28 C
Phnom Penh

អ្នកត​វ៉ា​ព្យាយាម​បិទផ្លូវ​ដើម្បី​ទាក់ទាញ​ការ​ចាប់អារម្ម​ណ៍ពី​លោក​ ហ៊ុន សែន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អ្នក​តវ៉ា​ជាច្រើននាក់​បាន​ប្រមូល​ផ្ដុំគ្នា​នៅ​តា​មហាវិថី​សហព័ន្ធរុស្សី​ជា​ថ្មី​ម្ដង​ទៀត​កាលពី​ម្សិលមិញ​ ដោយ​ពាក់​មួក​មាន​រូប​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា​ និង​លើកគ្រវីរូប​ថត​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន និង​លោក​ស្រី ប៊ុន​រ៉ានី ភរិយា​របស់​លោក​ ដោយ​សង្ឃឹម​ថា នឹង​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ពីថ្នាក់​ដឹកនាំរូបនេះ​ ខណៈ​ដែ​ល​លោកធ្វើដំណើរតាមរថយន្ត​មកពី​ខេត្ត​កំពត​តា​ម​ផ្លូវនេះ​។protest

អ្នកភូមិ​៥៧​គ្រួសារ​មក​ពី​សង្កាត់​ស្រះចក ត្រូវ​បាន​រុញ​ច្រាន​ដោយ​មន្ត្រី​នគរ​បាល​ខណ្ឌ​ និង​កម្លាំង​សន្តិសុខ​ ខណៈដែលពួកគាត់​អំពាវ​នាវ​ឲ្យ​លោក​ ហ៊ុន សែន អន្តរាគមន៍​ពាក់​ព័ន្ធ​ការស្វះស្វែង​រយៈពេលប្រាំបី​ឆ្នាំ​ដើម្បីទទួលបាន​ប័ណ្ណ​កម្មសិទ្ធិ​ដី​ដ៏មាន​តម្លៃ​ដែល​ពួកគាត់​លើក​ឡើង​ថា ពួកគាត់​បាន​កាន់កាប់​រយៈពេល​ច្រើន​ទសវត្សរ៍​មក​ហើយនោះ​។

ក្រុម​មន្ត្រី​ខណ្ឌ​បាន​មក​ដល់​ ដោយ​ជំរុញ​ឲ្យ​ក្រុម​អ្នក​តវ៉ា​បំបែក​គ្នា​ ហើយ​ទៅ​ចូលរួម​ប្រជុំ​នៅ​សាលា​ខណ្ឌវិញ​ ប៉ុន្តែ​ក្រុម​អ្នក​តវ៉ា​បានបដិសេធ​ ហើយ​ផ្ទុយ​ទៅវិ​ញ​បាន​ធ្វើការ​បិទ​ផ្លូវ​ ខណៈដែល​លោក​នាយក​រដ្ឋមន្ត្រី​ជិតមក​ដល់​រយៈពេល​ប្រហែល​១ម៉ោង​ក្រោយមក​។ ពួកគាត់​ត្រូវ​បានបង្ក្រាប​ ហើយ​រុញ​ច្រាន​ដោយ​កម្លាំង​សន្តិសុខ​ជាច្រើន​នាក់​។

អ្នកស្រី​ សែម វលក្ខណ៍ ​អាយុ​៥៨​ឆ្នាំ​បាន​និយាយ​ថា “នៅពេល​ក្បួនរថយន្ត​​បាន​មក​ដល់​មុខ​ផ្ទះ​របស់​ពួកយើង​ កម្លាំង​សន្តិសុខ​ជាច្រើននាក់​​បាន​ព្យាយាម​រារាំង​ ហើយ​រុញ​ច្រាន​ពួកយើង​​​​ចេញ​​ទៅ​ចិញ្ចើម​ផ្លូវ​ ដើម្បី​កុំឲ្យ​សម្ដេច ហ៊ុន សែន ​ឃើញ​បដា​របស់​ពួកយើង។ការ​បំបិទ​មាត់​ពួកយើង​ដូច​នេះ​ គឺ​ជា​រឿង​គួរ​ឲ្យ​រន្ធត់​”។ទោះជាយ៉ាង​ណា អ្នកស្រី​បាន​និយាយ​ថា ក្រុមអ្នក​ភូមិ​នៅតែ​មាន​សុទិដ្ឋិនិយម​ថា លោក​នាយក​រដ្ឋមន្ត្រី​នឹ​ង​ជួយ​ពួកគាត់​។

អ្នកស្រី​បាន​និយាយ​ថា “យើង​សង្ឃឹម​ថា សម្ដេច​ ហ៊ុន សែន នឹង​ឃើញ​ការ​តវ៉ា​របស់​យើង ហើយអន្តរាគមន៍ជាមួយ​សាលា​រាជធានី និងផ្ត​ល់ប័ណ្ណ​កម្មសិទ្ធិ​ដីដល់ពួក​យើង​”។

កាន់​​មីក្រូហ្វូន​ និង​ពាក់​អាវ​យឺត​មាន​រូប​​សញ្ញា​គណបក្ស​ប្រជាជន​កម្ពុជា អ្នក​តវ៉ា​ឈ្មោះ អ៊ុច សុមាលី អាយុ​៥៣​ឆ្នាំ​បាន​យំខ្សឹក​ខ្សួ​ល​នៅពេលគាត់​និយាយ​។ អ្នកស្រី​បាន​និយាយ​ថា “យើង​មិន​ចង់​ធ្វើការ​តវ៉ា​ទេ ប៉ុន្តែ​យើង​ត្រូវ​ការ​ប័ណ្ណ​កម្មសិទ្ធិ​ដី​ ពីព្រោះ​យើង​បារម្ភថា នៅពេល​អនាគត​គេ​នឹង​យក​ដី​របស់​យើងដូច​នៅក្នុង​​សហគមន៍​បឹង​កក់ និង​បុរីកីឡា​អ៊ីចឹង​”។ ក្រុមអ្នកភូមិ​បាន​និយាយ​ថា ពួកគាត់នឹង​បន្ត​តវា៉រហូត​ដល់​ពួកគាត់​ទទួល​បាន​ប័ណ្ណ​កម្មសិទ្ធិ​ដី​។

លោក គឹម វុត្ថា ប្រធាន​សន្តិសុខ​ខណ្ឌដូនពេញ​ បា​ន​បញ្ជាក់​ថា ក្រុម​អ្នក​តវ៉ា​​ត្រូវ​បាន​រុញ​ច្រាន​។ លោក​បានមាន​ប្រសាសន៍​ថា ក្រុម​មន្ត្រី​ខណ្ឌ​បាន​រៀប​ចំ​កិច្ច​ប្រជុំ​​ពីរលើកហើយ​​រវាង​តំណាង​អ្នក​ភូមិនិ​ងអាជ្ញាធរ​ចាប់​តាំង​ពី​ដើម​ឆ្នាំ​២០១៤​មក ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​មិន​មាន​​ប្រយោជន៍​ឡើយ។

លោក វុត្ថា បាន​មាន​ប្រសាសន៍​ថា “ចាប់​ពី​ខែ​មករាដល់​ចុង​ខែ​ឧសភា​ ឆ្នាំ​២០១៤​ យើង​បាន​រៀប​ចំកិច្ច​ប្រជុំ​នៅ​សាលា​ខណ្ឌ​អំពី​សំណើ​របស់​អ្នក​ភូមិ ហើយ​បាន​រាយ​ការណ៍អំពី​បញ្ហា​នេះ​ទៅ​សាលា​រាជធានី ប៉ុន្តែ​សាលា​រាជធានី​មិន​ទាន់​បាន​ឆ្លើយ​តប​នៅឡើយ​ទេ”៕ សារុន​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស