29 C
Phnom Penh

កម្មករ​រាប់ពាន់​​​នាក់​​​ត្រូវ​​​បាន​បង្ខំ​​​ឲ្យ​​​ចេញ​ពី​​​ប្រទេស​ថៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កម្មករ​ចំណាក​ស្រុក​ខ្មែរ​ប្រមាណ​​១០.០០០នាក់​​បាន​ឆ្លងកាត់​ច្រក​​​ព្រំដែន​អន្តរជាតិ​​​ប៉ោយ​ប៉ែត​​ចូលក្នុង​ខេត្ត​បន្ទាយមាន​​ជ័យ​​រយៈពេល​​បីថ្ងៃ​មកនេះ​ បន្ទាប់​ពី​ត្រូវ​​​បាន​​​បង្ខំ​​​ឲ្យ​​​ចេញ​​ពី​​​ប្រទេស​​​ថៃ​ដោយ​​យោធា​​របស់​ប្រទេស​នេះ​ ដែល​បាន​ផ្តួល​រំលំ​​រដ្ឋាភិបាល​ថៃ​​និង​​​​បាន​​​ប្រកាស​ច្បាប់​អាជ្ញា​សឹក​។

យោង​​​តាម​​​លោក ង៉ោ ម៉េងជ្រុន អភិបាល​ក្រុងប៉ោយ​ប៉ែត បាន​ឲ្យដឹងថា ចាប់តាំង​ពីថ្ងៃ​អាទិត្យមក ​​អាជ្ញា​​ធរ​ថៃ​​បាន​និង​​​កំពុង​​​តែ​​​ដឹក​​​ជញ្ជូន​កម្មករ​ខ្មែរ​​​​​​ជា​​​ច្រើន​​​រថយន្ត​​​មក​ព្រំ​​ដែន ជា​​​ហេតុ​​​នាំ​​​ឲ្យ​​​​​​អាជ្ញាធរ​នៅ​ទី​​​នេះ​​​រូត​រះ​រៀបចំ​បង្កើត​កន្លែង​​ស្នាក់នៅបណ្តោះអាសន្ន​ឲ្យពួកគេ​។

លោកបាន​មាន​ប្រសាសន៍តាមទូរស័ព្ទកាល​ពីម្សិលមិញថា ថា “នេះជាលើក​ដំបូង​ហើយ​ដែល​​ទាហាន​ថៃ​បាន​បញ្ជូន​កម្មករ​របស់​យើងត្រឡប់​មកវិញ​ ហើយវា​មាន​ចំនួន​ប្រហែល​១០.០០០នាក់ ច្រើន​ជាង​​ធម្មតា”។

លោកបាន​មាន​ប្រសាសន៍​បន្ថែមថា “យើង​បាន​សង់​ជំរំ​សម្រាប់ពួកគេ​ដើម្បីស្នាក់​នៅ​ ដែល​​មាន​​ទាំង​ការ​ផ្គត់​ផ្គង់ទឹក​និងបង្គន់​ ​ហើយ​យើងកំពុង​តែ​​ព្យាយាម​​​ជួយ​ពួកគេ​​ស្វែង​រក​រថយន្ត​វ៉ែន​ រថយន្តក្រុង​និង​រថយន្ត​តូច ដែលនឹង​ដឹក​​ពួកគាត់​​ត្រឡប់​ទៅ​​ស្រុកកំណើត​វិញ​ក្នុង​តម្លៃ​សមរម្យ​”។

លោក ស៊ុំ ចាន់គា ​អ្នកសម្របសម្រួល​​របស់​​​អង្គការ​​សិទ្ធិមនុស្ស​​​អាដហុក​ប្រចាំ​ខេត្តនេះ​​បានមាន​​ប្រសាសន៍ថា ​អាជ្ញា​ធរថៃ​បាន​និង​កំពុង​​ធ្វើការ​​​ឆែកឆេរ​​តាម​រោងចក្រ​ ​ដោយ​ចាប់​ខ្លួន​ពល​រដ្ឋ​ខ្មែរ​​​ភ្លាម​​​ៗ​​​និងដឹក​ពួកគេមក​ចោល​​នៅព្រំដែន ហើយ​​​​មិន​ទទួល​ស្គាល់​​​ពាក្យ​សុំ​​ឯកសារ​ធ្វើការ​ងារ។ សូម្បីកម្មករស្របច្បាប់​ក៏បាន​រាយការណ៍ថា ទាហាន​បាន​បំផ្លាញ​ឯកសារ​​​របស់​ខ្លួន​ដែរ។ លោក​​​បានមាន​ប្រសាសន៍​​​ថា ” នៅ​​​ក្នុង​​​ប្រទេស​ថៃ​​ មាន​រដ្ឋប្រហារ​យោធា​មួយ​ ដូច្នេះ​​កម្មករ​ចំណាក​ស្រុក​​ខុស​ច្បាប់​​របស់​យើង​ ត្រូវ​​​បាន​​​ទាត់​​​ធាក់ ​វាយ​​​ដំ​និង​​​បាញ់​ប្រហារ​ ពី​ព្រោះ​​​ថៃ​កំពុង​ប្រើ​ច្បាប់​​អាជ្ញា​សឹក​”។ លោកបានបន្ថែម​​​ថា លោក​​​បាន​​​ទទួល​​​សេចក្តី​​​រាយ​​​ការណ៍​​​អំពីកម្មករ​​​មួយ​​​ចំនួន​​​ ដែល​​​បាន​​​លាក់​​​ខ្លួន​​​នៅ​​​ប្រទេស​​​ថៃ​​​ ពីព្រោះ​​​ពួកគាត់ត្រូវ​​​គេ​​​ចាប់​​​ខ្លួន៕ ប៊ុននី​​​​​​​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស