការ​​​ផ្តន្ទា​​​ទោស​​​គាត់​​​។​​​

សេចក្តី​​​ប្រកាស​​​នេះ​​​លើក​​​ឡើង​​​ថា “ដោយ​​​មាន​​​ភ័ស្តុ​​​តាង​​​ច្រើន​​​គាំទ្រ​​​ខ្ញុំ​​​ និង​​​គ្មាន​​​ភ័ស្តុតាង​​​ប្រឆាំង​​​ខ្ញុំ​​​ អង្គការ​​​សកម្មភាព​​​ដើម្បី​​​កុមារ​​​អាច​​​បង្កើត​​ប្រព័ន្ធនេះ​​​ដើម្បី​​​កសាង​​​ឈ្មោះ​​​សម្រាប់​​​ខ្លួន​​​ឯង​​​”។ លោក​​​បាន​​​បន្ថែម​​​ទៀត​​​ថា លោក​​​បាន​​​ចុះ​​​ហត្ថលេខា​​​លើ​​​ចម្លើយ​​​របស់​​​កុមារ​​​មួយ​​​ចំនួន​​​ និ​​ង​​​គ្រួសារ​​​របស់​​​ពួកគេ ដែល​​​លើក​​​ឡើង​​​ថា ពួកគេ​​​ត្រូវ​​​បាន​​​ផ្តល់​​​ និង​​​ទទួល​​​សំណូក​​​ពី​​​អង្គការ​​​នេះ​​​។

សេចក្តី​​​ប្រកាស​​​នោះ​​​លើក​​​ឡើង​​​ជា​​​ចុង​​​ក្រោយ​​​ថា តាម​​​យោ​​​បល​​​់ខ្ញុំ​​​អង្គការ​​​សកម្មភាព​​​ដើម្បី​​​កុមារ​​ត្រូវ​​​ធ្វើ​​​ការ​​​សើុប​​​អង្កេត​​​ឲ្យ​​​បាន​​​ហ្មត់ចត់​​​ ដើម្បី​​​រក​​​​​​ឲ្យ​​​ឃើញ​​​ថា ពួកគេ​​​ជា​​​នរណា ហើយ​​​ពួកគេ​​​ធ្វើ​​​អ្វី​​​”។

លោក សំលៀង សិលា នាយក​​​អង្គការ​​​សកម្មភាព​​​ដើម្បី​​​កុមារ​​​បាន​​​ច្រាន​​​ចោល​​​ការ​​​ចោទ​​​ប្រកាន់​​​របស់​​​លោក ចន​​​សុន  និង​​​បាន​​​លើក​​​ឡើង​​ខុស​គ្នា​​​ថា ជន​​​ជាតិ​​​អាមេរិក​​​រូប​​​នេះ​​​ទំនង​​​ជា​​​មាន​​​ឥទ្ធិ​​​ពល​​​លើ​​​គ្រួសារ​​​ទាំង​​​នេះ​​​ ពីព្រោះ​​​កុមារ​​​បួន​​​នាក់​​​ក្នុង​​​ចំណោម​​​កុមារ​​​ទាំង​​​ប្រាំ​​​នាក់​​​បាន​​​ដក​​​ ឬ​​​ប្តូរ​​​ពាក្យ​​​ស​​​ម្តី​​​របស់​​​ខ្លួន​​​នៅ​​​មុន ឬ​​​អំឡុង​​​ពេល​​​បើក​​​សវនាការ​​​។

លោក សំលៀង សិលា​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា  “ការ​​​ចោទ​​​ប្រកាន់​​​នេះ​​​មិន​​មាន​​​អ្វីប្លែក​​​ទេ​​​ប៉ុន្តែ​វា​​​​មិន​​សម​​​ហេតុផល​​​​​​ ហើយ​​​គាត់​​​គួរ​​​តែ​​​ទទួល​​​ខុសត្រូវ​​​ចំពោះ​​​អ្វី​​​ដែល​​​គាត់​​​បាន​​​ប្រព្រឹត្ត​​​”។ លោក​​​បាន​​​អះអាង​​​ថា គ្រួសារ​​​ដែល​​​មាន​​​កុមារ​​ដក​​​ ឬ​​​ប្តូរ​​​ពាក្យ​​​សម្តី​​​​​បាន​​​​​​ជួល​​​មេធាវី​​​ឯកជន​​​ដែល​​​មាន​​​តម្លៃ​​​ហួស​​​ឆ្ងាយ​​​ពី​​​សមត្ថភាព​​​ដែល​​​គ្រួសារ​​​ទាំង​​​នោះ​​​អាច​​​លៃ​​​លក​​​បាន​​​៕គឹមហឿន​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស